នួន ពៅ ធ្លាប់ហ្វឹកហាត់ទ័ពនៅឡុងយ៉ាវ ប្រទេសវៀតណាម ដើម្បីវាយជាមួយកងកម្លាំងខ្មែរក្រហម

នៅឆ្នាំ១៩៧៧ នួន ពៅ ត្រូវបានកងទ័ពវៀតណាមនាំទៅរៀនភាសាវៀតណាម និងយុទ្ធសាស្ត្រសង្គ្រាម នៅឡុងយ៉ាវ និងខេត្តតាយនិញ ព្រំដែនប្រទេសកម្ពុជា-វៀតណាម។
ឈ្មោះ នួន ពៅ ហៅ ឃន[1] ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានប្រពន្ធឈ្មោះ យន់ យឿង អាយុ ៦៣ឆ្នាំ មានកូនចំនួន៧នាក់ (ស្រី៣) កូនមានប្តី-ប្រពន្ធទាំងអស់។ ឪពុកខ្ញុំឈ្មោះ យឹម (ស្លាប់ឆ្នាំ១៩៨០), ម្តាយឈ្មោះ ប្រើច (ស្លាប់ឆ្នាំ១៩៨០) និងមានបងប្អូនចំនួន១១នាក់(ស្រី៥) ហើយខ្ញុំជាកូនពៅ។
កាលពីក្មេងខ្ញុំបានរៀននៅសាលាស្ថិតក្នុងឃុំកំពាន់ រហូតដល់ឆ្នាំ១៩៧១ ខ្ញុំឈប់រៀន ដោយសារការទម្លាក់គ្រាប់បែកនាំឲ្យសាលាត្រូវត្រូវបិទទ្វារ។ បន្ទាប់ពីឈប់រៀនខ្ញុំបានត្រឡប់មកជួយធ្វើស្រែចម្ការ ឪពុកម្តាយក្នុងវិញ។
នៅឆ្នាំ១៩៧២ ខ្ញុំធ្វើជាប្រធានកងឈ្លបនៅភូមិលោដើម្បីការពារតាមព្រំដែន។ ចៅហ្វាយស្រុកមេមត់ ឈ្មោះ តាគង្គា មកពីខេត្តតាកែវតាំងពីជំនាន់សម្តេចឪ, តូច លន់ ជាប្រធានកងធំឃុំកំពាន់ មកពីកណ្តោលជ្រុំ ស្រុកពញាក្រែក។ កាលមុនឪពុកខ្ញុំ ឈ្មោះ យឹម ធ្វើជាប្រធានក្រុមខាងខ្មែរឥស្សរៈ។
នៅដើមឆ្នាំ១៩៧៣ ខ្ញុំបានជួបជាមួយឪអាយ៉េលើកដំបូង នៅមន្ទីរសន្តិសុខចម្ការកាហ្វេ ដែលស្ថិតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់។ ឪអាយ៉េ ជាជនជាតិអាមេរិកាំងមិនត្រូវបានដាក់ឃុំឃាំងក្នុងមន្ទីរសន្តិសុខទេ គឺអាចដើរលេង និងធ្វើការងារធម្មតា។ ខ្ញុំបានហូបបាយជាមួយប្រពន្ធរបស់គាត់ដែលជាជនជាតិវៀតណាម។
ខ្ញុំបានឃើញ ឪអាយ៉េម្តងទៀត អំឡុងឆ្នាំ១៩៧៣ គាត់ស្លៀកពាក់ស៊ីវិល។ នៅឆ្នាំ១៩៧៣ មន្ទីរសន្តិសុខចម្ការកាហ្វេ មិនទាន់មានអ្នកទោសច្រើនទេ ប៉ុន្តែនៅឆ្នាំ១៩៧៥ ទើបមានអ្នកទោសច្រើន។ នៅពេលអ្នកទោសច្រើនមន្ទីរសន្តិសុខនេះត្រូវបែងចែកជាពីរ គឺមន្ទីរសន្តិសុខចម្ការកាហ្វេ សម្រាប់អ្នកទោសកម្រិតស្រាល និងនៅមន្ទីរសន្តិសុខស្រែសង្កែ សម្រាប់អ្នកទោសធ្ងន់។
នៅឆ្នាំ១៩៧៣ ថ្នាក់លើចាប់ផ្តើមជ្រើសរើសកងទ័ព និងដេញវៀតណាមឲ្យត្រឡប់ទៅស្រុកកំណើតវិញ។ ប្រជាជនដែលមានប្តីប្រពន្ធវៀតណាម ត្រូវសម្រេចចិត្តគួររស់នៅប្រទេសណាមួយ។ ឈ្មោះ រៃ ជាជនជាតិខ្មែរមានប្រពន្ធវៀតណាម មិនដាច់ចិត្តពីប្រពន្ធក៏ឡើងរថយន្តទៅជាមួយប្រពន្ធ ប៉ុន្តែពេលទៅដល់ទន្លេចាមត្រូវគេតាមសម្លាប់។ រៃ ត្រូវធ្លាក់ក្នុងទន្លេចាម ប៉ុន្តែគាត់ស្រវាបានផ្លែដូងទុំរួចព្យាយាមហែលឆ្លងទន្លេរហូតមានជីវិត ចំណែកអ្នកផ្សេងទៀតត្រូវបានសម្លាប់។
នៅឆ្នាំ១៩៧៥ ខ្ញុំបានជួបជាមួយ ឪអាយ៉េម្តងទៀត នៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ឃើញប្រពន្ធជនគាត់មានមាឌតូចស្តើង។ ក្នុងឆ្នាំ១៩៧៥ ឪអាយ៉េ និងប្រពន្ធមានអាយុប្រហែល៣០ឆ្នាំ ហើយខ្ញុំបានជួបជាមួយឪអាយ៉េ ដោយសារទៅជាមួយ តាដូច ដែលជាអ្នកធ្វើការងារនៅមន្ទីរសន្តិសុខ ស្រុកមេមត់។ តាដូច មានស្រុកកំណើតនៅស្រុកតំបែរ មានប្រពន្ធឈ្មោះ មីង។ ខ្ញុំ និងតាដូច ធ្វើដំណើរទៅភូមិសង្គមមានជ័យចាស់ ជួបឪអាយ៉េ ដែលកំពុងផលិតសាប៊ូដុំ សម្រាប់ផ្គង់ផ្គងខាងសេដ្ឋកិច្ច ហើយនៅឆ្នាំ១៩៧៤ ខ្ញុំធ្លាប់ទៅយកសាប៊ូពីឪអាយ៉េចំនួនពីរ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមបង្កើតសហករណ៍កម្រិតទាប ចាប់តាំងពីពេលនោះមកខ្ញុំលែងបានទៅយកសាប៊ូពីឪអាយ៉េ។ នៅឆ្នាំ១៩៧៦ ខ្ញុំដឹងដំណឹងថា ឪអាយ៉េ ត្រឡប់ទៅមន្ទីរសន្តិសុខចម្ការកាហ្វេវិញ ប៉ុន្តែខ្ញុំមិនបានជួបឪអាយ៉េឡើយ។ ក្នុងសម័យខ្មែរក្រហមខ្ញុំធ្លាប់បានជួបជាមួយ យន់ សុភី ប្រធានតំបន់២១ម្តង ដោយសារខ្ញុំស្គាល់អ្នកធំក្នុងសម័យនោះ។ ទ័ពវៀតណាមវាយ និងបាញ់គ្នា នៅភូមិលោ ឃុំកំពាន់ ចំណែកខ្ញុំនៅក្នុងព្រៃជាប់ភូមិលោ ពេលគ្រាប់ស្ងាត់ ខ្ញុំ និងកម្លាំងឯទៀតចេញពីព្រៃដើរចូលក្នុងភូមិគិតថាទ័ពវៀតណាមដកចេញ។ ខ្ញុំធ្វើដំណើរចេញពីព្រៃចូលភូមិ បានជួបជាមួយវៀតណាម ហើយកងទ័ពវៀតណាម ចាប់បានមនុស្សចំនួន៥នាក់ មានខ្ញុំ, រឹម, អេង និងអ្នកភូមិមែកពុក (មែកពុកជាភូមិកាលពីសង្គមចាស់) ស្រុកមេមត់។ ចំណែកកងកម្លាំងខ្មែរក្រហម និងប្រជាជនរត់ទៅភូមិព្នៅ ឃុំរំចេក។ ខ្ញុំត្រូវកងទ័ពវៀតណាមចាប់ដាក់ឡានដឹកនៅព្រំដែន ដើម្បីសួរចម្លើយ។ កងទ័ពវៀតណាមចេះនិយាយខ្មែរមិនច្បាស់ សួរថាមិត្តឯងជាខ្មែរក្រហម? ខ្ញុំឆ្លើយថា ជាប្រជាជនធម្មតាទេ គ្មានធ្វើការងារ តួនាទីទេ។ ទ័ពវៀតណាមមិនជឿក៏ឃុំខ្លួនខ្ញុំអស់រយៈពេលកន្លះខែ នៅព្រំដែន។
នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានទ័ពវៀតណាមដឹកទៅរៀនភាសាវៀតណាម, រៀនឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក និងរៀនយុទ្ធសាស្ត្រសង្គ្រាម នៅឡុងយ៉ាវ ប្រទេសវៀតណាម។ខ្ញុំនៅឡុងយ៉ាវប្រហែលបីខែ ត្រូវបានបញ្ជូនទៅខេត្តតាយនិញ ជាប់ព្រំដែនប្រទេសកម្ពុជា-វៀតណាម។ កងទ័ពវៀតណាមបម្រុងបញ្ជូនខ្ញុំឲ្យត្រឡប់ទៅខ្មែរវិញ ដើម្បីវាយប្រយុទ្ធ ប៉ុន្តែខ្ញុំបដិសេធដោយសារខ្ញុំមានបញ្ហាសុខភាព។
អំឡុងធ្វើមីទ្ទិញ២ធ្នូ ឆ្នាំ១៩៧៨ ខ្ញុំមិនបានចូលរួមទេ គឺខ្ញុំនៅប្រទេសវៀតណាម។ បន្ទាប់មកខែវស្សា រថយន្តវៀតណាមបានដឹកខ្ញុំមកដាក់នៅតំបន់ស្ទឹង ស្រុកពញាក្រែក ហើយប្រាប់ថាបងប្អូនអាចទៅស្រុកកំណើតវិញបាន។ ខ្ញុំធ្វើដំណើរពីតំបន់ស្ទឹង រហូតដល់ភូមិលោ ឃុំកំពាន់ ស្រុកមេមត់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរំ ខ្ញុំបានជួបជាមួយ កាវ បាន ជាប្រធានមន្ទីរសន្តិសុខចម្ការកាហ្វេ។ តាបាន និយាយពីរឿងអ្នកធ្វើសាប៊ូនៅសង្គមមានជ័យចាស់ថា ពីរនាក់ប្តីប្រពន្ធ ត្រូវបានវាយសម្លាប់នៅមន្ទីរសន្តិសុខចម្ការកាហ្វេ។ នៅខាងលិចចម្ការមានរណ្តៅធំពីរសម្រាប់កប់អ្នកទោស ហើយខ្ញុំដឹងថាឪអាយ៉េ និងប្រពន្ធ ត្រូវវាយទម្លាក់ក្នុងរណ្តៅតែមួយនៅចម្ការកាហ្វេនោះ។
នៅឆ្នាំ១៩៨២ ខ្ញុំរៀបការជាមួយប្រពន្ធ ឈ្មោះ យង់ យឿង បន្ទាប់ពីរៀបការរួចនៅធ្វើជាឈ្លបភូមិដដែល រហូតដល់ឆ្នាំ១៩៩៨ ទើបរដ្ឋាភិបាលចុះមកប្រមូលកាំភ្លើងពីប្រជាជន។ អំឡុងឆ្នាំ១៩៩៥-ឆ្នាំ១៩៩៦ ឈ្មោះ បាន ដែលធ្លាប់ជាប្រធានមន្ទីរសន្តិសុខចម្ការកាហ្វេ ត្រូវបានប្រជាជនវាយសម្លាប់ក្នុងព្រៃ ដោយសារតែកំហឹងដែលបានសម្លាប់សាច់ញាតិក្នុងរបបខ្មែរក្រហម។
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស លោក ឡុង ដានី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយ នួន ពៅ ហៅ ឃន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម្ភាសនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។