កុមារលង់ទឹកក្នុងរបបខ្មែរក្រហម

ហៀង គឹមលាង រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ហៀង គឹមលាង ភេទប្រុស មានអាយុ ៥៤ឆ្នាំ។ គឹមលាង មានស្រុកកំណើតនៅភូមិព្រែកបិ ស្រុកកោះធំ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គឹមលាង មានឪពុកឈ្មោះ ហៀង ឈុម, ម្ដាយឈ្មោះ អុក មាំង និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារគឹមលាងពីភូមិសំប៉ាន ទៅភូមិសំរោង។ គឹមលាង ធ្វើការក្នុងកងកុមារនៅភូមិសំរោង។ ចំណែក ឪពុកគឹមលាង ធ្វើការក្នុងកងដឹកជញ្ជូន, ម្ដាយធ្វើការក្នុងកងសេដ្ឋកិច្ច មានតួនាទីបេះត្រកួន និងបងៗធ្វើការក្នុងកងចល័ត។

នៅកងកុមារ គឹមលាង ត្រូវទៅជួយស្ទូងស្រូវ និងដកសំណាប។ គឹមលាង និយាយថា កុមារត្រូវធ្វើការទាំងឈឺរហូតដល់ស្លាប់។ គាត់បន្តថា នៅពេលស្លាប់ ខ្មែរក្រហមបានយកសាកសពទៅកប់ក្រោមស្មៅដើម្បីធ្វើជី។ នៅពេលងូតទឹក កុមារទាំងអស់ត្រូវលោតចូលស្រះ ហើយឡើងមកវិញជាការស្រេច។ ចំណែក កុមារដែលមិនចេះហែលទឹក នឹងត្រូវទុកឲ្យលង់ទឹកស្លាប់ ព្រោះខ្មែរក្រហមមិនអនុញ្ញាតឲ្យអ្នកណាជួយនោះទេ។

នៅពេលកុមារណាធ្វើការមិនបានល្អ ខ្មែរក្រហមនិយាយទៅកាន់កុមារនោះថា៖ «ទុកមិនចំណេញ ដកចេញក៏មិនខាត» ដែលមានន័យថាអ្នកធ្វើការមិនបានល្អ នឹងត្រូវខ្មែរក្រហមយកទៅសម្លាប់។ គឹមលាង ត្រូវខិតខំធ្វើការទាំងហូប និងសម្រាកមិនគ្រប់គ្រាន់។ របបអាហារនៅកងកុមារ មានតែបបរ ឬបាយលាយជាមួយគល់ចេក, ស្លឹកដំឡូង និងសម្លត្រកួនប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ គឹមលាង បានរត់ទៅផ្ទះ និងជួបជុំឪពុកម្ដាយ។ ក្រោយមក គឹមលាង បានចូលធ្វើជាទាហានប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមរហូតដល់ឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩២ គឹមលាង បានរៀបការជាមួយប្រពន្ធឈ្មោះ ហុក សុគុន នៅភូមិកោះព្នៅ។ សព្វថ្ងៃ គឹមលាង មានកូនប្រាំនាក់ និងប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ គឹមលាង លើកឡើងថា ការបាត់បង់ធនធានធម្មជាតិ និងការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គនាពេលបច្ចុប្បន្ន បានធ្វើឲ្យការរស់នៅរបស់ប្រជាជននៅកោះព្នៅជួបការលំបាក៕

សម្ភាសដោយ នៅ គឹមលាង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin