អ្នកជំនាន់ក្រោយមិនសូវជឿ
(ព្រះវិហារ)៖ យី រឹម អាយុ៦០ ឆ្នាំ រស់នៅភូមិទូលអំពៅ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានរៀបរាប់នូវរឿងរ៉ាវ ដែលគាត់បានជួបប្រទះនាសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលចុះសួរសុខទុក្ខគាត់។
គាត់បានប្រាប់ថា ខ្មែរក្រហមបានបញ្ជាឲ្យគាត់ កាប់ទន្រ្ទានខេត្ត ដើម្បីយកទៅធ្វើជី។ បន្ទាប់មក គេឲ្យគាត់ទៅលើកទំនប់ និង រែកដី ក្នុងនោះដែរ អង្ករមួយកំប៉ុងប៉ុណ្ណោះ សម្រាប់មនុស្ស ៤ នាក់។ មានការស្ទូងស្រូវ ទៅតាមប្លង់ដែលខ្មែរក្រហមបានកំណត់។ យី រឹម ត្រូវខិតខំធ្វើទៅតាមការកំណត់ ទាំងឈឺ និងមិនបានការព្យាបាលអ្វីក្រៅពីថ្នាំអាចម៍ទន្សាយ។
នៅពេលដែល យី រឹម ធ្វើពេទ្យតាមភូមិ ខ្មែរក្រហមបានតម្រូវឲ្យគាត់ធ្វើម្ហូបដែលប្រើប្រាស់សាច់មនុស្សដោយគាត់បាននិយាយនូវអ្វីដែលខ្មែរក្រហមគំរាមគាត់ ដោយថា “មិត្តឯងបានតែដាក់ឆ្នាំងខ្ទះជាមួយគេឥលូវហើយ”។ យី រឹម មានការភ័យខ្លាច និងធ្វើតាមបញ្ជាដោយ ប្រើប្រាស់សាច់មនុស្សសម្រាប់បរិភោគ។ យី រឹម បានបញ្ជាក់ថាការបរិភោគនាសម័យនោះមិនប្រសើរជាងចំណីសម្រាប់សត្វជ្រូកនាពេលបច្ចុប្បន្ននោះទេ ដោយបានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តថា “(ចំណី) ជ្រូកឥលូវឆ្ងាញ់ជាងក្មួយ”។
មានរឿងរ៉ាវជាច្រើនដូចជា ការស្នើសុំនៅពេលអ្នកទាំងនោះត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការ នៅតំបន់ដែល យី រឹម រស់នៅនាសម័យខ្មែរក្រហម។ ហើយជនរងគ្រោះខ្លះនាសម័យនោះមិនបានដឹងថាពាក្យ “យកទៅរៀន” ជាការយកទៅសម្លាប់នោះទេ។ អ្នករងគ្រោះទាំងត្រូវបានខ្មែរក្រហមចោទថាខុសសីលធម៌នៅពេលដែលគាត់និយាយគ្នាជាមួយអ្នកដែលស្គាល់គ្នានាសម័យនោះ នៅថ្ងៃដដែលពេលយប់គាត់នឹងបាត់ខ្លួន (យកទៅសម្លាប់)។ យី រឹម ក៏បានរៀបរាប់អំពីការយកធាងម្នាស់យកទៅប៉ះសម្លៀកបំពាក់ដែលគេចែកតែមួយឈុតប៉ុណ្ណោះ។
ជាចុងក្រោយ យី រឹម បានលើកឡើងថាអ្នកជំនាន់ក្រោយ មិនសូវជឿនឹងអ្វីដែលបានកើតឡើងនាសម័យខ្មែរក្រហមនោះទេ រួមទាំងកូនៗរបស់គាត់។ ការសិក្សាស្រាវជ្រាវ និង អប់រំដល់អ្នកជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ មិនបានគ្របដណ្តប់ដល់យុវជនគ្រប់រូបនោះទេ ដូច្នេះការចងក្រងឯកសារប្រវត្តិសាស្ត្រនេះ នឹងធ្វើឲ្យមានការយល់ដឹងកាន់តែច្រើនពីរបបខ្មែរក្រហមដល់អ្នកជំនាន់ក្រោយ៕
សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣