វិន ម៉ូត៖ ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់

ឯកសារលេខ I00381, ពិនិត្យប្រវត្តិរូបបដិវត្ត សមមិត្ត ម៉ូត, នៅមន្ទីរពេទ្យ ព១, ក្រសួងសង្គមកិច្ច

ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់ គឺជាឃ្លាមួយដែលសរសេរនៅក្នុងឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ម៉ូត នៅមន្ទីរពេទ្យព១ ក្រសួងសង្គមកិច្ច។ ឃ្លាខាងលើនេះ គឺជាសំណេរផ្ទាល់ដៃរបស់ម៉ូត ដែលបានសរសេរនៅលើក្រដាស់ប្រវត្តិរូប ដើម្បីបង្ហាញអំពីគោលបំណងរបស់ខ្លួនដែលចូលរួមក្នុងបដិវត្តន៍ ប៉ុន្តែការសរសេរឃ្លានេះមិនមែនកើតចេញពីការគិតរបស់ ម៉ូត នោះទេ គឺបានមកពីការឃោសនារបស់អង្គការ នៅពេលប្រជុំ។[1]  មួយវិញទៀត ឃ្លាខាងលើដែល ម៉ូត សរសេរមិនមែនមានតែក្នុងប្រវត្តិរូបរបស់គាត់ម្នាក់ទេ ប៉ុន្តែវាស្ថិតនៅលើប្រវត្តិរូបរបស់អ្នកដែលចូលបដិវត្តន៍ស្ទើរទាំងអស់ ដែលលើកឡើងស្រដៀងគ្នា ក្នុងអត្ថន័យ លុបបំបាត់វណ្ណៈសក្ដិភូមិ នាយទុន និងលុបបំបាត់អ្នកមាន ដែលជិះជាន់អ្នកក្រ​។

ចំពោះការចូលបដិវត្តន៍នេះ កុមារទាំងអស់មិនអាចស្នើសុំចូលរួម ឬបដិសេធបាននោះទេ។ ជាទូទៅ អង្គការជ្រើសរើសកុមារចូលក្នុងបដិវត្តន៍ តាមរយៈការពិនិត្យមើលប្រវត្តិគ្រួសារ។ ជាក់ស្ដែង ម៉ូត បានចូលរួមក្នុងបដិវត្តន៍ ដោយសារតែគាត់កើតនៅក្នុងគ្រួសារកសិករ មិនសូវមានទ្រព្យសម្បត្តិ និងគ្មានសាច់ញាតិពាក់ព័ន្ធជាមួយអ្នកធ្វើការងារនៅក្នុងសម័យ លន់ នល់ ។ បន្ទាប់ពីចូលបដិវត្តន៍ អង្គការបានចាត់តាំង ម៉ូត ឲ្យទៅធ្វើការងារនៅក្នុងសហករណ៍ និងចេញទៅធ្វើពេទ្យនៅមន្ទីរពេទ្យព១ ទីក្រុងភ្នំពេញ។ ខាងក្រោមនេះគឺជារឿងរ៉ាវផ្ទាល់ខ្លួនរបស់ ម៉ូត ចាប់តាំងពីគាត់ចូលបដិវត្តន៍ឆ្នាំ១៩៧៥ រហូតដល់គាត់ត្រលប់មកជួបជុំគ្រួសារវិញ ឆ្នាំ១៩៧៩៖

វិន ម៉ូត[2] ភេទស្រី រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្ដតាកែវ។ ម៉ូត មានឪពុកឈ្មោះ អ៊ន ហើយម្ដាយឈ្មោះ ម៉ា សាម៉ុត និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ នៅក្នុងចំណោមបងប្អូនទាំងអស់របស់ម៉ូត មានប្អូនរបស់គាត់២នាក់(ស្រី១នាក់) និងម៉ូត ផ្ទាល់បានចូលបដិវត្តន៍ ហើយប្អូនតូច២នាក់ទៀត នៅជាមួយឪពុកម្ដាយក្នុងសហករណ៍។

នៅពេលដែល ម៉ូត មានអាយុបានប្រមាណ១០ឆ្នាំ នៅក្នុងភូមិរបស់គាត់ត្រូវបានគ្រប់គ្រងដោយអង្គការខ្មែរក្រហម។ ក្រោមការគ្រប់គ្រងរបស់អង្គការ កុមារទាំងអស់នៅក្នុងភូមិដែលមានអាយុប្រហាក់ប្រហែល ម៉ូត ត្រូវចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ក្មេងទាំងអស់មិនអាចត្រលប់មកស្នាក់នៅ ឬជួបជាមួយឪពុកម្ដាយតាមចិត្តនោះទេ ហើយការរៀនលេខ ឬអក្សរក៏មិនបានច្រើននោះដែរ។ មួយវិញទៀត ក្រៅពីការធ្វើការងារ កុមារទាំងអស់ បានទទួលការអប់រំឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារ, ស្មោះត្រង់ជាមួយអង្គការ, ខិតខំធ្វើការងារជូនអង្គការ និងស្រឡាញ់បដិវត្តន៍។ ជាក់ស្ដែង ម៉ូត បានចូលបដិវត្តន៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបប លន់ នល់ រយៈពេល២ថ្ងៃ។

បន្ទាប់ពីចូលបដិវត្តន៍ ម៉ូត បានទទួលតួនាទីជាប្រធានពួក ដឹកនាំកុមារមួយក្រុមតូច ធ្វើការងារច្រូតស្រូវ, ជីករណ្ដៅ, ធ្វើដី និងរែកដីដំបូក។ ជារៀងរាល់ថ្ងៃ ម៉ូត ត្រូវក្រោកតាំងពីម៉ោងប្រមាណ៤ព្រឹក រួចធ្វើការងាររហូតដល់ម៉ោងសម្រាកហូបអាហារថ្ងៃត្រង់ និងចាប់ផ្ដើមធ្វើការងារវិញនៅម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច។ ចំពោះការងារវិញ ក្រុមរបស់ម៉ូត ដែលមានសមាជិកប្រមាណ១០នាក់ ត្រូវធ្វើការងារឲ្យរួចរាល់តាមការកំណត់របស់អង្គការ ហើយប្រសិនធ្វើយឺតពេល និងមិនគ្រប់តាមការកំណត់នោះត្រូវទទួលការទិតៀន និងកាត់របបបអាហារប្រចាំថ្ងៃ។ ផ្ទុយគ្នាទៅវិញ ប្រសិនប្រើក្រុមរបស់ម៉ូត ឬក្រុមកុមារផ្សេងទៀតធ្វើការងារដែលអង្គការដាក់ឲ្យមុនកំណត់ នោះអង្គការបញ្ជូនគាត់ទៅដើររកបន្លែ ឬក៏ជួយដាំបាយយាយៗនៅក្នុងរោងបាយបន្ថែមទៀត។

ចូលដល់ឆ្នាំ១៩៧៨ អំឡុងពេល ម៉ូត ធ្វើការងារកាត់គល់ជញ្ជ្រាំង និងរែកដីបាតត្រពាំង នៅភូមិមហាសេនា ឃុំតាភេម អង្គការបានចាត់តាំងឲ្យគាត់ឲ្យទៅធ្វើការងារនៅភ្នំពេញ។ នៅពេលដែលទទួលបានដំណឹងនេះ ម៉ូត មិនបានធ្វើការបដិសេធនោះទេ ផ្ទុយទៅវិញគាត់មានការសប្បាយរីករាយ ព្រោះនៅកន្លែងថ្មី ម៉ូត អាចទទួលបានការងារធូរស្រាលជាងក្នុងសហករណ៍។ ចូលដល់ថ្ងៃធ្វើដំណើរ ម៉ូត បានចំណាយពេលនៅខេត្តតាកែវប្រមាណ៥ថ្ងៃ ដើម្បីរងចាំជួបជុំគ្នាជាមួយកុមារផ្សេងទៀត។​ នៅខេត្តតាកែវ ម៉ូត មិនបានសម្រាកនោះទេ អង្គការបានចាត់តាំងគាត់ឲ្យទៅជួយស្ទូងស្រូវប្រជាជន ប៉ុន្តែដោយសារ ម៉ូត ខ្លាចសត្វឈ្លើងខ្លាំងពេកទើបអង្គការប្ដូរគាត់ឲ្យទៅបេះផ្លែឈើជំនួសវិញ។ ម៉ូត ធ្វើការងារបេះផ្លែឈើរហូតដល់ថ្ងៃ អង្គការយកឡានមកដឹកគាត់ និងកុមារជាច្រើននាក់ទៀតដែលមកពីឃុំ និងស្រុកខុសគ្នាទៅទីក្រុងភ្នំពេញ។ ក្នុងចំណោមនារីទាំងអស់ដែលធ្វើដំណើរជាមួយ ម៉ូត ស្គាល់តែម្នាក់ប៉ុណ្ណោះឈ្មោះ ធួន រស់នៅភូមិមឿងចា ឃុំជាងទង។

នៅទីក្រុងភ្នំពេញ អង្គការបានបញ្ជូន ម៉ូត និងនារីផ្សេងទៀតទៅសម្រាកនៅមន្ទីរក២ ដើម្បីរងចាំការបែងចែកឈ្មោះទៅកន្លែងផ្សេងបន្តទៀត។ នៅក្នុងមន្ទីរក២ ម៉ូត បានជួយធ្វើការងារបោសសំរាម សំអាតមន្ទីររយៈពេលប្រមាណ១០ថ្ងៃ ទើបអង្គការហៅនារីទាំងអស់ទៅប្រជុំ រួចហៅឈ្មោះឡើងឡានទៅកន្លែងផ្សេងៗគ្នា។ ក្នុងអំឡុងពេលបែងចែក ម៉ូត ត្រូវបានអង្គការបញ្ជូនទៅធ្វើការងារនៅមន្ទីរពេទ្យព១ (មន្ទីរពេទ្យកាលម៉ែតបច្ចុប្បន្ន) ដែលជាពេទ្យព្យាបាលកុមារ, មនុស្សចាស់ និងសម្រាលកូន  ហើយនារីខ្លះទៀតទៅធ្វើជាយោធានៅអ្នកលឿង និងមួយចំនួនទៀតទៅបន្ទាយធំ។

ពេលទៅដល់មន្ទីរពេទ្យព១ ការងារដំបូងរបស់ ម៉ូត គឺមើលក្មេងតូចៗ កុំឲ្យដើរឆ្លងពីផ្ទះមួយទៅផ្ទះមួយទៀតដែលនៅក្បែរគ្នា និងចាប់ផ្ដើមចូលរៀនបច្ចេកទេសពេទ្យ, រៀនលេខ និងអក្សរ នៅចន្លោះម៉ោងសម្រាកពីការងារ។ ជារៀងរាល់ព្រឹក ចាប់ពីម៉ោង៤ ដល់ម៉ោង៧ ម៉ូត បានចូលរៀនវះកាត់, រៀនវិទ្យាសាស្រ្ដ និងរៀនបច្ចេកទេសពេទ្យ ពីគ្រូឈ្មោះ សន ត្រូវជាកូនរបស់ឈ្មោះ ជួន ជឿន។ នៅក្នុងការសិក្សាបច្ចេកទេសពេទ្យ ម៉ូត ធ្លាប់បានយកសាកសពមនុស្ស ដែលអង្គការរក្សាទុកមិនឲ្យមានក្លិនស្អុយ យកទៅវះកាត់ផ្ទាល់ តាមការណែនាំរបស់ សន ប៉ុន្តែគាត់មិនដែលវះកាត់អ្នករបួសទេ។ នៅចន្លោះម៉ោង១១ ទៅ១២ថ្ងៃត្រង់ ឬម៉ោង៦ ដល់ម៉ោង៩យប់ ម៉ូត បានចូលរៀនលេខ និងរៀនអក្សរ ពីគ្រូមួយផ្សេងទៀតថ្នាក់ទី៣ ដើម្បីឲ្យគាត់ចេះអានអក្សរ និងស្គាល់ឈ្មោះថ្នាំ។ ក្រៅពីគ្រូដែលរៀនជាមួយថ្នាក់ទី៣ ម៉ូត ស្គាល់គ្រូថ្នាក់ទី២ ម្នាក់ឈ្មោះ ណៈ កូនកាត់បារាំងចិន និងជាអ្នកបង្រៀនបកប្រែភាសាបារាំង និងភាសាចិន ដល់គ្រូពេទ្យក្នុងមន្ទីរព១។

បន្ទាប់ពីរៀនបានប្រមាណកន្លះខែ ម៉ូត បានចូលទៅរៀនផ្ទាល់ពីពេទ្យចាស់ៗ នៅក្នុងមន្ទីរពេទ្យ អំពីការពិនិត្យសុខភាព, រៀនមើលកំដៅ, ចាក់ថ្នាំឲ្យអ្នកជំងឺ, រៀបចំផ្ទះកុំឲ្យមានក្លិនមិនល្អ, និងធ្វើអនាម័យ​ដល់អ្នកជំងឺ ។ ម៉ូត បានឲ្យដឹងថា មុនពេលប្រើប្រាស់ថ្នាំចាក់លើអ្នកជំងឺ ពេទ្យទាំងអស់ត្រូវយកថ្នាំទាំងនោះមកចាក់លើខ្លួនឯងជាមុនសិនដើម្បីធ្វើតេស្ដឲ្យដឹងថាមានប្រតិកម្មទេ។ ប្រសិនបើចាក់នៅលើស្បែករួច ហើយមានសភាពប៉ោងឡើង នោះគ្រូពេទ្យមិនអាចយកថ្នាំទៅចាក់ឲ្យអ្នកជំងឺបានទេ ហើយត្រូវប្ដូរថ្នាំថ្មីវិញ។ ចំពោះថ្នាំចាក់នេះទៀត ពេទ្យទាំងអស់ត្រូវរៀបចំដោយខ្លួនឯង ព្រោះនៅលើដបថ្នាំទាំងអស់មានបិទឈ្មោះជាភាសាខ្មែរ ហើយប្រសិនបើថ្នាំណាអានមិនរួច គឺអាចសួរបាន។ ក្នុងការព្យាបាលជំងឺនេះទៀត ម៉ូត ត្រូវប្ដូរចុះឡើងពីផ្នែកជំងឺអុតស្វាយ ទៅផ្នែកជំងឺខាត់លឿង នៅពេលដែលអង្គការបញ្ជូនពេទ្យមួយចំនួនចេញពីមន្ទីរពេទ្យ ហើយខ្វះពេទ្យព្យាបាល។

ម៉ូត បានបន្តទៀតថា នៅក្នុងមន្ទីរពេទ្យព១ ផ្នែកដែលគាត់ធ្វើការងារ នារីពេទ្យភាគច្រើនគឺមកពីអង្គភាពកងទ័ព និងមានវ័យចំណាស់។ នៅពេលដែល ម៉ូត ទៅដល់ដំបូងគាត់គឺមានអាយុតិចជាងគេ ហើយក្រោយមក អង្គការបានជ្រើសរើសគ្រូពេទ្យក្មេងៗដែលមានអាយុប្រហាក់ប្រហែលគាត់ចូលបន្តបន្ទាប់ទៀត។ ម៉ូត ធ្វើការងារនៅក្នុងមន្ទីរពេទ្យព១ រហូតដល់ដើមខែមករា ឆ្នាំ១៩៧៩ ទើបមានកងទ័ពវៀតណាមចូលក្នុងទីក្រុងភ្នំពេញ។[3] ម៉ូត បានឲ្យដឹងថា មុនពេលកងទ័ពវៀតណាមចូលមក អង្គការបានបញ្ជាពេទ្យទាំងអស់ឲ្យបញ្ជូនអ្នកជំងឺចេញពីមន្ទីរពេទ្យ និងសម្ភារពេទ្យមួយចំនួនដាក់លើរថភ្លើង រួចធ្វើដំណើរទៅខេត្តភាគខាងលិច។ បន្ទាប់ពីចេញពីក្រុង ក្រុមគ្រូពេទ្យទាំងអស់បានបែកផ្លូវគ្នា ហើយ ម៉ូត បានត្រលប់មកផ្ទះជួបជុំឪពុកម្ដាយ និងបងប្អូននៅស្រុកកំណើតវិញ៕

អត្ថបទដោយ ភា រស្មី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ I00381, ពិនិត្យប្រវត្តិរូបបដិវត្ត សមមិត្ត ម៉ូត, នៅមន្ទីរពេទ្យ ព១, ក្រសួងសង្គមកិច្ច។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ TKI0033, សម្ភាសជាមួយ វិន ម៉ូត ថ្ងៃទី២៤ ខែមករា ឆ្នាំ២០០១ ដោយកឹម កែវកន្និដ្ឋា។

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, “ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរនិងដំណើរឆ្ពោះទៅកាន់វិបុលភាព”, ([ភ្នំពេញ]៖ អនុគណៈកម្មាការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម សហការជាមួយកងទ័ពកម្ពុជា​បានវាយរំដោះទីក្រុងភ្នំពេញ ហើយ​ថ្ងៃនេះ បានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើត​របបថ្មីឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា”។ ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង (ខ្មែរនិងដំណើរឆ្ពោះទៅកាន់វិបុលភាព)  បោះពុម្ពឆ្នាំ​២០២៥។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin