កងភ្ជួរសម័យខ្មែរក្រហម
(ព្រៃវែង)៖ មាស ឡេង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់បានរៀបការនៅសម័យសង្គមរាស្រ្តនិយម និងមានកូនប្រាំនាក់ ស្រីបីនាក់។
ក្នុងរបបខ្មែរក្រហម ឡេង រស់នៅភូមិសង្គ្រោះដែលជាភូមិកំណើតរបស់គាត់។ គាត់ត្រូវបានអង្គការប្រើឲ្យយាមឃ្លាំងពោត។ ទោះបីគាត់ជាអ្នកយាមក៏មិនអាចយកពោតនោះហូបបានដែរ ព្រោះអង្គការបានកំណត់ថា ប្រសិនបើយកត្រូវជាប់ឈ្មោះថា ជាអ្នកលួច អង្គការដឹងនឹងត្រូវយកទៅសម្លាប់ចោល។
ក្រោយមកខ្មែរក្រហមបានផ្លាស់ ឡេង ឲ្យទៅធ្វើស្រែបាំ្រងនៅសហករណ៍ស្វាយភ្លោះ។ នៅទីនោះគាត់បានឮ អង្គការបានប្រកាសដល់យុវជន យុវនារីដែលដល់អាយុត្រូវមានប្តីប្រពន្ធ អាចស្នើមកអង្គការដើម្បីរៀបការ ប៉ុន្តែត្រូវមានលក្ខខណ្ឌចាប់ពី១៦ឆ្នាំឡើងទៅ។ គាត់បាននិយាយបន្តថា ប៉ុន្តែប្រធានរោងបានឈ្មោះសារឿនបានស្នើយុវនារីអាយុក្រោម១៦ឆ្នាំរៀបការបាន ហើយអង្គការបានអនុញ្ញាតឲ្យ និងបាននៅរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃ។ ការងារថ្មីរបស់ឡេង គឺត្រូវមើលថែទាំក្របីមួយនឹម និងមានភារកិច្ចភ្ជួរស្រែសម្រាប់ឲ្យកងចល័តនារីៗស្ទូង។ អង្គការបានកំណត់ថា គាត់ត្រូវទទួលខុសត្រូវឲ្យមានដីដែលភ្ជួររួចសម្រាប់ស្ទូង ប្រសិនបើមិនដូច្នោះទេត្រូវយកទៅសម្លាប់ចោល។
សម្រាប់របបអាហារ ឡេង ទទួលបានបបរលាយជាមួយពោត និងផ្លែចេកហូបក្នុងមួយថ្ងៃពីរពេល។ អាហារនៅពេលនោះគាត់ហូបមិនគ្រប់គ្រាន់ទេ ប៉ុន្តែមិនហ៊ានហូបផ្លែឈើផ្សេងៗដែលដាំបានក្នុងសហករណ៍ព្រោះខ្លាចអង្គការចោទថា ជាចោរ។
តាមរយៈកិច្ចប្រជុំស្វ័យទិទៀន ឡេង ធ្លាប់រាយការណ៍ថា ប្រធានរោងបាយបានលួចស្ងោរមាន់ឲ្យគ្រួសារហូប នៅពេលយប់ រីឯប្រជាជនឲ្យហូបបបរលាយបន្លែ។ ក្រោយពីរាយករណ៍រួចអង្គការមិនបានដាក់ទោសប្រធានរោងបាយទេ ចំណែកគាត់ក៏គ្មានអ្នកណារករឿងអ្វីដែរ។
រឿងរ៉ាវដែលឡេងចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលមានទាហានខ្មែរក្រហមយកកាំភ្លើងមកផ្ញើគាត់ និងមិនបានមកយកវិញ គាត់ក៏យកទៅលាក់ទុកនៅកន្លែងស្នាក់នៅ។ ថ្ងៃមួយអង្គការបានមកត្រួតពិនិត្យ តែជាសំណាងល្អអង្គការមិនបានរកឃើញកាំភ្លើង បើមិនដូច្នោះទេ គាត់នឹងបានស្លាប់តាំងពីពេលនោះ។
ឡេង ក៏បានដឹងពីរណ្តៅខ្មែរក្រហមធ្លាប់សម្លាប់មនុស្សនៅក្នុងភូមិកន្លែងគាត់ស្នាក់នៅ។ គាត់បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យជីករណ្តៅទុកសម្លាប់មនុស្សច្រើនៗនាក់។
នៅបរិវេណវត្តស្វាយភ្លោះ ឡេង ក៏ធ្លាប់ឃើញប្រធានកងឈ្លបខ្មែរក្រហមឈ្មោះ កាន ចងបណ្តើរមនុស្សពីរនាក់យកទៅសម្លាប់ចោលដោយសារតែរឿងខុសសីលធម៌។
ក្រោយរបបខ្មែរក្រហមដួលរលំ ឡេង បានត្រឡប់ពីសហករណ៍មករស់នៅផ្ទះរបស់ខ្លួនវិញ។ បច្ចុប្បន្នគាត់មានជំងឺសន្លាក់ដៃ និងសន្លាក់ជើង។
សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤