ខ្មែរក្រហមប្រើមនុស្សដូចសត្វ

រ៉ាំ ស្រីណុច (ឆ្វេង) អ្នកស្ម័គ្រចិត្តកម្ពុជា និង យ៉េន ម៉ី (ស្ដាំ) រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ យ៉េន ម៉ី ភេទប្រុស មានអាយុ ៦២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ម៉ី មានឪពុកឈ្មោះ គីម យ៉េន, ម្ដាយឈ្មោះ ជិន សឺង និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។

នៅឆ្នាំ១៩៦២ នារបបសង្គមរាស្ត្រនិយម ឪពុកម្ដាយរបស់ ម៉ី បានផ្លាស់ប្តូរទីលំនៅពីកម្ពុជាក្រោម មករស់នៅ ជាមួយប្រជាជនប្រមាណ ៧០គ្រួសារ នៅពេលមានការ​បង្កើតជា​ភូមិអូរស្វាយដំបូង។ នៅឆ្នាំដដែល ប្រជាជនបានធ្វើការឆ្ការព្រៃ ដើម្បីធ្វើស្រែចម្ការ។ គ្រានោះ មានប្រជាជនមួយចំនួនបានស្លាប់ដោយសារជំងឺគ្រុនចាញ់។ នៅឆ្នាំ១៩៦៤ ភូមិអូរស្វាយ បានចាប់ផ្តើមមានការអភិវឌ្ឍ ក្នុងគោលបំណងការពារទឹកដី។ ចំណែក ឪពុករបស់ ម៉ី ក្រៅពីធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ គាត់ក៏ធ្វើការនៅសាលាឃុំបុរីអូរស្វាយដែរ។

នៅឆ្នាំ១៩៧០ ដោយសារសង្គ្រាម និងរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ម៉ី បានឈប់រៀនត្រឹមថ្នាក់ទី៥ (សង្គមចាស់) និងមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់កាប់ភូមិអូរស្វាយ ដោយឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃនៅកោះព្នៅ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យរស់នៅរួម ធ្វើការរួម និងហូបរួមនៅតាមសហករណ៍។ ម៉ី ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងចល័ត ដោយរស់នៅព្រាត់ប្រាសពីឪពុកម្ដាយ និងបងប្អូនរហូតដល់ឆ្នាំ១៩៧៩។

នៅរបបខ្មែរក្រហម ឪពុក និងបងប្អូនបួននាក់របស់ ម៉ី ត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅសម្លាប់។ ម៉ី និយាយថា ខ្លួនមានការមិនពេញចិត្តជាខ្លាំង ចំពោះរបបខ្មែរក្រហម ដោយសារការកាប់សម្លាប់ប្រជាជន, ការបង្ខំឲ្យប្រជាជនធ្វើពលកម្មហួសកម្លាំង, ការហូបចុកមិនគ្រប់គ្រាន់, ការបំបិទសិទ្ធិសេរីភាព និងការស្លៀកពាក់តែសម្លៀកបំពាក់ពណ៌ខ្មៅ។ ម៉ី បន្ថែមថា របបខ្មែរក្រហមបានបង្ខំ និងប្រើឲ្យមនុស្សធ្វើការដូចសត្វទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាក។

នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសប្រជាជនរួមទាំងក្រុមគ្រួសាររបស់ម៉ី ទៅភ្នំដងរែក។ នៅឆ្នាំដដែល ម៉ី បានត្រលប់មករស់នៅភូមិព្រះរំកិល ក្រោយមកឆ្លងមករស់នៅភូមិកោះព្នៅវិញ និងបានចូលធ្វើជាកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា។

នៅឆ្នាំ១៩៨៧ ម៉ី បានរៀបការជាមួយប្រពន្ធឈ្មោះ ទិត ហេង និងមានកូនស្រីចំនួនប្រាំនាក់។ បច្ចុប្បន្ន ម៉ី ប្រកបរបរជាកសិករ ដោយធ្វើស្រែចម្ការ ចិញ្ចឹមមាន់ទា និងនេសាទត្រីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ៕

សម្ភាសដោយ រ៉ាំ ស្រីណុច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin