ស្មា ឯល៖ ខ្ញុំនិង ឪពុកសំណាងហើយ ដែលពេលនោះអាយុមិនទាន់អស់

ស្មា ឯល[1] ភេទប្រុស អាយុ៥១ឆ្នាំ ក្នុងឆ្នាំ២០០៥។ ឯល ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧២ ខ្មែរក្រហម បានជម្លៀសគាត់ និង គ្រួសារឲ្យចាកចេញពីភូមិ ទៅនៅវាលស្រែ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ព លន់ នល់។ នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ ខ្មែរក្រហម បានឲ្យ ឯល និង គ្រួសារ ព្រមទាំងប្រជាជនជាច្រើននាក់ទៀត វិលត្រលប់មកភូមិវិញ។ បន្ទាប់មក ប្រជាជន រួមទាំង ឯល និងគ្រួសារ ត្រូវអង្គការប្រើឲ្យធ្វើការទៅតាមតួនាទី និងកម្លាំងរៀងខ្លួន។ នៅរដូវវស្សា អង្គការបានចាត់តាំងឲ្យ ឯល ដើរចល័ត, ភ្ជួរស្រែ, ស្ទូងដង និង ច្រូតស្រូវ។ រីឯនៅរដូវប្រាំងវិញ អង្គការបានចាត់តាំង ឯល ឲ្យទៅលើកប្រព័ន្ធភ្លឺស្រែ, ជីកប្រឡាយ និង ជីកព្រែក ដើម្បីស្តុកទឹក នៅពេលមានភ្លៀងធ្លាក់នៅរដូវវស្សា។ ឯល ត្រូវបានចាត់ទុកថាជាយុទ្ធជនដែលមានកម្លាំងពេញ និងត្រូវអង្គការចល័តឲ្យទៅធ្វើការងារគ្រប់ទីកន្លែង។ ក្រៅពីការងារទាំងអស់នេះ ឯល ត្រូវបានប្រើឲ្យទៅកាត់ផ្តាច់ស្ពាន និងផ្លូវជាតិលេខ១ជាកំណាត់ ទុកតែផ្លូវមួយចំហៀងបន្តិច ដើម្បីកុំឲ្យរថយន្ត ឬ រថក្រោះរបស់សត្រូវ ជាពិសេស គឺទាហាន វៀតណាម ឆ្លងកាត់នៅលើផ្លូវនេះបាន ។ ឯល ធ្វើការនៅក្នុងភូមិស្រុករបស់គាត់ ស្ទើរតែពេញមួយរបបខ្មែរក្រហម ប៉ុន្តែនៅអំឡុងពេលចុងក្រោយ នៃខែធ្នូ ឆ្នាំ១៩៧៨ គាត់ត្រូវបានជម្លៀសទៅកាន់ខេត្តបាត់ដំបង អស់រយៈពេល៤ខែ។
ឯល បានរៀបរាប់ថា៖ “នៅខែធ្នូ ឆ្នាំ១៩៧៨ ខ្មែរក្រហម បានជម្លៀសប្រជាជនជនជាតិខ្មែរអ៊ីស្លាមចំនួន៣០គ្រួសារ រួមទាំងគ្រួសារខ្ញុំដែរ ឲ្យទៅខេត្តបាត់ដំបង តាមរយៈការដើរផង ការជិះកប៉ាល់ផង និង ការជិះរថភ្លើងផង។ នៅពេលទៅដល់ខេត្តបាត់ដំបង រថភ្លើងបានឈប់នៅត្រឹមព្រៃស្វាយ។ អង្គការបានចាប់ផ្តើមបំបែកគ្រួសារជនជាតិចាមឲ្យទៅរស់នៅដាច់ដោយឡែកពីគ្នា។ គ្រួសារខ្ញុំ ត្រូវខ្មែរក្រហម ជម្លៀសដោយថ្មើរជើងបន្តទៀត អស់រយៈពេល៥ថ្ងៃ ទើបទៅដល់ស្រុកមោង ដែលជាសហករណ៍ស្នំ ភ្នំប្រាសាក់។ ខ្ញុំបានទៅស្នាក់នៅក្នុងផ្ទះជនជាតិចាម ព្រោះខ្ញុំបានឃើញសៀវភៅ កូរ៉ូអាន ប៉ុន្តែមិនបានឃើញមនុស្សទេ ឃើញតែ ពូក និង ខ្នើយ ព្រោះត្រូវទឹកលិច។ ពេលខ្ញុំទៅដល់ដំបូង ខ្ញុំត្រេកអរដែរ ព្រោះឃើញរបស់ហូបច្រើន ហើយគិតថាសំណាងហើយ ប៉ុន្តែចុងក្រោយ គឺមិនបានហូបទេ។ ខ្មែរក្រហម ចាប់ផ្តើមប្រើខ្ញុំឲ្យទៅច្រូតស្រូវ ជាមួយមនុស្សចំនួន១៥នាក់ រួមទាំងខ្ញុំ ដោយស្រូវ១ហិកតា ត្រូវតែច្រូតឲ្យរួចរាល់ក្នុងរយៈពេល១ថ្ងៃ ហើយត្រូវបន្តមកបោកស្រូវនៅពេលយប់ឲ្យអស់ទៀត ដោយពុំមានប្រើគោ ឬក្របីឲ្យបញ្ជាន់ទេ គឺប្រើកម្លាំងមនុស្សសុទ្ធសាធ។
លុះដល់ពេលសម្រាក មានខ្មែរក្រហមចំនួន២នាក់ បានមកសាកចិត្តឪពុកខ្ញុំទាំងកណ្តាលអធ្រាត។ ឪពុកខ្ញុំ ជាអ្នកយាមឲ្យខ្មែរក្រហម។ ខ្មែរក្រហម ចង់ពិសោធន៍ឪពុកខ្ញុំ ព្រោះខ្មែរក្រហម មិនទុកចិត្តឪពុកខ្ញុំ។ កាលនោះខ្មែរក្រហម ស្លៀកពាក់របៀបដូចជា ទាហានវៀតណាម ឬ កងទ័ពសម្តេច ហ៊ុន សែន ស្ពាយទៃពណ៌ស ។ ឪពុកខ្ញុំកំពុងសម្រាន្តនៅមាត់ទ្វារ។ ចំណែកខ្ញុំ នៅដេកខាងក្រោយ។ ពេលខ្មែរក្រហមមកដល់មាត់ទ្វារ ក៏បានសួរឪពុកខ្ញុំថា៖ “មានបាយហូបដែរឬទេ?” ឪពុកខ្ញុំឆ្លើយថា៖ “អត់មានបាយហូបទេ ខ្ញុំទៅហូបបាយនៅសហករណ៍បាយរួម។” បន្ទាប់មកខ្មែរក្រហម បានសួរពីនេះ សួរពីនោះទាក់ទងនឹងអង្គការ ថាស្រួល ឬពិបាក? ឪពុកខ្ញុំក៏និយាយលាក់បាំង ហើយក៏ចេះតែនិយាយថាអង្គការ ស្រួល អង្គការល្អ ព្រោះបើយើងឆ្លើយថាពិបាកគឺមានតែស្លាប់។ នៅពេលនោះបើសិនជាខ្មែរក្រហម មកសួរប៉ះចំខ្ញុំ ប្រហែលជាខ្ញុំ និងឪពុកត្រូវស្លាប់ហើយ ព្រោះខ្ញុំមិនចេះនិយាយទេ។ ខ្ញុំឃើញប្រជាជននៅខាងខេត្តព្រៃវែង ពេលខ្មែរក្រហមមកសួរបែបនេះដែរ ក៏ប្រាប់ខ្មែរក្រហមថា អង្គការពិបាកណាស់ ស្រាប់តែព្រឹកឡើង ខ្មែរក្រហមដឹកអ្នកទាំងនោះទាំងរទេះៗយកទៅសម្លាប់។ មានពេលមួយនោះ ពេលខ្ញុំដើរចល័តនៅក្នុងព្រៃ ខ្ញុំឃើញសាកសពដែលកប់នៅក្នុងដី ចេញជើងចេញដៃមកខាងក្រៅ ហើយត្រូវឆ្កែចចក ក្នុងព្រៃចាប់ទាញហែកស៊ីយ៉ាងសាហាវ។ ខ្ញុំនិងឪពុកសំណាងហើយ ដែលពេលនោះអាយុមិនទាន់អស់។
នៅចុងខែមករា ឆ្នាំ១៩៧៩ ពេលខ្ញុំចល័តទៅបោកស្រូវ នៅសហករណ៍អង្គ្រង ហើយនៅផ្សារមោង មានការបាញ់គ្នាយ៉ាងខ្លាំង។ ខ្មែរក្រហម បានប្រាប់ថា ខ្លួនលែងទទួលខុសត្រូវលើមិត្តទាំងអស់គ្នាហើយ ដូច្នេះមិត្ត ចង់ទៅខាងណាក៏ទៅចុះ។ ខ្ញុំក៏រត់មករកពុកម៉ែ នៅសហករណ៍ស្នំ។ ពេលខ្ញុំរត់ទៅ ខ្ញុំបានឃើញរថភ្លើងបើកចេញពីខេត្តបាត់ដំបងមកដឹកគ្រាប់យ៉ាងច្រើន ហើយរថភ្លើងនោះ ក៏ត្រូវផ្ទុះ ដោយសារតែការបាញ់ចំ ។ ខ្ញុំក៏រត់មកដល់កន្លែងឪពុកម្តាយខ្ញុំ និងប្អូនខ្ញុំ។ ប្អូនខ្ញុំត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ១៩៧៩។ នៅថ្ងៃបន្ទាប់ ខ្ញុំបានឃើញកន្ទុំរុយ (ឧទ្ធម្ភាគចក្រ)ចំនួន៩គ្រឿងហោះឡើងពីពោធិ៍សាត់មក។ នៅក្នុងចិត្តខ្ញុំគិតថា ជិតដល់ថ្ងៃរំដោះ ហើយជិតបានវិលត្រលប់ទៅផ្ទះវិញហើយ។ ស្រាប់តែ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៩ នៅវេលាម៉ោង ៦ព្រឹក ខ្ញុំ និងគ្រួសារ បានរត់ចេញពីភ្នំត្រជាក់ចិត្តមក បានជួបជាមួយកងទ័ពវៀតណាមនៅដំណាក់រន្ធ ហើយវៀតណាម បានឲ្យក្រុមគ្រួសារខ្ញុំ និងប្រជាជនទាំងអស់ វិលត្រលប់មកស្រុកកំណើតវិញ។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ D៤១៥០៤ តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ស្មា ឯល ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៥», ប្រតិចារឹកចំនួន៣៨ទំព័រ។ សម្ភាសដោយ សា ហ្វាទីលី។