ស៊ិន ឈួន ៖ ស្នងការនយោបាយ “ង” ១២៥ ភូមិភាគបូព៌ា

ឯកសារចម្លើយាសារភាពសរសេរដោយដៃចំនួន ១១ទំព័រ របស់ឈ្មោះ ស៊ិន ឈួន ហៅត្រឿង ហៅជឿន ស្នងការន.ប “ង” ១២៥ បានបង្ហាញអំពី ការបំផ្លាញក្រុមខ្មែរក្រហម ការធ្វើទំនាក់ទំនងជាមួយវៀតណាមដើម្បីស្នើសុំអាវុធ និងគម្រោងចូលវាយទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៦។ លើសពីនេះទៅទៀត ឈួន បានឆ្លើយដាក់ក្បាលម៉ាស៊ីនដឹកនាំចំនួន៥នាក់ ដែលអង្គការមិនទាន់ចាប់ខ្លួនបាន។ ចម្លើយសារភាពរបស់ ឈួន គឺសរសេរចប់នៅថ្ងៃទី១២ ខែ៩ ឆ្នាំ១៩៧៦។ ខាងក្រោមនេះគឺជាសាច់រឿងទាំងមូលរបស់ សួន៖
ខ្ញុំឈ្មោះ ស៊ិន ឈួន ភេទប្រុស មានអាយុ៣៧ឆ្នាំ(ក្នុងឆ្នាំ១៩៧៦)។ ពេលខ្ញុំនៅតូចឪពុកម្ដាយរបស់ខ្ញុំ ហៅខ្ញុំថា “ត្រឿង”។ លុះក្រោយមកគាត់ ដាក់ឈ្មោះឲ្យខ្ញុំថា ស៊ិន ឈួន។ នៅឆ្នាំ១៩៦០ ខ្ញុំចូលតស៊ូសម្ងាត់ និងប្ដូរឈ្មោះមកជា ជឿន។ ក្រោយមកទៀតក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីបែកភ្នំពេញ បក្ខឲ្យខ្ញុំប្ដូរឈ្មោះទៅជា ស៊ិន ឈួន ឈ្មោះដើមរបស់ខ្ញុំវិញ។ ខ្ញុំមានស្រុកកំណើតនៅភូមិស្វាយយា ឃុំស្វាយយា ស្រុកមានជ័យថ្មី តំបន់២៤ ភូមិភាគបូព៌ា។ ប្រពន្ធខ្ញុំឈ្មោះ អ៊ុច ឡេង អាយុ៣២ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិក្រសាំងចារ(បច្ចុប្បន្នស្ថិតនៅឃុំសេនារាជឧត្តម) ឃុំពញាលៀង ស្រុកកោះជ័យ(បច្ចុប្បន្នស្រុកព្រះស្ដេច) ភូមភាគបូព៌ា។ ខ្ញុំមានកូនចំនួន៦នាក់ គឺប្រុសចំនួន៤នាក់ និងស្រីចំនួន២នាក់។ កូនៗខ្ញុំទាំង៦នាក់មាន៖ កូនទី១) ឈ្មោះ កែវ ផាត អាយុ១៣ឆ្នាំ, ទី២) ឈ្មោះ កែវ ផន អាយុ១០ឆ្នាំ, ទី៣) ឈ្មោះ កែវ ផាច មានអាយុ៤ឆ្នាំ, ទី៤) ឈ្មោះ កែវ ថា មានអាយុ៦ឆ្នាំ, ទី៥) ឈ្មោះ កែវ ផាន មានអាយុ៤ឆ្នាំ, ទី៦) ឈ្មោះ កែវ ភី មានអាយុ១ឆ្នាំ។ ឪពុកខ្ញុំឈ្មោះ ស៊ិន កែវ និង ម្ដាយរបស់ខ្ញុំឈ្មោះឡាយ ឆែ។ ឪពុកខ្ញុំធ្វើការជាមួយ ឆុច មានតួនាទីគឺជាអនុលេខាតំបន់២៣។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ប្រុស៣នាក់ និងស្រី១នាក់។
ដំបូង ខ្ញុំចូលរៀននៅសាលាបឋមសិក្សាបំពេញវិជ្ជាល្បោះព្រីង រហូតដល់បញ្ចប់ថ្នាក់ទី៧ នៅចុងឆ្នាំ១៩៥៩។ ក្រោយមកខ្ញុំបានសុំឪពុកម្ដាយខ្ញុំទៅរៀននៅភ្នំពេញ និងបានរៀននៅថ្នាក់ទី៧ សាលាកម្ពុជបុត្រ ទួលគោក ទីក្រុងភ្នំពេញ នៅដើមឆ្នាំ១៩៦០។ ចាងហ្វាងសាលារៀននោះមានឈ្មោះ ម៉ឺ ម៉ាន់។ នៅទីក្រុងភ្នំពេញខ្ញុំស្នាក់នៅជាមួយឪពុកមាររបស់ខ្ញុំ ឈ្មោះ កែវ មាស។ ឪពុកមាររបស់ខ្ញុំគាត់គឺជាអ្នកស្មេរឲ្យការសែតឈ្មោះ ការសែតប្រជាជន ហើយគឺជាអ្នកនយោបាយ សម្ងាត់នៅទីក្រុងភ្នំពេញ និងជាប់ក្នុងឆាកនយោបាយតស៊ូសម្ងាត់។ អ៊ំមាស អប់រំផ្នែកនយោបាយមករូបខ្ញុំ រួមជាមួយសមាជិក៣នាក់ទៀត ដែលមានឈ្មោះ ម៉ែន ហៅ ឈូក ដែលជាលេខាតំបន់២៤, បងឆុច សព្វថ្ងៃគឺជាអនុលេខាតំបន់២៣ និងបងឆាយ សព្វថ្ងៃគឺជាប្រជាជននៅក្នុងតំបន់២៣។ នៅពេលនោះបងម៉ែន គឺជាលេខាធិការនៅសាលាកម្ពុជបុត្រ។ ក្រោយមកគាត់ធ្វើខាងស៊ីវីយ៉ង់ ត្រួតត្រាបញ្ជីកូនសិស្ស។ ចំណែកពីរនាក់ទៀតរួមទាំងរូបខ្ញុំគឺជាកូនសិស្សក្នុងសាលាកម្ពុជបុត្រ។
ក្នុងឆ្នាំ១៩៦១ ខ្ញុំប្ដូរមករៀននៅអនុវិទ្យាល័យអាយុទ្ធទ្យាវិញ ដោយសារផ្ទះរបស់ឪពុកមារខ្ញុំនៅឆ្ងាយពីសាលាពេក។ បន្ទាប់មកបានមួយឆ្នាំខ្ញុំឈប់រៀនព្រោះឪពុកម្ដាយខ្ញុំគ្មានលទ្ធភាពបង់ថ្លៃសាលា បន្តទៀត។ ក្រោយមកខ្ញុំទៅធ្វើកម្មករផ្ទះថ្ម នៅទីក្រុងភ្នំពេញហើយសុំការអនុញ្ញាតពី បងម៉ែន ដើម្បីស្នាក់នៅជាមួយ ក្រោយមកខ្ញុំទៅនៅជាមួយបងទូ។ បងទូ ក៏ជាប់ក្នុងឆាកនយោបាយតស៊ូសម្ងាត់ដែរ ហើយគាត់បានអប់រំខ្ញុំបណ្ដើរៗរហូតដល់ខ្ញុំយល់អំពីបក្ខកាន់តែខ្លាំង។ នៅពេលនោះខ្ញុំធ្វើសកម្មភាពដូចជា ឃោសនាពង្រីក ពង្រឹងមហាជន, បញ្ហាសរសេរញត្តិ ផ្ញើឡើងទៅឲ្យសម្ដេចព្រះ នរោត្តម សីហនុ និង ប៉ែន នុត។ ខ្ញុំធ្វើជានីរសារ និងនាំសារចុះឡើង និយាមនៅពេលមានកិច្ចការប្រជុំនានា ព្រមទាំងជួយលក់ការសែតឲ្យបងៗ។
នៅឆ្នាំ១៩៦៤ បងទូ បានស្ដីដណ្ដឹងប្រពន្ធម្នាក់ឲ្យខ្ញុំ នាងរស់នៅភូមិក្រសាំងចារ ឃុំពញាលៀង ស្រុកកោះជ័យ(បច្ចុប្បន្នស្រុកព្រះស្ដេច) តំបន់២៤ ភូមិភាគបូព៌ា។ ក្រោយពីការហើយបានរយៈពេលមួយខែខ្ញុំ បានសុំប្រពន្ធខ្ញុំមកធ្វើការនៅភ្នំពេញ ហើយស្នាក់នៅ និងធ្វើការនៅរោងចក្រធ្វើស្រាឡាប់យ៉េ។ នៅទីនោះខ្ញុំមិនធ្វើសកម្មភាពអ្វីទាំងអស់ រហូតដល់ឆ្នាំ១៩៦៦ ទើបខ្ញុំត្រឡប់មករស់នៅជាមួយប្រពន្ធខ្ញុំធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៦៧ ខ្ញុំចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញពង្រីករកកម្លាំងមហាជនថ្មី និងទទួលឯកសារពីអង្គការយកទៅបង្រៀនមិត្តយើងបន្ត។ ចូលដល់ឆ្នាំ១៩៦៨ ដល់ ១៩៦៩ខ្ញុំបានទំនាក់ទំនងជាមួយមិត្ត ឈឹម គឺជាប្រធានសេដ្ឋកិច្ចតំបន់២៤។
នៅឆ្នាំ១៩៧០ ខ្ញុំទទួលតួនាទីដំបូងដោយធ្វើជាមេភូមិក្រសាំងចារ និងក្រោយមកធ្វើជាសមាជិកសង្កាត់។ ក្នុងខែតុលា ខ្ញុំចូលក្នុងបក្ខ ដោយមានមិត្ត ម៉ែន យន់ គឺជាអ្នកឧទ្ទេសមានទីមួយ និង ចាន់ ចក្រី គឺជាអតីតលេខាកងពល១៧០ អ្នកឧទ្ទេសនាមទីពីរ និង ម៉ែន អធិបតី។ នៅចុងឆ្នាំ១៩៧០ បង ឆុច នាំខ្ញុំឲ្យមកនៅក្នុងអង្គភាពយោធា ក្នុងតួនាទីគឺជាប្រធានសេដ្ឋកិច្ចយោធាកងវរៈសេនាធំ។ រហូតដល់ឆ្នាំ១៩៧២ ខ្ញុំឡើងធ្វើជាស្នងការនយោបាយកងអនុសេនាធំលេខ៣ និងបន្តទទួលតំណែងជាអនុប្រធាននយោបាយ កងវរសេនាតូចលេខ១។
នៅឆ្នាំ១៩៧៣ ខ្ញុំឡើងតំណែងជាប្រធានស្នងការ នយោបាយវរសេនាលេខ១ រហូតដល់ខែឧសភា ឆ្នាំ១៩៧៥ ទើបខ្ញុំឡើងតួនាទីជាប្រធានស្នងការនយោបាយ«ង»១២៥។ នៅឆ្នាំ១៩៧៥ ខ្ញុំបានទៅទទួលការចាត់តាំងនៅមន្ទីរយោធា ជាមួយឈ្មោះ ប៉ែន សីលា គឺជាគណៈយោធាតំបន់២៤ ភូមិភាគបូព៌ា ហើយខ្ញុំចាប់ផ្ដើមធ្វើតាមការណែនាំជាបន្តបន្ទាប់ដូចជា៖ ១)ការឃោសនា ៖ ខ្ញុំបានដើរឃោសនាឲ្យអ្នកនៅក្រោមបង្គាប់ទាំងអស់ កុំឲ្យធ្វើការងារខ្លាំងពេក និងតឹងតែងពេកចំពោះយោធា មិនតែប៉ុណ្ណោះថែមទាំងឲ្យបងប្អូនសម្រាកពេលធ្វើពុតជាឈឹ ឬឈឺបន្តិចបន្តួច។ ២)សកម្មភាពផ្នែកចាត់តាំង៖ ខ្ញុំបានបញ្ចុះបញ្ចូលកុំឲ្យធ្វើការបានសម្រេច ទៅលើផែនការដែលបានចាត់តាំងទាំងអស់ ហើយថែមទាំងធ្វើឲ្យកម្មាភិបាលមួយចំនួនប៉ះពាល់សីលធម៌ រត់ចេញពីជួរកងទ័ព និងមួយចំនួនទៀតលួចរបស់ប្រជាជន ឬបំផ្លាញរបស់ប្រជាជន ផែនការទាំងពីខាងលើខ្ញុំអនុវត្តន៍បានជោគជ័យ ហើយបានរាយការណ៍ទៅកាន់ សិលា ពីលទ្ធផលដែលទទួលបាន និងឲ្យសីលា ចុះមកប្រជំបំពាក់ស័ក្ដ និងចាត់តាំងការងារថ្មីបន្តទៀត។ នាខែមិថុនា ឆ្នាំ១៩៧៦ សីលា មិនបានចុះមក ដូច្នេះខ្ញុំជាអ្នកប្រជុំចាត់តាំងដោយខ្លួនឯង ថែមទាំងដំឡើងស័ក្ដឲ្យអ្នកក្រោមបង្គាប់ ៥នាក់ និងអ្នកទាំង៥ បានបន្តចាត់តាំងការងារទៅអ្នកក្រោមបង្គាប់បន្តទៀត
៣)មជ្ឈដ្ឋានទាក់ទង៖ កន្លងមករូបខ្ញុំបានចូលទៅក្នុងដីវៀតណាមម្ដងគឺទាក់ទងវៀតណាមជាលើកទីមួយសូមឲ្យជួយនាំអាវុធ គ្រាប់រំសេវ មួយចំនួនដើម្បីត្រៀមរាល់សកម្មភាពដែលបានកើតឡើង។ អ្នកដែលចូលទៅក្នុងទឹកដីវៀតណាមមានចំនួន៥នាក់ ចំណែកខាងវៀតណាមមានគ្នា ៣នាក់ និងជនជាតិសូវៀតម្នាក់ដែលមានឈ្មោះថា យូ ធិកា។ ទី៤)គម្រោងផែនការ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ពេលយើងបានទៅជួបវៀតណាម យើងបានលើកផែនការ ស្នើសុំជំនួយអាវុធ១០ឡាន គ្រាប់១០ឡាន ខោអាវ១០ឡាន សម្ភារយោធា១០ឡាន និង តេអូ១០គ្រឿង។ ក្រោយមកវៀតណាមកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៧៦ តាមការស្នើ។ យើងទៅទទួលនៅបន្ទាយចក្រី ហើយអាវុធដែលទទួលបានជាក់ស្ដែងមាន អាកា, សេកាសេ, អាវុធធន់៦០មីលីម៉ែត្រ, ធន់៨០មីលីម៉ែត្រ, ធន់១២/៨ គ្រាប់ជាង២០ឡាន តេអូចំនួន២០គ្រឿង និងខោអាវ។ ក្រោយទទួលបានយើងលាក់ទុកអាវុធទាំងអស់នោះក្រោមដីនៅបន្ទាយចក្រី។ ចំពោះអ្នកដែលទៅយកអាវុធមានគ្នា៦នាក់មាន ឈូក គឺជាគណៈតំបន់២៤, ឈឹម គឺជាគណៈសេដ្ឋកិច្ចតំបន់២៤, សីលា គឺជាគណៈយោធាតំបន់២៤ ,វិន គឺជាលេខាស្រុកកំពង់ត្របែក, រូបខ្ញុំ និង ឈន គឺជាបញ្ជាការយោធាស្រុកកោះជ័យ។ ចំណែងខាងវៀតណាមដែលដឹកអាវុធមកគឺមានគ្នា៤នាក់ ប៉ុន្តែខ្ញុំស្គាល់តែឈ្មោះ បៃ ម៉ាប់ គឺជាជនជាតិវៀតណាម និងឈ្មោះ យូ ធិកា។ បន្ទាប់ពីបានអាវុធអស់ហើយ ម៉ែន បានប្រាប់អំពីគម្រោងវាយចូលទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៦ ដោយសារនៅទីនោះ ចាន់ ចក្រី កែប្រែនយោធាបានច្រើនកងពល ប៉ុន្តែមិនទាន់បានអនុវត្តន៍ផង អង្គការចាប់បានគ្នាយើងចំនួន៣នាក់គឺ ចាន់ ចក្រី, ភួន និង សុផាន ទើបមានការអាក់ខាន។ សកម្មភាពក្រោយៗមកទៀតខ្ញុំមិនដឹង ព្រោះខ្ញុំមិនបានចូលរួម បន្ទាប់មកអង្គការចាប់ខ្ញុំដោយសាររូបខ្ញុំបានប្រព្រឹត្តអំពើមួយចំនួនក្បត់បក្ខ។
ដោយៈ ភា រស្មី ៖ បុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង
កំណត់ចំណាំ៖ អត្ថបទនេះដកស្រង់ចេញពីចម្លើយសារភាពឯកសារ PV-DCcam ៩៥៧ ឬJ០០១៥៥។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ ស៊ិន ឈួន ហៅត្រឿង ហៅជៀន ពិតឬយ៉ាងណានោះទេ?