គ្មានបានរៀនសូត្រទេនៅសម័យខ្មែរក្រហម
(បាត់ដំបង)៖ គឿម គាំ អាយុ ៥៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ កាលពីសម័យខ្មែរក្រហម គាត់និងកុមារឯទៀតអាយុ ប្រហែលជា១០ឆ្នាំជាង ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងកុមារ ដែលមានតួនាទីលើកដីតាមភ្លឺស្រែ និងជីកប្រឡាយ ឬប្រព័ន្ធបង្ហូរទឹកតាមវាលស្រែ។
នៅទីតាំងឃុំគោកឃ្មុំ ស្រុកថ្មគោល គាំបានលើកដី និងជីកប្រឡាយនៅទីនោះទៅតាមបញ្ជារបស់អង្គការ ទាំងហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ គាត់បានបញ្ជាក់ថា វាជាការលំបាកសម្រាប់រូបគាត់ផ្ទាល់ និងកុមារដទៃទៀត ដែលត្រូវធ្វើការយ៉ាងលំបាក និងព្រាត់ប្រាសពីឪពុកម្តាយបង្កើត។
នៅសម័យនោះដែរ កុមារសឹងទាំងអស់មិនទទួលបានសិក្សារៀនសូត្រនោះទេ។ គាត់ត្រូវទៅធ្វើការងារពលកម្មពីព្រឹកទល់ល្ងាច ទៅតាមការដ្នាននៅក្នុងសហករណ៍។ របបនេះ បានកែប្រែជោគវាសនា និងជះផលវិបាកបន្តរហូតមកទល់បច្ចុប្បន្ន សម្រាប់គ្រួសាររបស់គាំផ្ទាល់ និងកូនចៅជំនាន់ក្រោយ។
នៅថ្ងៃមួយ គាត់បានចាំថា មានគ្រួសារមួយត្រូវបានខ្មែរក្រហម សម្លាប់ចោលទាំងពូជ ដោយមិនដឹងពីមូលហេតុច្បាស់លាស់នោះទេ។ ប៉ុន្តែលឺដំណឹងថាអ្នកទាំងនោះ ត្រូវបានខ្មែរក្រហមតាមដានប្រវត្តិរូប ហើយភាគច្រើនអ្នកដែលធ្វើទាហាន និងធ្វើការឲ្យរបបលន់នល់ត្រូវបានសម្លាប់ចោល។
ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហម គឿម គាំ គិតថាជារឿងត្រឹមត្រូវ។ ដោយឡែកសម្រាប់ការអប់រំដល់អ្នកជំនាន់ក្រោយពីរបបខ្មែរក្រហមវិញ គាត់មិនមានអ្វីអធិប្បាយនោះទេ ដោយសារគាត់មិនបានយល់ដឹងទាក់ទងនឹងបញ្ហានេះពីមុនមក។
សព្វថ្ងៃគាត់មានជំងឺសន្លាក់ ប្រចាំកាយ និងប្រើប្រាស់ថ្នាំពេទ្យដើម្បីបំបាត់ការឈឺចាប់។ ដោយសារភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដែលត្រូវធ្វើការជាកម្មករសំណង់ដើម្បីចិញ្ចឹមគ្រួសារ គាត់មិនមានលទ្ធិភាពទៅស្វែងរកការពិនិត្យ និងទទួលបានការព្យាបាលនោះទេ។ គាត់សម្រេចចិត្តបន្តផឹកថ្នាំដែលទទួលបានការបរិច្ចាគពីសហគមន៍ដែលគាត់រស់នៅតែប៉ុណ្ណោះ។
ក្រោយពីសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមដួលរលំ ប្រជាជនរាប់លាននាក់ បានបន្តរស់នៅ និងទទួលរងនូវឥទ្ធិពល និងផលវិបាកពីអតីតកាល។ ផលវិបាកទាំងនោះមានលក្ខណៈខុសៗទៅតាមគ្រួសារនីមួយៗ។ គ្រួសាររបស់ គឿម គាំ ជាឧទាហរណ៍នៃគ្រួសារមួយចំនួនទៀតដែលទទួលរងផលវិបាកពីអតីតកាលទាំងនោះ៕
សម្ភាសន៍ដោយ លឿប សុផៃលីន ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស៊្រាង លីហ៊ួរ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤