សួន សុកវី៖ អតីតយុទ្ធជនខ្មែរក្រហម

ឯកសារ I03410 ឈ្មោះសុខ វី ឈ្មោះ បដិវត្តន៍ ហៅ “ណាង” កើតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ខ្ញុំឈ្មោះ សួន សុកវី[1] (ឈ្មោះបដិវត្តន៍៖ ណាង) អាយុ២៣ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ស្រ៊ុន លឹមសុន និងម្ដាយឈ្មោះ គុយ យី។ ខ្ញុំគឺជាកូនទី១ ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ នៅវ័យកុមារ, ខ្ញុំរៀនសូត្ររហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។

នៅពេលដែលមានរដ្ឋប្រហារកើតឡើង ខ្ញុំឈប់រៀន និងជួយការងារស្រែចម្ការជាមួយឪពុកម្ដាយ។ បន្ទាប់មក ប្រទេសជាតិបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម គឺរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម​។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានចូលមកដល់ភូមិរួចទៅហើយ។ នៅឆ្នាំ១៩៧១ ខ្ញុំសម្រេចចិត្តចូលបម្រើបដិវត្តន៍ ដោយបានរត់ចូលព្រៃម៉ាគី។ ខ្ញុំត្រូវបានដាក់ចូលធ្វើការនៅកងសិល្បៈតំបន់៤១ ដែលមានប្រធានឈ្មោះ ណាំ សារឿន។ ប្រធានកងសិល្បៈតំបន់៤១នេះ គឺជាឪពុកមារបស់ខ្ញុំ។ នៅកងសិល្បៈតំបន់៤១ ខ្ញុំមានស្គាល់ឈ្មោះ មិត្ត ហ៊ាន និងមិត្ត វុធ ដែលបានស្លាប់នៅពេលក្រោយមកទៀត។ ខ្ញុំគឺជាអ្នកទាញវាំងនន និងទម្លាក់ តាប្លូ សម្រាប់ការសម្ដែងរឿងដែលខ្ញុំនៅចងចាំ មានដូចជា បាតុកម្ម ១១មីនា, និង ឃន ផាន។ កងសិល្បៈមានអ្នកសម្ដែង ប្រហែល២០នាក់ និងស្ថិតនៅមន្ទីរស្រុកកងមាស។ ខ្ញុំធ្វើការងារនៅកងសិល្បៈតំបន់ មិនបានយូរប៉ុន្មាននោះឡើយ ពីព្រោះខ្ញុំបានវិលត្រឡប់មករស់នៅជួបជុំគ្រួសារនៅភូមិវិញ។

នៅឆ្នាំ១៩៧២ ខ្ញុំត្រូវបានកេណ្ឌធ្វើជាកងទ័ពខ្មែរក្រហម។ នៅពេលនោះ តា អ៊ុល គឺជាអ្នកជ្រើសរើសខ្ញុំចូលធ្វើជាកងទ័ព ដោយបានប្រាប់ថា «ទៅជួយការងារប្រទេសជាតិ បើយើងមិនជួយប្រទេសជាតិទេ វាលិចលង់ហើយ! ចប់ហើយ!» ខ្ញុំក៏ស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីបម្រើជាតិ។ នៅឆ្នាំ១៩៧៣ ខ្ញុំ និងមិត្ត សុខឃី ត្រូវបានផ្លាស់ចេញពីឃុំអង្គរបាន ទៅស្រុកព្រៃឈរវិញម្ដង។ តា អ៊ុល បានប្រាប់ខ្ញុំ និងមិត្ត សុខឃី ឲ្យខិតខំកសាងខ្លួនដើម្បីឡើងធ្វើជាកម្មាភិបាលនឹងគេ។ បន្ទាប់មកទៀត មិត្ត សុខឃី និងខ្ញុំបានដើរចូលទៅក្នុងព្រៃនៅភូមិតាយឹង ស្រុកព្រៃឈរ។ កម្មាភិបាល និងកងទ័ពនៅក្នុងព្រៃ មិនទុកចិត្តលើយើងទាំង២នាក់នោះឡើយ។ ខ្ញុំនៅចងចាំបានថា ខ្ញុំនៅកងវរ៤១២ ដែលមានមិត្ត ដែន ជាប្រធាន។ បន្ទាប់មកទៀត ខ្ញុំត្រូវបានអង្គភាពរៀបចំរៀបការជាមួយមិត្តនារីពិការម្នាក់។ ខ្ញុំត្រូវបានបញ្ជូនទៅរៀនវគ្គក្បួនសឹកនៅភូមិត្រពាំងក្រោល ដែលរៀនអំពីការលូនក្រាប, ការបោកគ្រាប់បែក, ការបាញ់កំាភ្លើង និងយុទ្ធសាស្រ្តសម្រាប់វាយប្រយុទ្ធនៅសមរភូមិផ្សេងៗទៀត។ កងទ័ពដែលបានចូលរៀនវគ្គក្បួនសឹកនេះ មានចំនួនប្រហែល២០០នាក់។ បន្ទាប់ពីបញ្ចប់វគ្គ ខ្ញុំត្រូវបានបំពាក់កាំភ្លើងអាការ៉ូប៊ីន និងបញ្ជូនទៅឈរជើងត្រៀមប្រយុទ្ធជាមួយទាហាន លន់ នល់ នៅសមរភូមិ។ មានរឿងរ៉ាវមួយដែលកងទ័ពខ្មែរក្រហមនឹកស្មានមិនដល់ និងមិនបានត្រៀមទុកនោះគឺ មិត្ត ដែន ក្បត់បដិវត្តន៍ដោយបានរត់ចុះចូលជាមួយទាហានលន់ នល់។ មិត្ត ដែន ត្រូវបានចោទថាជាកិញសម្ងាត់សេ-អ៊ី-អា។ បន្ទាប់មក មិត្ត ហាន ត្រូវបានតែងតាំងជាប្រធានវរវិញម្ដង។ ខ្ញុំត្រូវបានបញ្ជូនទៅវាយប្រយុទ្ធជាមួយទាហាន លន់ នល់ នៅសមរភូមិ បូសខ្នុរ ស្រុកចំការលើ ហើយបន្តវាយកាន់កាប់ទីតាំងបន្តបន្ទាប់រហូតដល់ម្ដុំភ្នំស្រីភ្នំប្រុស។

នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានផ្លាស់ទៅកងពលធំ៣១០ ដើម្បីត្រៀមវាយនៅសមរភូមិត្រពាំងព្រាយ ព្រែកព្នៅ, ទីតាំងផ្ទះ១០០ខ្នង, និងទួលគោក។ ខ្ញុំវាយប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតដល់បានគ្រប់គ្រងទីក្រុងភ្នំពេញ។ ខ្ញុំនៅចងចាំបានថា សមរភូមិព្រែកព្នៅ គឺជាសមរភូមិក្ដៅ រវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ទាហាន លន់ នល់ បើកការវាយប្រហារយ៉ាងខ្លាំង ដែលទាហាន លន់ នល់ បានប្រើប្រាស់រថក្រោះទាំងបាញ់ផ្លោង និងបើកកិនសម្លាប់។ នៅពេលនោះ កងទ័ពខ្មែរក្រហម រងរបួស និងស្លាប់ច្រើន។ ខ្ញុំត្រូវរបួសចំភ្លៅ និងត្រូវបានបញ្ជូនទៅព្យាបាលរយៈពេល៣ខែ ទើបអាចរួចផុតពីការស្លាប់ ប៉ុន្តែខ្ញុំធ្លាក់ខ្លួនពិការនៅពេលនោះដែរ។ គ្រូពេទ្យដែលបានព្យាបាលរបួសរបស់ខ្ញុំគឺជាពេទ្យកងពលដែលមានប្រធានឈ្មោះ ជួន ជឿន។ ខ្ញុំមិនសូវចាំអំពីការព្យាបាលនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលខ្ញុំគឺល្អៗណាស់ ដែលទិញពីខាង លន់ នល់។ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានផ្លាស់ទៅមន្ទីរជនពិការ (វរក៤ ចំណុះកងពល៣១០) ដែលមានយុទ្ធមិត្តពិការប្រហែល៣០០នាក់ ស្ថិតនៅម្ដុំទួលគោក និងទទួលខុសត្រូវទៅលើការងារនៅចំការដូង។ ខ្ញុំឃើញ ខៀវ សំផន និង អៀង សារី ដែលបានសួរសុខទុក្ខយុទ្ធជនពិការ និងបានយកដូងទៅវិញ។ បើទោះបីជាមិនអាចធ្វើការងារអ្វីផ្សេង ក្រៅតែពីការងារនៅចំការដូង ខ្ញុំ និងមិត្តផ្សេងទៀត ត្រូវបានបញ្ជូនមកធ្វើស្រែនៅម្ដុំត្រឡោកបែក។ មិត្ត សាមី គឺជាប្រធានវរក និងដឹកនាំយុទ្ធមិត្តពិការទៅធ្វើការស្ទូងស្រូវនៅទីនោះ។ ក្រោយមកទៀត មិត្ត សាមី ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយស៊ី-អ៊ី-អា។ មិត្ត សាមី ត្រូវបានសម្លាប់។ បន្ទាប់មក មិត្ត គីម ត្រូវបានផ្លាស់មកធ្វើជាប្រធានកងវរនេះវិញ។ រយៈពេល៣ខែក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់មកអង្គភាពនៅម្ដុំត្រឡោកបែក ដែលមានប្រធាន​ឈ្មោះ មិត្ត គីន។ បើទោះបីជាខ្ញុំពិការជើង ខ្ញុំត្រូវបានដាក់ឲ្យធ្វើស្រែពីទីកន្លែងមួយទៅទីកន្លែងមួយ រហូតដល់ម្ដុំកប់ស្រូវ។ ខ្ញុំបន្តធ្វើស្រែ រហូតដល់ឆ្នាំ១៩៧៨ ទើបខ្ញុំ និងយុទ្ធមិត្តពិការផ្សេងទៀត ត្រូវបានបំពាក់អាវុធត្រៀមឡើងទៅវាយប្រយុទ្ធសមរភូមិជាមួយកងទ័ពវៀតណាម។

នៅដើមឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបំពាក់អាវុធ និងបញ្ជូនទៅសមរភូមិវិញ។ នៅពេលនោះ កងទ័ពមកពីភូមិភាគនិរតី គឺជាអ្នកគ្រប់គ្រងកងទ័ពនៅសមរភូមិតាមព្រំដែន។ ខ្ញុំនៅចងចាំថា នៅពេលនោះ កងពល៣១០ ត្រូវបានប្រែឈ្មោះទៅជា កងពល២០៧ វិញ។ ប្រធានកងពល២០៧ មានឈ្មោះ មិត្ត ញ៉ ដែលមកពីភូមិភាគនិរតី។ ខ្ញុំនៅកងកាំភ្លើងធំ ដែលមានប្រធានឈ្មោះ មិត្ត ទឺ ដែលមកពីភូមិភាគនិរតី។ ខ្ញុំមានតួនាទី ជាប្រធានអនុសេនាតូច។ ប្រធានកងពល និងប្រធានអង្គភាព សុទ្ធតែមកពីភូមិភាគនិរតី ពីព្រោះប្រធានៗនៅមូលដ្ឋានត្រូវបានចាប់យកទៅសម្លាប់ចោលជាបន្តបន្ទាប់។ បន្ទាប់ពីឈរជើងត្រៀមប្រយុទ្ធអស់រយៈពេល១ខែ, ខ្ញុំ និងយុទ្ធមិត្តជាច្រើននាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្រៃស និងត្រូវបានចោទប្រកាន់ថា ជាប់ប្រវត្តិស៊ី-អ៊ី-អា និងកា-ហ្សេ-បេ។ នៅព្រៃស ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារ ដូចជា ស្ទូងស្រូវ, និងកាប់គាស់គល់ឈើ ហើយបន្ទាប់មក ខ្ញុំត្រូវបានសួរចម្លើយជារៀងរាល់ថ្ងៃ។ មិត្ត អ៊ី គឺជាអ្នកវាយសួរចម្លើយនៅព្រៃស។ ខ្ញុំនៅជាប់ព្រៃស រហូតដល់ចុងឆ្នាំ១៩៧៦ ទើបខ្ញុំ និងយុទ្ធមិត្ត២នាក់ផ្សេងទៀត (មិត្ត រ៉ា និងមិត្ត ហាន) ត្រូវបានបញ្ជូនទៅសមរភូមិនៅព្រំដែនខ្មែរ-វៀតណាមវិញ។ ខ្ញុំបន្តឈរជើង និងវាយប្រយុទ្ធនៅសមរភូមិជាមួយកងទ័ពវៀតណាម រហូតដល់ឆ្នាំ១៩៧៨។ បន្ទាប់ពីកងទ័ពខ្មែរក្រហម ទទួលរងបរាជ័យ នៅចុងឆ្នាំ១៩៧៨, ខ្ញុំបានរត់ភៀសខ្លួនជាមួយកងទ័ពខ្មែរក្រហមផ្សេងទៀតទៅព្រំដែនខ្មែរ-ឡាវ និងបន្តដំណើររហូតដល់ព្រំដែនខ្មែរ-ថៃ។ រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៧៩ ទើបខ្ញុំសម្រេចចិត្តវិលត្រឡប់មកកាន់ភូមិកំណើតវិញ និងចាប់ផ្ដើមជីវភាពរស់ជាកសិករ៕

អត្ថបទដោយ ស៊ាង ចិន្តា


[1] ឯកសារលេខ KCI0212; បទសម្ភាសន៍ជាមួយ សួន សុខវី នៅស្រុកកងមាស ខេត្តកំពង់ចាម នៅឆ្នាំ២០០៣; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin