ឡុង សារ៉ន ៖ រៀបរាប់អំពីសភាពការណ៍នៅក្នុងមន្ទីរឃុំឃាំងប្រទេសវៀតណាម

រូបតំណាង ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ សារ៉ន ត្រូវបានទាហានវៀតណាមចាប់ខ្លួននៅសមរភូមិ ត្រដែត[1] ស្រុកកំពង់រោង ខេត្តស្វាយរៀង។ នៅក្នុងចម្លើយសារភាពរបស់ សារ៉ន បានរៀបរាប់អំពីស្ថានភាពរស់នៅក្នុងគុកនីមួយៗដែលខ្លួនបានជាប់ឃុំឃាំង។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានរត់ចេញពីប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ សារ៉ន បានសរសេរបញ្ចប់នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩៧៨ និងមានហត្ថលេខាអ្នកសួរចម្លើយឈ្មោះ ស្រ៊ឹម។ ខាងក្រោមនេះគឺជាស្ថានភាពនៅក្នុងមន្ទីរឃុំឃាំង ប្រទេសវៀតណាម តាមការរៀបរាប់របស់ សារ៉ន៖

ឈ្មោះ ឡុង សារ៉ន[2] អាយុ២៣ឆ្នាំ។ សារ៉ន​ រៀនបានត្រឹមថ្នាក់ទី៦ នៅស្រុកកំពង់ត្រាច ខេត្តស្វាយរៀង។ ស្រុកកំណើតរបស់ សារ៉ន នៅភូមិត្រពាំងពោន ឃុំឆ្មា ស្រុកសំរោង(បច្ចុប្បន្នឈ្មោះ ភូមិត្រពាំងពោន ស្ថិតនៅក្នុង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង) តំបន់២៣ ភូមិភាគបូព៌ា។ ឪពុករបស់ សារ៉ន ឈ្មោះ ឡុង ឆន ហើយម្ដាយឈ្មោះ គាល់[3] សុត។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ បន្ទាប់ពីវៀតណាមវាយឈ្នះសមរភូមិត្រដែត សារ៉ន ត្រូវបាន ទាហានចាប់យកទៅប្រទេសវៀតណាមតាមច្រកព្រំដែនបាវិត ផ្លូវជាតិលេខមួយ។ មុនដំបូង វៀតណាមឃុំឃាំង សារ៉ន នៅក្នុងគុក ខេត្តតៃនិញ។ នៅក្នុងគុកតៃនិញ មានប្រជាជនខ្មែរ ២០នាក់ ដែលរត់ចេញពីតំបន់២០ និង២៣ និងយោធា ១០នាក់ រត់ចេញពីតំបន់២០។ ក្នុងចំណោមយោធា ១០នាក់ សារ៉ន ស្គាល់ឈ្មោះពីរនាក់គឺ សូត្រ និងកន។ សូមបញ្ជាក់ថាប្រជាជន២០នាក់ និងយោធាទាំង ២នាក់នេះ វៀតណាមមិនបានដាក់ខ្នោះ ច្រវ៉ាក់ទេ។[4]

សារ៉ន បានជាប់គុកនោះរយៈពេល៥ថ្ងៃ ហើយគាត់ត្រូវបានសួរចម្លើយ៦ដង។ ការសួរចម្លើយ សង្កត់ធ្ងន់ទៅលើ សភាពយោធា, រកទីតាំងកាំភ្លើងធំ, លេខអង្គការ និងទីតាំងដែលតេអូ(វិទ្យុ)ទាក់ទងទៅមក និងសួរពីសភាពប្រជាជន រួមជាមួយជីវភាពកងទ័ព។ នៅក្នុងគុក វៀតណាមឲ្យប្រជាជនហូបបាយលាយជាមួយពោតសាឡី មួយពេលមួយចានចង្កឹះកន្លះ ជាមួយត្រកួន ជ្រលក់ទឹកអំបិល។ ចំពោះទាហានវៀតណាម យាមនៅក្នុងគុកតៃនិញ មានចំនួន៣០នាក់។

ចំណែកសភាពការនៅក្រៅគុកវិញ សារ៉ន បានឃើញទាហានវៀតណាមដឹកកាំភ្លើងធំ ចុះមកសមរភូមិយ៉ាងច្រើនសន្ធឹកសន្ទាប់។ ចំពោះប្រជាជនវៀតណាម ស្លៀកពាក់រយ៉ីរយ៉ៃ រែកឧស លក់ដូរគ្មានសណ្ដាប់ធ្នាប់នៅតាមផ្លូវ។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៨ វៀតណាមបានបញ្ជូន សារ៉ន និងកងទ័ព៤នាក់ រួមជាមួយប្រជាជន មកដាក់គុកខាងកើតព្រៃនគរ ប្រទេសវៀតណាម។

នៅគុកខាងព្រៃនគរ ប្រទេសវៀតណាមបានយក សារ៉ន មកដាក់ក្នុងជុំរុំ ១២។ នៅក្នុងជុំរុំ១២ មានប្រជាជនខ្មែរដែលរត់ចូលទៅវៀតណាម ប្រជាជនដែលវៀតណាមកៀរយកទៅ រួមជាមួយកងទ័ពប្រមាណ ២០០នាក់។ អ្នកដែលនៅក្នុងគុកទាំងអស់មិនមានដាក់ខ្នោះនោះទេ ហើយពេលថ្ងៃត្រូវបណ្ដើរចេញពីគុក ឲ្យទៅធ្វើការងារ ដាំត្រកួន ជម្រះស្មៅ និងលាងបង្គន់។ វៀតណាមបានបែងចែកអ្នកនៅក្នុងជុំរុំជា ៤គ គឺចាប់ពីគ១រហូតដល់គ៤ ហើយក្នុងមួយគៗមានសមាជិកប្រមាណ ៨០នាក់។ អ្នកដែលជាប់ក្នុង គ៤​ គឺសុទ្ធតែជាអ្នកដែលវៀតណាមទុកចិត្ត។ នៅក្នុងគុក វៀតណាមបានចាត់តាំងឲ្យមានអ្នកតាមដានគ្នាទៅវិញទៅមក ដើម្បីកុំឲ្យមានអ្នកបំផុសបំផុលប្រឆាំង និងលួចរត់ចេញ។ ឈ្មោះ បាន យ៉ុម គឺជាអ្នកដាំបាយក្នុងជុំរុំ១២នេះ ហើយគាត់ក៏ជាអ្នករាយការណ៍អំពីសភាពការណ៍ក្នុងគុកឲ្យទៅវៀតណាម។

អ្នកជាប់គុកទាំងអស់ទទួលបានគ្រែ, កន្ទេល, មុង, ភួយ, ស្បែកជើង និងខោអាវអ្នកទោស។ នៅទីនោះ មានសាលារៀនបង្រៀននយោបាយដល់អ្នកទោស និងមានផ្ទះតាំងកាសែតឲ្យមើលជារៀងរាល់ថ្ងៃអាទិត្យ។ នៅពេលដែលមានសហភាពសូវៀតចុះមក វៀតណាមបានសរសេរពាក្យស្លោកថា៖ សាមគ្គីរវាងប្រជាជនកម្ពុជា វៀតណាម ទាំងពីរប្រទេសឲ្យឋិតថេរជានិច្ច។ លើសពីនេះទៅទៀត នៅពេលអន្តរជាតិមកម្ដងៗ វៀតណាមបានឲ្យអ្នកទោស លេងបៀ លេងបាល វាយប៉េងប៉ុង និងរាំរែក ដើម្បីឲ្យអ្នកកាសែតថត។ នៅពេលដែលអន្តជាតិសួរអំពីអ្នកជាប់ឃុំឃាំងទាំងអស់មកពីណា អ្នកបកប្រែតែងតែនិយាយថាជាទាហានកម្ពុជាលួចចូលក្នុងដីវៀតណាមទាំងអស់។ ចំពោះរបបអាហាររបស់អ្នកទោស ពេលព្រឹក វៀតណាម ឲ្យហូបនំបុ័ងមួយដុំធំជាងមេជើងបន្តិច ហើយពេលថ្ងៃបានបាយធ្វើពីស្រូវសាឡី ១ចានចង្កឹះកន្លះ ហូបជាមួយទឹកអំបិល ឬស្រុសត្រកួន និងពេលល្ងាចបាននំបុ័ង ១ធំជាងកដៃ។ នៅថ្ងៃដែលមានអន្តរជាតិចុះមក វៀតណាមបានចាក់បាយចូលតែមួយ ដើម្បីឲ្យមើលទៅឃើញច្រើន។

នៅខែតុលា ឆ្នាំ១៩៧៨ វៀតណាមបានជ្រើសរើសអ្នកទោសប្រមាណ១០០នាក់ឲ្យចូលរៀនវគ្គនយោបាយ។ គ្រូឧទ្ទេសនាមដែលវៀតណាមបញ្ជូនមក មានអនុសេនីយផ្កាយ៣ និងវរៈសេនីយផ្ដាយ១។ ខ្លឹមសារឯកសារដែលអ្នកបកប្រែឈ្មោះ វិញ និយាយគឺ ប្រវត្តិតស៊ូរបស់ប្រជាជនវៀតណាម និងសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងវៀតណាម។ វៀតណាម បានវែកញែកថា ប្រជាជនវៀតណាមបានវាយឈ្នះចក្រពត្តិច្រើនមកហើយដូចជា បារាំង, ជប៉ុន, អាមេរិក, និងចិន។ វៀតណាមថា ពីដើម លាវ, វៀតណាម និងកម្ពុជា មានបក្សតែមួយទេ គឺបក្សឥណ្ឌូចិន[5]។ ឥឡូវនេះកម្ពុជាបានក្បត់ជាមួយវៀតណាម ហេតុនេះហើយបានជាខាងវៀតណាមត្រូវវាយកម្ពុជាឲ្យបាន និងយកមកបញ្ជូលក្នុងបក្សឥណ្ឌូចិនវិញ។ នៅពេលដែលទទួលបានជ័យជម្នះ វៀតណាមនឹងបញ្ជូនសាស្រ្ដាចារ្យឲ្យមកដឹកនាំប្រទេសកម្ពុជា ហើយប្រជាជនទាំងបីប្រទេសមិនត្រូវប្រកាន់ព្រំដែនគ្នា និងអាចយកគ្នាជាគ្រួសារទៅវិញទៅមក។

នៅខាងក្រៅគុក ទាហានវៀតណាមប្រមាណ មួយអនុសេនាធំ យាមនៅមាត់ទ្វារ និងតាមជ្រុងគុក។ ឆ្មាំគុកនេះ បានលួចភួយ, ខោ អាវ ស្បែកជើងរបស់អ្នកជាប់គុកទៅលក់ ហើយមួយចំនួនទៀត លួចអង្ករ ម្សៅមី ពីឃ្លាំងដែលទុកសម្រាប់ឲ្យអ្នកជាប់គុក យកទៅលក់នៅផ្សារ និងយកទៅឲ្យម្ដាយឪពុក។ លើសពីនេះទៅទៀត ទាហានវៀតណាមចេញទៅលួចចេក លួចឆ្កែ របស់ប្រជាជនយកមកធ្វើម្ហូប ស៊ី ផឹក ហើយទាស់គ្នាស្រែឡូឡា។ ចំពោះអ្នកដែលលួចស្បៀងចេញពីឃ្លាំង ត្រូវបានមេក្រុមចាប់ដាក់ក្នុងគុកងងឹតជាញឹកញាប់។ អនុសេនីយផ្កាយ៤ ដែលដឹកនាំនៅគុកនោះ តែងតែយកស្រីសំផឹងចូលក្នុងគុករាល់ថ្ងៃ។

ចំពោះសភាពការណ៍ក្រៅគុក សារ៉ន បានឮឈ្មោះ បាន យ៉ុម ដែលជាអ្នកចុះឡើងក្រៅគុកបាននិយាយថា ទាហានវៀតណាមិនសូវត្រូវជាមួយប្រជាជននោះទេ ហើយថែមទាំងសម្លុតយករបស់របបប្រជាជនដែលនៅជាប់ក្នុងខ្លួនទៀតផង។ ចំពោះប្រជាជនវិញ គឺស្លៀកពាក់រយ៉ីរយ៉ៃ និងបានលួចក្ដឹបល្ហុង លួចចេក និងលួចសង្កសីទៅលក់ ហើយយកប្រាប់មកទិញអង្ករ។ ចំណែកសភាពការណ៍ក្រៅគុក ជារៀងរាល់យប់ឮសូរមានគ្រាប់បែក កាំភ្លើងដៃ អឹម៧៩ ផ្ទុះនៅជុំវិញគុក។ ឆ្មាំគុក បានប្រាប់អ្នកទោសថាមានទាហាន ធីវគី(វៀតណាមខាងត្បូង) ច្រើនណាស់មកគប់គ្រាប់បែកចូលទីតាំងការពារនេះ។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានលួចរត់ចេញពីគុក ជាមួយអ្នកផ្សេងទៀត២៤នាក់។ អ្នកលួចចេញពីគុកទាំងអស់បានបែកផ្លូវគ្នា ហើយមានតែប្រាំមួយនាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរជាមួយ សារ៉ន។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨ សារ៉ន ធ្វើដំណើរមកដល់ប្រទេសកម្ពុជា តាមស្រុកក្រសាំងតំបន់២៣៕

[1] នៅក្នុងចម្លើយសារភាពលេខ D15355 បាននិយាយថា ឈ្មោះ ឡុង សារ៉ន ត្រូវបានវៀតណាមចាប់ខ្លួនបាននៅសមរភូមិត្រាំដែក ស្រុកកំពង់លា ខេត្តស្វាយរៀង, ភ្នំពេញ៖ ទួលស្លែង, ១៩៩៨, ដោយបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] នៅក្នុងចម្លើយសារភាព D59023, Laura Summers, 2010, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[3] នៅក្នុងជីវប្រវត្តិលេខ K07451 បាននិយាយថា ម្ដាយរបស់ សារ៉ន មានឈ្មោះ គង់ សុត,ទំព័រទី១, ដោយបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[4] ផេងពង្សរ៉ាស៊ី and et, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)(ភ្នំពេញ៖មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ៤៩។ នៅក្នុងសៀវភៅបានរៀបរាប់ថា “ចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ១៩៧៨ ស្របពេលដែលមានការប៉ះទង្គិចជាមួយវៀតណាមកំពុងតែបន្ត តំបន់ភាគច្រើននៅក្នុងភូមិភាគបូព៌ាបានក្លាចទៅជាសមរភូមិរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ និងកងទ័ពប៉ះបោរ។ មនុស្សប្រហែល១សែននាក់ក្នុងភូមិភាគនេះត្រូវបានស្លាប់ និងសម្លាប់នៅសមរភូមិ។ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានបញ្ជូនយោធាខ្មែរក្រហមមកពីភូមិភាគនិរតីឲ្យទៅធ្វើការបង្ក្រាបជនក្បត់នៅភូមិភាគបូព៌ា។ ប្រជាជនរាប់ពាន់នាក់បានរត់ទៅកាន់ព្រំដែនវៀតណាមដើម្បីគេចខ្លួនពីការសម្លាប់រង្គាលដែលផ្ទុះឡើងបន្ទាប់ពីការមកដល់នៃកងទ័ពទាំងនេះ”។

[5] ផេង ពង្សរ៉ាស៊ី and et, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)(ភ្នំពេញ៖មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ១០៧។ នៅក្នុងfootnote លេខបីបានរៀបរាប់ថា “ឧបទ្វីបឥណ្ឌូចិនគឺជាឈ្មោះដែលអាណានិគមបារាំងដាក់ឲ្យប្រទេសបីដែលខ្លួនត្រួតត្រា រួមមានប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។ សង្គ្រាមឥណ្ឌូចិនលើកទីមួយចាប់ផ្ដើមពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៥៤ រវាងបារាំង និងចលនាតស៊ូវៀតណាម(វៀតមិញ) ដឹកនាំដោយ ហូ ជីមិញ។ ជម្លោះនេះបានរីករាលដាលលើផ្ទៃប្រទេសទាំងមូល ហើយបានរាលដាលដល់ប្រទេសកម្ពុជា និងប្រទេសឡាវ។

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin