ទាហានបីរបប

ហាក់ ខេង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ ហាក់ ខេង អាយុ ៧៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល។ នៅឆ្នាំ ១៩៧៣ ខេង បានចូលធ្វើជាទាហានស្ម័គ្រចិត្ត និងបានប្រយុទ្ធជាមួយកងទ័ពលន់នល់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយមកនៅឆ្នាំ ១៩៧៩ ជាមួយកងទ័ពវៀតណាម រហូតដល់ឆ្នាំ ១៩៩៣ ដែលមានការរៀបចំបោះឆ្នោតនៅកម្ពុជាដោយអ៊ុនតាក់ ទើបគាត់ត្រឡប់ទៅស្រុកកំណើតវិញ។

នាសម័យខ្មែរក្រហម ហាក់ ខេង ជាទាហានការពារព្រំដែននៅតំបន់អូរអាឡៃ។ គាត់បានរៀបការជាមួយភរិយាឈ្មោះ ទេព ម៉ៃ និងមានកូនសរុបចំនួន ៦នាក់។

ខេង ត្រូវបានរៀបការជាមួយ ១២ គូផ្សេងទៀត ដោយមានគ្មានការតវ៉ា តែក្រោយការរៀបការទទួលបានក្របីមួយក្បាល។

ខេង បានចាកចេញពីអូរអាឡៃនៅឆ្នាំ ១៩៧៩។ នៅពេលធ្វើដំណើរមកដល់ស្រុកសៀមប៉ាង ខេងបានរងរបួសដោយសារការផ្ទុះមីនដែលបង្កប់ដោយកងទ័ពវៀតណាម។  គាត់បានបន្តឆ្លងកាត់ និងរស់នៅក្នុងព្រៃដោយគ្មានបាយហូប រហូតដល់ភ្នំដងរែក។ កូនប្រុសរបស់គាត់ម្នាក់បានបាត់បង់ជីវិតដោយសារពលក្តួច។ ខេង ចងចាំមិនភ្លេច នូវការលំបាក និងការបាត់បង់កូនជាទីស្រលាញ់នៅក្នុងរបបខ្មែរក្រហម។

នៅឆ្នាំ ១៩៩៣ បន្ទាប់ពីត្រឡប់ទៅស្រុកកំណើតវិញ ខេង បានសម្រេចចិត្តមករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាមួយបងថ្លៃ។  គាត់បានប្រកបមុខរបរធ្វើស្រែចម្ការ និងនេសាទនៅភូមិអូររុន។ កាលនេសាទនៅពេលខេងមករស់នៅអូរស្វាយ សម្បូរទៅដោយត្រីខ្យារ និងត្រីត្រសក់  ក៏ប៉ុន្តែបច្ចុប្បន្នមានការថយចុះ ដោយសារការនេសាទខុសច្បាប់ និងប្រើប្រាស់ឧបករណ៍ឆក់។

ខេង និងអ្នកនេសាទក្នុងសហគមន៍បុរីអូរស្វាយបានធ្វើការយាមល្បាត ដោយស្ម័គ្រចិត្ត ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការនេសាទខុសច្បាប់ទាំងនោះ។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភ គឺផលប៉ះពាល់នៃការកសាងទំនប់វារីអគ្គីសនី ដូចជាការបាត់បង់ព្រៃលិចទឹកដែលជាជម្រាកត្រីពង និងការជិតផុតពូជនៃសត្វផ្សោត។

ទាក់ទងនឹងប្រវត្តិបុរីអូរស្វាយ ខេងបានដឹងខ្លះៗ ថាជាកិច្ចប្រឹងប្រែងរបស់សម្តេចតាក្នុងការការពារទឹកដី ដូចជាអូរស្វាយ និងតំបន់កន្ទុយគោ ដោយមានការកសាង និងបន្សល់ទុកដូចជាស្តូប និងសួនច្បារ៕

សម្ភាសន៍ដោយ ស្រេង លីដា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin