ប៊ី សេងហ៊ាង៖ យោធាពាណិជ្ជកម្មរដ្ឋ និងជាអតីតអ្នកទោសនៅ ម-៨៧០
នៅក្នុងឆ្នាំ១៩៧៦ សេងហ៊ាង ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការជាយោធាពាណិជ្ជកម្ម ជាអ្នកកាន់ផ្នែកបញ្ជីសម្ភារ នៅឃ្លាំងពាណិជ្ជកម្មរដ្ឋមួយកន្លែងនៅទីក្រុងភ្នំពេញ។ មិនបានប៉ុន្មាន គាត់ត្រូវបានខ្មែរក្រហមចាប់ខ្លួន យកទៅដាក់នៅគុក ម-៨៧០ ដោយចោទប្រកាន់ថាជាប់និន្នាការនយោបាយ។
ប៊ី សេងហ៊ាង[1] ភេទស្រី អាយុ៥២ឆ្នាំ កើតនៅឆ្នាំ១៩៥៤ នៅភូមិសាលាដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នគាត់រស់នៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុករបស់ សេងហ៊ាង ឈ្មោះ ប៊ី ធីន (ស្លាប់នៅឆ្នាំ១៩៧៧) ម្ដាយឈ្មោះ មាក់ សួង (ស្លាប់នៅឆ្នាំ១៩៩៦) គាត់មានបងប្អូនសរុបទាំងអស់៧នាក់ ស្លាប់ និងបាត់ខ្លួន៤នាក់។ បងប្អូនរបស់គាត់ព២នាក់ ឈ្មោះ សេងលី និងសាវ៉ាង ស្លាប់ដោយសារតែលង់ទឹក និង២នាក់ទៀតបាត់ខ្លួនតាំងពីចូលបម្រើការងារនៅជួរយោធាខ្មែរក្រហម។
សេងហ៊ាង បានឈប់រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅបឋមសិក្សាចំបក់។ គាត់ឈប់រៀនដោយសារតែប្រទេសកើតមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចុះពីរដ្ឋអំណាច នៅឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ សាលារៀននៅក្នុងតំបន់របស់គាត់ត្រូវបានបិទទ្វារ ដោយសារតែមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិកកាំង ដែលគាំទ្ររបប លន់ នល់។ នៅពេលនោះដែរ ប្រជាជនមួយចំនួនចាប់ផ្ដើមធ្វើបាតុកម្មទាមទាឲ្យ សម្ដេចព្រះ នរោត្ដម សីហនុ យាងឡើងគ្រងអំណាចវិញជាថ្មីម្ដងទៀត។ នៅអំឡុងពេលនោះ សេងហ៊ាង មានអាយុ១៤ឆ្នាំ បន្ទាប់ពីឈប់រៀន គាត់បានធ្វើស្រែ ជាមួយម្ដាយឪពុករបស់គាត់។
នៅឆ្នាំ១៩៧២ សេងហ៊ាង មានអាយុ១៦ឆ្នាំ បានស្ម័គ្រចិត្តចូលបម្រើការងារបដិវត្តន៍ខ្មែរក្រហម ដោយស្ដាប់តាមការអំពាវនាវឲ្យចូលព្រៃម៉ាគី របស់សម្ដេចព្រះ នរោត្ដម សីហនុ។ ប្រជាជនស្ទើរតែទាំងអស់បានយល់ខុសអំពីបដិវត្តន៍ នៅពេលចូលព្រៃម៉ាគី ព្រោះពេលនោះខ្មែរក្រហមបានយកឈ្មោះ រណសិរ្សរួបរួមជាតិ ជាខែល ហើយបានឃោសនាអូសទាញឲ្យយុវជន យុវនារី ចូលធ្វើជាទាហាន ដោយយកព្រះនាមរបស់សម្ដេចព្រះ នរោត្ដម សីហនុ បាំងមុខក្នុងការអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគី ដើម្បីបង្កើតចលនារណសិរ្សរួបរួមជាតិព្រោះប្រជាជនប្រកាន់ខ្ជាប់ និងមានជំនឿលើព្រះមហាក្សត្រ ដោយសារតែធ្លាប់រស់នៅមានភាពសុខដុមរម្យនា ប៉ុន្តែធាតុពិតគឺចូលរួមធ្វើជាយោធារបស់ខ្មែរក្រហម។
បន្ទាប់ពី សេងហ៊ាង ស្ម័គ្រចិត្តចូលបដិវត្តន៍ មានប្រជាជនម្នាក់ឈ្មោះ ណែត បានហៅគាត់ទៅលេងនៅជួរទ័ព នៅស្ទឹងទ្រ ដើម្បីមើលអំពីការបំពាក់បំប៉នយោធានៅក្នុងជួរ។ ណែត បានឲ្យ សេងហ៊ាង ផ្ញើទ្រព្យសម្បត្តិដែលជាប់មកជាមួយត្រឡប់ទៅឲ្យម្ដាយរបស់គាត់វិញ ហើយចូលបំពាក់បំប៉ននៅក្នុងជួរទ័ពតែម្ដង។ ណែត បានប្រាប់ សេងហ៊ាង ថា៖ «យើងតស៊ូយកសម្ដេចឪ យើងត្រូវតស៊ូ យើងនៅក្មេងដែរ»។ សេងហ៊ាង ត្រូវបានបំពាក់បំប៉ននយោបាយនៅស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ប្រហែលជា១ឆ្នាំ ទើបបញ្ជូនទៅសមរភូមិប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ បន្តទៀត។ យុវជន យុវនារី នៅអំឡុងពេលនោះ ត្រូវបានអង្គការបំបែកចេញពីឪពុកម្ដាយ មិនអនុញ្ញាតឲ្យរស់នៅជួបជុំគ្រួសារឡើយ។
នៅឆ្នាំ១៩៧៣ សេងហ៊ាង ត្រូវបានអង្គការចាត់តាំង ឲ្យទៅធ្វើជាយោធានៅ ភូមិភាគឧត្តរ[2] នៅក្នុងកងវរៈសេនាតូចលេខ២៧ ស្ថិតក្រោមការគ្រប់គ្រងរបស់ សមមិត្តជាតិ។ កងវរៈសេនាតូចលេខ២៧ គឺស្ថិតនៅក្នុងកងពលទី១ ដែលមាន អឿន[3] ជាប្រធានកងពល។ នៅស្រុកជើងព្រៃ សេងហ៊ាង មានតួនាទីជាប្រធានក្រុម ដឹកនាំយោធាចំនួន១២នាក់ សម្រាប់ជញ្ជូនគ្រាប់ទៅសមរភូមិមុខ និងសែងអ្នករបួស។ នៅក្នុងក្រុមរបស់ សេងហ៊ាង ចែកចេញជា២ស្នាក់ការ គឺស្នាក់ការទី១ និងស្នាក់ការទី២។ សេងហ៊ាង ស្ថិតនៅស្នាក់ការទី១ ព្រោះស្នាក់ការនោះនៅជិតជាមួយនឹងសមរភូមិ ងាយស្រួលសម្រាប់ការជញ្ជូនគ្រាប់ និងសែងអ្នករបួសដាក់ឲ្យស្នាក់ការទី២ យកទៅព្យាបាល។ កងពលរបស់គាត់ពេលនោះ គឺនៅសមរភូមិនៅតាមបណ្ដាជាយក្រុង នៅព្រែកព្នៅ ឧដុង្គ និងតំបន់មួយចំនួនទៀត។
សេងហ៊ាង បាននិយាយបន្ថែមថា នៅពេលដែលវាយចូលដល់តំបន់ត្រពាំងកក់ កងសែងរបស់គាត់ពិតជាមានផលវិបាកច្រើន ព្រោះនៅសមរភូមិមានអ្នករបួស និងស្លាប់ច្រើន ដោយសារតែនៅសមរភូមិនោះភាគច្រើនយោធាគឺជាស្រ្តី ដូច្នេះហើយ ទាហានរបស់ លន់ នល់ បានសម្រុកវាយជាគំហុក។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងមិនសូវមានពេលឈប់សម្រាកនោះទេ។ ពេលយប់ត្រូវសែងអ្នករបួសទៅព្យាបាល ហើយពេលថ្ងៃត្រូវសែងសាកសពប្រជាជនដែលពលីនៅសមរភូមិ។ នៅអំឡុងពេលនោះគាត់បានឃើញយោធាខ្មែរក្រហម និងទាហាន លន់ នល់ ជាច្រើនបានស្លាប់បាត់បង់ជីវិតនៅសមរភូមិមុខ។ នៅសមរភូមិត្រពាំងកក់ ឃើញមានការចូលរួមវាយរបស់យោធាខ្មែរក្រហម ចំនួន២ភូមិភាគ គឺភូមិភាគឧត្ដរ វាយមួយចំហៀង និង ភូមិភាគនិរតី[4] វាយមួយចំហៀង។ សេងហ៊ាង ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការនៅក្នុងកងស្នែង តាំងពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៥ កងពលរបស់ សេងហ៊ាង បានវាយលុកចូលដល់ទីក្រុងភ្នំពេញ ហើយបានសម្រាកពេលយប់នៅក្រោមស្ពានជ្រោយចង្វារ។ លុះដល់ព្រឹកឡើង យោធាទាំងអស់បានឡើងជិះឡានធ្វើដំណើរឆ្ពោះទៅកាន់ផ្សារថ្មី ដើម្បីជញ្ជូនសម្ភារទៅដាក់នៅឃ្លាំងក្រោមស្ពានជ្រោយចង្វារ។ ក្រោយពីវាយបែកទីក្រុងភ្នំពេញ យោធាខ្មែរក្រហម ដើរតួនាទីដ៏សំខាន់ក្នុងការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង និងទីប្រជុំជនក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ ដោយមិនបានជូនដំណឹងទុកជាមុននោះទេ។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នា នៃសង្រ្គាមស៊ីវិលរវាងខ្មែរ និងខ្មែរ ដែលអូសបន្លាយពេល៥ឆ្នាំនៅកម្ពុជា។ កងកម្លាំងឧទ្ទាមដែលប្រកបដោយឯកសណ្ឋានពណ៌ខ្មៅ និងពណ៌អាចម៍សេះ បានធ្វើដំណើរចូលទីក្រុងពីគ្រប់ទិសទី[5] ។ មូលហេតុដែលខ្មែរក្រហម ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនឲ្យទៅតាមទីជនបទ គឺក្នុងគោលបំណងកសាងសង្គមកម្ពុជាថ្មីដោយពឹងផ្អែកលើការពង្រីកផលិតកម្មស្រូវ។
បន្ទាប់ពីចំណាយពេល៣ថ្ងៃក្នុងការជម្លៀសប្រជាជនចេញពីផ្ទះ ឃើញថានៅមានប្រជាជន និងទាហានរបស់ លន់ នល់ មួយចំនួន មិនព្រមចាកចេញពីផ្ទះឡើយ។ ខ្មែរក្រហម បានចាត់ឲ្យយោធាដើរបោសសម្អាតបន្ថែមនៅតាមផ្ទះ នៅពេលដែលបោសសម្អាតនោះ យោធាខ្មែរក្រហម ត្រូវបានទាហាន លន់ នល់ លបគប់គ្រាប់បែកដាក់។ អំឡុងពេលដែលកងទ័ពខ្មែរក្រហមបង្ខំប្រជាជនឲ្យចេញពីទីក្រុងភ្នំពេញ នៅមានប្រជាជន ទាហាន មន្ត្រីរដ្ឋការរបបសាធារណរដ្ឋខ្មែរមួយចំនួនបានស៊ូទ្រាំលាក់ខ្លួននៅក្នុងផ្ទះ។ ប្រជាជនខ្លះទៀតបានសម្ងំនៅក្នុងផ្ទះរបស់ខ្លួនរហូតដល់ស្លាប់បាត់បង់ជីវិត។ ម្ដងម្កាល យោធាខ្មែរក្រហមខ្លះ បានទទួលរងនៅការបាញ់ប្រហារ និងគប់គ្រាប់បែកពីសំណាក់ទាហានរបស់ លន់ នល់[6] ។
ខែមករា ឆ្នាំ១៩៧៦ សេងហ៊ាង ត្រូវបានរៀបចំឲ្យរៀបការជាមួយនឹងស្វាមី ឈ្មោះ សិទ្ធ មានតួនាទីជាអ្នកគ្រប់គ្រង កងវរសេនាតូចលេខ៧៥។ សិទ្ធ បានស្នើសុំ សេងហ៊ាង រៀបការតាមរយៈប្រធានក្រុមរបស់គាត់។ ក្នុងពេលនោះគឺអង្គការបានរៀបចំឲ្យរៀបការ៣គូជុំគ្នាក្នុងពេលតែមួយ។ នៅអំឡុងពេលរៀបការ អង្គការបានឲ្យគូស្វាមី-ភរិយា ប្ដេជ្ញាចំពោះអង្គការ។ ពាក្យដែល សេងហ៊ាង បានប្ដេជ្ញាចំពោះអង្គការក្នុងពេលនោះគឺ ៖ «ប្ដេជ្ញាថាយើងយកគ្នា ប្ដេជ្ញាមិនកែប្រែ យើងស្រឡាញ់គ្នាតស៊ូ។ យើងតស៊ូពួតដៃគ្នា អង្គការរៀបឲ្យ» ។ បន្ទាប់មកអង្គការចាត់តាំង សេងហ៊ាង ឲ្យធ្វើការជាកម្មករនៅអង្គភាពពាណិជ្ជកម្មរដ្ឋ មានតួនាទីជាកម្មករកាន់បញ្ជី អង្គភាពពាណិជ្ជកម្មក្នុងប្រទេសនោះមាន រឿង ជាអ្នកគ្រប់គ្រង។ នៅឃ្លាំងពាណិជ្ជកម្មរដ្ឋ មានសម្ភារដូចជា បាវ ម៉ាស៊ីន អំបិល កៅស៊ូ និងដែក ដែលភាគច្រើននាំចូលមកពីប្រទេសចិន និងប្រទេសកូរ៉េ។ សេងហ៊ាង បានធ្វើការនៅក្នុងឃ្លាំងពាណិជ្ជកម្មរដ្ឋតាំងពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨។
ឈានចូលដល់ឆ្នាំ១៩៧៨ សេងហ៊ាង និងប្ដីរបស់គាត់ ព្រមទាំងប្រជាជនមួយចំនួនទៀត ដែលអង្គការគិតថាជាប់និន្នាការនយោបាយ ត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់គុកម-៨៧០។ គាត់នៅតែមានចម្ងល់មកទល់នឹងសព្វថ្ងៃថា ហេតុអ្វីបានជាអង្គការចាប់គាត់ និងប្ដីទៅកាន់ទីនោះ ទាំងដែលគាត់ទាំង២នាក់ ខិតខំធ្វើការ ស្មោះត្រង់ជាមួយនឹងអង្គការ សូម្បីតែប្រជាជននៅក្រោមបង្គាប់មិនហ៊ានប្រើសម្ដីធ្ងន់ដាក់ផង។ នៅពេលដែលគាត់ទៅដល់ម-៨៧០ អង្គការបានសួរអំពីប្រវត្តិរូបរបស់គាត់ បន្ទាប់មកបានឃុំខ្លួនគាត់រយៈពេល១សប្ដាហ៍ ហើយបានឲ្យគាត់ធ្វើការងារដើម្បីលត់ដំខ្លួន។ ការងារដែលអង្គការបានឲ្យគាត់ធ្វើនោះគឺ លើកទំនប់ លើកភ្លឺស្រែ ដក ស្ទូង និងការងារផ្សេងៗទៀត។ នៅកន្លែងលត់ដំដែលគាត់ធ្វើការងារមាន យុទ្ធជន៥០០នាក់ និងយុទ្ធនារី៥០០នាក់។ បន្ទាប់ពីធ្វើការប្រមាណជាបាន២ខែ យុទ្ធជន៤០០នាក់ ត្រូវបានដកឲ្យទៅធ្វើការនៅព្រលានយន្តហោះនៅកំពង់ឆ្នាំង។ សេងហ៊ាង បានលើកឡើងថា ការធ្វើការងារដើម្បីលត់ដំខ្លួននោះពិតជាពិបាក ព្រោះអង្គការ បានបង្ខំឲ្យគាត់ធ្វើការងារច្រើន និងគ្មានពេលសម្រាកគ្រប់គ្រាន់។
សេងហ៊ាង បានបញ្ជាក់ប្រាប់ថា គាត់ធ្លាប់បានឃើញខ្មែរក្រហម សម្លាប់អ្នកចម្រៀងពីសង្គមចាស់២នាក់ ទម្លាក់ចូលក្នុងអណ្ដូងទឹក នៅទួលគោក។ គាត់មិនបានដឹងមូលហេតុដែលខ្មែរក្រហមសម្លាប់អ្នកចម្រៀងទាំង២នាក់ នោះឡើយ។ នៅពេលនោះ យោធាដែលសម្លាប់អ្នកចម្រៀងដឹងថា សេងហ៊ាង បានឃើញពីសកម្មភាពនៃការសម្លាប់នោះ ប៉ុន្តែយោធានោះមិនបានយកទោស សេងហ៊ាង ឡើយគឺគ្រាន់តែប្រាប់ឲ្យគាត់ត្រឡប់ទៅធ្វើការវិញធម្មតាប៉ុណ្ណោះ។ គាត់បានបញ្ជាក់ថា កងពលដែលសម្លាប់អ្នកចម្រៀងទាំង២នាក់ នោះគឺកងពលទី២ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សារឿន។
នៅដើមឆ្នាំ១៩៧៩ ចាប់ផ្ដើមមានទាហានវៀតណាម បានវាយចូលរំដោះប្រទេសកម្ពុជា ចេញពីរបបដ៏ខ្មៅងងឹត គឺរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ជាច្រើននាក់។ សេងហ៊ាង និងស្វាមីបានរត់គេចខ្លួនចូលព្រៃមួយរយៈ ដើម្បីគេចពីសង្រ្គាមរវាងយោធាខ្មែរក្រហម និងទាហានវៀតណាម។ បន្ទាប់ប្រទេសជាតិមានភាពស្ងប់សុខ សេងហ៊ាង និងស្វាមី បានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយបានប្រកបរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសាររបស់គាត់៕
អត្ថបទដោយ៖ នេន ស្រីមុំ
ឯកសារយោង៖
[1] ឯកសារលេខ KRI0040. សម្ភាសន៍ជាមួយ ប៊ី សេងហ៊ាង ដោយ ឆាយ ណារឿន. នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៤ «ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ដល់ដើមឆ្នាំ១៩៧៦។ បន្ទាប់ពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែងក្នុងឆ្នាំ១៩៧៦ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគជំនួសវិញរហូតដល់ឆ្នាំ១៩៧៧ ទើប កែ ពក ត្រូវបានចាត់តាំងឲ្យធ្វើជាលេខាភូមិភាគកណ្ដាល ដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្ដរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសព្វ) ហើយចែកចេញជាបីតំបន់គឺ៖ តំបន់៤១ តំបន់៤២ និងតំបន់៤៣។»
[3] យោងតាម បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ «១៩៧៦-១៩៧៨». មជ្ឈមណ្ឌលឯកសារកម្ពុជា. «អឿន ត្រូវបានចាប់ខ្លួនទៅ គុកទួលស្លែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៧៧ និងសម្លាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៧៧».
[4] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៤. «ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិតជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជា៤តំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។»
[5] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៣-១៤
[6] ហ៊ុយ វណ្ណៈ. (២០០៣). កងពលខ្មែរក្រហមលេខ៧០៣. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤៣