របបដ៏សាហាវឃោរឃៅជាងគេ

ឆាក ប៊ិច រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ឆាក ប៊ិច អាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ប៊ិច គឺជាជនជាតិដើមភាគតិចកាវែត។ គាត់បានបន្តថា នៅសម័យខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការហួសកម្លាំង ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងការហូបចុកមិនគ្រប់គ្រាន់។

នៅសម័យនោះ ឆាក ប៊ិច រស់នៅតាមសហករណ៍ជាក្រុមៗ នៅស្រែណងដានអស់រយៈពេលប្រហែលជិត ៣ឆ្នាំ។ ប៊ិច ត្រូវស្ទូងស្រូវ ភ្ជួរស្រែ ជីកដី និងគាស់គល់ឈើជាដើម។ ក្រៅពីការងារទាំងនោះ ប៊ិច ត្រូវដាំដំណាំ ដាំបាយ រកបន្លែផ្លែឈើគ្រប់ប្រភេទនៅក្នុងព្រៃ និងដងទឹកសម្រាប់ប្រើប្រាស់រួម។ គាត់និងស្វាមីរបស់គាត់ត្រូវភ្ញាក់ពីព្រលឹមចេញទៅធ្វើការ និងទទួលបានអាហារក្នុងមួយថ្ងៃពីរពេលប៉ុណ្ណោះ។

ឆាក ប៊ិច បានឆ្លងកាត់របបសង្គមរាស្ត្រនិយម របបលន់ នល់ និងរបបខ្មែរក្រហម តែសម្រាប់របបខ្មែរក្រហម គាត់យល់ឃើញថាជារបបដ៏សាហាវឃោរឃៅជាងគេ ដែលគាត់បានឆ្លងកាត់។ ប្រជាជនទាំងចាស់ទាំងក្មេង​ត្រូវបានបង្ខិតបង្ខំឲ្យធ្វើពលកម្មគ្មានដែនកំណត់ និងដាក់ទោសសម្រាប់អ្នកដែលគេចពីការងារ ដោយបង្អត់អាហារ ឬឲ្យធ្វើការតែម្នាក់​ឯងសម្រាប់ការងារមនុស្សមួយក្រុមក្នុងមួយប្លង់នៃវាលស្រែឲ្យហើយក្នុងមួយថ្ងៃ ទាំងហាលភ្លៀងហាលថ្ងៃជាដើម។

ប្រជាជនត្រូវធ្វើការងារដោយគ្មានពេលឈប់សម្រាក មិនមានការហូបចុកគ្រប់គ្រាន់ បែកបាក់ពីក្រុមគ្រួសារ និងរស់នៅដោយភាពភ័យខ្លាចនៃការចោទប្រកាន់ នឹងយកទៅសម្លាប់ចោលដោយខ្មែរក្រហម ក្រោមហេតុផលមិនច្បាស់លាស់ ឬអាស្រ័យលើអារម្មណ៍របស់អ្នកដឹកនាំ។

អ្នកភូមិត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម ដោយចោទថាក្បត់ជាតិ ឬក្បត់អង្គការ។ គាត់បន្តថា អ្នកភូមិត្រូវបានបាញ់សម្លាប់ ឬយកទៅវាយចោលដោយសារការចោទទាំងនោះ។

អ្នកដែលខ្ជិលត្រូវបានកាត់ទោស ដែលក្នុងនោះមានបងប្អូនរបស់ប៊ិច ដែលគ្មានកម្លាំងធ្វើតាមអ្វីដែលខ្មែរក្រហមចង់បាន។ ដោយសារភាពភ័យខ្លាចនៅចំពោះមុខ ឆាក ប៊ិច បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារទាំងមានជំងឺដោយគ្មានឈប់សម្រាកនោះទេ ដើម្បីបានរស់រានមានជីវិត។

នៅក្នុងសម័យខ្មែរក្រហមសម្ភារៈទាំងអស់ត្រូវបានប្រមូលទុកជារបស់សមូហភាព។ ប្រជាជន​ដែលមានទ្រព្យសម្បត្តិច្រើនជាងគេត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ការសិក្សាគឺគ្មាននោះទេ។ សម្រាប់ ឆាក ប៊ិច នៅសម័យខ្មែរក្រហម ការងារភាគច្រើនគឺធ្វើដោយកម្លាំងកាយ។

នៅឆ្នាំ ១៩៧៩ ឆាក ប៊ិច បានរត់គេចខ្លួនទៅជាមួយកងទ័ពខ្មែរក្រហម ដោយខ្មែរក្រហមនិយាយថា កងទ័ពវៀតណាមដែលកំពុងសម្រុកមកនឹងសម្លាប់ប្រជាជនខ្មែរ បើរត់មិនទាន់នោះ គាត់នឹងត្រូវបាត់បង់ជីវិត។ នៅពេលនោះជីវិតមានភាពលំបាកខ្លាំង ដោយសារត្រូវស៊ូទ្រាំរស់នៅក្នុងព្រៃ ដោយគ្មានបាយហូប និងរងរបួសដោយសត្វសាហាវ ស្ទើរនឹងបាត់បង់ជីវិត៕

សម្ភាសន៍ដោយ កុច សាដៀក​ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin