របបខ្មែរក្រហមជាសោកនាដកម្មដែលមិនអាចបំភ្លេចបាន
(ព្រះវិហារ)៖ តែ តន់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នមានអាយុ៦២ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានលើកឡើងថា របបកម្ពុជាប្រជាធិបតេយ្យគឺ ជាសោកនាដកម្មនៃមនុស្សជាតិដែលមិនអាចបំភ្លេចបាន ដែលជីវិតមនុស្សជាងពីរលាននាក់បានបាត់បង់។
តន់ បានចូលរួមក្នុងកងចល័ត និងធ្វើការរែកដី ជីកប្រឡាយនៅតាមទំនប់ ដែលមានឈ្មោះថា វាលព្នៅ និងចំការដីក្រហម។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងទទួលទានអាហារគឺមានតែបបរស និងបបរផិលាយជាមួយគល់ល្ហុង ឬគល់ចេក។ គាត់បន្តថា ខ្មែរក្រហមប្រើមនុស្សមិនឲ្យទំនេរនោះទេ មនុស្សម្នាក់ៗត្រូវតែខិតខំធ្វើការ ដោយភាពភ័យខ្លាចនឹងការកាប់សម្លាប់យ៉ាងអមនុស្សធម៌ សាហាវព្រៃផ្សៃជាទីបំផុត។ ខ្មែរក្រហមបានចូលកាន់កាប់តំបន់ដែលក្រុមគ្រួសាររបស់ តន់ រស់នៅតាំងតែពីឆ្នាំ១៩៧០ គឺសរុបទៅមានរយៈពេល៩ឆ្នាំ ដោយឡែកសម្រាប់អ្នកភ្នំពេញ គឺតែបីឆ្នាំប្រាំបីខែប៉ុណ្ណោះ។
កាលនោះ គាត់មានវ័យ១៥ឆ្នាំ រស់ដាច់ដោយឡែកពីឪពុកម្តាយ។ ជារៀងរាល់ឆ្នាំ គាត់ព្យាយាមស្កាត់ជួបអ្នកមានគុណទាំងពីរ តែជួនកាលមិនបានជួបទេ ដោយសារតែឪពុកម្តាយត្រូវទៅធ្វើការបាត់ៗ។ តន់ រស់នៅតាមអង្គភាពធំ ដែលមានលក្ខណៈខុសគ្នាទៅនិងអង្គភាពតាមភូមិដែលឪពុកម្តាយគាត់ធ្វើការ។ តន់ ត្រូវធ្វើការតាមចំការដោយគាស់ដើមឫស្សី និងធ្វើទំនប់សហករណ៍ ដែលប្រើប្រាស់រយៈពេលប្រហែល៣ ទៅ៤ ខែក្នុងការកសាងទំនប់មួយ។ ជាការពិត គាត់ត្រូវរស់នៅរួម ធ្វើការរួមជាមួយមនុស្សរាប់រយនាក់ផ្សេងទៀតទាំងមិនបានសំណេះសំណាលជាមួយគ្នា និងមិនស្គាល់សូម្បីតែឈ្មោះ នៅពេលដែលត្រូវទៅយាមចំការនៅពេលយប់។
ទោះបីមានការកាត់ទោសមេដឹកនាំខ្មែរក្រហមក៏ដោយ អ្នកបានបាត់បង់ជីវិតទៅហើយ មិនអាចរស់ឡើងវិញបានទេ ដោយឡែកមេដឹកនំាខ្មែរក្រហមបានត្រឹមតែដាក់ទោសមួយជីវិតប៉ុណ្ណោះ គាត់បាននិយាយទាំងសេចក្តីនឹករលឹកចំពោះអ្នកដែលស្គាល់គ្នា ដែលបាត់បង់ជីវិតនៅសម័យនោះ៕
សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣