ខ្ញុំមិនហ៊ានខ្ជិល
(ក្រចេះ) ៖ ប្រាក់ សាន ភេទស្រី អាយុ៥៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅបច្ចុប្បន្ននៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
គាត់មានបងប្អូនសរុបទាំងអស់ប្រាំពីរនាក់។ បងប្អូនរបស់គាត់ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម និងពីរនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។
រឿងរ៉ាវដែលគាត់ចងចាំជាប់នៅក្នុងចិត្តតាំងពីរបបខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននោះគឺ អង្គការបានប្រើឲ្យគាត់ធ្វើការសឹងតែគ្មានពេលសម្រាក ដោយមិនគិតថា ពេលថ្ងៃ ឬពេលយប់ឡើយ។ គាត់ត្រូវចេញទៅធ្វើការចាប់តាំងពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំល្ងាចទើបបានត្រឡប់ទៅកន្លែងស្នាក់នៅ។ ថ្ងៃខ្លះទៀតអង្គការតម្រូវឲ្យគាត់ធ្វើការនៅពេលយប់បន្ថែមទៀតក៏មាន។
ថ្វីត្បិតតែធ្វើការសឹងតែគ្មានពេលសម្រាកក៏ពិតមែន តែគាត់មិនហ៊ានខ្ជិលច្រអូស ឬ តវ៉ាជាមួយនឹងអង្គការឡើយ។ អង្គការប្រើឲ្យធ្វើអ្វីក៏ដោយ ក៏គាត់ព្យាយាមធ្វើឲ្យបានសម្រេចដូចអ្វីដែលអង្គការចង់បាន ហើយមិនដែលត្រូវអង្គការហៅទៅអប់រំម្ដងណាឡើយ។
នៅក្នុងរបបខ្មែរក្រហមមិនមានកន្លែងស្នាក់អាស្រ័យច្បាស់លាស់នោះទេ។ អង្គការតែងតែជម្លៀសប្រជាជនឲ្យទៅធ្វើការនៅតំបន់ផ្សេងៗ ចល័តចុះឡើង។ អង្គការបានប្រើឲ្យគាត់ជីកប្រឡាយ លើកទំនប់ លើកប្រព័ន្ធភ្លឺស្រែ គិតជាម៉ែត្រដែលអង្គការបានកំណត់។
សាន បាននិយាយថា នៅក្នុងមួយថ្ងៃ អង្គការផ្ដល់អាហារឲ្យពីរពេល ខែខ្លះបានបាយហូប ខែខ្លះទៀតបានតែបបរមួយវែកជាមួយនឹងសម្លត្រកួនប៉ុណ្ណោះដើម្បីហូប។
នៅក្នុងរបបខ្មែរក្រហម អង្គការតែងតែមានការប្រជុំទិតៀនគ្នាទៅវិញទៅមករវាងប្រជាជនទាំងអស់ ដើម្បីដឹងថានរណាខ្លះដែលធ្វើខ្ជិលមិនធ្វើការ ឬធ្វើការមិនគ្រប់ចំនួនដែលអង្គការកំណត់។
មកដល់ពេលបច្ចុប្បន្ន គាត់មានបញ្ហាឈឺចង្កេះ ដែលត្រូវព្យាបាលជាប្រចាំថ្ងៃ។ គាត់បានផ្ដែផ្ដាំមកកាន់ក្មេងៗជំនាន់ក្រោយ ឲ្យខិតខំសិក្សារៀនសូត្រ ខំកសាងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាបុគ្គលដែលសង្គមត្រូវការ និងមិនត្រូវយកតម្រាប់តាមរបបខ្មែរក្រហមនោះទេ៕
សម្ភាសន៍ដោយ ធឿន ស្រីណុច នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ