អុក យឿន៖ ព្យាយាមផ្គាប់ចិត្តកម្មាភិបាលខ្មែរក្រហម ដើម្បីបានរស់
(តាកែវ) អុក យឿន អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ យឿន ស្ម័គ្រចិត្តធ្វើជាទាហានក្នុងកងពល អ៊ែអ៊ឹមអេស នៅភូមិដង្កោ ទីក្រុងភ្នំពេញ។ ពីរឆ្នាំក្រោយមក យឿន បានចេញទៅហ្វឹកហាត់ក្បួនទាហាននៅ ប្រទេសវៀតណាម មួយឆ្នាំបន្ថែមទៀត។ ពេលត្រលប់មកដល់ភ្នំពេញ យឿន បានធ្វើការងារនៅភូមិដង្កោមួយរយៈពេលខ្លី រួចបន្តទៅសមរភូមិសិត្បូសិត្បូ។ នៅសមរភូមិសិត្បូសិត្បូ មេបញ្ជាការ និងទាហាន លន់ នល់ ជាច្រើននាក់បានបាត់បង់ជីវិត ហើយការប្រយុទ្ធគ្នានៅសរមភូមិ ទទួលបានការបរាជ័យជាបន្តបន្ទាប់។ នៅរយៈពេល២០ថ្ងៃចុងក្រោយនៅសមរភូមិសិត្បូ យឿន និងកងទ័ពមានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ព្រោះស្បៀងអាហារមិនអាចដឹកតាមផ្លូវធម្មតាទេ ប៉ុន្តែដឹកបានមួយចំនួនតាមយន្តហោះ។
ក្រោយមក យឿន បានប្ដូរពីសមរភូមិសិត្បូ មកប្រចាំការនៅទួលកី។ យឿន ឈរជើងនៅ ទួលកី បានរយៈពេលប្រមាណ៣ខែ ទើបគាត់ត្រូវប្ដូរតួនាទីទៅក្នុងក្រុមដឹកជញ្ជូនគ្រាប់ឲ្យសមរភូមិកំពង់លួងវិញ ព្រោះស្ថានការផ្លាស់ប្ដូរខ្លាំង។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យឿន បានហែលទឹកទន្លេឆ្លងចូលទីក្រុងភ្នំពេញវិញ ព្រោះខ្មែរក្រហមបានទទួលជ័យជម្នះលើទាហាន លន់ នល់។
បន្ទាប់ពីខ្មែរក្រហមគ្រប់គ្រងទីក្រុងភ្នំពេញ អង្គការបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់ ហើយយឿន បានធ្វើដំណើរទៅស្រុកកំណើតនៅខេត្តតាកែវ។ ពេលទៅដល់សហករណ៍ យឿន បានជួបជាមួយមិត្តភក្ដិធ្លាប់រៀនជាមួយគ្នា។ មិត្តរបស់យឿន ដែលធ្វើជាមេកង បានប្រាប់ឲ្យគាត់លាក់ប្រវត្តិរូបធ្វើការងារនៅទីក្រុងភ្នំពេញ នៅពេលដែលប្រធានសហករណ៍ហៅទៅសួរប្រវត្តិរូប បើមិនដូច្នេះទេអង្គការនឹងយកគាត់ទៅសម្លាប់។ នៅពេលស៊ើបសួរប្រវត្តិរូបរួចរាល់ អង្គការបានចាត់តាំង យឿន ឲ្យទៅធ្វើស្រែ ភ្ជួរស្រែ និងរែកដី។ ជារៀងរាល់ថ្ងៃ យឿន ត្រូវធ្វើការងារជាច្រើនម៉ោង ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបន្តិចបន្តួច។
ក្រោយមកអង្គកាបានចាត់តាំង យឿន ឲ្យចូលទៅក្នុងកងចល័ត ធ្វើការងារនៅក្បែរៗភ្នំ នៅស្រុកត្រាំកក់ ឆ្ងាយពីសហករណ៍។ នៅក្នុងកងចល័ត យឿន ទទួលបានរបបអាហារគ្រាន់បើជាមុន ព្រោះគាត់តែងតែយកចិត្តរបស់កម្មាភិបាលខ្មែរក្រហម ឬក៏យោធាខ្មែរក្រហមដែលគាត់បានជួប។ មួយវិញទៀត យោធាខ្មែរក្រហម បានណែនាំ យឿន ឲ្យមានការប្រយ័ត្នខ្លួន និងខិតខំធ្វើការងារ ដើម្បីកុំឲ្យអង្គការយកទៅសម្លាប់។ នៅក្នុងកងចល័ត យឿន មិនបានចេញទៅធ្វើការងារជាមួយយុវជនផ្សេងទៀតទេ គឺគាត់មាននាទីជាអ្នករកម្ហូបដាក់ក្នុងរោងបាយ និងធ្វើការងារផ្ទាល់ជាមួយ ជិន និងញឹម ដែលជាប្រធានកង។ មិនតែប៉ុណ្ណោះ ដោយសារតែ យឿន ទទួលបានការទុកចិត្តពីអង្គការ គាត់អាចចូលទៅធ្វើការងារអារឈើក្បែរកន្លែងសម្លាប់មនុស្ស។ យឿន បានឲ្យដឹងថា នៅពេលថ្ងៃអង្គការបានបណ្ដើរមនុស្សចាស់ និងក្មេងជាច្រើននាក់យកទៅសម្រាកជិតកន្លែងគាត់អារឈើ ហើយនៅពេលយប់ឡើងគាត់ឮសំឡេងវាយ និងសម្រែកឈឺចាប់របស់មនុស្ស។ នៅពេលឮដូច្នេះ យឿន មិនហ៊ានធ្វើសកម្មភាពអ្វីនោះទេ គឺបានត្រឹមតែគិតក្នុងចិត្តខ្លួនឯងថាពេលណាដល់វេនខ្លួនឯង។
ក្នុងអំឡុងពេលសម្ភាស យឿន បានប្រាប់ទៅអ្នកស្ម័គ្រចិត្តថា គាត់មិនដែលតាមដានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ព្រោះគាត់រវល់ប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែគាត់នៅតែយល់ថាការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺល្អ។ លើសពីនេះទៅទៀត យឿន ចង់ឲ្យមានកន្លែងតម្កល់ឯកសារខ្មែរក្រហម ហើយអ្នកដែលធ្លាប់ឆ្លងកាត់របប ប៉ុល ពត និយាយរឿងរ៉ាវរបស់ខ្លួនប្រាប់កូនចៅជំនាន់ក្រោយ។ មូលហេតុដែល យឿន ចង់ឲ្យមានពីរចំណុចនេះ ព្រោះគាត់គិតថា ការនិយាយរបស់ឪពុក-ម្ដាយមួយមុខនោះ ក្មេងៗមិនអាចជឿសម្ដីទាំងស្រុងនោះទេ ទាល់តែមានឯកសាររួមផ្សំជាមួយ។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៧ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៨ ខែឧសភា ២០២៥