កុមារកងទ័ព
កុមារ ឬ យុទ្ធជន យុទ្ធនារី ភាគច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ខ្មែរក្រហម នៅចន្លោះឆ្នាំ១៩៧០-១៩៧៣ និងមួយចំនួនទៀតត្រូវចាប់បង្ខំឲ្យចូលបដិវត្តន៍ពីឆ្នាំ១៩៧៤-១៩៧៥។ នៅអំឡុងពេលនោះយើងឃើញថា មានយុវជន យុវនារីជាច្រើននាក់ បានស្ម័គ្រចិត្តបម្រើបដិវត្តន៍ខ្មែរក្រហម។ សៀង ថាន[1] ភេទប្រុស អាយុ៣៨ឆ្នាំ (២០០១) មានទីលំនៅ នៅភូមិក្រាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថាន បានចូលបដិវត្តន៍នៅឆ្នាំ១៩៧៣ ហើយរឿងរ៉ាវដែលគាត់បានចងចាំជាងគេដែលគាត់ធ្លាប់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម គឺការធ្វើទារុណកម្មពីសំណាក់កងឈ្លបខ្មែរក្រហម ទៅលើប្រជាជនស្លូតត្រង់។
នៅឆ្នាំ១៩៧៣ ថាន បានរៀននៅក្រោមដើមឈើ នៅភូមិអង្គរកា។ ពេលនោះប្រទេសជាតិកំពុងស្ថិតនៅក្នុងសង្រ្គាមស៊ីវិល ដូច្នេះហើយមិនអាចអង្គុយរៀននៅក្នុងថ្នាក់រៀនឡើយ ព្រោះខ្លាចមានយន្តហោះទម្លាក់គ្រាប់បែកពីសំណាក់ទ័ពអាមេរិក ដែលគាំទ្រលោកសេនាប្រមុខ លន់ នល់។ គាត់អាចអាន និងសរសេរអក្សរបានខ្លះៗ។ ថាន បានឃើញយុទ្ធជន យុទ្ធនារី ជាច្រើនបានផុសផុលចូលបដិវត្តន៍ ដូច្នេះហើយ គាត់ក៏មានបំណងចូលបដិវត្តន៍ដែរ។ គាត់បានស្ម័គ្រចិត្តចូលបដិវត្តន៍ដំបូង នៅភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងកងកុមារនៅមន្ទីរ១៦០។ នៅពេលនោះ ខ្មែរក្រហម បានឲ្យគាត់កាន់កាំភ្លើងដើម្បីការពារ។
បន្ទាប់មក ខ្មែរក្រហម បានចាត់តាំងឲ្យគាត់ទៅច្រូតស្រូវនៅបឹងទំពន់ ប្រហែលជារយៈពេល២ខែ ហើយក្រោយពីរបបខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ថាន បានត្រឡប់ទៅលើកទំនប់នៅខេត្តតាកែវវិញ។ ក្រៅពីលើកទំនប់ ខ្មែរក្រហម បានចាត់តាំងឲ្យ ថាន ធ្វើជាកម្មករផ្លូវរថភ្លើង នៅតំបន់ត្រាំស ខេត្តកំពត បន្ទាប់ពីបញ្ចប់ការធ្វើផ្លូវរថភ្លើង គាត់បានត្រឡប់ទៅខេត្តតាកែវវិញម្ដងទៀតដើម្បីធ្វើស្រែបន្ត។ បន្ទាប់ពីបានចូលបម្រើបដិវត្តន៍ ខ្មែរក្រហម បានចាត់តាំងឲ្យធ្វើការងារជាច្រើនកន្លែង ពីតំបន់មួយទៅតំបន់មួយទៀត ពីការងារមួយទៅការងារមួយទៀត គ្មានពេលស្រាកស្រាន្ត។
នៅឆ្នាំ១៩៧៦ ថាន បានចូលហាត់ធ្វើជាទាហាន នៅព្រលានយន្តហោះ ដែលស្ថិតនៅវត្តឈើទាល។ គាត់ហាត់ទាហានបានរយៈពេល៥ខែ ខ្មែរក្រហម បានបញ្ជូនគាត់ទៅការពារព្រំដែន នៅស្រុកគិរីវង់។ បន្ទាប់ពីបានចូលធ្វើជាទាហានពេញសិទ្ធិ ថាន ធ្លាប់បានចូលសមរភូមិប្រយុទ្ធបាន៣ដង។ មិនបានប៉ុន្មាន គាត់ត្រូវបាន ខ្មែរក្រហម ចាត់តាំងឲ្យទៅយាមឃ្លាំងគ្រាប់វិញ ព្រោះពេលនោះគាត់មានមាឌតូចជាងគេ ក្នុងចំណោមទាហានទាំងអស់។ ថាន នៅកងពល២៥០ ដែលមានទាហានប្រហែល៣០នាក់។
ថាន បាននិយាយថា ម្ដាយរបស់គាត់បានស្លាប់តាំងពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ឪពុករបស់គាត់បានយកប្រពន្ធម្នាក់ទៀត ហើយ ថាន បានរស់នៅជាមួយម្ដាយចុងរហូតដល់ពេលដែលគាត់ចូលបដិវត្តន៍។ នៅពេលដែល ថាន សម្រេចចិត្តចូលបម្រើបដិវត្តន៍ ម្ដាយចុងរបស់គាត់ បានឃាត់មិនឲ្យគាត់ចូលបដិវត្តន៍នោះទេ ប៉ុន្តែមិនអាចហាមឃាត់បានឡើយ ព្រោះពេលនោះគាត់នៅក្មេងមិនទាន់បានយល់ដឹងច្រើនដោយគិតថាជាការសប្បាយ មិនបានគិតដល់ថាត្រូវយកជីវិតទៅប្ដូរនៅសមរភូមិឡើយ។ បន្ទាប់ពីចេញទៅសមរភូមិ គាត់បានពើបប្រទះព្រឹត្តិការណ៍រន្ធត់ៗជាច្រើន ដោយត្រូវកាន់កាំភ្លើងបាញ់តទល់ជាមួយនឹងទាហានវៀតណាម ត្រូវគេចពីគ្រាប់កាំភ្លើង និងគ្រាប់បែក។
ចុងឆ្នាំ១៩៧៦ កងពលរបស់ ថាន ត្រូវដកទ័ពទៅធ្វើចម្ការនៅតំបន់១០៩ មួយរយៈពេលខ្លី។ នៅដើមឆ្នាំ១៩៧៧ គាត់បានចូលសមរភូមិម្ដងទៀត ហើយប្រយុទ្ធជាមួយនឹងទាហានវៀតណាមសារជាថ្មី។ គាត់បានបញ្ជាក់ប្រាប់ថា យោធារបស់ខ្មែរក្រហមនៅពេលនោះ គឺសុទ្ធតែជាប្រជាជនមូលដ្ឋាន មិនមានប្រជាជន១៧មេសា[2] ឡើយ។ ទាហានវៀតណាម ចេះតែវាយចូលមកទឹកដីកម្ពុជាខ្លាំងឡើងៗ បណ្ដាលឲ្យយោធាខ្មែរក្រហមបាក់ទ័ព រត់ចូលព្រៃដើម្បីគេចខ្លួន។ ថាន បានរត់ចូលព្រៃសម្ងំរស់នៅនៅទីនោះរហូតដល់ប្រទេសជាតិស្ងប់សុខទើបចេញពីព្រៃត្រឡប់ទៅស្រុកកំណើត រស់នៅជាមួយនឹងគ្រួសាររបស់គាត់ និងប្រកបរបរធ្វើស្រែចម្ការរហូតមក៕
អត្ថបទដោយ៖ នេន ស្រីមុំ
ឯកសារយោង៖
[1] ឯកសារលេខ D25119. សម្ភាសន៍ជាមួយ សៀង ថាន ដោយ គឹម កែវកន្និដ្ឋា. នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០១. មជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឌីខាំបូលី. (២០០៧). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៣៨ «ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺអ្នកដែលត្រូវជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានានៅខែមេសា ឆ្នាំ១៩៧៥។»