ការតស៊ូដោយគ្មានន័យ

(កណ្ដាល)៖ ក្នុងនាមជាអតីតយោធាខ្មែរក្រហមម្នាក់ អាត់ និយាយថា ខ្លួនមានការឈឺចាប់ ដោយសារការតស៊ូដែលគ្មានន័យ នៅរបបខ្មែរក្រហម។ អាត់ បន្តថា យោធាមិនបានដឹងអំពីសុខទុក្ខរបស់ប្រជាជន និងឪពុកម្ដាយខ្លួននៅស្រុកកំណើតនោះទេ។
ចេវ អាត់ ភេទប្រុស មានអាយុ ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ អាត់ មានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។
នៅមុនឆ្នាំ១៩៧៣ អាត់ រស់នៅជាមួយឪពុកម្ដាយ។ នៅពេលនោះ មានការប្រយុទ្ធរវាងចលនាខ្មែរក្រហម និងទាហាន លន់ នល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីព្រែកតូច ដោយទាហាន លន់ នល់។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៧៣ អាត់ បានចូលរួមជាមួយចលនាខ្មែរក្រហម ដោយធ្វើជាយោធាតំបន់២៥ ក្នុងគោលបំណងដើម្បីរំដោះជាតិ។ បន្ទាប់មក អាត់ ចូលធ្វើជាយោធាភូមិភាគនិរតី ដោយរស់នៅក្នុងព្រៃ និងទទួលបានបាយកញ្ចប់ពីប្រជាជននៅតាមភូមិ។ អាត់ ថាខ្លួនបានតស៊ូដើម្បីផ្តួលរលំរបប លន់ នល់ នៅសមរភូមិភ្នំដំរីរមៀល, កំពង់លួង, ផ្លូវជាតិលេខ៥ និងម្តុំអ្នកលឿង ភូមិភាគបូព៌ា។ អាត់ បានត្រូវរបួស អំឡុងពេលប្រយុទ្ធនៅសមរភូមិ។
អាត់ បានធ្វើជាយោធារហូតដល់ឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ។ នៅពេលនោះ អាត់ មានបំណងត្រលប់មករស់នៅស្រុកកំណើតវិញ ប៉ុន្តែយោធាខ្មែរក្រហម គិតថាខ្លាចកងទ័ពវៀតណាមសម្លាប់ ក៏សម្រេចចូលព្រៃនិងបន្តធ្វើជាយោធាខ្មែរក្រហម ដោយប្រមូលកម្លាំង និងអាវុធ ដើម្បីប្រយុទ្ធជាមួយកងទ័ពរណសិរ្ស និងកងទ័ពវៀតណាម។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមយោធាខ្មែរក្រហមដែលអាត់ធ្វើការជាមួយ ត្រូវបានរំសាយ។ អាត់ បានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ម្តុំត្រពាំងក្រឡឹង និងត្រូវបានកងទ័ពវៀតណាមដែលប្រចាំនៅទីនេះ តាមដានក្រុមរបស់គាត់។ អាត់ បានបន្លំធ្វើជាកូនរបស់ប្រជាជន ទើបអាចត្រលប់មករស់នៅឃុំក្រាំងយ៉ូវ និងរៀបការ។
សព្វថ្ងៃ អាត់ ប្រកបរបរជាកសិករ និងកូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។ នៅឆ្នាំ២០២១ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អាត់ ដែលមានជំងឺប្រចាំកាយដូចជាជំងឺលើសឈាម និងជំងឺសន្លាក់ដៃជើង ព្រមទាំងប្រឈមនឹងបញ្ហាជីវភាព។
ជាចុងក្រោយ អាត់ លើកឡើងថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម ជាយុត្តិធម៌ សម្រាប់ប្រជាជនដែលរងគ្រោះនៅរបបខ្មែរក្រហម រួមទាំងឪពុកមារបស់អាត់ ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅកោះក្រោម។ អាត់ សង្ឃឹមថា អ្នកជំនាន់ក្រោយ នឹងបានស្វែងយល់ពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម តាមរយៈឯកសារដែលបានចងក្រង៕
សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥