លើកទំនប់នៅកោះពាក្យទាំងថ្ងៃទាំយប់ដោយគ្មានពេលសម្រាក

ឈូរ ម៉ុយ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ឈូរ ម៉ុយ មានអាយុ ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើន​​​​​សៃ ខេត្តរតនគិរី។ ឈូរ ម៉ុយ គឺជាជនជាតិដើមភាគតិចកាវែត។

នៅសម័យខ្មែរក្រហម ឈូរ ម៉ុយ ធ្វើការជាកងចល័តទៅតាមភូមិដែលខ្មែរក្រហមបែងចែកនៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានធ្វើពលកម្មនៅភូមិកោះពាក្យ ភូមិឡាម៉ឺយ ស្រែណាង៉ាម និងភូមិរ៉ក ស្រែណងដាន។

ខ្មែរក្រហមបានបញ្ជូនគាត់ និងកងចល័តមកពីភូមិផ្សេងទៀតឲ្យទៅលើកទំនប់ទាំងថ្ងៃទាំងយប់ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់នៅក្នុងភូមិកោះពាក្យ ក៏ប៉ុន្តែសម្រាប់ការហូបចុក គឺកងចល័តរបស់គាត់ទទួលបានតែមួយចម្អែតក្រពះ។

ក្រោយពីលើកទំនប់នៅកោះពាក្យ គាត់ត្រូវត្រឡប់ទៅធ្វើការងារនៅក្នុងភូមិរៀងៗខ្លួនវិញ ដោយធ្វើការនៅភូមិត្រាក់ ស្រែណាង៉ាម។ នៅទីនោះ គាត់ត្រូវធ្វើការដូចជា ច្រូតស្រូវ ស្ទូងស្រូវ ទាំងថ្ងៃទាំងយប់ និងហាលភ្លៀងហាលថ្ងៃដោយគ្មានការតវ៉ាប្រឆាំង ឬត្អូញត្អែរនោះឡើយ។

ក្រោយមកទៀត ឈូរ ម៉ុយ ត្រូវបញ្ជូនឲ្យទៅធ្វើការតាមរោងបាយ នៅភូមិរ៉ក ដែលមិនសូវពិបាកដូចការងារនៅកងចល័ត ដោយគាត់ធ្វើការដូចជារៀបចំម្ហូបអាហារ និងលាងចានឆ្នាំង ប៉ុន្តែចំពោះរបបអាហារវិញគឺមានការខ្វះខាតដោយសារខ្មែរក្រហមចែកតែបបររាវលាយជាមួយបន្លែបន្តិចបន្តួចពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ឲ្យគាត់បរិភោគ។

ការរស់នៅនៅតាមភូមិរបស់គាត់ មានការយាមល្បាតយ៉ាងតឹងតែង និងហាមឃាត់មិនឲ្យមានការជួបរវាងបុរសនិងស្ត្រី ម៉្យាងទៀតខ្មែរក្រហមក៏ហាមឃាត់មិនឲ្យមានអ្នកលួចហូបនៅតាមផ្ទះនៅពេលយប់។

ការរស់នៅតាមសហករណ៍គឺហូបរួម និងធ្វើការរួម ដោយធ្វើការតាំងពីព្រលឹមទល់ព្រលប់ ឲ្យតែឮសំឡេងជួងគឺត្រូវភ្ញាក់ទៅធ្វើការ អ្នកដែលយឺតយ៉ាវ ឬខ្ជិលច្រអូសនិងត្រូវកងឈ្លបខ្មែរក្រហមយកទៅកសាង ឬបង្អត់អាហារ៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin