បងស្រីស្លាប់ដោយសារការយល់ច្រឡំ

(ស្ទឹងត្រែង)៖ កង ឈុនណា ភេទប្រុស មានអាយុ ៥៨ឆ្នាំ កើតនៅឆ្នាំ១៩៦៦ ក្នុងភូមិអូររុន ឃុំអូរស្វាយ និងសព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឈុនណា ជាកូនទី៤ ក្នុងគ្រួសារដែលមានឪពុកឈ្មោះ កង កឹម, ម្ដាយឈ្មោះ ឆល ហៃ និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ ឪពុកម្ដាយរបស់ ឈុនណា បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូររុន ឃុំអូរស្វាយ តាំងពីទសវត្សរ៍ឆ្នាំ១៩៦០។
នៅមុនឆ្នាំ១៩៧៥ ឈុនណា រៀនបានត្រឹមបួនឆ្នាំ (ថ្នាក់ទី៤)។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានចូលមកគ្រប់គ្រងក្នុងភូមិអូររុន។ បន្ទាប់ពី ខ្មែរក្រហមឡើងកាន់អំណាចនៅទីក្រុងភ្នំពេញ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិ។ គ្រួសាររបស់ ឈុនណា ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅនៅកោះគគីរ ក្រោយមកទៀតទៅនៅញឺន។
នៅញឺន ខ្មែរក្រហម ចាត់តាំងឲ្យ ឈុនណា ធ្វើជាកងកុមារ ដោយធ្វើការរួម, ហូបរួម និងដេករួមនៅតាមរោង។ ការងាររបស់ ឈុនណា មានដូចជា ឃ្វាលក្របី, ស្ទូងស្រូវ, ដកសំណាប និងកាប់ទន្រ្ទានខេត្ត សម្រាប់ធ្វើជីបាចដាក់តាមវាលស្រែ។ ឈុនណា ត្រូវធ្វើពលកម្មទាំងនោះ ពីព្រលឹមទល់ព្រលប់ ដោយហូបចុកមិនគ្រប់គ្រាន់។ របបអាហារ គឺមានតែបាយបីស្លាបព្រា និងសម្លលាយជាមួយដើមចេក។ ថ្ងៃមួយ ឈុនណា បានឡើងដើមឈើ ដើម្បីបេះផ្លែឈើហូប ប៉ុន្តែដោយសារភាពហេវហត់ ឈុនណា បានធ្លាក់ពីលើដើមឈើ ដែលបណ្ដាលឲ្យគាត់រងរបួស និងកោងខ្នងរហូតមកដល់សព្វថ្ងៃ។
ឈុនណា និយាយថា ក្នុងរបបខ្មែរក្រហម អ្នកដែលខ្ជិល និងអ្នកដែលលួចហូប នឹងត្រូវខ្មែរក្រហមយកទៅរៀនសូត្រ (វាយសម្លាប់ទម្លាក់រណ្តៅ)។ ចំណែកការស្លៀកពាក់វិញ ក្នុងមួយឆ្នាំ ខ្មែរក្រហមចែកខោអាវពណ៌ខ្មៅ ពីរសម្រាប់។
នៅឆ្នាំ១៩៧៩ យោធាខ្មែរក្រហមបានជម្លៀសប្រជាជនទៅកាន់ព្រំដែនប្រទេសថៃ។ នៅពេលនោះ បងស្រីរបស់ ឈុនណា ឈ្មោះ កង ហាក់ កំពុងហែលទឹកឆ្លងទន្លេមេគង្គ ហើយក៏ត្រូវកងទ័ពវៀតណាមបាញ់សម្លាប់ ដោយសារកងទ័ពវៀតណាមយល់ច្រឡំថា បងស្រីរបស់គាត់ជាកងទ័ពខ្មែរក្រហម។ ក្រោយមក ឈុនណា បានត្រលប់មករស់នៅភូមិព្រះរំកិល និងនៅឆ្នាំ១៩៨០ ទៅរស់នៅភូមិអូររុនវិញ។
នៅឆ្នាំ១៩៩០ ឈុនណា បានប្តូរមករស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ដោយរៀបការជាមួយប្រពន្ធឈ្មោះ ថាច់ នី និងមានកូនប្រុសប្រាំមួយនាក់។ សព្វថ្ងៃ ឈុនណា ប្រកបរបរជាកសិករដាំអំពៅ និងនេសាទត្រីតាមដងទន្លេមេគង្គ៕
សម្ភាសដោយ សូ នីតា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥