ឆែម គិះ ៖ ខ្ញុំតែងតែសំងំលួចយំនឹកដល់ឪពុកម្ដាយ នៅក្នុងជំនាន់ខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឆែម គិះ[1] ភេទ​ស្រី​ អាយុ៦០​ឆ្នាំ មាន​ទី​កន្លែង​កំណើត​​នៅ​ក្នុង​ភូមិ​រំ​ដេង ឃុំ​ខ្នារពោធិ៍​ ស្រុក​សូទ្រ​និគមខេត្ត​សៀម​រាប​។ គិះ​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។

គិះ​ បាន​​រំឭកពី​ប្រវត្តិការ​​តស៊ូ​របស់​ខ្លួន​កា​ល​ពី​សម័យ​ខ្មែរ​ក្រហម​​ថា៖​ “កាល​ពី​កុមារ​ភាព​ ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​ ដោយ​សារ​ជីវភាព​​គ្រួសារ​​ជួប​ការ​លំបាក​។ សម័យ​នោះ​ គ្រួសារ​ខ្ញុំ​ក្រី​ក្រ​ណាស់​រកអាហារ​​ហូប​ចម្អែត​ក្រពះ ​បានត្រឹម​​តែ​មួយ​ពេលៗ​តែ​ប៉ុណ្ណោះ​។​ ខ្ញុំ​មាន​បង​ប្អូនបង្កើត​​ចំនួន​ប្រាំ​នាក់ ហើយ​ខ្ញុំ​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ម្ដាយ​ ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​ចិញ្ចឹម​កូន​ទាំង​ប្រាំ​នាក់​។​

ក្នុង​​ជំនាន់​ខ្មែរ​ក្រហម​ គ្រួសារ​របស់​ខ្ញុំ​ត្រូវ​បាន​បែក​បាក់​​គ្នា ដោ​យ​ឪពុក​ម្ដាយ​ខ្ញុំត្រូវ​បាន​បញ្ជូន​ទៅ​​ធ្វើ​ការ​នៅ​តាម​កង​ចល័ត​ ចំណែក​ឯ​បងៗ​របស់ខ្ញុំត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ៗ​ឆ្ងាយ​ពី​ខ្ញុំ​។​ រី​ឯ​​ខ្ញុំ​ ត្រូវ​បាន​​យក​ទៅ​ដាក់​នៅ​ក្នុង​កង​កុមារ​ជា​មួយ​ក្មេងៗ​ដទៃ​ទៀត​ ដែល​ត្រូវ​បាន​បំបែក​ចេញ​ពី​ឪពុក​ម្ដាយ​ដែរ។ កាល​ណោះ ​ខ្ញុំ​ទើប​តែ​មាន​អាយុ​១០​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ពេល​ដែល​​រស់​នៅ​ក្នុង​កង​កុមារ ​ខ្ញុំ​តែង​តែសំងំលួច​​​យំ​នឹក​ដល់​ឪពុក​ម្ដាយ​​។ ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​នៅ​ក្នុង​កង​កុមារ​មានដូច​ជា​ ​កាប់​ទន្ទ្រានខែត្រ,​ ដើរ​រើស​អាចម៌​គោយក​ទៅ​ធ្វើ​ជី​ សម្រាប់​ដាក់​ដំណាំ​ស្រូវ និង​បន្លែ​​។ កាល​ណោះ​ បង​ជី​ដូន​មួយ​ខ្ញុំ​ មានតួ​នាទី​​ជា​ប្រធាន​កង​កុមារ​ ប៉ុន្តែ​គាត់​កាច​ណាស់។ ពេល​​ខ្ញុំ​សុំ​​ទៅ​លេង​ផ្ទះ​ម្ដងៗ គាត់​​តែង​តែ​ស្ដី​ឲ្យ​ខ្ញុំ​ប្រាប់​​មិន​ឲ្យ​នៅ​យូរ​ប៉ះ​ពាល់​ដល់​ការ​ងារ​នោះ​ទេ​។​ ចំ​ពោះ​ការ​ហូប​ចុក​នៅ​ជំនាន់​នោះ ​ខ្ញុំ​ហូប​មិន​គ្រប់​គ្រាន់​​បាន​តែ​បបរ​មួយ​កូន​ចាន​ សុទ្ធ​តែ​ទឹក​មិន​មាន​គ្រាប់​អង្ករដូច​បបរ​ធម្មតា​​ឡើយ​​។ កុមារ​ទាំង​អស់​ទទួល​បាន​របប​អាហារ​ដូចៗ​គ្នា​។ ទោះ​បី​ជា​ហូប​មិន​ឆ្អែត ​ក៏​មិនមាននរណា​ហ៊ាន​សុំ​បង​ជីដូន​មួយ​ខ្ញុំ​ថែម​ដែរ​។ កាល​ណោះ ​កុមារ​ទាំង​អស់​ត្រូវ​បាន​​ដាក់​ឲ្យ​ដេក​ជា​មួយ​គ្នា ​ទាំង​ស្រី​ទាំង​ប្រុស​មិន​មាន​ការ​បំបែក​ទេ​​។

បន្ទាប់​ពី​ធ្វើ​ការ​នៅ​ក្នុង​កង​កុមារ​បាន​មួយ​រយៈ​ ​ខ្ញុំ​រួម​ទាំង​កុមារ​ដទៃ​ទៀត ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ជីក​ទំនប់​ និងលើក​ប្រឡាយ​នៅ​ស្រែ​ពោធិ៍​។ កាល​ណោះ​ អង្គ​ការ​បែង​ចែកកម្លាំង​កុមារ​​ជា​ក្រុម​ៗ ដោយ​​ក្នុង​មួយ​ក្រុម​មាន​គ្នា​ចំនួន​១០​នាក់។​ ការ​ងារ​ប្រចាំ​ថ្ងៃ​ក្នុង​ក្រុម​កុមារ​នីមួយៗ​ គឺ​ត្រូវ​លើក​ទំនប់​ឲ្យ​បាន​ប្រវែង​៥ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​។​ ដោយសារស្ថិត​ក្នុង​ភាព​វ័យ​ក្មេង ​កុមារនា​ពេល​នោះ ​ជួប​ការ​លំបាក​ជា​ខ្លាំង​ ​ព្រោះ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​។ កុមារ​ខ្លះ​ដើរ​លើក​ដី​ផង​ដួល​ផង ​ព្រោះ​មាន​ភក់​ច្រើន​ ​ ឯ​អ្នក​ខ្លះ​ទៀត​ក៏​អស់​កម្លាំង​ដួល​សន្លប់អំកំឡុង​​ពេល​ធ្វើ​ការ​ក៏​មាន​។​ ក្រៅ​ពី​លើក​ទំ​នប់​ជីក​ប្រឡាយ​​ ខ្ញុំ​រួម​ទាំង​កុមារ​ទាំង​អស់ ​​ត្រូវ​ទៅ​ធ្វើ​ស្រែ​ប្រមូល​ផល,​ ដក​ស្ទូង​ និង​ច្រូត​កាត់​ ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ដែរ។​ ខ្ញុំ​រស់​នៅ​ធ្វើ​ការ​​ក្នុង​​សហករណ៍​មូល​ដ្ឋាន​រហូត​ដល់​ឆ្នាំ​១៩៧៩​ ទើប​មាន​ការ​រំសាយ​សហករណ៍​ចោល​។​

បន្ទាប់​ពី​មាន​ការ​រំសាយ​សហករណ៍​ ខ្ញុំ​ក៏​បាន​ត្រលប់​ទៅ​​ជួប​ជុំ​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​វិញ​។​ ​អំឡុង​ពេល​នោះ​ ខ្ញុំ​ និង​គ្រួសារ​បាន​ចាប់​ផ្ដើម​រៀប​ចំ​ផ្ទះ​សម្បែង​ និង​ដី​ធ្លី​ ​ដើម្បី​ត្រៀម​សម្រាប់​ការ​ចាប់​ផ្ដើម​ជីវិតរស់​នៅ​​ជា​ថ្មី​។​ ជីវិត​​រស់​នៅ​ផ្ទះ​ក្នុង​ភូមិ​រំដេង​ពេល​នោះ ​ក៏​គ្មាន​ក្ដី​សុខ​ដែរ​ ពី​ព្រោះ​មាន​កង​ទ័ព​វៀត​ណាម​នៅ​យាម​ត្រៀប​ត្រា​ ហើយប្រជាជន​មិន​សូវ​ហ៊ាន​ធ្វើ​អ្វី​ពេញ​ដៃ​ពេញជើង​នោះ​ទេ​។​ ជាក់​ស្ដែង​ ដូច​ជា​ការ​ធ្វើ​ស្រែ​ចម្ការ​ ប្រជាជន​មិន​អាចចេញ​ទៅ​​ធ្វើ​បាន​ស្រួល​ដូច​សម័យ​សង្គម​រាស្រ្ត​និយម​នោះ​ទេ​។​ ចំណែក​ឯ​ ប្រជាជន​រស់​នៅ​ក្នុង​ភូមិ ​ក៏​មិន​អាច​ទំនាក់​ទំនង​ជា​មួយកូន​ៗ​ ឬ​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​បាន​ចូល​ខាង​ខ្មែរ​ក្រហម​ពេញ​មុខ​នោះ​ដែរ​។​ ការ​ទំនាក់​ទំនង​គ្នា​ពេល​នោះ​ គឺ​មាន​ការ​លំបាក​ណាស់​។​ កាល​ណោះ​ សូម្បី​តែ​បង​ប្រុស​បង្កើត​របស់​ខ្ញុំ ​ដែល​បាន​ចូល​ទៅ​ខាង​ខ្មែរ​ក្រហម​ ក៏​គ្រួសារ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ពី​គាត់​នោះ​ដែរ​។​ ក្រោយ​មក​ទៀត​ ​គ្រួសារ​ខ្ញុំ​បាន​ដឹង​ថា ​បង​ប្រុស​ខ្ញុំ​នៅ​មាន​ជីវិត​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​។​

រហូត​ដល់​​ឆ្នាំ​១៩៩១ បង​ប្រុស​របស់ខ្ញុំ​ ​ដែល​បាន​​រស់​នៅ​អន្លង់​វែង​ បាន​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​។​ បន្ទាប់​ពី​បង​របស់​ខ្ញុំ​បាន​បាន​មក​ដល់​ផ្ទះ​ ក្រុម​គ្រួសារ​ខ្ញុំ​ពិត​ជា​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ក្នុង​ការ​ជួប​ជុំ​គ្នា​វិញ​។​ អំឡុង​ពេល​នោះ​ យើង​ក៏​បាន​និយាយ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ឲ្យ​បាន​ដឹង​ពី​ស្ថាន​ការណ៍​។​​ បន្ទាប់ពី​មក​ដល់​​មិន​បាន​យូរ​ប៉ុន្មាន បងប្រុសខ្ញុំ​ក៏​ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំណើត​វិញ​។​ ពេល​នោះ​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​តាម​បង​ប្រុស​របស់​ខ្ញុំ​ទៅ​កាន់​ស្រុក​អន្លង់​វែង​។ ការ​ធ្វើ​ដំណើរ​នាពេល​នោះ ​គឺ​ដើរ​ដោយ​ថ្មើរ​ជើង។​ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ ខ្ញុំ​ឃើញ​មាន​ដើម​ឈើ​ធំៗ​ណាស់។​ នៅ​ពេល​ធ្វើ​ដំណើរ​ហត់ ​យើង​តែង​តែ​នាំ​គ្នា​ឈប់​សម្រាក​នៅ​ម្លប់​ឈើ​ធំៗ​ទាំង​អស់​នោះ​។​ បន្ទាប់ពីការ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ពីរ​យប់​ពីរ​ថ្ងៃ យើងបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ​ដង​រែក​។​ បង​ខ្ញុំ​ ក៏​បាន​យក​ខ្ញុំ​ទៅ​រស់​នៅ​ក្នុង​ជំរំ​ភូណយ​ នៃ​ទឹក​ដីប្រទេស​​ថៃ​។​ នៅ​ទី​នោះ​ ខ្ញុំ​អាច​ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ និង​ដក​ដើម​ដំឡូង​ឲ្យ​ប្រជាជន​ថៃ​ យក​ប្រាក់​កម្រៃ​បាន​។​ ខ្ញុំ​រស់​នៅ​ក្នុង​ជំរំ​ បាន​មួយ​រយៈ​ពេល​ តាម៉ុក​ ក៏​បាន​រៀប​ចំ​ឲ្យ​ប្រជាជន​ចាក​ចេញ​ពី​ប្រទេស​ថៃ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​។​ កាល​ណោះ​ បង​របស់​ខ្ញុំ ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ។​ ខ្ញុំ​ក៏​បាន​ចូល​មក​រស់​នៅ​ទី​នេះ​ជា​មួយគាត់ដែរ​។​ ក្រោយ​មក​ទៀត​ ខ្ញុំ​ក៏​បានរៀប​ការ។​ ​ប្រធាន​ភូមិ​បាន​ចែក​ដី​មួយ​កន្លែង​សម្រាប់​សាង​សង់​ផ្ទះ​រស់​នៅ​ជា​មួយ​ប្ដី​។​ ចាប់​ពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​បាន​បែក​ចេញ​ពី​បង​របស់​ខ្ញុំ​មក​ធ្វើ​ផ្ទះ​ថ្មី​ និង​ខិត​ខំ​បង្ក​បង្កើន​ផល​​ស្រែ​ចម្ការ​ទុក​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន​ សម្ភាសន៍ជាមួយ ឆែម គិះ នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin