ម៉ក កង៖ មានទោសព្រោះលួចលាក់អាហារទុកឲ្យកូន
ម៉ក កង អាយុ៧១ឆ្នាំ រស់នៅភូមិក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ កង បានឃើញទាហានចុះពីលើយន្តហោះ រួចចូលទៅក្នុងភូមិរបស់គាត់រស់នៅ ប៉ុន្តែ កង មិនបានដឹងច្បាស់ថាទាហាននោះធ្វើការងារឲ្យខាងណានោះទេ។ នៅឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ កង រស់នៅចាប់ផ្ដើមមានយន្តហោះទម្លាក់គ្រាប់បែក បេ៥២ និងធ្វើឲ្យមានមនុស្សរបួសនិងស្លាប់ជាច្រើននាក់។
កង ចងចាំថា នៅយប់មួយ មានតានិងយាយពីរនាក់ទៅយាមនៅឡអូរម្ដេច ប៉ុន្តែដោយសារតែគាត់សម្រាន្តលក់ជ្រុល ទើប តា និងយាយ រត់ចូលក្នុងលេណដ្ឋានមិនទាន់ ហើយត្រូវរបួសដោយសារតែដីដែលគ្រាប់បែកធ្លាក់ចំរុញឡើងលើ។ ក្រោយមកបន្ទាប់ពីស្ថានការណ៍ស្ងាត់បន្តិច មានប្រជាជននៅជិតនោះជួយគ្រាគាត់យកទៅព្យាបាលនៅពេទ្យកំពង់សំរោល។ លុះដល់ម៉ោង៤ព្រឹក កងទ័ពបានបញ្ជាយន្តហោះមកទម្លាក់គ្រាប់បែកម្ដងទៀត នៅអង្គរុន និងធ្វើឲ្យប្រជាជនមួយគ្រួសារ ស្ទើរតែបាត់បង់ជីវិតទាំងអស់។
នៅឆ្នាំ១៩៧៣ ស្ថានភាពនៅក្នុងភូមិប្រញូង មានសភាពស្ងប់ស្ងាត់ឡើងវិញ ហើយប្រជាជននៅក្នុងភូមិអាចចេញធ្វើស្រែចម្ការធម្មតា ព្រោះអង្គការបានគ្រប់គ្រងភូមិទាំងស្រុង។ នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវធ្វើស្រែរួមគ្នា ហើយទិន្នផលដែលទទួលបានគឺដាក់រួម រួចចែកផលឲ្យទៅតាមផ្ទះគ្រួសារនីមួយៗ ដោយមើលលើសមាជិកគ្រួសារ និងកម្លាំងពលកម្ម។ កង បានឲ្យដឹងថា ការហូបអាហារក្នុងពេលនោះគឺគ្រប់គ្រាន់ ហើយប្រជាជនអាចចេញរកម្ហូបអាហារដោយខ្លួនឯងបាន។
ចូលដល់ឆ្នាំ១៩៧៥ កង បានឃើញប្រជាជនជម្លៀសចូលក្នុងភូមិក្រញូងជាច្រើនគ្រួសារ និងស្នាក់នៅជាមួយប្រជាជនមូលដ្ឋាន។ នៅក្នុងការស្នាក់នៅ ប្រជាជនមូលដ្ឋាន មិនអាចផ្ដល់អាហារ និងសម្ភារផ្សេងៗទៅប្រជាជនថ្មីបានឡើយ ហើយប្រសិនបើម្ចាស់ផ្ទះណាហ៊ានជួយ អង្គការនឹងធ្វើការដាក់ទោស។ ក្រោយមកទៀត អង្គការរៀបចំបង្កើតជាសហករណ៍ ហូបអាហាររួមគ្នានៅក្នុងរោងបាយ។ ចាប់តាំងពីមានការបង្កើតសហករណ៍ ការហូបអាហាររបស់ប្រជាជនកាន់តែមានការលំបាកខ្លាំងជាងមុន ហើយការងារមានសណ្ឋានធ្ងន់ជាងមុន។ ដើម្បីចិញ្ចឹមកូនតូចៗឲ្យរស់ កង បានលួចដេរស្បោងកៅស៊ូមួយ ដើម្បីលួចលាក់កាកបបរដែលគាត់ទទួលបានពីរោងបាយ យកមកចាក់ដាក់ក្នុងផ្ទិល រួចកំដៅឲ្យគោកទឹក ហើយទុកឲ្យកូនហូបពេលព្រឹក។ ក្រៅពីនេះ កង បានដើររើសកម្ទេចដំឡូង, ត្នោតទុំ និងរកបន្លែផ្សេងៗទៀតហូបបន្ថែម។
ក្រោយមក អង្គការបានធ្វើការទិតៀន កង និងមានគម្រោងយកគាត់ទៅសម្លាប់ពីបទលួចរបបអាហាររបស់ខ្លួនទុកឲ្យកូន ប៉ុន្តែជាសំណាងល្អ ខ្មែរក្រហមដួលរលំជាមុន។ នៅក្នុងសម័យខ្មែរក្រហម កង បាត់បង់សាច់ញាតិ៣នាក់ គឺបងប្អូន២នាក់ និងឪពុកម្នាក់។ ចំពោះបងប្អូនរបស់ កង ២នាក់ផ្សេងទៀត គាត់បានជួបគ្នាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីត្រលប់មកពីរត់ភៀសខ្លួនទៅភ្នំលះបង់ កង បានចូលមកធ្វើស្រែរួមគ្នានៅក្នុងភូមិ។ បន្ទាប់មក នៅពេលដែលធ្វើស្រូវទទួលបានទិន្នផលច្រើន ប្រជាជននៅក្នុងភូមិចាប់ផ្ដើមធ្វើស្រែរៀងៗខ្លួនវិញ ហើយការហូបអាហារចាប់ផ្ដើមគ្រប់គ្រាន់។
កង បានបន្តថា គាត់បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុន្តែគាត់មិនបានទៅមើលការកាត់ទោសផ្ទាល់នោះទេ។ កង ពេញចិត្តចំពោះតុលាការនេះ ព្រោះការកាត់ទោសមេដឹកនាំខ្មែរក្រហមធ្វើឲ្យអារម្មណ៍របស់គាត់ធូរស្បើយ។ មួយវិញទៀត កង យល់ស្របចំពោះការបង្កើតឲ្យមានការបង្រៀនពីរបបខ្មែរក្រហមនៅតាមសាលារៀនដល់ក្មេងៗជំនាន់ក្រោយ។ លើសពីនេះទៅទៀត កងផ្ទាល់ តែងតែយករឿងរ៉ាវដែលខ្លួនបានឆ្លងកាត់សម័យខ្មែរក្រហមប្រាប់ទៅកូនចៅជំនាន់ក្រោយ ដើម្បីឲ្យកូនៗរបស់គាត់បានដឹងពីការលំបាកដែលខ្លួនធ្លាប់ជួបប្រទះ។
នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស កង មានជំងឺ ក្រពះពោះវៀន, ឈឺដៃជើង មិនស្រួលខ្លួន, សម្រាន្តមិនលក់ និងហើមពោះ ព្រោះមានខ្យល់នៅក្នុងពោះច្រើន។ ក្រៅពីនោះ កង ចេះតែមានអាការវិលមុខ ឈឺក្បាល និងមិនមានកម្លាំងនៅក្នុងខ្លួន។ កង យល់ថាជំងឺរបស់គាត់បណ្ដាលមកពីរបបខ្មែរក្រហម និងអាយុរបស់គាត់កាន់តែច្រើន។ ចំពោះការព្យាបាលជំងឺ កង ទៅទិញថ្នាំក្រុមហ៊ុនហូប និងប្រើថ្នាំខ្មែរដែលផ្សំពីរុក្ខជាតិ។ កង បានឲ្យដឹងថា គាត់មិនហ៊ានប្រើថ្នាំពេទ្យទេ ព្រោះគាត់ខ្លាចប៉ះពាល់ក្រពះ។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ មឿន ហាច ថ្ងៃទី២២ ខែសីហា ២០២១