ស្ទើរតែនឹងស្លាប់ដោយសារខ្មែរក្រហមចោទថាខ្ជិល

ភឺច ហាម រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ភឺច ហាម មានអាយុ ៧៥ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលស្ទើរតែនឹងស្លាប់ដោយសារការចោទថា ខ្ជិលនៅពេលដែលគាត់មានជំងឺ។

នៅពេលដែលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ភឺច ហាម និងក្រុមគ្រួសារដែល​​កំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមនាំខ្លួនត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលគាត់ធ្វើដំណើរមកដល់ភូមិឡាម៉ឺយ ដែលជាភូមិកំណើត ខ្មែរក្រហម​​​​​​មិនបានឲ្យគាត់រស់នៅទីនោះទេ ផ្ទុយមកវិញខ្មែរក្រហមបានជម្លៀសគាត់និងក្រុមគ្រួសារឲ្យបន្តទៅរស់នៅឯខេត្តស្វាយរៀង។

នៅទីនោះ ប្រជាជនត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅជាក្រុមនៅតាមសហករណ៍ ដោយបែងចែកទៅតាមភេទ និងអាយុ។ គាត់បន្តទៀតថា គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើការទាំងថ្ងៃទាំងយប់ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់។ នៅរដូវប្រាំង គាត់ត្រូវកាប់ដីធ្វើស្រែ និងនៅរដូវវស្សា គាត់ត្រូវដកសំណាប និងស្ទូងស្រូវជាដើម។

ភឺច ហាម ចាប់ផ្តើមធ្វើការចាប់តាំងពីពេលព្រឹករហូតដល់ពេលថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ។ គាត់ត្រូវបន្តការងារទាំងនោះរហូតដល់ពេលល្ងាច ទើបគាត់បានហូបបាយជាលើកទី២។

ក្នុងមួយថ្ងៃ របបអាហារនៅសម័យនោះមានតែពីរពេល​​ប៉ុណ្ណោះ មានដូចជាមើមដំឡូង ដើមចេកចិញ្ច្រាំ លាយជាមួយអង្ករជាដើម។ ប្រជាជនម្នាក់ទទួលបានបាយកន្លះកូនចានតូចមួយប៉ុណ្ណោះ។ ជួនកាលមានទឹកត្រីប្រហុក​​ឬទឹកគ្រឿងបន្តិចបន្តួចសម្រាប់ហូប តែមិនគ្រប់គ្រាន់​​​នោះទេ។

បន្ទាប់ពីហូបរួច គាត់ត្រូវធ្វើការងារបន្តរហូតដល់ម៉ោង៩យប់ ទើបបានសម្រាន្ត។ ដោយសារការហូបចុក និងសម្រាន្តមិនបានគ្រប់គ្រាន់ ប្រជាជនភាគច្រើនមានជំងឺរុំារ៉ៃ និងស្គមស្គាំង។ នៅសម័យនោះគ្មានថ្នាំព្យាបាលប្រជាជននោះទេ ដូច្នេះប្រជាជនជាច្រើននាក់ត្រូវបានបាត់បង់ជីវិត។

ទោះបីជាប្រជាជនមានជំងឺក៏ដោយក៏ខ្មែរក្រហមនៅតែបង្ខិតបង្ខំឲ្យប្រជាជនធ្វើការរហូតដល់មានជំងឺធ្ងន់ធ្ងរ។ ចំពោះអ្នកដែលមិនព្រមធ្វើការតាមអ្វីដែលខ្មែរក្រហមបង្ខំនោះទេ អ្នកទាំងនោះនឹងត្រូវខ្មែរក្រហមចោទថាខ្ជិលច្រអូស ឬក្បត់អង្គការជាដើម។ ខ្មែរក្រហមបាននាំអ្នកទាំងនោះយកទៅរៀនសូត្រ ដែលមានន័យថាយកទៅសម្លាប់ចោល។

ភឺច ហាម ស្ទើរតែ​នឹងត្រូវបានខ្មែរក្រហមយកទៅសម្លាប់​​​​ដោយសារគាត់បានតវ៉ានឹងអង្គការ នៅពេលដែលគាត់ឈឺ ដែលអង្គការចោទថាគាត់ធ្វើពុតព្រោះខ្ជិលទៅធ្វើការ។

នៅពេលដែលខ្មែរក្រហមប្រុងនាំខ្លួនគាត់ទៅសម្លាប់ ជាសំណាងល្អកងទ័ពរំដោះចូលមកដល់ ទើបខ្មែរក្រហមរត់គេចខ្លួនចូលព្រៃអស់។ គាត់បន្តថា អង្គការមានបំណងសម្លាប់មនុស្សប្រុស និងទុកតែមនុស្សស្រីប៉ុណ្ណោះ។

ខ្មែរក្រហមបានកុហកថា យកប្រជាជនដែលធ្វើខុស ឬមិនអនុវត្តតាមបញ្ជារបស់អង្គការយកទៅរៀនសូត្រ ប៉ុន្តែការពិតខ្មែរក្រហមបានសម្លាប់ប្រជាជនជាច្រើននាក់។ ភឺច ហាម បានបញ្ជាក់ដូច្នេះថា​ «ប្រជាជនបានបាត់ខ្លួនស្ទើរអស់ពីភូមិ»៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ  ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin