ខ្មែរក្រហមដុតមនុស្សក្នុងឡានទាំងរស់
(ព្រះវិហារ)៖ អ៊ុច លីម អាយុ៦០ឆ្នាំ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានមុខរបរជាកសិករ និងមានបងប្អូនចំនួន១២នាក់។ នៅសម័យខ្មែរក្រហមគាត់ធ្វើការនៅតាមកងចល័តស្រុក ដូចជាការលើកទំនប់ និងជីកប្រឡាយ នៅអូររំដួល ភូមិគោក ឃុំស្អាង។ បន្ទាប់មក លីម ត្រូវបានចល័តទៅធ្វើការបន្តនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ កាលនោះខ្មែរក្រហមដឹកកងចល័តគាត់តាមឡានកម្ម៉ង់ការ ដែលផលិតដោយសហភាពសូវៀត។ នៅទីនោះគាត់បានលើកទំនប់ លើកភ្លឺស្រែ ស្ទូងស្រូវ ទៅតាមបញ្ជាដ៏តឹងតែងរបស់ខ្មែរក្រហម។
ក្រៅពីម៉ោងធ្វើការ មានការប្រជុំដោយចោទគ្នាទៅវិញទៅមក។ គាត់ត្រូវបានគេចោទ ដែលលើកឡើងថា «សមមិត្តនេះធ្វើការមិនបាន គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័រ ស៊ីបាយបាន»ជាដើម។ គាត់បានឆ្លើយថា «ខ្ញុំមិនដឹងទេ មិនស្រួលខ្លួន តែដឹងតែធ្វើការរាល់ថ្ងៃ»។ ប្រជាជនមួយចំនួនត្រូវបានខ្មែរក្រហមដឹកទៅស្ងាត់ៗទាំងឡាន មិនឃើញត្រឡប់មកវិញនោះទេ។ បើនិយាយពីការហូបចុកវិញមានការប្រសើរជាងអ្នកភូមិដោយសារគាត់ជាកងចល័តស្រុក។ ចំណែកប្រជាជនទទួលបានត្រឹមតែបបរលាយជាមួយក្តួច និងគល់ចេកប៉ុណ្ណោះ។
ក្រៅពីហេតុការណ៍នេះ មានរឿងមួយទៀតដ៏រន្ធត់ដែលកើតឡើងនៅក្នុងភូមិដែលគាត់ធ្វើការ។ ថ្ងៃមួយខ្មែរក្រហមបានចាប់មនុស្សមួយក្រុម ដែលចោទថាជា ស៊ី អ៊ី អា។ ខ្មែរក្រហមបានសួរអ្នកនៅក្នុងភូមិថាមានស្គាល់ ឬក៏ត្រូវជាសាច់ញាតិដែរឬទេ។ បន្ទាប់មកដោយគ្មានចម្លើយដែលខ្មែរក្រហមចង់បាន ខ្មែរក្រហមក៏បានចាក់សាំងដុតមនុស្សទាំងរស់នៅក្នុងឡាន។ គ្មានអ្នកណាហ៊ានអះអាងថាជាបងប្អូនឡើយ និងបញ្ចេញអារម្មណ៍ឈឺចាប់ ទោះបី ជាឃើញនឹងភ្នែកនូវការសម្លាប់យ៉ាងអាណោចអាធ័មក៏ដោយ។ ចំណែកអ្នកដែលមានជំងឺ ត្រូវបានខ្មែរក្រហមទុកឲ្យស្លាប់ដោយមិនមានការព្យាបាល។
ជាចុងក្រោយ អ៊ុច លីម ប្រាប់ថាគាត់មិនបានអង្កេតដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុន្តែយល់ឃើញថាពេញចិត្តចំពោះការកាត់ទោសថាយុត្តិធម៌ និង ណែនាំឲ្យកូនចៅបានរៀនសូត្របន្តនូវប្រវត្តិដ៏ល្វីងជូរចត់របស់គាត់។ ដោយឡែកសម្រាប់បញ្ហាសុខភាពរបស់គាត់ លីម មិនបានដឹងថាគាត់មានជំងឺអ្វីនោះទេ ដោយសារខ្វះថវិកាក្នុងពិនិត្យសុខភាព នេះបើតាមទិន្នន័យរបស់អ្នកស្ម័គ្រកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា៕
សម្ភាសន៍ដោយ តាល់ សុគន្ធា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤