ជា ម៉ុង៖ ជាប់ឃុំឃាំងក្នុងប្រទេសវៀតណាម រយៈពេល ១ឆ្នាំ ២ថ្ងៃ។
ឈ្មោះ ជា ម៉ុង ភេទប្រុស អាយុ ៣០ ឆ្នាំ[1]។ ម៉ុង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៤ នៃអនុវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ម៉ុង កើតនៅភូមិពានា ឃុំអំពិលត្រាវ(បច្ចុប្បន្នឃើញមានតែឃុំអំពិលក្រៅ) ស្រុកស៊ីធរកណ្ដាល តំបន់២២ ភូមិភាគបូព៌ា។ ឪពុករបស់គាត់ឈ្មោះ ជា ស៊ឹម ហើយម្ដាយឈ្មោះ អ៊ូ មិន និងមានបងប្អូន ៤ នាក់។ ឪពុកម្ដាយរបស់ ម៉ុង ប្រកបរបបធ្វើស្រែ។ ម៉ុង ធ្វើការនៅក្នុងអនុសេនាតូចលេខ ២ អនុសេនាធំលេខ ៤ វរៈសេនាតូចលេខ ៥០២ វរៈសេនាធំលេខ ១៨២ កងពលលេខ៣ របស់ភូមិភាគបូព៌ា។ ម៉ុង ត្រូវបានវៀតណាមចាប់ខ្លួននៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ១៩៧៧ ។ កន្លែងចាប់ខ្លួនគាត់នៅសមរភូមិ បាវិតកណ្ដាល ស្រុកចន្ទ្រា តាមផ្លូវជាតិលេខ ១ តំបន់ ២៣។ ម៉ុង បានរត់ចេញពីគុកនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ហើយរត់មកដល់កម្ពុជានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៧៨ ។
ម៉ុង បានជាប់ឃុំឃាំងដំបូងក្នុងសាលារៀនមួយកន្លែង នៅផ្សារត្រាច់ ក្នុងខេត្តតៃនិញ។ អ្នកដែលជាប់ឃុំឃាំងជាមួយ ម៉ុង មានធ្វើការនៅវរៈសេនាធំ ១៨២ ចំនួន ៥ នាក់, តំបន់ ២៣៣ នាក់ និងប្រជាជនចំនួន ២៥ នាក់។ នៅកន្លែងឃុំខ្លួនមានទាហានវៀតណាម ប្រមាណជា ៣០នាក់ នៅមុខសាលារៀន ដើម្បីយាម។ ១៤ថ្ងៃក្រោយ ម៉ុង, ឆន សុផាត, និងអ៊ុំ សារឿន ត្រូវបានវៀតណាម ដឹកយកទៅដាក់គុកធំមួយនៅទិសពាយព្យ ក្រុងព្រៃនគរ ប្រហែល ១០ គីឡូម៉ែត្រ។ បន្ទាយមួយនេះ ស្ថិតនៅខាងកើតផ្លូវទៅព្រៃនគរ ២០០ម៉ែត្រ ហើយមានទាហានវៀតណាមយាម ៣ កន្លែងគឺ មាត់ផ្លូវធំ ពាក់កណ្ដាលចូលបន្ទាយ និងមាត់ទ្វាទីតាំង។ នៅក្នុងគុកនេះ វៀតណាម បានចាប់ទៅសួរចម្លើយតែមួយថ្ងៃនោះទេ ហើយសំណួរសំខាន់គឺសួរពីរឿងយោធានៅកម្ពុជា និងសភាពប្រជាជន។ អ្នកសួរចម្លើយមានគ្នា ៥ នាក់ ក្នុងនោះមាន ២ នាក់មើលទៅក្មេងស្លៀកពាក់ជាយោធា និង ៣ នាក់ពាក់អាវស និងអាយុច្រើន ហើយអ្នកបកប្រែក្នុងគុកមើលទៅក្មេងអាយុប្រហែល ២០ ឆ្នាំ។ ម៉ុង ជាប់ក្នុងគុកនេះ បានរយៈពេល ១០ ថ្ងៃ ហើយ វៀតណាម បានបញ្ជូនគាត់យកទៅឃុំឃាំងនៅខាងជើង ភ្នំជើងបាដែង ប្រហែលជាង ២០ គីឡូម៉ែត្រ។
នៅជើង ភ្នំជើងបាដែង មានប្រជាជនចំនួន ៨៧ នាក់ និងយោធា ១០ នាក់ ដែលវៀតណាម បញ្ជូនទៅនៅ ខែ១១ ឆ្នាំ១៩៧៧ ។ នៅពេលយប់ វៀតណាមបានដោះខ្នោះប្រជាជនចេញ ប៉ុន្តែយោធាគឺមិនបានដោះច្រវ៉ាក់ចេញឡើយ។ ប្រជាជន ដែលជាប់ក្នុងគុកនេះគឺត្រូវទៅធ្វើការងារនៅខាងក្រៅគុកដូចជា ច្រូតស្រូវ រែកទឹក រកបន្លែ ពុះអុស ហើយ យោធា គឺប្រើឲ្យក្រងស្បូវក្នុងបន្ទាយ។ របបអាហារនៅក្នុងគុក គឺបានបាយមួយកូនចាន ហូបជាមួយទឹកអំបិល។ ទាហានវៀតណាម នៅយាមក្នុងគុកមានប្រមាណមួយអនុសេនាតូច ប្រចាំការនៅខាងលិចគុក និងចំពីមុខគុក ហើយមានអនុសេនីយផ្កាយពីរម្នាក់នៅបញ្ជាការ។ វៀតណាម ដែលយាមនៅក្នុងគុកតែងតែមានការឈ្លោះគ្នាពីរឿងលួចខោអាវ លួចដែកកេះ ហើយពេលខ្លះវាយគ្នា និងដេញកាប់គ្នាពេលមានជម្លោះ។ ចំណែកប្រជាជនវៀតណាម គឺមិនអនុញ្ញាតឲ្យមកជិតគុកនេះទេ។
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៧៧ វៀតណាម បានយកអ្នកជាប់គុកទាំងអស់ទៅដាក់គុកខាងជើងចម្ការកៅស៊ូស្រុកឡុង ថាញ់ ខេត្តត្រកុងណាយ ប្រហែល ៦ គីឡូម៉ែត្រ។ នៅក្នុងគុកនេះមានប្រជាជនប្រហែល១០០០ នាក់ និងកងទ័ពប្រមាណ ៣០ នាក់។ នៅក្នុងគុកវៀតណាមបែងចែកជា ៣ ជុំរុំ ហើយមួយជុំរុំមានរបងព័ទ្ធជុំវិញ ២ ទៅ៣ជាន់។ ជុំរុំ ១៣ មានរបងបីជាន់ មានគ្នាប្រមាណ ៤៣៩ នាក់ ហើយជុំរុំ ១១ និង ១២ មានរបងពីរជាន់មានគ្នាប្រហែល ៤០០ នាក់។ ម៉ុង បានរស់នៅជុំរុំ ១៣ ។ គាត់បានឲ្យដឹងទៀតថា នៅក្នុងជុំរុំ ១៣ មានឈ្មោះ ទើ ជាប្រធាន។ ទើ គឺជាកូនកាត់វៀតណាម នៅជីភូ ស្រុកចន្ទ្រា។ សម្រាប់របបអាហារនៅទីនោះ ពេលព្រឹកវៀតណាម ឲ្យបាយកន្លះកា ហើយពេលល្ងាចបានដំឡូងមួយមើម ឬក៏នំបុ័ង ១ ដើម។ នៅកន្លែងឃុំឃាំង មានអ្នកស្លាប់ដោយសារជំងឺអស់ប្រហែល ៨៧ នាក់។ អ្នកឈឺទាំងអស់ទាល់តែដើរលែងរួច ហើយបាយអត់បានទើបសែងទៅពេទ្យ។[2]
នៅចុងខែមករា ឆ្នាំ១៩៧៨ វៀតណាមបានដកទ័ព និងប្រជាជនដែលមាននាទីក្នុងបដិវត្តន៍ឲ្យមកជុំរុំ ១២ ហើយកងចល័ត និងប្រជាជនថ្មី ដាក់នៅក្នុងជុំរុំ ១១ ។ ចំណែកទាហាន លន់ នល់ និងអ្នករដ្ឋការចាស់គឺដាក់ក្នុងជុំរុំ ១៣ ។ ម៉ុង បានប្ដូរមកជុំរុំ ១២ ហើយមានឈ្មោះ ស្រី ថាន់ ជាអ្នកទទួលខុសត្រូវ។ ឈ្មោះ ថាន់ មានប្រពន្ធនៅគគីសោម ស្រុកប្រសូត្រ តំបន់ ២៣។ ជារៀងរាល់យប់ ទាហាន វៀតណាម បានលបរំលោភនារី៥នាក់ ដែលដាក់ដោយឡែកពីគេ ហើយនារីនោះបានស្រែកផ្អើលអ្នកទោស។ នៅក្រៅគុក មានទីតាំងទាហាន ៣កន្លែង បោះនៅជុំវិញគុក។ មួយអនុសេនាធំ បោះនៅការពារជុំរុំ ១១ ហើយពីរកន្លែងទៀតការពារនៅជុំរុំ ១២ និង ១៣ ។ ស្ថានភាពនៅក្នុងគុកគឺ មិនខុសពីគុកមុនៗនោះទេ ទាហានវៀតណាមដែលនៅយាមគុកឈ្លោះគ្នា និងយកស្រីមកលេងរាល់ថ្ងៃ។ ប្រជាជន វៀតណាមដែលរស់នៅក្បែរៗនោះមានសភាពស្គមស្គាំង ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ ហើយបានមករើសសំណល់ដែលពួកទាហានវៀតណាមវាអត់យក។ នៅខែកុម្ភៈ ម៉ុង បានចូលរៀននយោបាយជាមួយកងទ័ព ប្រជាជន កងចល័ត ប្រហែល ៣០ នាក់។ វៀតណាម ជាអ្នកឧទ្ទេសនាមឯកសារ ២ ធំៗគឺ សាមគ្គីភាពរវាងកម្ពុជា វៀតណាម និងសង្គមនិយមនៅប្រទេសវៀតណាម។ ឯកសារទី១គឺ និយាយថា “យូរលុងមកហើយនៅឥណ្ឌូចិន[3] ខ្មែរ លាវ យួន សាមគ្គីគ្នាវាយចក្រពត្តិ ប្ដូរសេដ្ឋកិច្ចគ្នាទៅវិញទៅមក រហូតភ្ជាប់សាច់ឈាមជាគ្រួសារជាមួយគ្នាទៀត ដូច្នេះមិនត្រូវទាស់គ្នា ហើយរឿងព្រំដែន និងដីចាស់របស់ខ្មែរមិនបាច់នឹកនាទេ”។ ឯកសារទី២ និយាយថា សង្គមនិយមនៅវៀតណាមគឺត្រឹមត្រូវណាស់ ខុសពីសង្គមនិយមកម្ពុជាដែលបំបិទសិទ្ធសេរីភាពប្រជាជន និងបង្ខំប្រជាជនឲ្យចូលសហករណ៍។ ដូច្នេះត្រូវក្រោកឈរឡើងវាយកម្ទេចបក្សកុម្មុយនីស្ដកម្ពុជា[4] ដើម្បីធ្វើសង្គមនិយមម្ដងទៀតដូចវៀតណាម ដោយយកសាស្រ្ដាចារ្យពីវៀតណាមទៅនៅកម្ពុជាវិញ។
នៅខែ មេសា ឆ្នាំ ១៩៧៨ វៀតណាម បានដកជុំរុំ ១២ ទាំងអស់ទៅកន្លែងថ្មី ដើម្បីឲ្យហាត់ធ្វើកងទ័ព វាយមកកម្ពុជាវិញ។ ជុំរុំថ្មីនេះនៅខាងកើតជុំរុំចាស់ជាង ១០ គីឡូម៉ែត្រ និងខាងជើងផ្លូវរទេះភ្លើងប្រហែល ២គីឡូម៉ែត្រ។ នៅក្នុងជុំរុំថ្មី មានរបងព័ទ្ធជុំវិញ ៣ ជាន់ ហើយអ្នកដែលយកមកក្នុងជុំរុំនេះមិនមានដាក់ខ្នោះនោះទេ។ វៀតណាម បានបើកខោអាវអ្នកទោសឲ្យស្លៀក បើកមុង ភួយ ស្បែកជើង អាវយឺត គ្រែគេង និងកន្ទេលម្នាក់មួយ។ នៅក្នុងជុំរុំ វៀតណាម ចែកចេញជា ៤ អនុសេនាធំ ដើម្បីគ្រប់គ្រង និងតាមដានសភាពការណ៍ក្នុងជុំរុំ។ លើសពីនេះទៅទៀត វៀតណាមបង្កើតក្រុមលេងបាល់ វាយប៉េងប៉ុង បៀរ និងលេងអុក សម្រាប់អន្តរជាតិមកថត។ នៅពេលមានអន្តរជាតិមក វៀតណាម បានបង្គាប់ឲ្យប្រជាជនថាខ្លួនគឺជាទ័ពចូលក្នុងទឹកដីវៀតណាម ហើយបើឆ្លើយខុសពីនេះក៏អ្នកបកប្រែបកខុសពីអ្នកឆ្លើយដែរ។ អ្នកដែលវៀតណាមយកទៅមានចំនួន ៦ នាក់ ហើយភាគច្រើនធ្វើការងារជាវរៈសេនាធំ។ ប្រសិនបើ អន្តរជាតិនៅរហូតដល់ម៉ោងបាយ វៀតណាម បានប្រមូលបាយនៅក្នុងចានទាំងអស់ដាក់រួមដើម្បីឲ្យឃើញច្រើន ហើយមិនឲ្យប្រជាជនហូបនោះទេ គឺនៅលេងបៀរ វាយប៉េងប៉ុង បាល់ទះ ទាំងកណ្ដាលថ្ងៃត្រង់ដើម្បីឲ្យគេថត។ អន្តរជាតិដែលមកភាគច្រើនគឺប្រទេស សូវៀត គុយបា ហើយប្រទេស ជប៉ុន បារាំង អាមេរិក គឺមកបានតែម្ដងនោះទេ។ នៅពេលដែលមានភ្ញៀវអន្តរជាតិមក មេរបស់វៀតណាម មិននៅមួយកន្លែងនោះទេ គឺត្រូវរត់ប្រសាចដើម្បីបំរើ។ មួយវិញទៀត វៀតណាមបានជ្រើសរើសយកស្រីក្មេងៗមកបកប្រែ ហើយដើរតោងស្មាគ្នាពេលនិយាយ និងចាំទាញកាមេរ៉ាថត កុំឲ្យថតក្រៅរបងជុំរុំ។ ទាហានវៀតណាម ដែលនៅការពារជុំរុំ តែងតែលួចភួយ ស្បែកជើង ខោអាវរបស់អ្នកទោសយកទៅលេងស្រី។ មិនតែប៉ុណ្ណោះ ទាហានទាំងអស់នោះបានទាក់ទងឲ្យអ្នកនៅក្នុងជុំរុំយកសម្ភារៈដែលបើកបាន យកទៅប្ដូរយកលុយ និងទៅលេងស្រីបន្ថែមទៀត។ នៅក្រោជុំរុំ ទាហានវៀតណាមយាមនៅមាត់ច្រក ប៉ុន្តែបើពេលយប់គឺយាម ៤ ជ្រុង និង ៤ ទិស(និរតី ពាយព្យ ឦសាន និងអាគ្នេយ៍)។ ជារៀងរាល់យប់ មានទាហាន ធីវគី ចេញមកបោះគ្រាប់បែកដាក់ជុំរុំនីមួយៗ ដែលជាហេតុធ្វើឲ្យទាហានអត់ហ៊ានដើរយប់ទេ។ ទាហានការពារនៅក្នុងជុំរុំនេះ គឺមិនខុសពីកន្លែងផ្សេងៗខាងលើនោះទេ ទាហានភាគច្រើនលួចរបស់របបគ្នា ដណ្ដើមអាហារ បណ្ដើរស្រីចូលក្នុងបន្ទាយ ស៊ីផឹក និងវាយគ្នាជាញឹកញាប់ ដែលជាហេតុធ្វើឲ្យមេចាប់ដាក់ក្នុងទ្រុងដែក។ ចំណែកប្រជាជនគឺ ខ្វះខាតអាហារ និងសម្លៀកបំពាក់។ ស្រីៗគឺត្រូវស្លៀកសម្លៀកបំពាក់រហែកចេញគល់ភ្លៅ ហើយបុរសស្លៀកខោខ្លី ឬក៏យកសំបកបាវរបស់ទាហានធីវគីយកធ្វើអាវពាក់។
យប់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ម៉ុង និងយោធា ២៤ នាក់ផ្សេងទៀតបានសម្រេចចិត្តរត់ចេញមកកម្ពុជាវិញ។ ក្រុមរបស់ ម៉ុង បាននាំគ្នាកាត់របងបីជាន់ចេញនៅម៉ោង៧ ព្រោះម៉ោង៩ បានមានទាហានដើរយាម។ អ្នករត់រួចក្នុងពេលនោះមានចំនួន ១៩ នាក់ ព្រោះអ្នកតាមដាននៅខាងក្នុងឆោឡោ។ អ្នកទាំង ១៩នាក់ បានចំណាយពេលដើរ ២យប់ ទើបទៅដល់ភ្នំខាងកើត ហើយបានជួបវៀតណាមនៅទីនោះ និងបានបែកផ្លូវគ្នា។ ម៉ុង និងសមាជិក៥នាក់ផ្សេងទៀតបានធ្វើដំណើរបន្តមកទិសខាងលិចឆៀងខាងជើង និងឆ្លងកាត់ភ្នំចំនួន៩ ទើបមកដល់ខ្សែត្រៀមកងទ័ពយើងនៅខាងលិចទន្លេ។ ម៉ុង បានចំណាយពេលប្រមាណ១ខែ ៤ថ្ងៃ ទើបមកដល់ខាងលិចទន្លេ ត្រង់មុខព្រួញកងពល ៧០៣[5] ចំស្រុកក្រសាំង។
អត្ថបទដោយ៖ ភា រស្មី
[1] ឯកសារលេខ D58974, ចម្លើយសារភាពរបស់ឈ្មោះ ជា ម៉ុង, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,1978, ទំព័រទី៣។ នៅក្នុងអត្ថបទបានសរសេរថា ជា ម៉ុង មានអាយុ ៣០ឆ្នាំ)
[2] ឯកសារលេខ D58974, ចម្លើយសារភាពរបស់ឈ្មោះ ជា ម៉ុង, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី៥ ដល់ទំព័រទី៦។
[3] ផេង ពង្សរ៉ាស៊ី et al, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័ទី៥។ នៅក្នុងឯកសារយោងលេខ៣ បាននិយាយថា ឧបទ្វីបឥណ្ឌូចិនគឺជាឈ្មោះដែលអាណានិគមបារាំងដាក់ឲ្យប្រទេសទាំង៣ដែលខ្លួនត្រួតត្រា រួមមានប្រទេសវៀតណាម ប្រទេសឡាវ និងកម្ពុជា។
[4] ស្ទួន (ចលនាកុម្មុយនីស្ដនៅកម្ពុជា កើតចេញពីចលនាតស៊ូនឹងអាណានិគមបារាំងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤០) ទំព័រទី៥។
[5] ហ៊ុយ វណ្ណៈ, កងពលខ្មែរក្រហមលេខ ៧០៣ ពីជ័យជម្នះឆ្ពោះទៅរកការបំផ្លាញខ្លួនឯង (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៣) ទំព័រ៧។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមបានប្រើព្រះនាម សម្ដេចព្រះ នរោត្តម សីហនុ និងការទម្លាក់គ្រាប់បែកនៅទសវត្សរ៍ឆ្នាំ១៩៧០ ធ្វើជាមូលដ្ឋានសម្រាប់បំផុសឲ្យប្រជាជនគាំទ្រ និងចូលរួបរួមជាមួយចលនាតស៊ូរបស់ខ្លួន។ ដូច្នេះតំបន់២៥ បានខ្លាយទៅជាមូលដ្ឋានក៏សំខាន់ដែលនាំឲ្យខ្មែរក្រហមអាចប្រមូលកម្លាំងរហូតដល់បង្កើតជាកងពលលេខ ៧០៣។