វង្វេងក្នុងព្រៃ

តាស់ ដ្រៀត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  តាស់ ដ្រៀត មានអាយុ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ គាត់បានចាប់ផ្ដើមធ្វើពលកម្មដោយធ្វើស្រែប្រវាស់ដៃនៅស្រែណងដាន។ មួយឆ្នាំក្រោយមក ដ្រៀតត្រូវបានផ្លាស់ប្តូរទៅរស់នៅស្រែណាង៉ាម ដោយដឹកជី ជួនកាលដ្រៀតត្រូវដើររកផេះ សម្រាប់យកទៅផ្សំធ្វើជី        និងរៀនសូត្របានបន្តិចបន្តួចនៅពេលថ្ងៃត្រង់ ដែលគ្រូបង្រៀននោះឈ្មោះ ត។ ត ជាប្រធានក្រុម គាត់ក៏ត្រូវធ្វើការដូចដ្រៀតដែរ។

ដ្រៀត ត្រូវដើរប្រមូលលាមកសត្វ និងមនុស្ស និងកាប់ស្មៅផ្សេងៗសម្រាប់ធ្វើជី ដែលត្រូវយកទៅដាក់តាមវាលស្រែដើម្បីឲ្យដំណាំបានលូតលាស់ និងទទួលបានផលល្អ។

នៅពេលចូលកងចល័ត គាត់ត្រូវភ្ញាក់ពីព្រលឹមទៅវាលស្រែណាង៉ាម ដើម្បីច្រូតស្រូវតាមពេលកំណត់។ សម្រាប់​អ្នកដែលភ្ញាក់មិនទាន់ពេលកំណត់ ត្រូវបង្អត់អាហារ​ពេញមួយថ្ងៃ និងធ្វើការដោយមិនបានសម្រាកក្រោមពន្លឺថ្ងៃនិងហាលភ្លៀង។ ប្រសិនបើប្រជាជន​កុហកមិនធ្វើការ អ្នកដែលកុហកអាចត្រូវបានវាយដំធ្វើបាប ឬសម្លាប់ជាដើម។ នៅកងដែលមានមនុស្សចាស់ គាត់ត្រូវលើកទំនប់ ជីកប្រឡាយ ភ្ជួរស្រែ និងលើកភ្លឺស្រែជាដើម។ ចំណែកការងាររបស់កងចល័ត គឺត្រូវដើរច្រូតស្រូវ បុកស្រូវ និងដឹកជញ្ជូនស្រូវតាមភូមិ។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយសម្រុកមក ធ្វើឲ្យប្រជាជនភ័យខ្លាច និងរត់គេចខ្លួនដោយព្រាត់ប្រាសក្រុមគ្រួសារ។ ស្រូវដែលប្រមូលបានត្រូវដុតចោលដោយកងទ័ពវៀតណាម ប្រជាជនត្រូវជួបការលំបាកដោយអត់ឃ្លាត វង្វេងក្នុងព្រៃ ខ្លះបានបាត់ខ្លួន និងខ្លះទៀតបានបាត់បង់ជីវិតនៅសម័យនោះ៕

សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤​

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin