ពិនិត្យជំហរ

(ស្ទឹងត្រែង)៖ ម៉ាន់ សុខុម ភេទស្រី មានអាយុ ៧៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខុម មានឪពុកឈ្មោះ ម៉ាន់ ស៊ឹម, ម្ដាយឈ្មោះ សំ ទូង និងមានបងប្អូន ១០នាក់ ក្នុងនោះស្រីពីរនាក់។ អំឡុងឆ្នាំ១៩៦០ សុខុម បានរៀបការជាមួយឈ្មោះ អៀម ស្រេង ហើយមានកូនបីនាក់ (ស្រីពីរនាក់និងប្រុសម្នាក់)។
នៅឆ្នាំ១៩៧០ គ្រួសាររបស់ សុខុម បានចាកចេញពីព្រែកតូច ស្រុកស្អាង ខេត្តកណ្ដាល មករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូរស្វាយ។ សុខុម ឮជនជាតិឡាវ ហៅភូមិនេះថា ហ៊ួយមួង។ នៅរបបសង្គមរាស្ត្រនិយម សុខុម ថា នៅភូមិអូរស្វាយមានការចែកផ្ទះឈើ, ប្រាក់ចំនួន ៧០០រៀល, គោមួយនឹម និងដីសម្រាប់ដាំដុះចំនួនប្រាំហិចតា ដើម្បីឲ្យប្រជាជនបានរស់នៅ និងការពារទឹកដី ជាមួយទាហានដែលឈរជើងនៅទីនោះ។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ភូមិអូរស្វាយ មានសភាពច្របូកច្របល់ ដែលបានធ្វើឲ្យប្រជាជនរស់នៅភូមិអូរស្វាយ ជួបការលំបាក អស់ជាច្រើនឆ្នាំ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស សុខុម តាមកាណូតឲ្យទៅរស់នៅសហករណ៍សាមឃួយ (បច្ចុប្បន្នស្ថិតនៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង)។ សុខុម ត្រូវលើកទំនប់នៅស្រែខ្លុង និងធ្វើពលកម្មទាំងថ្ងៃទាំងយប់។ ក្រោយមក សុខុម ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាប្រធានក្រុមរោងបាយ ដោយសារគាត់មិនចេះអក្សរ។
នៅរោងបាយ សុខុម ត្រូវកំណត់របបអាហារឲ្យប្រជាជនហូប ក្នុងមួយថ្ងៃត្រឹមពីរពេលប៉ុណ្ណោះ។ ជួនកាល សុខុម ចែកបាយក្ដាំង និងចេកពីរផ្លែឲ្យប្រជាជនហូបក្នុងមួយពេល។ ការអត់ឃ្លាន បានកើតឡើងដោយសារ ខ្មែរក្រហមយកស្រូវទៅលក់ឲ្យបរទេស ដើម្បីដូរយកសព្វាវុធ។
នៅថ្ងៃមួយ យោធាបានហៅ សុខុម ឲ្យទៅច្រូតស្រូវនៅកោះព្នៅជិតព្រំដែន។ សុខុម ដឹងថាអ្នកដែលយោធាហៅទៅពីមុន ត្រូវបានយោធាយកទៅសម្លាប់នៅឡទឹកត្រី។ សុខុម មិនបានទៅតាមការហៅរបស់យោធាទេ។ នៅយប់នោះ យោធាបានមកតាមរក សុខុម ដែលកំពុងបោកស្រូវក្រោមពន្លឺភ្លើងចន្លុះ។
នៅពេលយោធាមកដល់ សុខុម បានសួរប្រធានសហករណ៍ អំពីកំហុសរបស់ខ្លួន។ ប្រធានសហករណ៍ បានឲ្យ សុខុម ពិនិត្យជំហរ ឬការងាររបស់ខ្លួន។ សុខុម ក៏បានពន្យល់ប្រាប់ប្រធានសហករណ៍ថា ខ្លួនខិតខំធ្វើការ និងដឹកនាំកងចល័តទាំងថ្ងៃទាំងយប់ ទើបប្រធានសហករណ៍លើកលែងគាត់ពីការចាប់ខ្លួនរបស់យោធា។
នៅរបបខ្មែរក្រហម សុខុម តែងតែមានការភ័យខ្លាច នៅពេលឃើញកាណូតឆ្លងកាត់សហករណ៍សាមឃួយ ដែលខ្លួនរស់នៅ ពីព្រោះប្រជាជនដែលយោធាហៅឡើងកាណូត មិនដែលឃើញត្រលប់វិលវិញនោះទេ។ សុខុម បានឲ្យដឹងថា ខ្មែរក្រហមតែងតែចោទគ្នាទៅវិញទៅមក ថាជាភ្នាក់ងារស៊ីអ៊ីអា ឬកាហេ្សបេ ជាអ្នកក្បត់អង្គការ ហើយត្រូវយកទៅសម្លាប់។ ចំណែក ប្អូនប្រុសរបស់ សុខុម ម្នាក់ ដែលជាកងដឹកជញ្ជូន បានស្លាប់នៅពេលខ្មែរក្រហមហៅទៅកាច់ពោត។ អ្នកដែលមកពីក្រុងភ្នំពេញ មានជំងឺគ្រុនចាញ់រហូតដល់ស្លាប់។
នៅឆ្នាំ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំ សុខុម បានរត់ទៅស្រុកឆែប។ ក្រោយមក សុខុម ក៏ត្រលប់មករស់នៅក្នុងភូមិជាមួយកងទ័ពវៀតណាម ដោយធ្វើស្រែ និងនេសាទត្រី។ បច្ចុប្បន្ន សុខុម មានការបារម្ភពីផលប៉ះពាល់នៃការបាត់បង់ធនធានធម្មជាតិនៅភូមិអូរស្វាយ, និងការធ្លាក់ចុះនៃចំនួនត្រី និងសត្វព្រៃ ដូចជាសត្វទន្សោងដែលធ្លាប់មានពីមុនមក៕
សម្ភាសដោយ ហ៊ លីអឺរ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥