អ្នកឯងយកប្តីខ្ញុំទៅណា

ឯកសារលេខ K០០៣៣៨. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ម៉ាំ ហឹប ហៅ ហឿន. មជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃមួយ ក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីហូបបាយជាមួយកម្មាភិបាលខ្មែរក្រហម រ៉េម បានឃើញយោធាខ្មែរក្រហមចុះពីឡាន មកចាប់ប្តីរបស់ខ្លួនយកទៅដោយផ្ទាល់ភ្នែក។ រ៉េម បានត្រឹមតែយំ ព្រោះមិនអាចជួយអ្វីបានទាំងអស់។ ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ ហឹប បានបាត់ខ្លួន និងក្រោយមក ត្រូវបានរកឃើញថាជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ តាមរយៈឯកសារមួយសន្លឹកតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

យោងតាមឯកសារលេខ K០០៣៣៨[1] ចំនួនមួយទំព័រ ស្តីអំពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង [នៅក្នុងមន្ទីរសន្តិសុខស-២១] ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ ហឹប ហៅ ហឿន មានអាយុ ៤១ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៨) ជាជនជាតិខ្មែរ។ មុនឆ្នាំ១៩៧៥ ហឹប មានតួនាទីជាប្រជាជនចាស់តំបន់៣ និងនៅរបបខ្មែរក្រហម ហឹប មានតួនាទីជាអនុសហករណ៍កំពង់ឆ្នាំង តំបន់៣។ ហឹប មានទីលំនៅក្នុងភូមិកំពង់ឆ្នាំង ឃុំព្រែកខ្ពស់ ស្រុកមង្គលបូរី ខេត្តបាត់ដំបង។ ហឹប មានឪពុកឈ្មោះ ជា ម៉ាំ និងម្ដាយឈ្មោះ ថុក ជឺ ជាកសិករ។ ហឹប មានប្រពន្ធឈ្មោះ ឌិត រ៉េម និងមានកូនប្រុសម្នាក់។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧៨ ហឹប ត្រូវបានឃាត់ខ្លួននៅភូមិភាគពាយ័ព្យ និងឃុំខ្លួននៅផ្ទះ៤៣ បន្ទប់ធំ២ មន្ទីរសន្តិសុខ ស-២១។ ហឹប មានកម្ពស់១,៥៥ម៉ែត្រ និងប្រវែងដងខ្លួន០,៨២ម៉ែត្រ។

ប្រពន្ធរបស់ ហឹប ឈ្មោះ ឌិត រ៉េម[2] មានឈ្មោះដើម ឌុច រ៉េន និងមានអាយុ ៦៩ឆ្នាំ (គិតក្នុងឆ្នាំ២០០៦)។ រ៉េម​ មានឪពុកឈ្មោះ ឌុច ដែលមានស្រុកកំណើត និងរស់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ រ៉េម បានរៀបការជាមួយប្តីឈ្មោះ ម៉ាំ ហឹប ហៅ ហឿន។ នៅឆ្នាំ១៩៧២ យោធាខ្មែរក្រហមបានកៀរប្រជាជន រួមទាំងគ្រួសាររ៉េម ទៅរស់នៅក្នុងព្រៃមួយនៅឯដំណាក់សាលា។ រ៉េម បានប្រមូលអង្ករ និងធ្វើដំណើរតាមរទេះទាំងគ្រួសារទៅដំណាក់សាលា។ នៅទីនោះ យោធាខ្មែរក្រហមបានចាត់តាំងប្តីរ៉េម ឲ្យធ្វើជាប្រធានក្រុម និងដឹកនាំប្រជាជនចំនួន១០គ្រួសារ ធ្វើស្រែចម្ការប្រវាស់ដៃ និងចែកផលទៅតាមផ្ទះ។ នៅឆ្នាំ១៩៧៣ នៅដំណាក់សាលា មានការទម្លាក់គ្រាប់ ចំណែកប្រជាជនម្នាក់នៅដំណាក់សាលា ឈ្មោះ តាឆាងដែលរត់ចូលលេណដ្ឋានមិនទាន់ ត្រូវបានស្លាប់នឹងកន្លែង។ នៅដើមឆ្នាំ១៩៧៥ រ៉េម បានត្រលប់មកនៅភូមិកំណើតវិញ។

នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចជាផ្លូវការ គណៈស្រុក ឈ្មោះ តាអ៊ុយ និងគណៈឃុំ ឈ្មោះ តាខិ បានប្រជុំ និងបង្រៀនរ៉េម និងប្តីរ៉េម អំពីការងារនៅសហករណ៍។ សហករណ៍ មិនអនុញ្ញាតឲ្យមានសាសនា ឬព្រះសង្ឃនោះទេ ចំណែក វត្តអារាម និងវិហារ ត្រូវធ្វើជាមន្ទីរពេទ្យ។ គណៈស្រុកបានចាត់តាំងប្តីរ៉េមឲ្យធ្វើជាកម្មាភិបាលនៅសហករណ៍កំពង់ឆ្នាំង ដែលមានតួនាទីដឹកនាំប្រជាជនពី១០០ទៅ១៥០គ្រួសារ ធ្វើស្រែចម្ការ, ជីកប្រឡាយ និងធ្វើពលកម្ម។ ក្នុងមួយថ្ងៃ ប្រជាជនត្រូវដកសំណាបឲ្យបានប្រាំដំប ឬម្ភៃកណ្ដាប់។  ប្រជាជនត្រូវធ្វើការពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបអាចសម្រាកហូបបាយ និងត្រូវបន្តធ្វើការពីម៉ោង១កន្លះថ្ងៃរហូតដល់ម៉ោង៥ល្ងាច ទើបសម្រាកហូបបាយម្តងទៀត។ ប្រជាជនទាំងអស់ ទាំងប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ត្រូវហូបបាយរួម នៅក្រោមរោងបាយដ៏ធំមួយ។ ចំណែក រ៉េម ធ្វើជាប្រធានចុងភៅ ដោយធ្វើម្ហូបអាហារឲ្យប្រជាជននៅក្នុងសហករណ៍ និងបើកអង្ករឲ្យប្រជាជនយកទៅហូប មុនពេលទៅធ្វើស្រែនៅទីតាំងដែលឆ្ងាយពីរោងបាយ។ រ៉េម តែងតែទទួលបញ្ជាពីប្តី និងថ្នាក់លើ ឲ្យទៅនាំប្រជាជនមកពីសហករណ៍ស្រកីដូង, អំពិលប្រាំដើម និងមក្លឿ មករស់នៅសហករណ៍របស់ខ្លួន។ រ៉េម និយាយថា ប្រជាជនចំនួន១០គ្រួសារដែលគាត់នាំមក ភាគច្រើនគឺមានជំងឺ និងអត់អាហារពីមុនមក។ រ៉េម ថាប្តីគាត់ ជាមនុស្សស្លូតបូត និងតែងអាណិតអាសូរប្រជាជនដែលអត់ឃ្លាន។ រ៉េម ចងចាំថា នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ ប្រជាជនប្រឈមនឹងការអត់ឃ្លានជាខ្លាំង។ នៅឆ្នាំ១៩៧៦ ឪពុកម្ដាយរបស់ប្តីរ៉េម បានស្លាប់ ដោយសារជំងឺ និងការហូបចុកមិនគ្រប់គ្រាន់។

នៅឆ្នាំ១៩៧៧ កម្មាភិបាលមកពីភូមិភាគនិរតី បានចូលមកគ្រប់គ្រងនៅសហករណ៍របស់រ៉េម។ នៅពេលនោះ កម្មាភិបាលភូមិភាគនិរតីបានកំណត់ឲ្យ រ៉េម ដួសបបរ ជួនកាលបាយឲ្យប្រជាជនក្នុងម្នាក់មួយកា និងក្នុងមួយតុ មានអន្លក់, សម្លម្ជូរ ឬទឹកគ្រឿង សម្រាប់មនុស្សដប់នាក់ ដោយគ្មានការថែមនោះទេ និងមិនអនុញ្ញាតឲ្យយកបាយឬបបរត្រលប់ទៅផ្ទះវិញនោះទេ។ កម្មាភិបាលភូមិភាគនិរតីម្នាក់ និយាយថា៖ “មិត្តឯងបើកឲ្យគេសន្សំសំចៃ។” រ៉េម និយាយថា គាត់ដឹងតែចំនួន១៥០គ្រួសារ ប៉ុន្តែមិនដឹងថាមានចំនួនប្រជាជនប៉ុន្មាននាក់នោះ ដូច្នេះការរៀបចំ និងហូបចុក គឺមានការខ្វះខាត។ រ៉េម ឃើញដូច្នេះ ក៏លួចចែកដំឡូងឲ្យសមាជិករោងបាយហូប។ ប្រជាជនជាច្រើនបានស្លាប់ដោយសារអត់អាហារ។ ក្រោយមក ប្តីរ៉េម បានធ្លាក់ខ្លួនឈឺ ដូច្នេះកម្មាភិបាលភូមិភាគនិរតីអនុញ្ញាតឲ្យរ៉េមយកអង្ករមួយតៅទុកសម្រាប់ហូប។ នៅពេលនោះកូនចិញ្ចឹមរបស់រ៉េម បានមកលេងគាត់ ហើយរ៉េមបាននិយាយថា៖ “កូនមកផ្ទះមិនហ៊ានឲ្យកូននៅទេ។ ខ្លាចគេមកកសាងថា មិត្តឯងចេះចុះ ថាមិត្តឯងមិនលះបង់ដាច់ខាត។” រ៉េម ក៏បានលួចច្រកអង្ករខ្លះឲ្យកូនចិញ្ចឹម និងឲ្យយកត្រលប់ទៅធ្វើការនៅកងកុមារ។ ក្រៅពីធ្វើការ កូនគាត់រៀនអក្សរ និងសរសេរដោយប្រើធ្យូងជាមួយគ្រូបង្រៀនស្រីម្នាក់។

នៅឆ្នាំ១៩៧៨ ក្រោយពីមានការចាប់ខ្លួនគណៈស្រុក, គណៈឃុំ, ប្រធានសហករណ៍, កម្មាភិបាលឈ្មោះ ចូយ, ឈិន, អៀម, និង ហួរ, រ៉េម បានទទួលដំណឹងថាខ្មែរក្រហមនឹងចាប់ខ្លួនប្តីគាត់។ នៅថ្ងៃនោះ រ៉េម មិនបានទៅធ្វើការ និងរង់ចាំផ្លូវប្តីដែលចេញទៅដឹកសសរឈើជាមួយប្រជាជននៅក្នុងព្រៃ។ នៅម៉ោង៥ល្ងាច ប្តីគាត់បានត្រលប់មកពីធ្វើការវិញ។ នៅពេលនោះ គ្រូបង្រៀន បានមកហៅរ៉េម និងប្តីគាត់ឲ្យទៅហូបបាយជាមួយកម្មាភិបាលខ្មែរក្រហមផ្សេងទៀត។ បន្ទាប់ពីប្តីរ៉េម ហូបបាយបានប៉ុន្មានម៉ាត់រួច ខ្មែរក្រហមក៏ហៅប្តីគាត់ឡើងរថយន្ត។ ចំណែក រ៉េម ត្រូវបានខ្មែរក្រហមឃាត់មិនឲ្យទៅតាមប្តី។ ប្តីគាត់និយាយថា៖ “មិត្តឯងយំអី! បើមិត្តឯងយំ មិនអាចធ្វើបដិវត្តន៍សង្គមនិយមបានទេ!” និងផ្ដាំថា៖ “បើគេយកមិត្តឯងទៅ ទុកកូននៅនេះហើយ កុំយកទៅផ្ញើនឹងមីងអី។” រ៉េម បានត្រលប់មកផ្ទះនិងយំអាណិតប្តីដែលខ្មែរក្រហមចាប់ខ្លួនទៅ។ រ៉េម បានប្រាប់នីរសាររបស់ប្តីគាត់ ឈ្មោះ ឌុយ[3] ឲ្យទៅមើលថាខ្មែរក្រហមមានចងប្តីគាត់ឬទេ។ ឌុយ ថាមិនឃើញប្តីគាត់នោះទេ។ ចំណែកប្អូនប្រុសតែម្នាក់គត់របស់ប្តីគាត់ ឈ្មោះ ម៉ាំ ហ៊ុន ត្រូវបានឪពុកមារបស់រ៉េម[4] បញ្ជូនទៅក្រុមនេសាទ និងមិនឃើញត្រលប់មកវិញនោះទេ។

បីខែកន្លងផុតទៅ នៅពេលប្រជុំ កម្មាភិបាលភូមិភាគនិរតីចោទរ៉េមថាមេម៉ាយ និងត្រូវយកទៅដាក់នៅទំនប់កុមារ។ រ៉េម បានបដិសេធ និងនៅស្ងៀម។ រ៉េម គិតក្នុងចិត្តថា៖ “អ្នកឯងយកប្តីខ្ញុំទៅណា បានថាខ្ញុំមេម៉ាយ ម៉េចក៏មិនឲ្យខ្ញុំដឹងផង?” រ៉េម នៅតែរង់ចាំដំណឹងរបស់ប្តី ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់កន្លះឆ្នាំកន្លងផុតទៅ ប៉ុន្តែនៅតែគ្មានដំណឹង។ ខ្មែរក្រហមប្រាប់ថា៖ “អ្នកឯងមិនបាច់ចាំមើលផ្លូវទេ គាត់ស្លាប់ហើយ។” សមាជិកនៅរោងបាយ បានជំរុញឲ្យរ៉េមទៅធ្វើការនៅរោងកុមារ ប៉ុន្តែគាត់បដិសេធ និងបន្ដធ្វើការនៅរោងបាយសហករណ៍រហូតដល់របបខ្មែរក្រហមដួលរលំ ដោយធ្វើការនៅរោងបាយអស់រយៈជាងបីឆ្នាំ។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកប្រទេសកម្ពុជា។ រ៉េមនិងកូនបានធ្វើដំណើរតាមរទេះគោ ត្រលប់ទៅរស់នៅភូមិកំណើតវិញ ប៉ុន្តែជាអកុសល កូនរបស់គាត់ត្រូវរបួសដោយសារមីន។ រ៉េម រំឭកថា ប្តីរបស់គាត់មិនដែលសម្លាប់មនុស្សនោះទេ និងតែងតែដឹកនាំប្រជាជនទៅកាប់ឈើ, រែកអំបិលប្រហុក និងថ្នាំសង្កូវមកចែកប្រជាជន នៅពេលត្រលប់ពីធ្វើការនៅប៉ៃលិន។ នៅសហករណ៍ ប្តីរបស់រ៉េម គឺជាបុគ្គលចុងក្រោយបង្អស់ដែលខ្មែរក្រហមចាប់ខ្លួនទៅ៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ K០០៣៣៨. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ម៉ាំ ហឹប ហៅ ហឿន. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ BBI០០១៧. (២០០៦). សម្ភាសជាមួយឈ្មោះ ឌិត រ៉េម ដោយ រី វណ្ណៈ និង សុខ វណ្ណៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[3] តាមរយៈការសម្ភាសជាមួយ រ៉េម បានឲ្យដឹងថា ឌុយ ត្រូវបានស្លាប់នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។

[4] ឪពុកមារបស់រ៉េម មានតួនាទីនៅជួរកម្មាភិបាលខ្មែរក្រហម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin