កូនស្លាប់នៅភូមិត្បាល់កិន

(កំពត)៖ នាក់ មាច ភេទប្រុស មានអាយុ ៦៩ឆ្នាំ ជាកសិករ។ មាច មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។
នៅឆ្នាំ១៩៦២ មាច បានចូលរៀននៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ គាត់បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយសារកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ ក្រោយមកនៅក្នុងភូមិរបស់មាច មានការចូលមកដល់នៃកងទ័ពវៀតណាម (ធីវគី) និងមានការទម្លាក់គ្រាប់បែក ដោយយន្តហោះប្រភេទបេ៥២ ដែលរាលដាលរហូតដល់ភូមិកំពង់ស្វាយ។ នៅឆ្នាំ១៩៧២ មាច បានរៀបការ និងមានកូនម្នាក់ ឈ្មោះ នាក់ ភូ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមបានឡើងកាន់អំណាច មាច ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់។ គាត់ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ មាច និយាយថា គាត់ត្រូវតែធ្វើការតាមការបញ្ជារបស់ខ្មែរក្រហម ដោយគ្មានការប្រកែក ឬតវ៉ា។ ប្រជាជន១៧មេសា ដែលជម្លៀសមកពីទីក្រុងភ្នំពេញជាច្រើននាក់ ត្រូវបានកងឈ្លបតាមដាន និងយកទៅកសាង ឬសម្លាប់ដោយសារ ប្រជាជនទាំងនោះនិយាយថា ហូបមិនឆ្អែត។
មាច ត្រូវធ្វើការងារពលកម្មជាច្រើនដូចជា ធ្វើស្រែ, មើលទា, រែកដី, ជីកប្រឡាយ និងលើកទំនប់នៅក្នុងភូមិទង់លាង, ភូមិស្វាយស, និងភូមិត្បាល់កិន។ ជួនកាល មាច ត្រូវខ្មែរក្រហមបញ្ជូនទៅកាប់ឆ្ការព្រៃនៅភ្នំវល្លិ៍។ ក្រោយមក មាច ទទួលដំណឹងថាកូនគាត់ ឈ្មោះ នាក់ ភូ បានស្លាប់ដោយសារជំងឺនៅភូមិត្បាល់កិន។ ក្នុងរបបខ្មែរក្រហម នៅពេលប្រជាជនមានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ មាច និងប្រពន្ធ បានត្រលប់មករស់នៅភូមិកំណើតវិញ និងប្រកបរបរធ្វើស្រែចម្ការ។ ជាចុងក្រោយ មាច សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងជួយទប់ស្កាត់របបខ្មែរក្រហម តាមរយៈការសិក្សាពីប្រវត្តិសាស្ត្រដែលគាត់បានឆ្លងកាត់។ សព្វថ្ងៃ មាច មានជំងឺរលាកសន្លាក់៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥