តុប គីម៖ ខ្លាចកូនរត់មិនរួច ត្រូវអង្គការធ្វើបាប

ឯកសារលេខ K07353,​​ ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង របស់ឈ្មោះ យី ធី អាយុ១៦ឆ្នាំ

ឈ្មោះ តុប គីម[1] អាយុ៦២ឆ្នាំ(២០០៣) រស់នៅភូមិអង្គតាសោម ឃុំញែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនពេលរៀបការ គីម រស់នៅស្រុកស្ដុក ស្រុកទួលស្លែង។ គីម មានប្ដីឈ្មោះ ញ៉ែម យួន និងមានកូនចំនួន១១នាក់ ក្នុងនោះមានកូនស្រីចំនួន៣នាក់។ នៅក្នុងសម័យខ្មែរក្រហមកូនរបស់គីមទាំងអស់បានចេញទៅធ្វើការងារ និងចូលធ្វើបដិវត្តន៍ លើកលែងតែកូនប្រុសពៅតូចជាងគេរបស់គាត់ ដែលស្លាប់តាំងពីនៅជាទារក។ នៅក្នុងចំណោមកូន១១នាក់​របស់គាត់ មានកូនប្រុសពីរនាក់ឈ្មោះ យី ធី[2] និង យី ជឿន បានបាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម។ កូនរបស់គាត់ឈ្មោះ យី ជឿន ត្រូវអង្គការបញ្ជូនឲ្យទៅធ្វើជាយោធា និងស្លាប់នៅក្នុងសមរភូមិ ឯ ធី គឺបាត់ដំណឹង។ ខាងក្រោមនេះគឺជាការរៀបរាប់ខ្លះៗអំពីឈ្មោះ ធី និងការងាររបស់គីម នៅក្នុងសម័យខ្មែរក្រហម៖

បន្ទាប់ពីឈប់រៀន ធី បានសម្រេចចិត្តចូលទៅធ្វើជានីរសារឃុំ តាមការឃោសនារបស់អង្គការ។ មុនពេលចូលបដិវត្តន៍ អង្គការបានហៅយុវជននៅក្នុងភូមិរួមទាំង ធី ចូលរួមប្រជុំជាច្រើនដង ដើម្បីអប់រំនយោបាយ។ ពេលឃើញដូច្នេះ គីម បានហាមឃាត់កូន ពីការចូលទៅធ្វើការងារ ព្រោះគិតថា ធី នៅក្មេងពេក ដោយមានអាយុទើបតែ១៥ឆ្នាំ។ ធី មិនបានស្ដាប់ការណែនាំរបស់ម្ដាយទេ ព្រោះគាត់ជឿជាក់ទៅលើការឃោសនារបស់អង្គការ។ ក្រោយមក ធី បានសម្រេចចិត្តចូលទៅធ្វើជានីរសារឃុំ ក្រោមការដឹកនាំរបស់ឈ្មោះ តាប់ ជាប្រធានយុវជនឃុំ។ នៅពេលដែលកូនចូលទៅធ្វើបដិវត្តន៍ គីម មិនបានខឹងជាមួយឈ្មោះតាប់ នោះទេ ព្រោះគាត់គិតថាអង្គការនាំកូនគាត់ឲ្យបានសុខ ប៉ុន្តែមកពីសង្គមប្រែប្រួល។

ធី ធ្វើការងារជាអ្នកនាំសំបុត្រ បានប្រមាណតែ២ខែប៉ុណ្ណោះ អង្គការបានបញ្ជូនគាត់ទៅធ្វើការងារដឹងជញ្ជូននៅក្នុងចម្ការតាសយ។  នៅក្នុងចម្ការ អង្គការបានចាត់តាំង ធី និងមិត្តរួមក្រុម៣នាក់ទៀត គ្រប់គ្រងទៅលើឡានមួយគ្រឿង សម្រាប់ដឹកស្បៀងអាហារទៅឲ្យទ័ព និងដឹកទំនិញចេញចូលចម្ការ ក្រោមការគ្រប់គ្រងរបស់ សយ ជាម្ចាស់ចម្ការ។ ពេលចេញទៅចម្ការរបស់សយ ធី មិនបានទៅប្រាប់ម្ដាយផ្ទាល់នោះទេ គឺគាត់ផ្ដាំតាមអ្នកស្គាល់គ្នាឲ្យមកប្រាប់ម្ដាយ។ នៅពេលទទួលបានដំណឹង គីម បានធ្វើនំបន្តិចបន្តួច យកទៅឲ្យ ធី នៅក្នុងចម្ការ ព្រមទាំងជូនពរកូនឲ្យសុខសប្បាយ ទៅណាឆ្ងាយឲ្យជួបតែសុខ និងកុំឲ្យមានទុក្ខ។ បន្ទាប់មក គីម បានទទួលដំណឹងថា ធី ឡើងទៅធ្វើការងារនៅភូមិភាគនិរតី ទាក់ទងជាមួយទ័ព និងបាត់ខ្លួនតាំងពីពេលនោះមក។ គីម បានឲ្យដឹងថា ចាប់តាំងពីគាត់ដឹងថា ធី ចេញពីចម្ការតាសយ គាត់មានការព្រួយបារម្ភពីកូនណាស់ ខ្លាចកូនចេញមិនរួច ត្រូវបានអង្គការធ្វើបាប ប៉ុន្តែគាត់មិនអាចធ្វើអ្វីបាន បានត្រឹមតែចាំផ្លូវកូនត្រលប់មកផ្ទះវិញ។

នៅក្នុងសហករណ៍ អង្គការបានចាត់តាំង គីម ​ឲ្យធ្វើការងារជាន់អង្ករនៅក្នុងរោងសិប្បកម្ម ព្រោះគាត់មានកូនទៅធ្វើជាយោធា និងមានកូនធ្វើការងារច្រើននាក់។ ក្រៅពីនេះ គីម ធ្វើការងារ រែកដី, ស្ទូងដក, ដាំដំណាំ និងធ្វើការក្នុងរោងបាយ។ ទោះបីជាយ៉ាងណាក្តីការងាររបស់គីម មិនសូវលំបាកនោះទេ ហើយអង្គការមិនសូវរឹតត្បិតគាត់ដែរ។ ចំណែកការហូបអាហារវិញ ក្នុងមួយថ្ងៃ គីម ទទួលបានអាហារពីរពេល ហើយក្នុងមួយពេលគាត់ទទួលបានបាយ ឬបបរ ហូបជាមួយសម្លពីរមុខនៅក្នុងរោងបាយ។ មួយវិញទៀត ប្រសិនបើ គីម ឈឺគាត់អាចយកអាហារមកហូបនៅផ្ទះបាន។ គីម បានបញ្ជាក់ថា មិនមែនតែគាត់ទេដែលមិនសូវលំបាក សូម្បីតែប្រជាជនថ្មីដែលជម្លៀសមកនៅខែមេសា ចូលក្នុងភូមិក៏មិនសូវលំបាកដែរ។ ប៉ុន្តែក្រោយមក អង្គការបានបញ្ជូន ប្រជាជន ១៧​មេសា ចេញទៅជាបន្តបន្ទាប់រហូតដល់អស់ពីភូមិ និងមិនដែលឃើញត្រលប់មកវិញនោះទេ។

កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្ដនៃការរំដោះជាតិ។ រណសិរ្សនេះបានបង្កើតរបបថ្មីឈ្មោះថា “សាធារណរដ្ឋប្រជាមាននិតកម្ពុជា”។[3]

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គីម បានផ្ងើរូបថតរបស់កូនឈ្មោះ ធី ឲ្យទៅខាងស្រុកជួយរក ហើយគាត់នៅតែចាំមើលផ្លូវកូននៅផ្ទះ។ នៅពេលផ្តល់បទសម្ភាសន៍ គីម នៅតែមានសង្ឃឹមថាកូនប្រុស នៅរស់រានមានជីវិត ព្រោះគាត់បានឃើញក្មួយស្រីឈ្មោះ អន ដែលបាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម ហើយទើបតែត្រលប់មកផ្ទះវិញក្នុងពេលថ្មីៗនេះ។

នៅក្នុងប្រវត្តិរូបគុកទួលស្លែងបានឲ្យដឹងថា ធី ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២២ ខែ១២​ ឆ្នាំ១៩៧? នៅឧស្សាហកម្មរដ្ឋ។ អំឡុងពេលចាប់ខ្លួន ធី គឺជាយុវជនរោងចក្រត-៦។ មួយវិញទៀត បុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់ឲ្យ គីម ធ្វើចិត្តព្រោះអ្នកដែលជាប់គុកទួលស្លែងមិនងាយបានចេញនោះទេ ហើយប្រហែលជាគាត់អាចនឹងស្លាប់ទៅហើយ។ នៅពេលដែលបានទទួលដំណឹងនេះ គីម មិនបានសោកសៅនោះទេ ហើយគាត់មានចិត្តចង់ធ្វើបុណ្យឲ្យកូនបន្ថែមទៀត។ គីម គិតថាបើកូនគាត់រត់មិនរួច គឺស្លាប់ហើយ។ ទទួលដឹងត្រឹមដំណឹង ក៏គាត់អរណាស់ដែរ។

អត្ថបទដោយ ភា រស្មី


[1] ឯកសារលេខ TKI0063, ជួបជាមួយ តុប គឹម ត្រូវជាម្ដាយរបស់ឈ្មោះ យី ធី, សម្ភាសនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០០៣ ដោយ អ៊ីសា ឧស្មាន។

[2] ឯកសារលេខ K07353,​​ ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង របស់ឈ្មោះ យី ធី អាយុ១៦ឆ្នាំ, មុនពេលចាប់ខ្លួនធ្វើការងារនៅមន្ទីរស្រុកត្រាំកក់ តំបន់១៣ និងជាយុវជនរោងចក្រដ.៦។ នៅក្នុងប្រវត្តិរូបបានសរសេរថា អង្គការឃាត់ខ្លួន ធី នៅឧស្សាហកម្មរដ្ឋ និងយកទៅឃុំឃាំងនៅក្នុងផ្ទះ៣៣​ បន្ទប់ធំ៤។

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin