មៀន នី៖ គេចពីវៀតណាម ចូលធ្វើកងទ័ពខ្មែរក្រហម

មៀន នី ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
មៀន នី បាននិយាយពីប្រវត្ដិក្រុមគ្រួសារ និងការតស៊ូរបស់ខ្លួនជាមួយកងទ័ពវៀតណាមរហូតធ្លាក់មកដល់តំបន់អន្លង់វែង ដែលជាទីកន្លែងកកើតនៃសន្ដិភាពចុងក្រោយក្នុងប្រទេសកម្ពុជា ថា៖
«បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយសាររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មក ក្រុមគ្រួសាររបស់ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្ដោះអាសន្នសាធារណៈរដ្ឋប្រជាមានិតកម្ពុជាក្នុងភូមិកំណើត។ យើងលែងរស់នៅរួមគ្នាក្នុងសហករណ៍ដូចខ្មែរក្រហមទៀតហើយ។ ជីវិតប្រចាំថ្ងៃរបស់យើង គឺផ្ដោតសំខាន់ទៅលើរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។
លុះដល់ឆ្នាំ១៩៨៧ កងទ័ពវៀតណាមតែងតែចោទប្រជាជនមួយចំនួននៅក្នុងភូមិ រួមទាំងខ្ញុំផង ថាបានឃុបឃិត និងមានទំនាក់ទំនងជាមួយកងទ័ពខ្មែរក្រហម។ កងទ័ពវៀតណាមរាប់ចាប់តាំងពីការ ផ្ដល់ស្បៀងអាហារ និងរាយការណ៍ទៅឲ្យខ្មាំង។ ជារឿយៗ កងទ័ពទាំងនោះ តែងតែចាប់គោក្របីប្រជាជនក្នុងភូមិធ្វើជាអាហារតាមចិត្ដទៀតផង។ នៅពេលនោះ ខ្ញុំបានសម្រេចចិត្ដចាកចេញពីវៀតណាមហើយបានរត់តាមមារបស់ខ្ញុំម្នាក់ដែលជាកងទ័ពខ្មែរក្រហមតស៊ូនៅក្នុងព្រៃ។ មារបស់ខ្ញុំបម្រើការនៅក្នុងកងពលលេខ៩១២ ដឹកនាំដោយមេបញ្ជាការ សាំង គង់។ ខ្ញុំពេញចិត្ដនឹងឯកសណ្ឋានកងទ័ពខ្មែរក្រហមដែលមានពណ៌បៃតងស្អាតៗ។ ខ្ញុំពិតជាចង់ស្លៀកពាក់ខោអាវទាំងនោះ និងកាន់កាំភ្លើងណាស់។ ខ្ញុំចុះទៅសមរភូមិជាមួយនឹងភាពអង់អាចក្លាហាន។ ខ្ញុំជួបប្រទះព្រឹត្ដិការណ៍ប្រឈមមុខដាក់គ្នាជាញឹកញាប់ជាមួយកងទ័ពវៀតណាមនៅក្នុងព្រៃ ហើយជាទូទៅខ្ញុំតែងតែផ្លាស់ប្ដូរទីតាំងឈរជើងចំនួន២កន្លែង ក្នុងមួយថ្ងៃ។ សភាពការណ៍ចាប់ផ្ដើមតានតឹងកាន់តែខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រោះថ្នាក់អាចកើតឡើងមកលើខ្ញុំគ្រប់ពេលវេលា ប៉ុន្ដែសំណាងល្អខ្ញុំបានឆ្លងផុតរស់រានមានជីវិត ហើយបានជួបរឿងរ៉ាវជាច្រើនទៀត។ អំឡុងពេលប្រយុទ្ធខ្ញុំបានមើលឃើញកងទ័ពទាំងសងខាងបានពលីជីវិតជាបន្ដបន្ទាប់ច្រើនមកហើយ។ នៅពេលកងទ័ពរបស់យើងបានបរាជ័យក្នុងសមរភូមិ យើងបានកំណត់គោលដៅធ្វើដំណើរឡើងភ្នំដងរែក និងបានជួបប្រទះឧបសគ្គរហូត។ ខ្ញុំបានជួបឧបសគ្គផ្ទុះអាវុធប្រហែលជាងដប់កន្លែង។
បទពិសោធន៍ជាកងទ័ពរបស់ខ្ញុំ គឺទទួលបានពីការអនុវត្ដន៍ផ្ទាល់ក្នុងសមរភូមិតែម្ដង។ ខ្ញុំមិនធ្លាប់បោះបង់ចោលសមរភូមិណាមួយឡើយ។ ក្រោយមក ខ្ញុំបានធ្វើដំណើរមកដល់ខ្នងភ្នំដងរែកដែលជាមូលដ្ឋានខ្មែរក្រហមរៀបចំកម្លាំងឡើងវិញ ដើម្បីវាយរំដោះប្រទេសត្រឡប់មកវិញ។ ខ្មែរក្រហមចាប់ផ្ដើមបង្កើតកងពលដោយប្រមូលកម្លាំងដាច់រតាត់រតាយឡើងវិញ ដោយសារភ្ជាប់ជាមួយស្បៀងអាហារ និងសព្វាវុធ។ រៀងរាល់មួយឆ្នាំម្ដង ខ្មែរក្រហមបានប្រមូលកម្លាំងប្រជាជននៅខាងក្នុងប្រទេសឲ្យចូលរួមក្នុងចលនាឡើងភ្នំដងរែក ដើម្បីបំពាក់អាវុធចូលតស៊ូប្រយុទ្ធជាមួយវៀតណាមនៅខាងក្នុងប្រទេសវិញ។ នៅពេលប្រមូលកម្លាំងប្រជាជនបានចាប់ពី៣០០នាក់ ខ្មែរក្រហមនឹងបញ្ជូនមកកាន់ភ្នំដងរែកម្ដង។ ប្រជាជនតែងតែឈឺស្លាប់មួយចំនួននៅតាមផ្លូវទម្រាំមកដល់គោលដៅ។ ទោះជាយ៉ាងណា យើងតែងតែកប់ប្រជាជនទាំងនោះដោយការគោរពនៅក្នុងព្រៃ។ ចំពោះប្រជាជនដែលស្លាប់ដោយសារការវាយប្រហាររបស់កងទ័ពវៀតណាម យើងប្ដេជ្ញានឹងវាយយកសពត្រឡប់មកវិញឲ្យទាល់តែបាន។ ក្រៅពីកប់ត្រឹមត្រូវ សពខ្លះទៀតត្រូវបានទុកនៅក្នុងអង្រឹងដោយសារសភាពការណ៍មិនអំណោយផល។ ចំណែកអ្នករបួសត្រូវព្យាបាលឲ្យជាសះស្បើយដើម្បីបន្ដដំណើរទៅមុខទៀត។
ការប្រយុទ្ធគ្នាម្ដងៗជាមួយកងទ័ពវៀតណាមអាចមានរយៈពេលចន្លោះពី២ ទៅ៣ម៉ោង ហើយក្នុងពេលក្ដៅគគុកនោះ ភាគីទាំងពីរមិនងាយដកថយទេ។ កងទ័ពវៀតណាមច្រើនតែវាយខ្មែរក្រហមរហូតដល់យើងដកថយទៅវិញ។ តែទោះយ៉ាងណា មុននឹងដកថយ ខ្មែរក្រហមតែងតែកប់គ្រាន់មីនក្នុងដី ដើម្បីស្កាត់ផ្លូវសត្រូវកុំឲ្យតាមទាន់ខ្លួន។ ស្បៀងអាហាររបស់យើងត្រូវបានម្ចាស់ការរៀងៗខ្លួនហើយនៅក្នុងម្នាក់ៗមានអង្ករមួយតី និងរបស់របរចាំបាច់តាមខ្លួនតែមួយខ្នងប៉ុណ្ណោះ។ ដូច្នេះហើយរាល់ពេលអស់ស្បៀងយើងម្នាក់ៗត្រូវដើរជីកដំឡូងព្រៃ មើមក្ដួច និងចូលទៅក្នុងភូមិប្រជាជនដើម្បីសុំអង្ករ។ ប្រជាជនមួយចំនួនមានសន្ដានចិត្ដល្អដោយបានដឹកអង្ករយកមកឲ្យយើងហូបទៀតផង។ ប្រជាជនបានបន្លំអង្ករជាមួយអុសដឹកជញ្ជូនតាមរទេះគោ។ ការផ្ដល់ស្បៀងអាហារបែបនេះអាចបញ្ជៀសការផ្ទុះអាវុធនៅក្នុងភូមិនៅពេលកងទ័ពវៀតណាមតាមទាន់ខ្មែរក្រហម។ យើងបានឆ្លងកាត់ការលំបាកច្រើនណាស់អំឡុងតស៊ូនៅក្នុងព្រៃ។
លុះដល់ឆ្នាំ១៩៨៨ ខ្ញុំបានទៅដល់ច្រកតាទុំ នៅលើខ្នងភ្នំដងរែក។ ក្រោយមក ខ្ញុំបានទៅដល់ជំរំអូរត្រាវ។ មនុស្សរាប់សែននាក់រស់នៅទីនោះរួមទាំងកងទ័ព និងប្រជាជនស្លៀកពាក់ស៊ីវិលដូចៗគ្នារស់នៅក្នុងជំរំជនភៀសខ្លួន។ ជំនួយស្បៀងអាហារត្រូវបានផ្ដល់ដោយកាកបាទក្រហមអន្ដរជាតិ។ កងទ័ពខ្មែរក្រហមតែងតែដូរសម្លៀកបំពាក់ពីជនស៊ីវិលទៅឯកសណ្ឋានកងទ័ព និងកាន់កាំភ្លើងចេញភ្លាមបន្ទាប់ពីចេញពីជំរំ។ បន្ទាប់មក ចុះទៅសមរភូមិជិតឆ្ងាយ។ រយៈពេលកន្លះឆ្នាំទៅមួយឆ្នាំម្ដង ទើបអង្គភាពអនុញ្ញាតឲ្យត្រឡប់មកកាន់ភ្នំដងរែក ដើម្បីជួបជុំក្រុមគ្រួសារ និងទទួលស្បៀងអាហារមុននឹងចុះទៅសមរភូមិទៀត។ អង្គភាពរបស់ខ្ញុំមានមុខសញ្ញាឈរជើងនៅស្រុកពួក ខេត្ដសៀមរាប។ ក្រៅពីនេះនៅមានព្រៃរនាមដងទន្លេសាប វត្ដឈើខ្មៅ ភូមិផ្ដៀកធំ លៀសតូច លៀសធំ ភ្នំជ្រឹង កំពីងពួយ អណ្ដើកចារ វាលខ្សាច់ វាលភេរ យាមនង្គ័ល ជាដើម។ ក្នុងនោះ សមរភូមិប្រយុទ្ធគ្នាដ៏ជូរចត់បំផុតរបស់ខ្ញុំគឺនៅដងទន្លេសាប។កងទ័ពខ្មែរក្រហមបានប្រើទូកដែលចែវនឹងដៃដើម្បីវាយប្រយុទ្ធ និងចល័ត ខណៈដែលវៀតណាមបានប្រើប្រាស់អូរបរ ឬកាណូតធំៗ។ ជាទូទៅប្រតិបត្ដិការប្រយុទ្ធត្រូវបានធ្វើឡើងនៅក្នុងរដូវវស្សា។ នៅពេលប្រយុទ្ធគ្នាម្ដងៗកងទ័ពវៀតណាមតែងតែវាយសន្ធប់យើងយ៉ាងខ្លាំង ដោយជួនកាលបណ្ដាលឲ្យយើងដាច់បាយថែមទៀតផង។ ពេលខ្លះដាច់បាយបីថ្ងៃក៏មាន។ ពេលនោះ យើងបានលូនចូលទៅសម្ងំលាក់ខ្លួនក្នុងព្រៃរនាមតាមដងទន្លេសាប។ កងទ័ពវៀតណាមតែងតែយកប្រៀបលើការប្រយុទ្ធលើយើងរហូត។
អំឡុងពេលរស់នៅ និងធ្វើសង្គ្រាមតាមដងទន្លេសាប កងទ័ពខ្មែរក្រហមមានទំនាក់ទំនង និងទទួលបានការផ្គត់ផ្គង់ស្បៀងអាហារពីថៅកែឡូតិ៍នេសាទ។ ថៅកែឡូតិ៍នេសាទនីមួយៗ គឺជាខ្មែរក្រហម ហើយបានចំណាយមាសទិញត្រីក្នុងព្រែកបង្កើតជាឡូតិ៍រាប់សិបតម្លឹង។ ជាពិសេសអង្ករត្រូវបានដឹកតាមទូកនេសាទទាំងតោនៗដល់កងទ័ពខ្មែរក្រហម ដោយមូលហេតុថា ការផ្គត់ផ្គង់បែបនេះនឹងជួយឲ្យការនេសាទប្រព្រឹត្ដទៅបានយ៉ាងងាយស្រួល។
ការប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម យើងជួបប្រទះនូវការបរាជ័យច្រើនលើកច្រើនសា។ នៅពេលកងទ័ពវៀតណាមស៊ើបដឹងថាយើងនៅកន្លែងណាមួយការប្រយុទ្ធទ្រង់ទ្រាយធំនឹងកើតមានឡើង ហើយបំបែកកម្លាំងខ្មែរក្រហមឲ្យបែកខ្ញែកពីគ្នា។ ខ្ញុំបានធ្វើជាកងទ័ពជើងទឹកនៅទន្លេសាបបានរយៈពេល១ឆ្នាំ បន្ទាប់មក ខ្ញុំមកឈរជើងនៅមុខសញ្ញាស្រុកពួកវិញ។ នៅទីនោះមានសមរភូមិតូចៗទៀតរួមមាន៖ វ៉ារិន គោកអាទ័យ គោកស្រុក អន្ដាស រលំ ឫស្សី ស្វាយស ដូនពែង កំបោរ រើល ខ្នារ ផ្លូវ៦៨ ភូមិល្វៀង ជាដើម។ លុះដល់ដើមឆ្នាំ១៩៩០ ទើបខ្ញុំបានមករស់នៅតំបន់អន្លង់វែង ដោយឆ្លងកាត់ព្រឹត្ដិការណ៍ប្រយុទ្ធគ្នាជាច្រើនលើកច្រើនសាជាមួយកងទ័ពរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដល់១៩៩៨។ ចុងបញ្ចប់ទៅកម្លាំងខ្មែរក្រហមបានធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមនៅដើម្បីរួបរួមក្នុងសង្គមតែមួយឡើងវិញ»៕
អត្ថបទដោយ សួត វិចិត្រ