អន អ៊ី៖ សង្ស័យថា ប្រមាត់ដែលព្យួរនៅរោងបាយជារបស់ឪពុក

អន អ៊ី អាយុ៦៥ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស គ្រួសារអ៊ី ឲ្យទៅធ្វើការងារ និងរស់នៅក្បែរជើងភ្នំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត អ៊ី ត្រូវអង្គការចាត់តាំង ឲ្យរែកអាចម៍គោ, រែកដី, ធ្វើស្រែ និងជីកប្រឡាយ។ នៅស្រុកបាកាន អ៊ី ខិតខំធ្វើការងារ និងយកចិត្តប្រធានកង ឬប្រធានក្រុមរបស់គាត់ណាស់។

ថ្ងៃមួយ នៅពេលដែល អ៊ី រែកអាចម៍គោកន្លងរង្វះទឹកមួយ ស្រាប់តែមានសំឡេង «ផស» ចេញពីជើងរបស់គាត់។ ចាប់តាំងពីពេលនោះមក អ៊ី ចាប់ផ្ដើមហើមជើង ធ្លាក់ខ្លួនឈឺខ្លាំង ដើរមិនរួច ហើយធ្វើការងារក៏មិនបានដូចពេលមុន។ នៅពេលដែល អ៊ី មានជំងឺ ប្រធានរបស់គាត់មិនបានស្ដីបន្ទោសគាត់នោះទេ ថែមទាំងជួយធ្វើការងារគាត់បន្ថែមទៀត។ មួយវិញទៀត នៅពេលដែល អ៊ី ឈឺខ្លាំង គាត់អាចសុំអង្គការសម្រាកនៅផ្ទះបាន។ ក្រោយមកទៀត អ៊ី បានចូលទៅធ្វើការងាររែកអាចម៍គោ នៅក្នុងសហករណ៍វិញ ជាមួយកងម៉ែៗ ហើយជើងរបស់គាត់ចាប់ផ្ដើមខ្វិន ដើរមិនរួចអស់រយៈពេលមួយឆ្នាំ។

បើទោះបីជា អ៊ី ខ្វិនធ្វើការងារមិនដូចអ្នកផ្សេង អង្គការមិនដែលពិន័យគាត់នោះទេ ហើយរបបអាហារដែលគាត់ទទួលបាន គឺដូចទៅនឹងប្រជាជនដទៃទៀតដែរ។ ជារៀងរាល់ថ្ងៃ អង្គការចែកបបររាវដល់ប្រជាជន ក្នុងមួយថ្ងៃពីរពេល។ អ៊ី បានយកកាកបបរដែលគាត់ទទួលបានបន្តិចបន្តួច យកទៅឲ្យម្ដាយឪពុកចាស់ជរានៅផ្ទះ ហើយទឹកបបរដែលនៅសល់គាត់យកទៅដាំលាយជាមួយបន្លែស្លឹកឈើ ឬធាងត្រាវបន្ថែម។ អ៊ី បានឲ្យដឹងថា គាត់មិនដែលហ៊ានលួចអាហារអង្គការនោះទេ បើទោះបីជាគាត់អត់ឃ្លានយ៉ាងណាក៏ដោយ។

នៅក្នុងសម័យខ្មែរក្រហម ប្អូនរបស់អ៊ីចំនួន៣នាក់ បានស្លាប់ដោយសារ កើតជំងឺបេះ, កង្វះអាហារហូបចុក និងពុលអាហារ។ ចំណែកឪពុករបស់គាត់ ត្រូវអង្គការហៅយកទៅសម្លាប់ទាំងយប់ បន្ទាប់ពីអង្គការស៊ើបដឹងថាគាត់ ធ្លាប់ធ្វើជាទាហានពាក់ស័ក៣។ នៅយប់ដែល កងឈ្លប មកហៅឪពុករបស់អ៊ីចេញទៅ អង្គការបានប្រាប់ អ៊ី ថា យកគាត់ទៅព្យាបាលជំងឺនៅមន្ទីពេទ្យទទឹងថ្ងៃ ព្រោះពេលនោះឪពុករបស់គាត់មានជំងឺក្អកយ៉ាងខ្លាំង។ មុនពេលចេញដំណើរ អង្គការបានប្រាប់ទៅ អ៊ី ទៀតថា ឪពុករបស់គាត់និងត្រលប់មកវិញ នៅពេលដែលជាពីជំងឺ។ ដោយសារតែគ្មានជម្រើស ឪពុករបស់អ៊ី បានបង្ខំចិត្តចេញទៅតាម និងឆ្លៀតផ្ដាំទៅកូនស្រីថា៖ “ប្រសិនបើពុកទៅលើសពី ៣ថ្ងៃ មិនបាច់ទន្ទឹងចាំផ្លូវ ទេ”។

នៅពេលព្រឹកឡើង អ៊ី បានឃើញប្រមាត់ស្រស់មួយព្យួរលើឆ្នាំងបបរ ជាមួយប្រមាត់ក្រៀមជាច្រើនទៀតនៅក្នុងរោងបាយ។ ពេលឃើញដូច្នេះ អ៊ី គិតថាប្រមាត់នោះជារបស់ឪពុកគាត់ ដែលអង្គការយកទៅសម្លាប់ការពីយប់មិញ។ អ៊ី មានការអាណិតឪពុករបស់គាត់យ៉ាងខ្លាំង ប៉ុន្តែគាត់មិនអាចធ្វើអ្វីបាន គឺបានត្រឹមតែសោកស្ដាយឪពុក។ បន្ទាប់ពីឪពុកចេញទៅ អ៊ី បានទៅសម្រាកជាមួយលោកយាយម្នាក់នៅក្នុងភូមិ ហើយនៅយប់នោះ កងឈ្លបបានមកហៅយាយម្នាក់នោះទៅទាំងយប់ម្ដងទៀត ប៉ុន្តែអ៊ី មិនបានដឹងខ្លួននោះទេ។ នៅថ្ងៃបន្ទាប់ អង្គការបានបញ្ជូន អ៊ី ឲ្យទៅសម្រាកនៅក្នុងកងចល័ត ហើយចៅរបស់លោកយាយដែលអង្គការយកទៅសម្លាប់ ត្រូវបញ្ជូនទៅក្នុងកងកុមារ។

នៅខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានចាញ់សង្គ្រាម និងភៀសខ្លួនចេញពីសហករណ៍ដែល អ៊ី រស់នៅ។ ក្រោយមក អ៊ី ត្រលប់មករស់នៅខេត្តតាកែវវិញ និងប្រកបការងារស្រាលៗដើម្បីចិញ្ចឹមជីវិត។ នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស អ៊ី មានជំងឺសន្លាក់ក្បាលជង្គង់រ៉ាំរ៉ៃ ហើយការព្យាលជំងឺរបស់គាត់គឺ ទិញថ្នាំពេទ្យលេប និងប្រើប្រាស់ថ្នាំខ្មែរ។ ជំងឺសន្លាក់ក្បាលជង្គង់មួយនេះគឺ កើតឡើងតាំងពីរបបខ្មែរក្រហម ប៉ុន្តែដោយសារតែជីវភាពគ្រួសារខ្វះខាត ទើបអ៊ីមិនបានទទួលការព្យាបាលត្រឹមត្រូវ។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី៣០ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៦ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin