អតីតកម្មាភិបាលខ្មែរក្រហម ២៣៧នាក់ ជាប់ឈ្មោះក្នុងចម្លើយសារភាពរបស់ កែវ សាន ហៅសុខ
នៅក្នុងចម្លើយសារភាព កែវ សាន ហៅសុខ បានរៀបរាប់ឈ្មោះខ្សែរយៈរបស់ខ្លួនចំនួន ២៣៧[1] នាក់។ ក្រៅពីឈ្មោះកម្មាភិបាល សាន បានរៀបរាប់អំពីសកម្មភាពប្រជុំ ការអប់រំនយោបាយ និងការអនុវត្តន៍សកម្មភាពប្រឆាំងបដិវត្តន៍ផ្សេងៗនៅក្នុងតំបន់២៣ និងតំបន់២២។ ចម្លើយសារភាពមួយនេះ មានចំនួន៤២ទំព័រ និងបានសរសេរចប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជារឿងរ៉ាវទាំងមូលដែល សាន បានសារភាពប្រាប់ទៅអង្គការ៖
ឈ្មោះ កែវ សាន ហៅសុខ ភេទប្រុស អាយុ៤២ឆ្នាំ[2]។ សុខ មានស្រុកកំណើតនៅភូមិព្រែអង្គ្រង ឃុំជ្រៃធំ ស្រុករមាសហែក តំបន់២៣។ ប្រពន្ធរបស់គាត់ ឈ្មោះ មោង ធួក។ សាន បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី១០ និងជួយធ្វើស្រែឪពុកម្ដាយ។ នៅឆ្នាំ១៩៥៣ កែវ សាន បានចូលរួមរណសិរ្សឥស្សរៈ[3] រហូតដល់សង្គ្រាមស្ងប់ស្ងាត់ទើបគាត់ចូលបួស។ នៅឆ្នាំ១៩៥៥ សាន បានត្រឡប់មកធ្វើស្រែវិញ។ បន្ទាប់មកគាត់មានការទាក់ទងឈ្មោះ កែវ អាន, សាផាត និងឈ្មោះសារុន ហើយអ្នកទាំង ៣ បានអប់រំគាត់ឲ្យចូលក្នុងបក្សកុម្មុយនីស្ដឥណ្ឌូចិន[4]។ នៅឆ្នាំ១៩៥៧ សាន បានចូលជាសមាជិកបក្ស ដែលមានឈ្មោះ សាផាត និងសារុនជាអ្នកឧទ្ទេសនាម និងឈ្មោះ កែវ អាន ជាអ្នកទទួលស្គាល់។ ពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦០ អ្នកទាំង៣ខាងលើ បានណែនាំខ្សែរយៈរបស់ខ្លួនប្រមាណ១៨នាក់ ឲ្យ សាន ស្គាល់ដើម្បីសម្រេចភារកិច្ច ២ ធំៗគឺ ដឹកនាំប្រជាជនឲ្យស្រឡាញ់ រួបរួមជាមួយវៀតណាម កម្ពុជា លាវ និងចេះជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ទី២ កសាងកម្លាំងបក្សឥណ្ឌូចិន ដើម្បីរៀបចំរដ្ឋអំណាចនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត សាន, សារុន និងសាផាត បានកសាងកម្លាំងបន្ថែម៦នាក់ទៀត ដើម្បីធ្វើការជាមួយគាត់។ នៅឆ្នាំ១៩៦៤ សារុន និងសាផាត បានចាត់តាំងឲ្យ សាន ធ្វើជានីរសារបណ្ដោះអាសន្ន ព្រោះ កែវ អាន បានចេញទៅភូមិព្រៃតាអី ឃុំគគីសោម ស្រុករំដួល។ ក្រោយមកទៀត សាន បានទាក់ទងជាមួយ សាខន តាមរយៈសារុន។ នៅឆ្នាំ១៩៦៧ សាន បានចូលទៅបង្កប់ខ្លួននៅក្នុងក្នុងចលនាបដិវត្តន៍កម្ពុជា ព្រោះចលនានេះមានសភាពខ្លាំងខ្លា ទាំងនៅជនបទ និងទីក្រុង។ តាំងពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧០ សាន បានទាក់ទងខ្សែរបស់ កែវ អាន ៤នាក់ និងខ្សែរយៈរបស់ឈ្មោះ ផាន និងសារុន ចំនួន១២នាក់បន្ថែមទៀត។ នៅចន្លោះឆ្នាំដដែល សាន កសាងកម្លាំងបាន៨នាក់បន្ថែមទៀត និងធ្វើតាមការចាត់ទាំងរបស់ កែវ អាន។ ការចាត់តាំងរបស់ កែវ អាន គឺ បំផុសប្រជាជនមិនឲ្យជឿ និងចូលបដិវត្តន៍កម្ពុជា ហើយធ្វើឲ្យប្រជាជនដែលចូលបដិវត្តន៍រួចមានការធុញទ្រាន់ តាមរយៈការដឹកស្បៀងយកទៅឲ្យកម្លាំងបដិវត្តន៍ដែលចេញពីភ្នំពេញយឺតយ៉ាវ និងមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀត នៅពេលបក្សឲ្យឯកសារអប់រំប្រជាជន សាន បានទុកឲ្យខូចអស់ ហើយប្រាក់ដែលអង្គការឲ្យទិញសម្ភារ និងថ្នាំពេទ្យ គាត់ក៏ទិញមិនឲ្យគ្រប់គ្រាន់។
នៅឆ្នាំ១៩៧០ សាន បានឡើងធ្វើជាប្រធានភូមិស្រះ ឃុំព្រៃធំ ស្រុករមាសហែក និងបានទាក់ទងខ្សែសេអ៊ីអាចំនួន៧នាក់ តាមរយៈ សារុន និងសាផាត។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧១ ក្រៅពីទាក់ទងអ្នកខាងលើ សាន កសាងកម្លាំងបាន៤នាក់បន្ថែមទៀត ដើម្បីធ្វើសកម្មភាពដូចជា៖ ទី១ ប្រឆាំងផែនការរបស់អង្គការដែលឲ្យប្រមូលស្រូវពីប្រជាជនទុកសម្រាប់សមរភូមិមុខ និងយកស្រូវនោះទៅលក់ឲ្យយួន យៀកកុងវិញ។ ទី២ ឃោសនាមិនឲ្យប្រជាជនចូលបដិវត្តន៍ និងប្រឆាំបដិវត្តន៍។ ទី៣ ធ្វើឲ្យប្រជាជនខឹងជាមួយបដិវត្តន៍ ព្រោះ សាន មិនគិតគូរពីជីវភាពប្រជាជន និងធ្វើការកៀបស្បៀងប្រជាជនបន្ថែមទៀត។ ទី៤ ចំពោះកម្លាំងដែលអប់រំមិនបានគឺមានវិធានការកម្ទេចចោលជាបន្តបន្ទាប់។ នៅចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ នៅពេលដែល សាខន ស្លាប់ សាន បានទាក់ទង និងធ្វើការជាមួយឈ្មោះ ឈាន ដែលជាលេខាតំបន់២៣ថ្មីជំនួសវិញ។ បន្ទាប់ពីចូលបក្ខជនបដិវត្តន៍រួច ឈាន បានបញ្ចូល សាន ឲ្យទៅចូលបក្សពលករកម្ពុជា[5] ព្រោះបក្សនេះគឺជាបក្សរបស់ សេអ៊ីអា ប្រឆាំងបដិវត្តន៍កម្ពុជា។ នៅឆ្នាំ១៩៧៣ ពេល ឈាន ប្ដូរ ចេញទៅ សាន បានបន្តទាក់ទងលេខាតំបន់ថ្មីមួយទៀត ឈ្មោះ សូ រហូតដល់ឆ្នាំ១៩៧៥។ តាមរយៈឈ្មោះ សូ, សាន បានទាក់ទងខ្សែរយៈមួយចំនួនឈ្មោះ លិន ហៅពាម និងខ្សែរយៈតាមផ្នែកនីមួយៗដូចជា៖ ក្រសួងឃោសនាការតំបន់ ២៣ មានចំនួនប្រមាណ ១៥ នាក់, ក្រសួងសន្តិសុខតំបន់ ២៣ មានចំនួនប្រមាណ ៧ នាក់, ក្រសួងពេទ្យតំបន់ ២៣ ចំនួន ១៨ នាក់, ផ្នែកប្រធានពាណិជ្ជកម្មតំបន់ ២៣ មានចំនួន ៦ នាក់, ក្រសួងសេដ្ឋកិច្ចតំបន់របស់ សាន ទាក់ទងតាមរយៈឈ្មោះ សារុនបាន ៤ នាក់, និងផ្នែកតាមស្រុកនានាក្នុងតំបន់គាត់ ទាក់ទងបាន១៥នាក់ រួមជាមួយកម្លាំងដែល សាន ខ្លួនឯង កសាងបាន៥នាក់បន្ថែមទៀត។ ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ សាន រួមជាមួយឈ្មោះខាងលើបានធ្វើសកម្មភាពមួយចំនួនដូចជា៖ បង្កើតឲ្យមានរបបពាលាអាវ៉ាសែ បុរស នារី គ្មានវិន័យ ស្រីស្រា, ទាក់ទងជាមួយវៀណាម និងផ្ដល់គោ ជ្រូក មាន់ អង្ករ ស្រូវ ជាបន្តបន្ទាប់, កៀបសង្កត់ប្រជាជន មិនគិតគូរពីប្រជាជន យោធា ហើយធ្វើឲ្យបាក់ស្មារតីប្រយុទ្ធ និងទុកចោលសម្ភារៈផ្សេងៗដែលអង្គការឲ្យមករហូតដល់ខូច។ វៀតណាម ៣ នាក់ ដែល សាន បានទាក់ទងមានឈ្មោះថា សៅខាន់, ណាំតឹង និងហុក។ សាន បានឲ្យដឹងទៀតថា ឈ្មោះទាំងអស់ខាងលើនេះ គឺសរុបទាំងខ្សែរយៈឆ្នាំ១៩៧៧។[6]
ចាប់ពីឆ្នាំ១៩៧៥ ជាញឹកញាប់ សូ បានហៅ សាន និងប្រធានគ្រប់គ្រង លេខាស្រុកគ្រប់ស្រុកមកប្រជុំដើម្បីត្រៀមផែនការធ្វើរដ្ឋប្រហាររំលំបក្សកុម្មុយនីស្ដកម្ពុជា។ ផែនការធ្វើរដ្ឋប្រហារគឺធ្វើឡើងនៅក្នុងឆ្នាំ១៩៧៦ នៅខែ មេសា មួយដង និងខែកញ្ញា ម្ដងទៀត។ ចំពោះផែនការដែលបានប្រជុំជារួមគឺ លាក់ស្បៀង គ្រឿងសឹក ដឹកនាំប្រជាជនឲ្យប្រឆាំបដិវត្តន៍ និងកម្លាំងដើម្បីប្រឆាំងជាមួយអង្គការ។ បន្ទាប់ពីទទួលបានផែនការរួច សាន បានអនុវត្តន៍សកម្មភាពនៅក្នុងមន្ទីរតំបន់ ២៣ ដូចខាងក្រោម៖ ទី១ ធ្វើជង្រុកលាក់ស្រូវ នៅស្រុកចន្ទ្រា ២កន្លែង ប្រហែល១០០០០ថាំ, នៅស្រុកកំពង់រោទ៍ ៣កន្លែង លាក់ស្រូវបានប្រហែល៧៥០០ថាំង និងធ្វើផ្ទះសម្ងាត់សម្រាប់ប្រជុំមួយកន្លែងនៅខាងគគីសោម។ ទី២ សម្ភារដូចជា អំបិល ក្រណាត់ ប្រេងកាត និងរបស់ជាច្រើនយ៉ាងទៀតដែលអង្គការចែកឲ្យប្រជាជន សាន បានលាក់ទុកត្រៀមផែនការធ្វើរដ្ឋប្រហារ។ មិនតែប៉ុណ្ណោះ សាន បានធ្វើឲ្យប្រជាជនមានការអត់ឃ្លាន ព្រោះត្រូវបញ្ជូនស្រូវទៅឲ្យវៀតណាមជាបន្តបន្ទាប់។ នៅឆ្នាំ១៩៧៥ សាន បានផ្ដល់ស្រូវទៅឲ្យវៀតណាម ២លើក ប្រហែល១០០០តោន ដោយប្រគល់ឲ្យទៅក្រសួងពាណិជ្ជកម្មដឹកយកទៅឲ្យវៀតណាមនៅឆ្នាំ១៩៧៦ ប្រហែល ២០០០តោន និងនៅឆ្នាំ១៩៧៨ ឲ្យស្រូវប្រហែល៣លើក ដែលសរុបទាំងអស់ប្រហែល៤០០០តោន។ ក្រោយមក សូ បានឲ្យ សាន រួមជាមួយសមាជិក៣នាក់ទៀតរៀបចំបាយ ទឹក កន្លែងប្រជុំ សម្រាប់ជនជាតិវៀតណាម និងក្រុមរបស់ខ្លួន។ ក្នុងការរៀបចំ សាន បានរៀបចំបាយ ទឹក និងនារី ៨ នាក់ ក្នុងនោះគឺ ៤ នាក់ដែលធ្វើការនៅក្រសួងសេដ្ឋកិច្ច ហើយ ២ នាក់ធ្វើការនៅមន្ទីរតំបន់ ២៣ និង ២ នាក់ទៀតធ្វើការខាងឃោសនា ឲ្យទៅខាងវៀតណាម និងអ្នកចូលរួមប្រជុំផ្សេងទៀតលេងសើច(ខុសសិលធម៌)។
នៅថ្ងៃខែ សីហា ឆ្នាំ ១៩៧៧ សាន និងសមាជិក ២ នាក់ទៀតត្រូវបានប្ដូរឲ្យទៅធ្វើជាលេខាស្រុកអូរាំងឪ តំបន់ ២២។ មុនពេលចេញទៅធ្វើជាលេខាស្រុក ឈ្មោះ ឈាន បានធ្វើការណែនាំ សាន ឲ្យខិតខំអនុវត្តភារកិច្ច តាមមាគ៌ាបក្សកុម្មុយនីស្ដកម្ពុជា ឬក៏ប្រឆាំតាមភាពជាក់ស្ដែង និងត្រូវក្ដាប់យោធាឲ្យបានច្រើន និងអប់រំឲ្យជាប់។ បន្ទាប់ពីទទួលបានការណែនាំ ក្រុមរបស់ សាន បានចូលទៅគ្រប់គ្រងតំបន់ ២២ ហើយបានធ្វើសកម្មភាពមួយចំនួនគឺ ឲ្យប្រជាជនហូបបបរនៅពេលយប់ ដើម្បីជួយសន្សំសំចៃជូនអង្គការ និងត្រូវឲ្យប្រជាជនធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក ហើយអ្នកណាប្រឆាំងផែនការនេះគឺត្រូវយកទៅអប់រំ។ នៅក្នុងឆ្នាំដដែល ឈាន បានហៅលេខាស្រុកទាំងអស់មកប្រជុំនៅតំបន់ ២២ ដើម្បីណែនាំឲ្យស្គាល់គ្នា និងប្រាប់អំពីផែនការមួយចំនួនដូចជា៖ ធ្វើយ៉ាងម៉េចឲ្យប្រជាជនជួបការលំបាក ហើយបាត់ជំនឿលើអង្គការ បំផ្លាញការកសាងប្រទេស ក្ដាប់កងទ័ពឲ្យជាប់ ការកសាងពង្រីកកងទ័ព និងកម្លាំងឈ្លបឲ្យទៅជាកម្លាំងប្រឆាំបដិវត្តន៍។ ចាប់តាំងពីខែ តុលា ឆ្នាំ ១៩៧៧ សាន កសាងបានកម្លាំង ៤១ នាក់ ហើយកម្លាំងដែលកសាងបន្តគ្នាមានចំនួន ១៥ នាក់បន្ថែមទៀត។ កម្លាំងដែលកសាងទាំងអស់គឺ សាន ជាអ្នកអប់រំ និងបញ្ជូនឲ្យធ្វើតាមផែនការរបស់ ឈាន ខាងលើ។ បន្ទាប់មកទៀត ឈាន បាននាំ សាន ទៅជួបខ្សែ ៣ នាក់បន្ថែមទៀតនៅក្នុងស្រុកអូរាំងឪ ហើយ ៣ នាក់នោះបានណែនាំខ្សែរយៈ ២ នាក់បន្ថែមទៀតឲ្យ សាន ស្គាល់។ នៅឆ្នាំ ១៩៧៨ គ្រប់ស្រុកទាំងអស់បានឡើងទៅរៀននៅភ្នំពេញដើម្បីរៀបគម្រោងវាយវៀតណាម។ ឈ្មោះ ឈាន បានហៅ សាន ប្រាប់អំពីផែនការមួយនេះ។ ឈាន បានឲ្យ សាន ប្រមូលខ្សែសង្វាក់ទៅវាយវៀតណាមជាមួយអង្គការ ប៉ុន្តែនៅពេលដែលវៀតណាមសម្រុកមកខ្លាំង កម្លាំងរបស់ សាន ត្រូវបាញ់អង្គការ។ មួយវិញទៀត ប្រសិនបើឃើញទ័ពអង្គការ ឬក៏ទ័ពភូមិភាគកណ្ដាលមានចំនួនតិចគឺត្រូវវាយដណ្ដើមអាវុធ, និងស៊ើបការណ៍រកទីតាំងស្បៀង ឬក៏អាវុធដើម្បីបំផ្លាញចោល ហើយរារាំងដល់ការជញ្ជូនអាវុធរបស់អង្គការ។ ផែនការខាងលើ សាន បានចុះអប់រំសមាជិក និងអនុវត្តន៍បានដូចជា៖ ផែនការវាយខ្ទប់ទ័ពអង្គការគឺមិនបានជោគជ័យនោះទេ ព្រោះវៀតណាមបាក់ទ័ពមុនពេល។ មួយវិញទៀត កន្លែងទុកស្បៀង និងអាវុធរបស់អង្គការខាងក្រុម សាន រកមិនឃើញ ហើយការរារាំងដំណើរការដឹងជញ្ជូនសម្ភារៈ និងអាវុធ ក្រុមរបស់ សាន បានជីកក្រឡុកធ្វើឲ្យឡានអង្គការខូច៤គ្រឿ និងរាយការណ៍ភូតកុហកអំពីស្ថានភាពខ្មាំង។ នៅដើមឆ្នាំ ១៩៧៨ ឈាន បានត្រូវរបួស ហើយតាភឹម ដែលជាលេខាភូមិភាគបូព៌ា បានចុះមកក្ដាប់សភាពការណ៍នៅក្នុងតំបន់ ២២។ សាម៉ុល ជាអនុលេខាតំបន់ បានប្រាប់ សាន អំពីតាភឹម និងបាននាំគាត់ ទៅជួប តាភឹម នៅសាលារៀនរបស់ស្រុកពារាំង។ តាភឹម បានណែនាំឲ្យបន្តសកម្មភាពខាងលើ និងបន្តកសាងកម្លាំងឲ្យបានច្រើន។ បន្ទាប់មកទៀត នៅពេល ឈាន ចេញពីពេទ្យមកវិញបានហៅ សាន រួមជាមួយអ្នកផ្សេងទៀតប្រជុំនៅមន្ទីរតំបន់។ ខ្លឹមសារប្រជុំគឺខំកសាងកម្លាំងបន្ថែមទៀតដើម្បីត្រៀមធ្វើរដ្ឋប្រហារនៅក្នុងខែ មេសា ឆ្នាំ ១៩៧៨ ព្រោះជាថ្ងៃបុណ្យខួបជ័យជម្នះរបស់អង្គការ។ មុខព្រួញដែលត្រូវវាយជាមួយទ័ពអង្គការគឺ កងទ័ពតំបន់ ២២ ទទួលមុខសញ្ញាពីស្រុកកញ្ចៀចរហូតដល់ស្រុកត្បូងឃ្មុំ ហើយសហការជាមួយកងទ័ពស្រុកគ្រប់ស្រុកក្នុងតំបន់ ២២ និងចាប់ដៃគ្នាជាមួយកងទ័ពតំបន់ ២០ និង ២១។ ផ្នែកខាងត្បូងគឺតំបន់២៣ និងកងទ័ពភូមិភាគបូព៌ាមួយចំនួនប្រចាំទីនៅអរិយក្សត្រគឺត្រូវវាយចូលភ្នំពេញ។ ដើម្បីទទួលបានជោគជ័យគឺត្រូវសហការណ៍ជាមួយកងទ័ពវៀតណាម។ ចំណែកនៅមូលដ្ឋាន ត្រូវឃោសនាឲ្យបដិសេដមិនទទួលស្គាល់បក្សកុម្មុយនីស្ដ ហើយទទួលស្គាល់បដិវត្តន៍ថ្មីវិញ។ ពេលប្រជុំចប់ សាន បានហៅសមាជិកទាំងអស់ជួបជុំដើម្បីត្រៀមផែនការ បែងចែកកម្លាំងទៅតាមមុខព្រួញ និងឃោសនាទៅប្រជាជន។ សាន បានចុះទៅមូលដ្ឋានផ្ទាល់ដើម្បីពិនិត្យមើលកម្លាំង ទីកន្លែង និងដកយកកម្លាំងដែលខ្លាំងទៅដាក់វិញ។ មួយវិញទៀត សាន បានធ្វើចលនាប្រជាជនមិនឲ្យទៅជីកព្រែក ជីកអាងទឹក ហើយបំផ្លាញស៊ីម៉ង់សម្រាប់ធ្វើអាងទឹកទៀតផង។ លើសពីនេះទៅទៀត សានបានឲ្យខាងពាណិជ្ជកម្មស្រុកលាក់ស្រូវ២០០តោននៅក្នុងកងផលិត និងកៀបសង្កត់ប្រជាជនឲ្យលំបាក និងក្ដៅក្រហាយចំពោះបដិវត្តន៍។ នៅក្នុងខែ មីនា ឆ្នាំ១៩៧៨ ឈាន បានហៅលេខាភូមិភាគទាំងអស់ទៅប្រជុំម្ដងទៀតនៅកន្លែងដដែល ដើម្បីឲ្យគ្រប់កន្លែងរាយការណ៍ពីការរៀបចំកន្លងមក ហើយគាត់បានប្រាប់ឲ្យពង្រីកកម្លាំងបដិវត្តន៍ និងប្រមូលប្រជាជនទាំងអស់មកកន្លែងរួមដើម្បីប្រកាសបដិសេធលែងទទួលស្គាល់បក្សកុម្មុយនីស្ដ។ ក្រោយមកទៀត ឈាន បានប្រាប់មក សាន វិញថាផែនការនេះមិនបានសម្រេចនោះទេ ព្រោះខ្សែរយៈនៅខាងតំបន់ ២៣ ត្រូវអង្គការចាប់អស់ហើយ។ ឈាន បានឲ្យ សាន បន្តកសាងកម្លាំង ខំប្រមូលស្បៀងអាហារ និងធ្វើឲ្យប្រជាជនស្អប់បដិវត្តន៍កាន់តែខ្លាំង ហើយអាវុធ និងស្បៀងត្រូវលាក់ឲ្យបានល្អ។
នៅខែមេសា ឆ្នាំ១៩៧៨ ឈាន បានហៅសាន, ពិន, សាម៉ុល និងវណ្ណា ទៅណែនាំនៅមន្ទីរតំបន់២៣ម្ដងទៀត។ ខ្លឹមសារនៃការប្រជុំគឺ ត្រូវខិតខំពង្រឹងកម្លាំងដែលកសាងបាន ហើយត្រូវធ្វើសកម្មភាពឲ្យខ្លាំងក្លាទៅទៀត ជាពិសេសប្រឆាំងគ្រប់មាគ៌ារបស់បក្សសំខាន់ៗក្នុងការកសាងប្រទេស។ ពេលត្រឡប់មកវិញ សាន បានហៅសមាជិករបស់ខ្លួនមកប្រជុំ និងអនុវត្តន៍សកម្មភាពពង្រឹងកម្លាំងតាមមូលដ្ឋាន និងប្រឆាំងមាគ៌ាអង្គការគ្រប់ផ្នែក។ សាន បានបន្តទៀតថា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៨ ខាងភូមិភាគបានហៅលេខាស្រុក និងតំបន់ ១១ នាក់ មកប្រជុំសន្និបាទនៅមន្ទីរភូមិភាគ នៅភូមិរូង ឃុំកណ្ដោជ្រុំ ស្រុកពញាក្រែក តំបន់ ២០។ ខ្លឹមសារប្រជុំគឺមិនខុសពីពេលមុនប៉ុន្មាននោះទេ គឺកសាងកម្លាំង ប៉ុន្តែម្ដងនេះ តាភឹម ឲ្យប្រើកម្លាំងទប់ទល់ និងការពារមន្ទីរនីមួយៗនៅពេលដែលមានសភាពការណ៍ប្រែប្រួល ឬក៏ចាប់កម្មាភិបាលពីភូមិភាគបូព៌ាទៅ។ ចំណែកស្រូវ គឺផ្ដល់ជូនអង្គការតែមួយចំណែក ក្រៅពីនេះគឺត្រូវលាក់ទុក និងដឹកទៅផ្ដល់ឲ្យវៀតណាមមួយចំនួន។ ក្រោយមក ឈាន បានហៅ សាន ទៅប្រជុំ។ ខ្លឹមសារនៃការប្រជុំគឺឲ្យតាមស្រុកទាំងអស់ត្រៀមយោធា ប្រដាប់អាវុធ សម្រាប់ទប់ទល់ជាមួយអង្គការ ហើយបញ្ហាស្រូវ ស្រុកអូរាំងឪ ត្រូវប្រគល់ស្រូវឲ្យពាណិជកម្ម ២០០ តោន, ស្រុកស៊ីធរកណ្ដាល ១០០ តោន និងស្រុកពារាំង ៣០០ តោន។ ក្រោយពីបញ្ចប់ សាន បានចុះទៅប្រជុំនៅស្រុកបន្តទៀតដើម្បីណែនាំផែនការរបស់ ឈាន។ សាន បានពង្រីកកម្លាំងប្រដាប់អាវុធ កម្លាំងកងឈ្លប ដើម្បីត្រៀមទប់ទល់ជាមួយយោធាអង្គការ។ បន្ទាប់ពីប្រជុំ កម្លាំងសន្តិសុខរើសបាន ១៩ នាក់ រួមទាំងកម្លាំងចាស់។ ចំពោះស្បៀងវិញ សាន បានលាក់ស្រូវនៅក្នុងជង្រុកធម្មតា ហើយផ្ដាច់ការទាក់ទង និងផ្ដល់ស្បៀងឧបត្ថម្ភកម្លាំងបដិវត្តន៍ដែលនៅសមរភូមិមុខ។
ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ ១៩៧៨ ស្របពេលដែលមានការប៉ះទង្គិចជាមួយវៀតណាម តំបន់ភាគច្រើននៅក្នុងភូមិភាគបូព៌ាបានក្លាយទៅជាសមរភូមិរវាង កងទ័ពរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យនិងកងទ័ពបះបោរ។[7] បើតាមចម្លើយរបស់ឈ្មោះ សាន អំឡុងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៨ (ប៉ុន្តែយោងតាមចម្លើយសារភាពនេះដដែលនៅទំព័រទី២៥ សាន ត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៧៨) កងទ័ពអង្គការចាប់ផ្ដើម ចាប់កម្មាភិបាលនៅក្នុងភូមិភាគបូព៌ាទាំងអស់។ លុះស្អែកឡើងមានការផ្ទុះអាវុធទាំងស្រុង ហើយឈ្មោះ ឈាន បានហៅ សាន និងអ្នកផ្សេងទៀត ទៅណែនាំឲ្យប្រមូលកម្លាំងចុះវាយជាមួយអង្គការតាមមុខព្រួញ និងសហការណ៍ជាមួយស្រុក អូរាំងឪ ស្រុកកោះសូទិន និងស្រុកពារាំង។ សាន ស្រុកអូរាំងឪទទួលមុខព្រួញពីភូមិព្រៃកំពែង ឃុំចុងអង្គ្រង មកទល់នឹងភូមិចុងអង្គ្រង។ សារ៉េត ស្រុកស៊ីធរកណ្ដាល ទទួលមុខព្រួញផ្សារសួង។ ពិន ស្រុកកោះសូទិន ទទួលនៅពាមជីហែមកទល់ចម្ការកៅស៊ូពានជាំង។ ស្រុកពារាំង ទទួលនៅពានា ថ្នល់ជាតិលេខ ១៥ មកទល់ ភូមិអំពិលស្រុកស៊ីធរកណ្ដាល។ កងទ័ពតំបន់២២ ទទួលពីពានាមកទល់ស្វាយទៀប ស្រុកស៊ីធរកណ្ដាល។ កងទ័ពនៅសេនាធិការ ទទួលពីថ្នល់ទទឹងភូមិទួលទ្រាទៅផ្សារសួង។ គ្រប់មុខព្រួញទាំងអស់ត្រូវវាយអង្គការដែលនៅឈរជើងលើផ្លូវជាតិលេខ៧ និងដេញឲ្យទៅទិសខាងជើង។ នៅពេលទទួលបានការណែនាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ សាន បានចុះទៅប្រមូលកម្លាំងរបស់ខ្លួន និងបែងចែកទៅតាមមុខព្រួញកំណត់។ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២៩ សាន បានដឹកនាំកម្លាំងប្រយុទ្ធ ប៉ុន្តែត្រូវបានអង្គការយករថក្រោះបើកដេញកម្លាំងគាត់រហូតទៅដល់ភូមិព្រៃកំពែង ហើយកម្លាំងរបស់គាត់ទៅសម្រាកនៅភូមិពើក ឃុំដំរិល។ ពេលប្រយុទ្ធគ្នា កម្លាំងរបស់ សាន ស្លាប់៤នាក់ ហើយយោធារបស់អង្គការស្លាប់៣នាក់ដូចគ្នា។ នៅថ្ងៃទី៣០ ក្រុមរបស់ សាន បានទៅយកសពអ្នកស្លាប់។ ក្នុងអំឡុងពេលនោះ កម្លាំងរបស់ សាន បានបាក់ស្មារតី រហូតដល់ ឈាន ចុះមកក្ដាប់សភាពការណ៍។ ឈាន បានប្រាប់ឲ្យសានប្រមូលកម្លាំងមកសម្រាក រួចចាំអង្គការមកដោះស្រាយ។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៧៨ នៅពេលដែលយោធាអង្គការចូលមកដល់ស្រុកអូរាំងឪ សាន បានចូលទៅទាក់ទង។ អង្គការឲ្យប្រមូលប្រធានឃុំទាំងអស់ទៅប្រជុំ ប៉ុន្តែនៅពេលជួបជុំគ្នា អង្គការបានចាប់ខ្លួន សាន និងមេឃុំផ្សេងទៀត យកទៅទាំងអស់ លើកលែងតែប្រធានឃុំឈ្មោះ ឆែ ម្នាក់។[8]
កំណត់ចំណាំ៖ អត្ថបទនេះដកស្រង់ចេញពីចម្លើយសារភាពឯកសារ D41713 ។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់កែវ សាន ហៅសុខ ពិតឬយ៉ាងណានោះទេ?
អត្ថបទដោយ៖ ភា រស្មី
[1] ឯកសារលេខ D៤១៧១៣, ចម្លើយសារភាពរបស់ឈ្មោះ កែវ សាន ហៅសុខ, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,ទំព័រទី២៨ ដល់ទំព័រទី៤២។
[2] ស្ទួន (ពេលឃាត់ខ្លួន និងចងក្រងជាចម្លើយសារភាព ឈ្មោះសាន មានអាយុ៤២ឆ្នាំ) ទំព័រទី៣។
[3]ផេង ពង្សរ៉ាស៊ី et al, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័ទី៥។ នៅក្នុងសៀវភៅបានសរសេរថា នៅខែមេសា ឆ្នាំ១៩៥០ គឺក្នុងកំឡុងពេលនៃសង្គ្រាមឥណ្ឌូចិនលើកទី១ គណៈប្រតិភូចំនួន២០០នាក់បានមកជួបជុំគ្នានៅខេត្តកំពត ហើយបានបង្កើតរណសិរ្សឯកភាឥស្សរៈ(ខ្មែរឥស្សរៈ) ដែលដឹកនាំដោយក្រុមកុម្មុយនីស្ដ។ ក្រុមនេះបានសហការជាមួយវៀតណាម ដើម្បីធ្វើការតស៊ូប្រឆាំងនិងអាណានិគមបារាំង។
[4]ស្ទួន ទំព័រ១០៧។ នៅក្នុងឯកសារយោងលេខ៤ បានសរសេរថា “បក្សនេះត្រូវបានបង្កើតឡើងដោយ ហូ ជីមិញ នៅពេលដែលគាត់កំពុងរស់នៅទីក្រុងហុងកុង។ មុនដំបូងបក្សនេះមានឈ្មោះថាបក្សកុម្មុយនីស្ដវៀតណាម ហើយឈ្មោះនេះត្រូវបានប្ដូរមកជាបក្សកុម្មុយនីស្ដឥណ្ឌូចិននៅខែ កុម្ភៈ ឆ្នាំ១៩៣០”។
[5] ផេង ពង្សរ៉ាស៊ី et al, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័ទី៨។ នៅក្នុងសៀវភៅបានសរសេរថា៖ មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្រារធ្វើឡើងជាសម្ងាត់នៅក្នុងស្ថានីយរថភ្លើងក្រុងភ្នំពេញ ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្នុងនោះមាន ៧ រូបមកពីសាខាបក្សក្រុងភ្នំពេញ និង ១៤ រូបមកសាខាបក្សនៅតាមជនបទ។ មហាសន្និបាតនេះ បានសម្រេចរៀបចំបក្សឡើងវិញ បង្កើតនយោបាយថ្មី និងប្ដូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា”។
[6] ឯកសារលេខ D៤១៧១៣, ចម្លើយសារភាពរបស់ឈ្មោះ កែវ សាន ហៅសុខ, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,ទំព័រទី៩ ដល់ទំព័រទី១៣។
[7] ផេង ពង្សរ៉ាស៊ី et al, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ទំព័ទី៤៩។
[8] ឯកសារលេខ D៤១៧១៣, ចម្លើយសារភាពរបស់ឈ្មោះ កែវ សាន ហៅសុខ, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី២៥។