សុក អូ៖ គណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សុក អូ ជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។[1] បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ស្រី ផេង មានអាយុ៧០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។[2] ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រពន្ធពីប្រវត្តិសង្ខេបរបស់អូ។

អូ មានកូនប្រាំមួយនាក់ ក្នុងនោះ​ស្រីបីនាក់ និងស្លាប់ម្នាក់ក្នុងរបបខ្មែរក្រហម។ អូ មានស្រុកកំណើតស្ថិតនៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង និងមានឪពុកឈ្មោះ ម៉ៅ សុក និងម្ដាយឈ្មោះ សៅ ផាន់ អ្នកទាំងពីរស្លាប់ក្នុងរបបខ្មែរក្រហម​។​ កាលពីវ័យកុមារ អូ រៀនសូត្របានច្រើន និងចេះនិយាយភាសាបារំាង។ អូ បានចូលបម្រើការងារជាទាហានក្នុងរបបសង្គម​រាស្រ្តនិយម​នៅទីក្រុងភ្នំពេញ និងនៅខេត្តបាត់ដំបង។ អូ ធ្លាប់ទទួលការបណ្តុះបណ្តាលជំនាញទ័ព និង បំពេញកម្មសិក្សានៅទីក្រុងព្រៃនគរ ប្រទេសវៀតណាម។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សមេ្ដចព្រះនរោត្តមសីហនុ។ បន្ទាប់មកប្រទេសជាតិធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ អូ សម្រេចចិត្តលាឈប់ពីការងារជាទាហាន និងបានត្រលប់មករស់នៅស្រុកកំណើត ឯស្រុកស្វាយជ្រំ ដើម្បីជួយការងារស្រែចម្ការ ជាមួយប្រពន្ធកូនវិញ។​ នៅអំឡុងពាក់កណ្តាលឆ្នាំ១៩៧០ អូ បានស្ម័គ្រចិត្ដចូលចលនាបដិវត្តន៍ខែ្មរក្រហម​។ ក្រោយចូលបដិវត្តន៍ អូ បានទៅបម្រើការងារក្នុងឃុំតាពេជ្រ ដែលមានប្រធានគ្រប់គ្រងឈ្មោះ​សមមិត្តអ្ហ៊ែស ហើយនៅគ្រានោះតំបន់ដែល អូ រស់នៅស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម​ និងតែងតែមានការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់។ ក្រោយមកអង្គការបានចាត់តាំង អូ ឲ្យធ្វើជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣។ ពេលធ្វើជាសមាជិកសេដ្ឋកិច្ចតំបន់២៣ អូ បានមកសួរសុខទុក្ខគ្រួសារម្តងម្កាល និងបានប្រាប់ប្រពន្ធកូនថា ខ្លួនកំពុងបំពេញការងារឲ្យខ្មែរក្រហមដោយទទួល​បន្ទុកខាងសេដ្ឋកិច្ចស្រុក។ កាលណោះអង្គការតម្រូវឲ្យប្រពន្ធកូនរបស់អូ រស់នៅក្នុងសហករណ៍តាពេជ្រ។ ប្រពន្ធរបស់អូ ខ្មែរក្រហមចាត់តាំងឲ្យត្បាញក្រមា ក្នុងកងតម្បាញដែលមានប្រធានគ្រប់គ្រងឈ្មោះយាយវ៉ាញ ហើយកូនៗត្រូវរស់នៅក្នុងកងចល័ត និងកងកុមារ។

នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេសប្រពន្ធរបស់អូ បានដឹងថាការងារប្តីនៅតែជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មីដដែល ប៉ុន្តែនៅពេលនោះ អូ មិនអាចមក​លេង ឬជួបជុំគ្រួសារបានដូចមុនទៀតហើយ។ ប្រពន្ធកូនបានត្រឹមដឹងសុខទុក្ខរបស់អូ តាមរយៈអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។

នៅអំឡុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគបូព៌ាជាច្រើនរូប ត្រូវចាប់ខ្លួនដោយចោទប្រកាន់ថាក្បត់បដិវត្តន៍ មួយចំនួនបានបាត់ខ្លួន និងរត់ទៅប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៨ អូ ត្រូវប្រធានកងឈ្លបឈ្មោះតាសុវណ្ណ មកពីភូមិភាគនីរតី និងឈ្លបឃុំពីរនាក់ ឈ្មោះ សៀត និងសាយ[3] មកនាំខ្លួនដោយប្រាប់ថាទៅរៀនសូត្រនៅមន្ទីរព្រៃដំឡូង។ ប្រពន្ធទទួលដំណឹងថា អូ ត្រូវអង្គការឃុំខ្លួននៅមន្ទីរព្រៃដំឡូង ដែលស្ថិតក្នុងស្រុកស្វាយជ្រំ តំបន់២៣ រយៈពេលប្រហែលមួយសប្តាហ៍ មុន បញ្ជូនទៅមន្ទីរសន្តិសុខស-២១។ ចាប់តាំងពីពេលនោះមក ប្រពន្ធ និងកូន បានបាត់ដំណឹងអូ រហូតដល់ពេលបច្ចុប្បន្ន ហើយប្រពន្ធ និងកូនៗបានសន្និដ្ឋានថា អូ ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។ នៅពេលមានពិធីបុណ្យទានម្តងៗប្រពន្ធ និងកូនៗតែងតែឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអូ។ នៅឆ្នាំ១៩៨០ ប្រពន្ធ និងកូនប្រុសឈ្មោះសារិត បានទៅស្វែងរកព័ត៌មានអូ នៅគុកទួលស្លែង ប៉ុន្តែរកមិនឃើញ។

យោងតាមឯកសារប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងK01282 ឈ្មោះ សុក អូ, ភេទប្រុស អាយុ៥០ឆ្នាំ, មានកម្ពស់១,៦៤ ម៉ែត្រ និងប្រវែងដងខ្លួ​ន០,៨៥ ម៉ែត្រ គឺជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣ ត្រូវបានអង្គការឃាត់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។ ប៉ុន្តែបើតាមបញ្ជីឈ្មោះជនរង​គ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ មិនមានបញ្ជាក់ថា សុក អូ ត្រូវបានកម្ទេចនៅពេលណានោះទេ​៕

អត្ថបទដោយ អេង សុខម៉េង


[1] K01282 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង, សុក អូ ជាគណៈស្រុកមានជ័យថ្មី, តំបន់២៣ ភូមិភាគបូព៌ា, ឯកសារ​ចំនួន១ទំព័រ, មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា។

[2] SVI0015, សុក អូ មានស្រុកកំណើតនៅភូមិបឹងកែក ឃុំដូនសរ ស្រុកមានជ័យថ្មី ខេត្តស្វាយរៀង។ បទសម្ភាសន៍របស់ ផាន់ សុជា ជាមួយ ស្រី ផេង ត្រូវជាប្រពន្ធរបស់សុក អូ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៥​, ឯកសារចំនួន២៩​ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[3] ប្រពន្ធរបស់អូ បញ្ជាក់ថា ឈ្មោះ សៀត និងសាយ គឺជាឈ្លបឃុំតាពេជ្រ ត្រូវបានប្រជាជនវាយសម្លាប់ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ប្រជាជនចោទប្រកាន់ថាទង្វើរបស់អ្នកទាំងពីរបានបណ្តាលឲ្យប្រជាជនក្នុងឃុំស្លាប់យ៉ាងច្រើន។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin