ប្រាជ្ញ ទូច ៖ ប្ដូរការងារពីជាងជួសជុលម៉ាស៊ីនកិនស្រូវ ទៅជាគ្រូពេទ្យ

ឈ្មោះ ប្រាជ្ញ ទូច[1] ឈ្មោះក្នុងបដិវត្តន៍ រ៉ន ភេទស្រី មានអាយុ២២ឆ្នាំ(អំឡុងពេលធ្វើប្រវត្តិរូប)។ ទូច មានឪពុកឈ្មោះ ង៉ែត ស្លាប់ដោយសារជំងឺគ្រុនចាញ់ និងម្ដាយឈ្មោះ អ៊ិត។ ទូច មានបងចំនួន៣នាក់(ស្រី១នាក់) ឈ្មោះ ប្រាជ្ញ ឃន, ប្រាជ្ញ សឿង ហៅសោភ័ណ និងប្រាជ្ញ សៅ។ នៅក្នុងប្រវត្តិរូបបដិវត្តន៍សរសេរថា បងប្រុស២នាក់របស់ ទូច ធ្វើជាយោធាទាំងពីរនាក់ ក្នុងនោះឈ្មោះភ័ណ ប្រចាំការនៅរតនគិរី និង សៅ ស្លាប់ដោយសារតែខ្មាំងបាញ់។ ចំពោះ ទូច ចូលបដិវត្តន៍ដំបូងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ តាមការណែនាំរបស់ឈ្មោះ ទូច មាននាទីជាគណៈស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី។ នៅក្នុងប្រវត្តិរូបបានសរសេរទៀតថា ទូច ចូលបដិវត្តន៍តាមការណែនាំរបស់បក្ស និងចង់កសាងខ្លួនឲ្យទៅជាជនកុម្មុយនីស្ដ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស។
ការងារដំបូងរបស់ ទូច បន្ទាប់ពីចូលបដិវត្តន៍ គឺគាត់ធ្វើការងារនៅក្នុងឃុំ ក្រោមការគ្រប់គ្រងរបស់សមមិត្ត ឈីន។ ក្រោយមក អង្គការចាត់តាំង ទូច ឲ្យទៅធ្វើជាជាងជួសជុលនៅក្នុងរោងម៉ាស៊ីនស្រូវស្រុក១០៥ តំបន់១៣។ ការងារជាជាងម៉ាស៊ីនរបស់ ទូច បានប្ដូរពីស្រុក ទៅកាន់ ឫស្សីស្រុក ក្រោមការដឹកនាំរបស់ឈ្មោះ សៀង និងចុងក្រោយប្ដូរទៅរោងម៉ាស៊ីនស្រូវអូតាវ ក្រុងតាកែវ ក្រោមការរៀបចំរបស់ឈ្មោះ ហិន មាននាទីជាគណៈមន្ទីរ។ ក្រោយមកទៀត អង្គការបានចាត់តាំង ទូច ឲ្យចូលទៅធ្វើពេទ្យ នៅពេទ្យ ព១៧ ក្រោមការគ្រប់គ្រងរបស់ សី។ មូលហេតុដែលអង្គការប្ដូរ ទូច ឲ្យចូលធ្វើជាពេទ្យដោយសារតែគាត់ចេះសន្សំសំចៃ, ជាប្រជាជនមូលដ្ឋានដែលមានសណ្ដាប់ធ្នាប់អាចរៀបចំទុកដាក់លើផ្នែកសម្ភារបច្ចេកទេសថ្នាំសង្កូវ, មានសីលធម៌ល្អទាក់ទងជាមួយបុរស នារី និងនិយាយស្ដីទទួលខុសត្រូវ។ បន្ទាប់មកទៀត សីក បានក្បត់ជាមួយបដិវត្តន៍ ហើយ ទូច បានប្ដូរឲ្យទៅធ្វើជាពេទ្យនៅ ព៣ ក្រោមការទទួលខុសត្រូវរបស់ឈ្មោះ ម៉ិញ។ ម៉ិញ បានអប់រំ ទូច ឲ្យខិតខំបំពេញការងារ និងខំកសាងខ្លួនតាមចលនាបដិវត្តន៍។ នៅក្នុងប្រវត្តិរូបបានបញ្ជាក់ថា ភារកិច្ចដែលគាត់កំពុងបំពេញ អំឡុងពេលសរសេរប្រវត្តិរូបគឺគាត់ធ្វើការនៅពេទ្យ ព១។
បើតាមសម្ដីរបស់ ប្រាជ្ញ ឃន[2] ភេទស្រី ដែលត្រូវជាបងស្រីច្បងរបស់ ទូច បានរៀបរាប់ថា៖ ទូច ចេញពីឪពុកម្ដាយ និងចូលរួមចលនាជាមួយអង្គការនៅឆ្នាំ១៩៧៥។ អង្គការបានចាត់តាំង ទូច ឲ្យធ្វើការនៅរោងម៉ាស៊ីនស្រូវឫស្សីស្រុក ផ្លូវជាតិលេខ៣ ស្រុកត្រាំងកក់ ខេត្តតាកែវ។ ពេលនៅរោងម៉ាស៊ីន ទូច មិនដែលត្រលប់មកលេងផ្ទះនោះទេ គឺមានតែម្ដាយទៅលេង និងយកនំបន្តិចបន្តួចផ្ងើកូន រួមជាមួយអ្នកធ្វើការងារនៅក្នុងក្រុម។ ក្រោយមក ទូច បានផ្ញើលិខិតមកប្រាប់ម្ដាយឪពុកថាគាត់បានទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ មូលហេតុដែល ទូច មិនបានមកប្រាប់ម្ដាយឪពុកផ្ទាល់ ព្រោះអង្គការមិនអនុញ្ញាត ព្រមទាំងនិយាយថា ក្បាលអ្នកណាសក់អ្នកហ្នឹង ទៅណាដោះស្រាយតាមដំណើររបស់ខ្លួន ទៅដល់មានការនឹករឭកម៉ែឪ ឬបងប្អូនអាចសរសេរសំបុត្រមក។ នៅក្នុងសំបុត្របានសរសេរថា នៅភ្នំពេញ ទូច ធ្វើការងារនៅពេទ្យ ១៧មេសា ខាងវះកាត់។ អំឡុងពេលធ្វើការងារនៅភ្នំពេញ ទូច ផ្ញើសំបុត្រប្រាប់ដំណឹងគ្រួសារចំនួន២ដង ហើយលើកចុងក្រោយ ទូច បានមកលេងឪពុក-ម្ដាយដោយខ្លួនឯងតែម្ដង។
ឃន បានបន្តថា នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ ទូច បានមកលេងម្ដាយឪពុក ជាមួយមិត្តម្នាក់ទៀតនៅខាងអង្គមេត្រី ដែលធ្វើការងារជាមួយគ្នា។ ពេលមកដល់ផ្ទះ ទូច បានរៀបរាប់ប្រាប់ម្ដាយឪពុកអំពីការផ្លាស់ប្ដូរការងារពីពេទ្យ វះកាត់ ទៅធ្វើជាពេទ្យឆ្មប និងចេញពីពេទ្យឆ្មប ទៅធ្វើជាពេទ្យព្យាបាលជំងឺខាន់លឿងរបស់កុមារ ប៉ុន្តែនៅក្នុងពេទ្យ ១៧មេសា ដដែល។ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ទូច បានធ្វើដំណើរត្រលប់ទៅភ្នំពេញវិញ។ គ្រាន់តែ ទូច ចេញដំណើរទៅផុតបន្តិច ស្រាប់តែមានភាពចលាចលនៅក្នុងភូមិ។ ក្រោយមក ឃន បានសួរដំណឹង ទូច ពីប្រជាជនដែលត្រលប់ចូលមករស់នៅក្នុងភូមិវិញ ប៉ុន្តែមិនទទួលបានដំណឹង។ ក្រោយៗមកទៀត ឃន បានទៅរកហោរាទាយជាច្រើននាក់ ហើយហោរទាយថាប្អូនគាត់នៅឆ្ងាយ។ ឃន បញ្ជាក់ថា គាត់នៅតែចាំផ្លូវប្អូនរបស់គាត់ រហូតដល់ទទួលបានដំណឺងថារស់នៅទីណា ឬក៏ស្លាប់ ព្រមទាំងបន់ព្រះពុទ្ធ ព្រះធម៌ ដើម្បីឲ្យឆាប់រកឃើញ ទូច៕
អត្ថបទដោយ ភា រស្មី
[1] ឯកសារលេខ I00292, ពិនិត្យប្រវត្តិរូបបដិវត្ត សមមិត្ត រ៉ន នៅមន្ទីរពេទ្យព១ ក្រសួងសង្គមកិច្ច, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ TKI0042, សម្ភាសន៍ជាមួយ ប្រាជ្ញ ឃន អាយុ៥៩ឆ្នាំ ត្រូវជាបងស្រីឈ្មោះ រ៉ន, ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៣ ដោយ អ៊ីសា ឧស្មាន, មជ្ឈមណ្ឌលឯកសារកម្ពុជា។