ឌុល ភី៖ ជីវិតរស់នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌុល ភី[1] ឈ្មោះក្រៅហៅ (ត្រាត់) អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិព្រៃមេលងខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំបានបួសជាដូនជី ហើយបានប្រកាន់ភ្ជាប់សីល១០។ ខ្ញុំមានឪពុកឈ្មោះ ឌុល ជិន (ស្លាប់) ម្ដាយឈ្មោះ ហ៊ុល ញ៉ាក (ស្លាប់)។ ខ្ញុំមានបងប្អូន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់)។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់២នាក់។ ខ្ញុំមានប្ដីឈ្មោះ រស់ ទុយ (ស្លាប់)។ យើងមានកូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់។ កាលពីកុមារភាពខ្ញុំបានចូលរៀនអក្ខរកម្ម។ ខ្ញុំរៀនបានបន្តិចបន្តួចត្រឹមចេះអានអក្សរ និងសរសេរអក្សរបាន។ គ្រូបង្រៀនឈ្មោះ ផូ។
ក្នុងរបប លន់ នល់ នៅក្នុងភូមិគ្រាំងគរនេះ មានការទម្លាក់គ្រាប់ច្រើនណាស់។ ខ្ញុំ និងក្រុមគ្រួសារមានការភ័យខ្លាច ហើយបាននាំគ្នាជីករណ្តៅត្រង់សេ (លេណដ្ឋាន) ដើម្បីទុកការពារខ្លួនពីការទម្លាក់គ្រាប់។ ការទម្លាក់គ្រាប់នៅព្រៃក្ដី ស្ថិតក្នុងភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំ នឹងក្រុមគ្រួសារភ័យខ្លាចពីការទម្លាក់គ្រាប់ បានរត់ទៅរស់នៅក្បែរស្រៈចាស់ នៅទំនប់អូររំដួល ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំ និងគ្រួសារទៅរស់នៅទីនោះមិនបានប៉ុន្មានខែផង ខ្ញុំបានសម្រាលកូនស្រីច្បងបានម្នាក់។ ខ្ញុំបានឆ្មមបុរាណជាអ្នកជួយបង្កើតឱ្យ។ គាត់ឈ្មោះ អ៊ឹម។
ចូលមកដល់របបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារ រួមទាំងប្រជាជនដែលរស់នៅក្នុងភូមិគ្រាំងគរទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិ។ ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនជាច្រើនគ្រួសារត្រូវបានឲ្យទៅរស់នៅខាងកើតវត្តក្រពុំឈូក នៅស្រុកកោះអណ្ដែត ខេត្តតាកែវ។ ខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឱ្យចូលធ្វើការក្នុងកងស្រួច។ ប្រធានកងរបស់ខ្ញុំប្រុស គាត់មានមាឌតូចល្មម សម្បុរសាអែម។ គាត់មានការយោគយល់ប្រជាជន។ ក្នុងរបបខ្មែរក្រហមយើងត្រូវខិតខំធ្វើការឱ្យបានល្អ និងធ្វើឱ្យទាន់តាមការកំណត់របស់ខ្មែរក្រហម។ ខ្ញុំបានទៅរែកប្រឡាយ និងជីកទំនប់។ មួយកងខ្ញុំមានគ្នា១០នាក់ មានបុរស និងស្ដី្រ។ ក្រៅពីរែកដី ខ្មែរក្រហម ប្រើឱ្យខ្ញុំទៅបុកស្រូវ និងដកស្មៅក្នុងស្រែ។ ខ្មែរក្រហមប្រើខ្ញុំដូចសត្វគោ សត្វក្របី គ្មានពេលឈប់សម្រាកឡើយ។ អ្វីដែលរឹតបន្តឹងខ្លាំងនោះ គឺការគៀបសង្កត់បំបិទសិទ្ធិសេរីភាពលើការនិយាយស្ដី។ ខ្មែរក្រហមកាត់ផ្តាច់មនោសញ្ចេតនារវាងបងប្អូន។ ជីវិតរស់នៅក្នុងរបបខ្មែរក្រហមត្រូវខ្មែរក្រហមតាមដានទាំងយប់ទាំងថ្ងៃ។ យើងគ្មានសិទ្ធិតវ៉ាឡើយ ដឹងតែខំធ្វើការឱ្យបានល្អទើបអាចរស់រានមានជីវិតបាន។ ដោយសារហេវហត់ និងអស់កម្លាំងពេក ខ្ញុំតែងតែលួចបេះននោងមកស្ងោរក្នុងទឹកកំសៀវ។ ខ្ញុំហូបលាក់ការមិនឱ្យខ្មែរក្រហមបានឃើញឡើយ។ របបខ្មែរក្រហមនេះ ជារបបមួយដែលអាក្រក់ផ្សៃផ្សៃបំផុត កាប់សម្លាប់មនុស្សដោយគ្មានធម៌មេត្តា។ នៅស្រុកកោះអណ្ដែតមានទីតាំងមួយកន្លែងទុកសម្រាប់បញ្ចុះសាកសពដែលស្លាប់ដោយសារជំងឺ និងស្លាប់ដោយសារដាច់បាយ។
ខ្ញុំបានឃើញមនុស្សស្លាប់ដោយសារដាច់បាយ២នាក់។ គាត់មានឈ្មោះ វិត និងប៉ែត។ គាត់ទាំងពីរនាក់ គឺជាប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀសឱ្យចេញពីភូមិដូចគ្នាដែរ។ ក្រោយរបបខ្មែរក្រហមដួលរលំទៅ ខ្ញុំបានវិលត្រឡប់មកស្រុកកំណើត និងបានរស់នៅជួបជុំគ្រួសារឡើងវិញ៕
អត្ថបទដោយ ជីម សុខគា
[1] បទសម្ភាសន៍ជាមួយឈ្មោះ ឌុល ភី រស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយ ជីម សុខគា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។