ប្រឹងធ្វើការដើម្បីរស់

(ស្ទឹងត្រែង)៖ សែន ដួន ភេទស្រី មានអាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល។ បច្ចុប្បន្ន ដួន រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ដួន មានបងប្អូន ១២នាក់ ក្នុងនោះស្រី៥នាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ ដួន បានមករស់នៅតំបន់អូរស្វាយ ដោយទទួលបានដីស្រែ និងផ្ទះកាឡុង (ផ្ទះឈើមួយប្រភេទ)។ ដួន និយាយថា នៅអូរស្វាយ មានមន្ទីរពេទ្យ, បន្ទាយទាហាន និងសមិទ្ធផលជាច្រើនទៀតដែលកសាងក្នុងរបបសង្គមរាស្ត្រនិយម។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ មានការទម្លាក់គ្រាប់បែកនៅតំបន់អូរស្វាយ។ គ្រួសាររបស់ដួន ត្រូវរត់ចូលត្រង់សេរ (លេណដ្ឋាន) ដើម្បីគេចខ្លួន។ នៅឆ្នាំ១៩៧២ យោធាខ្មែរក្រហម បានចូលមកតំបន់អូរស្វាយ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមឲ្យប្រជាជនរស់នៅរួម, ធ្វើការរួម និងហូបរួម។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ដួន ទៅអូររនោង ដោយ ដួន ត្រូវលើកទំនប់ និងស្ទូងស្រូវទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាកគ្រប់គ្រាន់។ ដួន និយាយថា គាត់ត្រូវស្ទូងស្រូវរហូតដល់ម៉ោង១២យប់ ទើបបានត្រលប់មកផ្ទះ។ ដួន បន្តថា បើគាត់មិនប្រឹងធ្វើតាមការបញ្ជារបស់ខ្មែរក្រហម គាត់ប្រាកដជាត្រូវខ្មែរក្រហមយកទៅវាយសម្លាប់។ ដួន និងប្រជាជនឯទៀត ត្រូវរស់នៅដោយភាពភ័យខ្លាច និងគ្មានសិទ្ធិសេរីភាព។
នៅឆ្នាំដដែល បន្ទាប់ពី ដួន សម្រាលកូនបានមួយខែ ខ្មែរក្រហមបានបញ្ជាឲ្យ ដួន ទៅច្រូតកាត់, ស្ទូងស្រូវ, លើកទំនប់ និងរស់នៅតាមស្រែចម្ការនៅឯអូចាយ ដោយទុកកូនរបស់ខ្លួននៅរោងកុមារ។ ចំណែកប្តីរបស់ដួន ត្រូវទៅនេសាទ និងដឹកជញ្ជូនសម្ភារ។
នៅអូចាយ ដួន ត្រូវបានលត់ដំ ឬដកពិសោធន៍អស់រយៈពេលមួយខែ ដោយត្រូវធ្វើការហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ របបអាហារ គឺមានតែបាយមួយស្លាបព្រា ចេក៣ផ្លែ ដោយមួយថ្ងៃទទួលបានបាយតែពីរពេលប៉ុណ្ណោះ។ ដួន លើកឡើងថា អ្នកដែលមិនអាចទ្រាំបាននឹងការលត់ដំនេះ នឹងត្រូវយកទៅវាយសម្លាប់ចោល។
អ្វីដែល ដួន ចងចាំមិនភ្លេចពីរបបខ្មែរក្រហម គឺការហូបចុកមិនគ្រប់គ្រាន់ និងការព្រាត់ប្រាសគ្រួសារ។ បងប្រុសរបស់ ដួន ម្នាក់ ត្រូវបានខ្មែរក្រហមសម្លាប់ នៅពេលខ្មែរក្រហមហៅគាត់ទៅកាប់អំពៅ។ ដួន បញ្ជាក់ថា ស្រូវពេញជង្រុក ប៉ុន្តែខ្មែរក្រហមមិនដែលឲ្យប្រជាជនហូបឆ្អែតនោះទេ។
នៅឆ្នាំ១៩៧៩ ដួន និងប្តី បាននាំកូនត្រលប់មកភូមិកោះព្នៅ ដោយចាប់ផ្តើមធ្វើស្រែចម្ការ និងនេសាទតាំងពីពេលនោះមក។ បច្ចុប្បន្ន ការនេសាទមានការធ្លាក់ចុះ ធ្វើឲ្យគ្រួសាររបស់ដួន ជួបបញ្ហាប្រឈមផ្នែកជីវភាពគ្រួសារ៕
សម្ភាសន៍ដោយ ទូច ស្រីទីន ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥