ទូច ខេង៖ នីរសារស្រុកបាទី

ទូច ខេង[1] ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិគោកដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ ខេង រស់នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ខេង បាននិយាយរៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងកាត់នៅក្នុងជំនាន់ខ្មែរក្រហមថា៖ “កាលនៅកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី១២ ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាតខ្លាំង ហើយខ្ញុំថែមទាំងជាក្មេងកំព្រា ទើបមិនអាចរៀនបានខ្ពង់ខ្ពស់ដូចក្មេងដទៃ។ ឪពុកម្ដាយខ្ញុំបានស្លាប់តាំងពីខ្ញុំនៅកុមារភាពមកម្ល៉េះ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំជាកូនទី៤ នៅក្នុងគ្រួសារ។ ដោយសារតែភាពកំព្រានេះហើយ ទើបខ្ញុំត្រូវរ៉ាប់រងធ្វើការងារជាច្រើន ដើម្បីរកប្រាក់កម្រៃមកផ្គត់ផ្គង់ការហូបចុកនៅក្នុងគ្រួសារ។
នៅក្នុងឆ្នាំ១៩៧២ ខ្ញុំបានចាកចេញពីភូមិ ដើម្បីបម្រើការជានីរសាររត់សំបុត្រនៅឃុំត្រពាំងក្រសាំង ក្នុងស្រុកបាទី។ ការងារប្រចាំថ្ងៃរបស់ខ្ញុំនៅពេលនោះ គឺត្រូវយកសំបុត្រទៅជូនប្រធានភូមិទាំងអស់ ដែលស្ថិតនៅក្នុងឃុំត្រពាំងក្រសាំង។ មេឃុំខ្ញុំឈ្មោះ ផេង គឺជាអ្នកនៅមើលការខុសត្រូវក្នុងឃុំទាំងមូល។ កាលណោះ ក្រុមនីរសាររត់សំបុត្រឃុំ មានសមាជិកទាំងអស់ចំនួន៣នាក់ ដែលសុទ្ធតែជាស្រី។ ការងាររត់សំបុត្រនេះ គ្មានពេលឈប់សម្រាកពិតប្រាកដឡើយ។ នៅពេលមានសំបុត្រមកដល់ យើងត្រូវតែធ្វើកិច្ចការនោះភ្លាម មិនថាជាពេលយប់ឬក៏ថ្ងៃ។ ក្រុមខ្ញុំទាំងបីនាក់ ត្រូវតែយកសំបុត្រទៅជូនប្រធានភូមិទាំងអស់ឲ្យទាន់ពេលវេលា។ ការធ្វើបែបនេះ គឺជៀសវាងការខកខានឬយឺតយ៉ាវផ្នែកព័ត៌មាន ដែលមាននៅក្នុងសំបុត្រ ឬក៏មានការហៅប្រជុំអ្វីមួយ ដែលមេភូមិត្រូវតែទទួលដំណឹងឲ្យបានទាន់ពេលវេលា។
ខ្ញុំបានបម្រើការជានីរសារឃុំអស់រយៈពេល២ឆ្នាំ។ ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរទៅធ្វើនីរសារស្រុកវិញ។ នៅជំនាន់នោះ តាភឿង គឺជាចៅហ្វាយស្រុកបាទី។ នៅពេលដែលខ្ញុំប្ដូរមករត់សំបុត្រនៅស្រុក ខ្ញុំមានកង់សម្រាប់ធ្វើដំណើរ និងមានកាំភ្លើងមួយដើម ដើម្បីការពារខ្លួន។ ចំណែកឯការរត់សំបុត្រ ខ្ញុំត្រូវយកទៅប្រគល់ឲ្យតាមឃុំវិញ។ សំបុត្រភាគច្រើនត្រូវបែងចែកនៅពេលយប់។ ក្រុមនីរសាររត់សំបុត្រក៏បានបែងចែកគ្នាតាមទីតាំងឃុំ ដើម្បីធ្វើការ។ បើយើងធ្វើដំណើរទាំងអស់ៗគ្នាទៅគ្រប់ឃុំ សំបុត្រអាចនឹងមិនទាន់ពេល។ នីរសារទាំងអស់ ត្រូវយកសំបុត្រទៅជូនមេឃុំឲ្យដល់ផ្ទះទាំងយប់។ ប្រសិនបើមានមេឃុំណាមួយ មិនទទួលបានសំបុត្រ សាលាស្រុកនឹងបើកការប្រជុំ ដើម្បីណែនាំអំពីបញ្ហាដែលបង្កឲ្យមានការរាំងស្ទះ។ ខ្ញុំបានធ្វើការជានីរសារស្រុករហូតដល់ឆ្នាំ១៩៧៥។
បន្ទាប់ពីមានការជ្រើសរើសនារីៗ និងយុវជន ទៅខេត្តមណ្ឌលគិរី ខ្ញុំក៏ត្រូវបានបញ្ចូលក្នុងអង្គភាព៩២០ដែរ។ ការធ្វើដំណើរទៅខេត្តមណ្ឌលគិរី មានការលំបាកខ្លាំង។ នៅជំនាន់នោះ មិនទាន់មានផ្លូវធ្វើដំណើរស្រួលបួលនោះទេ។ កម្លាំងកងទ័ព រួមទាំងប្រជាជន បាននាំគ្នាយកឈើមកដាក់តម្រៀបនៅតាមផ្លូវដែលខូចៗ។ យើងធ្វើដំណើរម្ដងបន្តិចៗ អស់រយៈពេល៦ខែ ទម្រាំតែធ្វើផ្លូវទៅដល់ខេត្តមណ្ឌលគិរី។
នៅឯខេត្តមណ្ឌលគិរី យុវជន-យុវនារីទាំងអស់ ត្រូវបានប្រើឲ្យធ្វើស្រែ និងប្រមូលផល។ ជំនាន់នោះ ប្រជាជនទាំងអស់បានចងខ្សែកាបឆ្លងទន្លេស្រែពក ដើម្បីជញ្ជូនសំណាបទៅស្ទូង ព្រោះមិនទាន់មានស្ពានឆ្លងនៅឡើយទេ។ ថ្ងៃមួយ កម្លាំងដែលបានទៅជញ្ជូនសំណាបតាមខ្សែកាប ក៏បានធ្លាក់ក្នុងទន្លេហូរទៅតាមទឹកស្លាប់អស់ចំនួន៣នាក់។ អំឡុងពេលខ្ញុំរស់នៅក្នុងអង្គភាព៩២០ ខ្ញុំមិនដែលទទួលបានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ រហូតទាល់តែខ្ញុំត្រូវបញ្ជូនទៅជួយធ្វើការនៅកង១០៥ ទើបខ្ញុំទទួលបានការហូបចុកគ្រប់គ្រាន់។ ការបញ្ជូនកម្លាំងកងទ័ព រួមទាំងយុវជន-យុវនារីទៅកាន់ខេត្តមណ្ឌលគិរី គឺដោយសារតែតំបន់នោះសម្បូរបងប្អូនជនជាតិភាគតិច។ អង្គការមិនចង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយបានបង្កើតឲ្យមានការរៀបការរវាងជនជាតិខ្មែរជាមួយជនជាតិព្នង ឬក៏ជនជាតិឡាវជាមួយព្នងជាដើម។ នៅក្នុងអង្គភាព១០៥ ខ្ញុំមានតួនាទីនេសាទ ដែលត្រូវរកត្រីផ្គត់ផ្គង់កងទ័ពសមរភូមិមុខ និងប្រជាជននៅធ្វើការតាមសហករណ៍។
រហូតដល់ឆ្នាំ១៩៧៩ វៀតណាមក៏បានវាយចូលមកដល់ទន្លេស្រែពក។ ខ្ញុំរួមទាំងប្រជាជនជាច្រើននាក់ទៀត បានរត់ភៀសខ្លួនចូលទៅរស់នៅក្នុងព្រៃ ជាមួយជនជាតិភាគតិចមួយរយៈធំ។ ក្នុងពេលរស់នៅក្នុងព្រៃ ខ្ញុំបានជួបទុក្ខលំបាកជាច្រើន។ ខ្ញុំមិនដែលបានបាយហូបឡើយ។ ខ្ញុំហូបតែមើមក្ដួច មើមដំឡូង ដើម្បីបំពេញក្រពះ។ ក្នុងពេលនោះ ប្រជាជនទាំងអស់ចាត់ទុកមើមក្ដួច និងដំឡូងថាជាបាយ។
រហូតដល់ឆ្នាំ១៩៨១ ខ្ញុំក៏បានធ្វើដំណើរមកកាន់ភ្នំដងរែក។ នៅពេលមកដល់ភ្នំដងរែកហើយ ប្រជាជនមួយចំនួនមិនចេះហូបបាយទេ ពីព្រោះធ្លាប់ហូបក្ដួច ដំឡូងនៅក្នុងព្រៃ។ យើងក៏ចាប់ផ្តើមទម្លាប់ហូបបាយវិញ។
នៅក្នុងឆ្នាំ១៩៨២ ខ្ញុំក៏បានរៀបការជាមួយប្ដី ដែលជាកងទ័ព។ ក្រោយពីខ្ញុំមានគ្រួសារ ខ្ញុំក៏បន្តរស់នៅលើភ្នំដងរែករហូតដល់មានការផ្សះផ្សារួបរួមគ្នានៅអន្លង់វែងក្នុងឆ្នាំ១៩៩៨ ទើបខ្ញុំចុះមករស់នៅក្នុងភូមិអូរជីក រហូតដល់បច្ចុប្បន្ន៕”
អត្ថបទដោយ លី សុខឃាង
[1] សម្ភាសន៍ជាមួយ ទូច ខេង អតីតនីរសាស្រុកបាទី ក្នុងជំនាន់ខ្មែរក្រហម នៅភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្នាំ២០២៥។