កូនបួននាក់ត្រូវបាត់បង់ជីវិតនៅរបបខ្មែរក្រហម

ក្នុងនាមជាម្តាយម្នាក់ដែលបាត់បង់កូនៗ ធុន ហ៊ីង នៅចងចាំជានិច្ចនូវការឈឺចាប់ដែលខ្លួនបានឆ្លងកាត់នៅរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ធុន ហ៊ីង[1] ភេទស្រី មានអាយុ ៦២ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ហ៊ីង មានឪពុកឈ្មោះ អឿ ធុន, ម្ដាយឈ្មោះ ខ្លាង ដែក និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះបងទី១ ឈ្មោះ សំបូរ, ទី២ ហ៊ីង, ទី៣ ចាន់ធូ, ទី៤ ចាន់ថន, ទី៥ សំអុន និងទី ៦ ផុន។ ក្រៅពីកូនបួននាក់ដែលបានបាត់បង់ជីវិត ហ៊ីង ក៏បាត់ដំណឹងប្អូនប្រុសម្នាក់ឈ្មោះ សំអុន។
នៅឆ្នាំ១៩៦៨ ហ៊ីង បានរៀបការប្តីឈ្មោះ សួន កែប។ នៅមុនឆ្នាំ១៩៧០ ប្អូនប្រុសម្នាក់របស់ហ៊ីង ឈ្មោះ សំអុន ត្រូវបានខ្មែរក្រហមកៀរឲ្យធ្វើជាយោធាភូមិភាគ នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែក ហ៊ីង ប្រកបរបរធ្វើស្រែចម្ការនៅស្រុកមោងឫស្សីរហូតដល់មានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមកាន់កាប់ក្រុងពោធិ៍សាត់។ ហ៊ីង ត្រូវបានជម្លៀសពីស្រុកមោងឫស្សីទៅក្រុងពោធិ៍សាត់ និងជួបប្អូនប្រុសសំអុននៅទីនោះ។ នៅចុងឆ្នាំ១៩៧៥ ហ៊ីង ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី។ នៅឆ្នាំ១៩៧៦ ឪពុកហ៊ីង បានស្លាប់ដោយសារអត់អាហារ។ បន្ទាប់មក ហ៊ីង ត្រូវជម្លៀសទៅធ្វើការនៅឃុំជ្រៃ ស្រុកមោងឫស្សី។ នៅឃុំជ្រៃ ហ៊ីង ធ្វើការក្នុងកងឈ្លប ដោយមានប្រធានឈ្មោះ ឆង, តែម និងមានប្រធានរោងបាយឈ្មោះ សាស់។ ហ៊ីង ចងចាំថា ប្រជាជនថ្មី ឬប្រជាជន១៧មេសាជាច្រើននាក់ ត្រូវបានខ្មែរក្រហមចោទថាជាខ្មាំង និងយកទៅវាយសម្លាប់។ យោធាខ្មែរក្រហម បានចាប់ប្រជាជន១៧មេសា ដោយចងស្លាបសេក និងបណ្ដើរជាជួរទៅឃុំឃាំងនៅវត្តមួយកន្លែង រួមទាំងមិត្តភក្តិរបស់ប្តីហ៊ីង ឈ្មោះ សាន ដែលជាអ្នកជម្លៀសមកពីក្រុងភ្នំពេញ។ ក្រោយមក ប្រជាជន១៧មេសា ត្រូវបានខ្មែរក្រហមនាំខ្លួនទៅសម្លាប់នៅតាមរណ្ដៅ និងស្រះទឹក។ ហ៊ីង និយាយថា ប្រជាជន១៧មេសាណា ដែលធ្វើខុសតែបន្តិចបន្តួច គឺនឹងត្រូវខ្មែរក្រហមចោទថាខ្មាំង។ នៅពេលប្រធានកងឈ្លបដឹងថា កូនរបស់ហ៊ីង លួចរើសគ្រាប់អង្ករហូបនោះ ប្រធានកងឈ្លបនាំខ្លួនកូនរបស់គាត់ទៅកសាង និងចោទប្រកាន់ហ៊ីងថាជាខ្មាំង។ ហ៊ីង លើកឡើងថា ប្រធានកងឈ្លបមានបំណងចង់នាំខ្លួនគាត់ទៅសម្លាប់ ដើម្បីទទួលបានគុណសម្បត្តិពីថ្នាក់លើ។
នៅឆ្នាំ១៩៧៨ ហ៊ីងនិងគ្រួសារ ត្រូវខ្មែរក្រហមបញ្ជូនទៅរស់នៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ នៅទីនោះ ហ៊ីង និងគ្រួសារ ត្រូវបានខ្មែរក្រហមលត់ដំ ដោយធ្វើពលកម្មហួសកម្លាំង ដូចជាកាប់ឆ្កាព្រៃ, លើកទំនប់ និងរែកដី។ ហ៊ីង និយាយថា ប្រជាជនត្រូវហូបចុករួម ដោយមិនគ្រប់គ្រាន់ និងខ្វះខាតទឹកសម្រាប់ប្រើប្រាស់នៅសហករណ៍។ របបអាហារក្នុងមួយពេល គឺទទួលបានតែបបរពីរវែកប៉ុណ្ណោះ។ ចំណែក កូនរបស់ហ៊ីង ត្រូវរែកដី និងលើកទំនប់រហូតដល់បាត់បង់ជីវិត។ កូនរបស់ហ៊ីង មានប្រាំបីនាក់ (ស្រីពីរនាក់) ក្នុងនោះបួននាក់ស្លាប់នៅរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ បន្ទាប់ពីរស់នៅឃុំបាសាក់ អស់រយៈពេលបីខែ ហ៊ីង ទទួលដំណឹងថាកងទ័ពវៀតណាមបានចូលមកប្រទេសកម្ពុជា។ ក្រោយពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ហ៊ីង បានត្រលប់មករស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៨១ ប្តីហ៊ីង បានស្លាប់ដោយសារជំងឺ។ ក្រោយមក ហ៊ីងបានជួបជុំបងប្អូនបួននាក់ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ចំណែក សំអុន បានបាត់ខ្លួនតាំងពីពេលនោះមក។
នៅឆ្នាំ២០០៦ នៅពេលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាសាកសួរអំពីឈ្មោះ កង សំអុន ដែលត្រូវជាប្អូនរបស់គាត់ ហ៊ីង និយាយថា គាត់បានជួបប្អូនប្រុសជាលើកចុងក្រោយនៅក្រុងពោធិ៍សាត់នាឆ្នាំ១៩៧៥។ នៅមុនឆ្នាំ១៩៧០ សំអុន រៀនត្រឹមថ្នាក់ឌីប្លូម និងរត់ម៉ូតូឌុប នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះ ម្ដាយរបស់គាត់មកប្រាប់គាត់ថា សំអុន ត្រូវបានខ្មែរក្រហមកៀរចូលធ្វើជាយោធាភូមិភាគ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសហ៊ីងនិងគ្រួសារពីក្រុងពោធិ៍សាត់ទៅស្រុកមោងឫស្សី។ នៅពេលកំពុងធ្វើដំណើរ ហ៊ីងបានជួបសំអុននៅតាមផ្លូវ។ ហ៊ីង បន្តថា នៅពេលនោះ សំអុនកំពុងដឹកនាំកងយោធាខ្មែរក្រហមទៅពោធិ៍ទ្រា។
តាមរយៈឯកសារលេខ I០៨០៤៧[2] តម្តល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា កង សំអុន ភេទប្រុស មានឈ្មោះប្រែ វិចិត្រ និងមានអាយុ ២៧ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៦)។ សំអុន មានទីលំនៅកំណើតនៅភូមិរាមគន់ ឃុំមោង ស្រុកមោង (បច្ចុប្បន្នស្រុកមោងឫស្សី) ខេត្តបាត់ដំបង។ នៅមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សំអុន មានតួនាទីជាប្រធានក្រុមអនុសេនាធំ។ នៅរបបខ្មែរក្រហម សំអុន មានតួនាទីជាកម្មករកំពង់ផែ អនុវរសនាតូច។ សំអុន មានឪពុកឈ្មោះ ធុន, ម្ដាយឈ្មោះ ដែក និងមានប្រពន្ធឈ្មោះ មិត្ត រឿន ដែលមានទីលំនៅកំណើតនៅខេត្តកំពង់ចាម។ សំអុន ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៦នៅផែកំពង់សោម និងឃុំឃាំងនៅផ្ទះក បន្ទប់ធំ៥ តូច១ នៅមន្ទីរសន្តិសុខ ស-២១៕
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ
[1] ឯកសារលេខ BBI០០៣៨. (២០០៦). សម្ភាសជាមួយ ធុន ហ៊ីង ដោយ យិន ឆាយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] ឯកសារលេខ I០៨០៤៧. (១៩៧៦). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ កង សំអុន. មជ្ឈមណ្ឌលឯកសារកម្ពុជា.