តុប រី៖ ជីវិតតស៊ូរួចផុតពីការសម្លាប់របស់ខ្មែរក្រហម នៅគុកទួលស្លែង

រូបគូរដោយវិចិត្រករ ប៊ូ ម៉េង អតីតអ្នកទោសនៅមន្ទីរស-២១ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ តុប រី[1] ភេទប្រុស អាយុ៤៤ឆ្នាំ។ ឈ្មោះក្នុង​ប្រវត្តិរូបរបស់ខ្ញុំគឺ​ កូវ ប្រុស។ ខ្ញុំរស់នៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ផុន (ស្លាប់)​ និងម្ដាយឈ្មោះ យេន នៅមានជីវិត។ ​​​ ខ្ញុំមានប្រពន្ធឈ្មោះ ហ៊ីង ងា។ ខ្ញុំ និងប្រពន្ធបានរៀបការនៅឆ្នាំ១៩៨០។ សព្វថ្ងៃ ខ្ញុំមានកូនចំនួន៩នាក់ ក្នុងនោះ​ស្រីចំនួន៤នាក់និងប្រុសចំនួន៥នាក់។

នៅឆ្នាំ១៩៧២ ខ្ញុំត្រូវបែកចេញពីឪពុកម្ដាយ ទៅធ្វើកំណែន​តស៊ូជាមួយអាមេរិក ដែលចូលមកឈ្លានពានទឹកដី ​ជាមួយប្រជាជនខ្មែរ​ ដើម្បីទាមទារឯករាជ្យមកវិញ។​ កាលនោះ ប្រធានភូមិ មេឃុំ ​ជាអ្នកមានអំណាច បានប្រកាសជ្រើសរើស​​អ្នកស្ម័គ្រចិត្តចូលបម្រើជួរកងទ័ព។ ទោះបីជាខ្លួនមិនពេញចិត្ត ក៏ខ្ញុំ​ត្រូវទៅចូលរួមដែរ។ ​ពេលនោះ ខ្ញុំទើបតែមានអាយុ១៧ឆ្នាំ។

នៅឆ្នាំ១៩៧៤ ​ ខ្ញុំបានទៅ​ធ្វើការក្នុងកងកុមារ នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ប្រធានកងនៅពេលនោះមានឈ្មោះ ណុប។​ ​នៅក្នុងកងកុមារ មានកុមារចំនួន៥០នាក់។ ការងាររបស់កុមារ​ គឺ​ដាំដំណាំ និងដាំដំឡូងឈើ (ដំឡូងមី)។ ​ក្រុមកុមារទាំងនោះ មានចម្រុះ​ មកពីឃុំក្រាំងលាវ ត្រពាំងសាប និងកុមារាជា។ កម្មាភិបាលខ្មែរក្រហម បាន​ប្រមូលផ្ដុំកុមារ​ ដោយជ្រើសរើសកុមារធំៗ ជាអ្នកនាំមុខគេ។ ខ្ញុំ និងកុមារជាច្រើនទៀត នឿយហត់ណាស់។ ការហូបចុក មិនសូវជាខ្វះខាតទេ។ រយៈពេលកន្លះខែ ទើបខ្ញុំអាចសុំ ប្រធានកងទៅលេងផ្ទះបានមួយយប់។ ​ ​បន្ទាប់មក ​កម្មាភិបាលខ្មែរក្រហម ជ្រើសរើសយុវជនធំៗ ឲ្យរែកបាយ​ដាក់តាមសមរភូមិ​ ដើម្បី​បន្សុំាខ្លួនជាបណ្ដើរៗ​ ​មុនពេលចូលទៅហ្វឹកហ្វឺន​។ ​ ខ្ញុំ​បានទៅរែកបាយនៅតាមផ្លូវជាតិលេខ៤ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដើម្បីបំពេញការងារនេះ កងកុមារមួយក្រុម ដែលមានចំនួន១២នាក់ត្រូវបានចាត់តាំង។ ​ក្រុមខ្ញុំ ​មានសមាជិកចំនួន១៥នាក់។ ​ ខ្ញុំ ធ្វើបានរយៈពេល៥ខែ ក៏ឈប់ ហើយទៅហ្វឹកហ្វឺននៅកោះ កា-ជ នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ ប្រធាន កងវរ  ​មានឈ្មោះ បូ។ ខ្ញុំនៅក្នុងកងវរសេនាតូច ៣០៣ តំបន់៣៣ ខេត្តកំពង់ស្ពឺ។[2] ​ខ្ញុំបានទៅប្រយុទ្ធ​ជាមួយខ្មាំងសត្រូវ បានរយៈពេលមួយអាទិត្យនៅកោះ កា-ជ​ ក៏ធ្លាក់ខ្លួនឈឺជំងឺគ្រុនចាញ់។ ​អ្នកនៅទីនោះ បានសែង​ខ្ញុំនឹងអង្រឹងទៅកាន់មន្ទីរពេទ្យតំបន់មួយកន្លែង នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំសម្រាកព្យាបាលជំងឺរយៈពេលមួយខែ ​ទើបជាសះស្បើយ ​និង​​ទៅនៅ​ផ្ទះបានកន្លះខែទៀត​។ ក្រោយមក ​កងទ័ព តាមមកដល់ផ្ទះ​​របស់ខ្ញុំ ឲ្យត្រលប់ទៅកន្លែងកងទ័ពវិញ។

នៅដើមឆ្នាំ១៩៧៥ ខ្ញុំ​បានផ្លាស់​ចេញពីកោះ កា-ជ មកប្រចាំការនៅតាមផ្លូវជាតិលេខ៣ នៅទ្រនំជ្រឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ​ក្រុមខ្ញុំ មានសមាជិកចំនួន១២នាក់ ប៉ុន្តែបានស្លាប់ចំនួន៦នាក់។ ​​លុះពេលបែកទីក្រុងភ្នំពេញ ខ្ញុំ និងអ្នកទាំង៥នាក់​ បានមកជួសជុលផ្លូវជាតិលេខ៣ ដែលបាក់បែក ​ និងចាក់ដីបំពេញឡើងវិញ។ ការងារនេះ ខ្ញុំ ធ្វើបានរយៈពេល២ខែ ក៏ត្រលប់ទៅធ្វើស្រែ នៅកន្លែងភ្លើងឆេះរទេះ និងសន្ទះឡាន​។ ​ពេលនោះ ខ្ញុំ បានឃើញខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ ឲ្យចាកចេញពីទីក្រុង ទីប្រជុំជនឲ្យទៅរស់នៅទីជនបទ និងតំបន់ដាច់ស្រយាលនានា។ ការជម្លៀសនេះធ្វើឡើង​ប្រហែលរយៈពេលជាងមួយខែ។[3] ពេលនោះ ​ប្រជាជន​មួយចំនួន ​បានជិះម៉ូតូ ​ជិះកង់ ​និងដឹកអីវ៉ាន់របស់ខ្លួន​បន្តិចបន្តួច​។ ក្រោយមក ខ្ញុំក៏ត្រូវកងទ័ព ដកឲ្យមកនៅខេត្តតាកែវវិញ។ ​ មកដល់តាកែវ ខ្ញុំបានទៅធ្វើស្រែទៀត នៅបឹងក្បាលគោ។

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានអង្គការផ្លាស់ឲ្យ​ទៅធ្វើ​ស្រែនៅកំពង់អំពិល ស្រុកបូរីជលសារ ខេត្តតាកែវ។ ​ មួយឆ្នាំក្រោយមក ខ្ញុំ និង​មនុស្ស៧នាក់ផ្សេងទៀត ត្រូវបានកម្មាភិបាល​នាំទៅទាំងម៉ោង១១យប់។ ខ្ញុំមានអារម្មណ៍ថាភ័យយ៉ាងខ្លាំង ក៏សួរទៅកាន់អ្នកនាំនោះ​ថា៖ “យកខ្ញុំទៅណា។” ​អ្នកទាំងនោះបានឆ្លើយថា៖ “បន្តិចទៀតគង់តែដឹងទេ។” លុះពេលទៅដល់ចោមចៅ អ្នកទាំងនោះ​ប្រាប់យើងថា អង្គការ ឲ្យមករស់នៅភ្នំពេញ នៅបឹងសំយ៉ាប នៅមន្ទីរកងពល៣៥០។ ប្រធានកងពលនៅទីនោះ ​ឈ្មោះ វ៉ិន។ ​ទៅដល់បានរយៈពេលមួយអាទិត្យ ខ្ញុំ​ត្រូវ​កម្មាភិបាលខ្មែរក្រហម ប្រើឲ្យស្រោចដំណាំ  ស្ពៃ និងឆៃថាវជាដើម។ ​បន្ទាប់មក ខ្ញុំបានទៅរស់នៅមន្ទីរ ធ្វើជាអ្នកបើកឡាន ដឹក​សម្ភារ ស្រូវ អង្ករ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅដាក់នៅខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ​។ ​ពេលនោះ ខ្ញុំក៏បានទៅដឹកសំណាប ​​ដាក់តាមកងដែរ។ ខ្ញុំ​ត្រូវ​ធ្វើ​ការងារនេះរហូតដល់ម៉ោង១១យប់ទើបអាច​ឈប់សម្រាកបាន។ ​បន្ទាប់មក ខ្ញុំ និង​មនុស្សចំនួន៧នាក់ ​ក៏ត្រលប់មកស្រុកបាទី ខេត្តតាកែវវិញ។ កាលនោះ យើងទំនាក់ទំនងគ្នា ​តាមរយៈ តេអូ។

នៅចុងឆ្នាំ១៩៧៨ ខ្ញុំ និងមនុស្សចំនួន៧នាក់ ត្រូវបានកម្មាភិបាលខ្មែរក្រហម បញ្ជូនទៅដាក់នៅគុកនៅទួលស្លែង ដែលហៅម្យ៉ាងទៀតមន្ទីរ ស-២១ នៅភ្នំពេញ។ នៅប្រហែលម៉ោង៨យប់ មានរថយន្ដរ៉ូវ៉ែមួយគ្រឿង​បិទ​ឃ្លុបយ៉ាងជិត បានដឹកខ្ញុំ និងសមាជិក៧នាក់ទៀត ទៅដាក់នៅគុកទួលស្លែង។ ​ ​បន្ទាប់ពី ទៅដល់បានមួយ​សន្ទុះ​ ខ្ញុំ និង​មនុស្សទាំង៧នាក់ ​កំពុងអង្គុយហូបទឹកតែ មិនទាន់អស់ពីកែវផង ស្រាប់តែ​កម្មាភិបាលខ្មែរក្រហមចាប់យើងដាក់ខ្នោះដៃទាំងអស់គ្នា ​ហើយនាំទៅដាក់នៅជាន់ទី២។ ​ ខ្ញុំ រួមទាំងអ្នកផ្សេងទៀត​ ត្រូវចងមុខជិត​ឈឹង។ លុះពេលទៅដល់ជាន់ទី២ ​ក្រណាត់ត្រូវបានស្រាយចេញពីមុខ។ ​​​ខ្ញុំ​បានឃើញនៅក្នុងបន្ទប់មួយមានទំហំប្រហែល​១ម៉ែត្រ។ គ្រប់បន្ទប់ទាំងអស់រៀបចំឡើងដាច់ដោយឡែកពីគ្នា ដើម្បីកុំឲ្យអ្នកទោសនិយាយឆ្លើយឆ្លងជាមួយគ្នាបាន។ នៅពេលចូលទៅដល់​បន្ទប់ ខ្ញុំត្រូវបាន​អ្នកយាមដាក់ខ្នោះ​ជើងទាំងសងខាង។ ខ្ញុំត្រូវរស់​ ​ក្នុងបន្ទប់បិទជិតស្លុង​ អស់រយៈពេលមួយខែជាង។ ​​​ការរស់នៅវេទនាខ្លាំងណាស់។ ខ្ញុំគិត​ក្នុងចិត្ត​ថាមិនអាចមានជីវិតមកដល់សព្វថ្ងៃផង។ ​អ្នកយាមនៅគុកទួសស្លែង បានបញ្ជូនខ្ញុំទៅសួរ​ចម្លើយចំនួន២ដង​។ លើកទី១ មុនពេលនាំទៅសួរចម្លើយ ខ្ញុំ និងសមាជិក៧នាក់ទៀត  ត្រូវដាក់ខ្នោះដៃ និងចងមុខជាមុនសិន។ ​ការសួរ​ចម្លើយលើមនុស្សម្នាក់ ​​មានរយៈពេល​កន្លះម៉ោងទៅមួយម៉ោង​​​។ ​កម្មាភិបាលខ្មែរក្រហម បានសួរខ្ញុំថា៖ “មិត្តឯងរស់នៅមន្ទីរហ្នឹងបានធ្វើអ្វីខ្លះ ហើយបានបំផ្លាញរបស់បក្សអ្វីខ្លះ?” ខ្ញុំ ក៏ឆ្លើយថា៖ “ខ្ញុំមិនបានធ្វើអ្វីទេ មានតែដាំដំណាំ។” បន្ទាប់មក កម្មាភិបាលខ្មែរក្រហម ​សួរទៀតថា៖ “ចុះសព្វថ្ងៃមិត្តឯងចង់ស្លាប់ ឬចង់រស់។” ខ្ញុំភ័យ​ខ្លាំងណាស់ ក៏​ឆ្លើយថា៖ “ខ្ញុំបានប្រគល់ខ្លួនឲ្យបក្សចាត់តាំង ឲ្យស្លាប់ក៏ស្លាប់ ឲ្យរស់ក៏រស់។” ខ្ញុំឆ្លើយបានតែប៉ុណ្ណឹង។ ​រាល់ការ​សួរ​ចម្លើយ នៅក្នុង​​បន្ទប់១មានអ្នកសួរចំនួនម្នាក់ និងអ្នកទោស​ម្នាក់។ បន្ទាប់ពីសួរ​រួចរាល់​ អ្នកទោសទាំងអស់ ត្រូវបញ្ជូន ​ទៅឃុំឃាំងនៅបន្ទប់ដដែលវិញ។ ​ការសួរចម្លើយលើកទី១ ​មិនមានជាការវាយធ្វើបាបទេ។ ​

មួយអាទិត្យក្រោយមក ដល់ថ្ងៃត្រូវសួរចម្លើយលើកទី២។ ក្នុងចិត្តខ្ញុំគិតថា ម្ដងនេះខ្លួនពិតជាស្លាប់ជាមិនខាន។ ខ្ញុំនៅតែឆ្លើយ​ចម្លើយដូចលើកមុនដដែល។ អ្នកទោសទាំងអស់ ត្រូវកម្មាភិបាលខ្មែរក្រហម គិតថា​រឹងទទឹងមិនព្រមឆ្លើយ ក៏វាយនឹងរំពាត់ផ្ដៅ, វាយនឹងខ្សែភ្លើង និងខ្សែតីជាដើម។ ខ្ញុំវិញត្រូវវាយនឹងរំពាត់ផ្ដៅធម្មតាទេ។ ​ កាលនោះខ្ញុំនៅតូចជាងគេ ដូច្នេះហើយ ​មិនសូវ​ទទួលរងការធ្វើទារុណកម្ម​ខ្លាំងទេ។ ​បន្ទាប់ពី ត្រលប់មកពីកន្លែងសួរចម្លើយវិញ ​ ​ខ្ញុំបានឃើញមិត្តភក្ដិខ្ញុំម្នាក់ ឈ្មោះ ធី ត្រូវកម្មាភិបាលខ្មែរក្រហម វាយធ្វើបាប ហើមពេញទាំងខ្លួនទាំងអស់។ ឈ្មោះ ធី ​នេះ កាលពីមុនធ្លាប់ធ្វើជាប្រធានមន្ទីរ។ ​ ​​អ្នកទោសទាំងអស់ រៀងរាល់មួយទិត្យ ​ទើបបានងូតទឹក​ម្ដង។ នៅពេលយប់​ ខ្ញុំបាន​ឮ​សំឡេងស្រែកចេញពីបន្ទប់ក្បែរ​គ្នា ពោរពេញទៅដោយការឈឺចាប់។ សំឡេង​នេះ​ បានរំខានដល់​អ្នកយាមក្នុងបន្ទប់នោះ អ្នកយាមក៏ចាក់សោទ្វារ ហើយថែមទាំងស្រែកគំរាមកំហែងទៀត។ ​ប្រធានគុកទួលស្លែង (ស-២១) ធំជាងគេឈ្មោះ ឌុច។ ការហូបចុកនៅពេលទៅដល់ដំបូងៗ ​យើងបានហូបធម្មតា ដោយមានសម្លមួយចាន និងបាយមួយចាន។ ​មួយអាទិត្យក្រោយ​ កម្មាភិបាលខ្មែរក្រហម​ ក៏ដករបបអាហារយើងអស់ពាក់កណ្ដាល។ នៅមន្ទីរ ស-២១ នេះ មានពេទ្យ ប៉ុន្តែមិនមានថ្នាំ​អី្វពិសេសទេ គឺមានតែថ្នាំធ្វើឡើង​ពីសំបកឈើប៉ុណ្ណោះ។ អ្នកទោសទាំងអស់ នៅពេល​ចូលដល់គុកទួលស្លែង ត្រូវថតរូប​១នាក់មួយសន្លឹកគ្រប់ៗគ្នា។ ចំពោះការថតរូប អ្នកទោសត្រូវអង្គុយលើកៅអីម្នាក់ម្ដងៗ ហើយដាក់ខ្នោះដៃទៅខាងក្រោយ។ រហូតដល់ថ្ងៃដែលត្រូវដោះលែង អ្នកទោស​ក៏ត្រូវថតរូបម្ដងទៀត ​​និងមាន​លេខសម្គាល់​​ ប៉ុន្តែខ្ញុំមិនចាំ​នោះទេ។ ក្នុង​ចំណោមអ្នកដែលបានចាប់យកមក មានសមាជិក​ចំនួន៦នាក់​រួមទាំងខ្ញុំត្រូវបាន​ដោះលែង។ អ្នកត្រូវជាប់ឃុំឃាំង​បន្ត​មាន ​ឈ្មោះ ខន និងធី នៅស្រុកកោះធំ ខេត្តកណ្ដាល។ ​ ​ ​​បន្ទាប់មក ​កម្មាភិបាលខ្មែរក្រហម បញ្ជូនខ្ញុំ និងសមាជិកចំនួន៥នាក់​ ទៅដាក់​នៅគុកព្រៃស នៅអន្លង់គម នៅខាងលិចវត្តក្រពើហា។ ​ខ្ញុំបានទៅបោសសម្អាត​​​​កន្លែងមន្ទីរ បានរយៈពេលប្រហែលជិត១០ថ្ងៃ​  ​ ហើយក៏ទៅ​ដាក់បាយជ្រូក ​និងធ្វើពលកម្ម​ជាច្រើនទៀត។ នៅ​ទីនោះ កម្មាភិបាលខ្មែរក្រហមមិនបានឃុំឃាំងខ្ញុំ​ទេ។  ​​បន្ទាប់មកទៀត ខ្ញុំក៏​ទៅដាំបាយឲ្យ​កម្មាភិបាលខ្មែរក្រហម។ ប្រធាន​គុកព្រៃ ស មានឈ្មោះ ហ៊ុយ​ មានតួនាទីជាអ្នកមើលការខុសត្រូវអ្នកទោស ដែលត្រូវបានដោះលែង ហើយបញ្ជូនឲ្យទៅស្ទូង និងជីកព្រែក។ ​ ​ខ្ញុំទៅរស់នៅទីនោះរហូតដល់បែករបបខ្មែរក្រហម។ ​ឈ្មោះ ហ៊ុយ នេះមានអត្តចរិកស្លូតបូត ​មិនកាចទេ។ ​ ស្រាប់តែមួយរយៈក្រោយមក ​ឈ្មោះ ហ៊ុយ ​ត្រូវបានអង្គការចាប់ខ្លួនបញ្ជូនទៅដាក់នៅមន្ទីរស-២១ ​មិនឃើញត្រលប់មកកន្លែងវិញទេ។

នៅឆ្នាំ១៩៧៩ អំឡុងពេលបែករបបខ្មែរក្រហម ខ្ញុំបានរត់ទៅដល់ អមលាំង ឱរាល់ នៅខេត្តកំពង់ស្ពឺ។ អំឡុងពេលនោះខ្ញុំ​មានការ​​ខ្វះខាតអង្ករណាស់ មិនមានអ្វីហូបគ្រប់គ្រាន់ផង។ ខ្ញុំបានបន្តដំណើររហូតមកដល់ជួរភ្នំគិរីរម្យ ក៏​ចូលចំបន្ទាយវៀតណាម។​ វៀតណាមបាន​ហៅខ្ញុំទៅប្រជុំ ហើយសួរថាខ្ញុំមកពីណា ធ្វើកងទ័ព ឬកងអី្វ ខ្ញុំក៏ឆ្លើយថា ខ្ញុំធ្វើក្នុងកងចល័ត។ សំណាងល្អ វៀតណាមមិនបានធ្វើបាប ថែមទាំង​​ឲ្យបាយខ្ញុំហូបទៀត​​។ រហូតដល់ខែ កក្កដា ឆ្នាំដដែល ខ្ញុំក៏វិលត្រលប់មកដល់ផ្ទះ​​​ ហើយបានជួប​ជាមួយម្ដាយ និងបងប្អូន​វិញ។ ឪពុកខ្ញុំ​បានស្លាប់​ក្នុងរបបខ្មែរក្រហម តាំងពីឆ្នាំ១៩៧៦មកម្ល៉េះ។ នៅឆ្នាំ១៩៨​៤ ខ្ញុំបានទៅ​​មើលគុកទួលស្លែង​ម្ដងទៀត។ នៅឆ្នាំបន្ទាប់ កូនរបស់ខ្ញុំឈ្មោះ រឿន ជាកូនទី១នៅក្នុងគ្រួសារ បានទៅមើលនៅគុកទួលស្លែង ក៏​ឃើញរូបឪពុកខ្លួននៅទីនោះ។ ក្រោយមក ដំណឹងនេះបានឮតៗគ្នា ដល់​បងប្អូនសាច់ថ្លៃ ​និងសាច់បង្កើត។ គេ​បាន​នាំគ្នាទៅកាន់ទីតាំងនោះ ក៏បានឃើញរូបថតខ្ញុំ​ពិតប្រាកដមែន។

អត្ថបទដោយ ជីម សុខគា


[1] ឯកសារ TKI០៣៤០, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ កូវ ប្រុស  ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ​,  ចំណងជើងអត្ថបទ« ​​» ។ សម្ភាសន៍ ដោយ ​អ៊ីសា ឧស្មាន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៣។ ចំនួន៣៦ទំព័រ។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),១៤-១៨។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),១៤-១៨។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin