អ្នកផ្សំថ្នាំ និងព្យាបាលយោធាខ្មែរក្រហម នៅក្នុងតំបន់២៤ ភូមិភាគបូព៌ា

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អង្គការបានបញ្ជូន ព្រឿង ឲ្យទៅធ្វើជាពេទ្យយោធាតំបន់២៤ ដោយសារតែគាត់គ្មានឪពុកម្ដាយ និងបងប្អូនរងចាំនៅស្រុកកំណើត។ ព្រឿង បានចូលរួមជាមួយកម្លាំងខ្មែរក្រហមនៅក្នុងព្រៃរហូតដល់ទទួលបានជ័យជម្នះ។ នៅពេលទទួលបានជោគជ័យ ឆ្នាំ១៩៧៥ ព្រឿង មិនបានឡើងតួនាទី និងរស់នៅសុខស្រួលនោះទេ។ អង្គការបានប្រើ ព្រឿង ឲ្យធ្វើការងារធ្ងន់ៗ និងមិនមានអាហារហូបគ្រប់គ្រាន់។ លើសពីនេះទៀត ព្រឿង ស្ទើរតែមិនរួចជីវិត នៅពេលដែលអង្គការធ្វើបន្សុទ្ធកម្មទៅលើភូមិភាគបូព៌ា។ នៅពេលមានសង្គ្រាមជាមួយវៀតណាម ព្រឿង បានធ្លាក់ខ្លួនពិការ ដោយសារតែត្រូវគ្រាប់កាំភ្លើង នៅសមរភូមិកោះស្កូ។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ឈ្មោះ អោ ព្រឿង​ តាំងពីក្មេងរហូតដល់បញ្ចប់សង្គ្រាម៖[1]

អោ ព្រឿង ភេទប្រុស អាយុ៧០ឆ្នាំ(២០២២) រស់នៅក្នុងភូមិត្រពាំងផ្លុង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ម្ដាយរបស់ ព្រឿង ឈ្មោះ យន់ ទ​ន់ ប្រកបមុខរបបលក់នំ​បញ្ចុក។ ព្រឿង គឺជាកូនទោលនៅក្នុងគ្រួសារ ព្រោះឪពុករបស់គាត់បានចេញពីផ្ទះតាំងពី ព្រឿង នៅក្មេង។ កាលពីក្មេង ព្រឿង មិនសូវបានចូលរៀននោះទេ ព្រោះគាត់ត្រូវធ្វើដំណើរតាមម្ដាយលក់នំបញ្ចុកនៅតាមព្រំប្រទល់ខេត្តព្រៃវែង និង ស្វាយរៀង។ ព្រឿង រៀនបានត្រឹមថ្នាក់ទី១១ នៅសាលាបឋមសិក្សាព្រែកជ្រៃ ហើយក្រោយមកផ្លាស់ប្ដូរសាលារៀនជាបន្តបន្ទាប់។

នៅឆ្នាំ១៩៦៨ ម្ដាយរបស់ ព្រឿង បានធ្លាក់ខ្លួនឈឺ ហើយស្លាប់ ព្រោះគ្មានប្រាក់សម្រាប់ព្យាបាលជំងឺ។ បន្ទាប់ពីម្ដាយស្លាប់ ព្រឿង ដើរស៊ីឈ្នួលធ្វើស្មៅពោត និងស្មៅសណ្ដែក ឲ្យអ្នកភូមិ ដើម្បីចិញ្ចឹមជីវិត។ក្នុងមួយថ្ងៃ ព្រឿង រកបានប្រាក់ ១៥រៀល ដើម្បីចិញ្ចឹមជីវិត។ បន្ទាប់ពីម្ដាយស្លាប់ ព្រឿង មិនបានទៅរស់នៅជាមួយបងប្អូនជីដូនមួយនោះទេ ព្រោះគាត់មើលឃើញពីជីវភាពក្រលំបាករបស់សាច់ញាតិ។ នៅអាយុ ១៥ឆ្នាំ ព្រឿង ចូលទៅធ្វើការងារឲ្យជនជាតិចិននៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកអន្ទះ។ នៅផ្ទះជនជាតិចិន ព្រឿង ត្រូវធ្វើការងារនៅក្នុងផ្ទះ និងជួយការងាររកស៊ីខាងក្រៅ។ ជនជាតិ​ចិនគឺ​ជាអ្នករកស៊ីរត់​កា​ណូ​​ត ពីពាម ស្រុកពាមរក៍ទៅទីរួមខេត្តព្រៃវែង និងយូរៗម្ដងទៅភ្នំពេញ។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែង ព្រឿង សុំឈប់ធ្វើការងារឲ្យជនជាតិចិន ព្រោះប្រទេសចាប់ផ្ដើមមានសង្គ្រាម។  បន្ទាប់ពីឈប់ធ្វើការ ព្រឿង បានចូលធ្វើជាសេនាជនក្នុងភូមិព្រែកជ្រៃ ជាមួយយុវជនភូមិ១៤នាក់ផ្សេងទៀត តាមការចាត់តាំងរបស់ឈ្មោះ អ៊ុយ មេភូមិព្រែកជ្រៃ។ មុនពេលចូលធ្វើការងារជាកងសេនាជន ព្រឿង ត្រូវទៅរៀននយោបាយ និងសង្គ្រាមប្រជាជន ជាមួយឈ្មោះ យ៉ាន រយៈពេល៣ថ្ងៃសិន។ នៅពេលបញ្ចប់ការរៀនសូត្រ ព្រឿង បានចេញមកអនុវត្តន៍ជាក់ស្ដែង តាមការណែនាំរបស់យ៉ាន។ ការងារដែលព្រឿង ធ្វើនៅក្នុងភូមិគឺ មើលការខុសត្រូវប្រជាជនកុំឲ្យលក់ទិន្នផល ឬសត្វចិញ្ចឹមទៅខាង លន់ នល់ និងការពារកុំឲ្យមានចោរលួចប្លន់ផ្សេងៗនៅក្នុងភូមិ។ អំឡុងពេលធ្វើជាកងសេនាជន ព្រឿង បានរៀនអំពីឈ្មោះថ្នាំ ប្រភេទវីតាមីន និងការប្រើប្រាស់ឱសថផ្សេងៗពីអ្នកគ្រូពេទ្យ សន ប្រធានពេទ្យសង្កាត់។

នៅឆ្នាំ១៩៧១ ព្រឿង បានសម្រេចចិត្តចូលបួសក្នុងព្រែកជ្រៃ ដើម្បីបានចូលសិក្សារៀនសូត្របន្តទៀត។ ព្រឿង ចូលបួសរៀន បានតែ១វស្សា នៅក្នុងភូមិចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក។ បន្ទាប់ពីលាចាកសិក្ខាបទ មេភូមិព្រែកជ្រៃ​ បានបញ្ជូន ព្រឿង ឲ្យទៅរៀនផ្នែកពេទ្យនៅក្នុង ភូមិបារាច ឃុំព្រៃឃ្នេស បន្តទៀត ព្រោះគាត់ធ្លាប់ទទួលបានចំណេះដឹងខ្លះៗនៅពេលធ្វើជាសេនាជន។ ព្រឿង បានចំណាយពេលរៀនពេទ្យនៅភូមិបារាច រយៈពេល៣ខែ ជាមួយឈ្មោះ ស៊ន។ ស៊ន គឺជាគ្រូបង្រៀនពេទ្យទាំងអស់នៅតំបន់២៤ ឲ្យ​ចេះចាក់ថ្នាំលើខ្នើយដែលមានរាងជាត្រគាកមនុស្ស រៀនផ្សំថ្នាំចាក់ ផ្សំថ្នាំទឹកដបពណ៌ទឹកក្រូច និងថ្នាំអំពូល។ ក្រៅពី​នេះ ស៊ន ​បង្រៀនឲ្យស្គាល់ឈ្មោះថ្នាំដូចជា អាស្ពីរិន វីតាមីនកា វីតាមីនបេ តង់ស្យូម និងឈ្មោះថ្នាំដែលកម្ម៉ង់ពីប្រទេសចិនជាច្រើនទៀត។ នៅពេលបញ្ចប់វគ្គ ព្រឿង និងយុវជនផ្សេងទៀត ត្រូវទៅរៀននយោបាយ រយៈពេល ២ខែបន្ថែមទៀត នៅពោធិ៍ស្នាយ មុនពេលត្រលប់ទៅភូមិរៀងៗខ្លួនវិញ។

ព្រឿង មិនបានត្រលប់ទៅព្រែកជ្រៃវិញទេ ព្រោះអង្គការបញ្ជូនគាត់ឲ្យទៅរៀនក្បួនទ័ពនៅប្រស្នា បន្ថែមទៀត ដើម្បីចូលធ្វើជាពេទ្យយោធា។ បន្ទាប់ពីរៀនចប់ ព្រឿង បានចេញទៅព្យាបាលជំងឺឲ្យប្រជាជន និងអ្នករបួសនៅខាងព្រៃស្វា ព្រៃប្រង់ ស្រុកបាភ្នំ តំបន់២៤។ ព្រឿង បានឲ្យដឹងថា អ្នកជំងឺដែលឈឺខ្លាំងត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យ ព២ គឺជាពេទ្យភូមិភាគ។ ព្រឿង ព្យាបាលជំងឺនៅពេទ្យតំបន់២៤ មិនទាន់បាន១ឆ្នាំផង អង្គការបញ្ជូនគាត់ឲ្យទៅព្យាបាលយោធាដែលមានរបួសពេលវាយនៅសមរភូមិក្នុងតំបន់២៤ ស្រុកពាមជរ។ នៅសមរភូមិ ព្រឿង ត្រូវព្យាបាលជំងឺ និងសែងយុវជនរបួសក្នុងពេលប្រយុទ្ធផ្ទាល់តែម្ដង។ បើតាមសម្ដីរបស់ ព្រឿង ការព្យាបាល និងសង្គ្រោះយុវជននៅសមរភូមិ គឺធ្វើឡើងមិនបានត្រឹមត្រូវ និងសម្អាតមិនបានល្អនោះទេ ព្រោះត្រូវរត់គេចពីគ្រាប់កាំភ្លើង។  ព្រឿង ធ្វើជាពេទ្យយោធានៅសមរភូមិមុខ រហូតដល់អង្គការទទួលលបានជ័យជម្នះនៅខែមេសា ឆ្នាំ១៩៧៥។

បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានបញ្ជូន ព្រឿង ឲ្យទៅធ្វើការងារ និងប្រចាំការក្នុងក្រុមកាំភ្លើងធំ គ៥ កោះពាមរាំង ស្រុកពាមជរ។​ ការងារដែលគាត់ត្រូវធ្វើគឺកាប់ព្រៃ ធ្វើចម្ការ ដាំដំណាំពោត សណ្ដែក ល្ង ឬចេកជាដើម។ ចំពោះការហូបអាហារ ក្នុងមួយថ្ងៃ អង្គការចែកអង្ករឲ្យ១កំប៉ុងសម្រាប់មនុស្សម្នាក់។ នៅឆ្នាំ១៩៧៦ បន្ទាប់ពីចូលសហករណ៍ របបអង្ករបានកាត់បន្ថយឲ្យ១ថ្ងៃ១កំប៉ុង សម្រាប់យុវជន៤នាក់។ ការធ្វើការងារនៅកោះពាមរាំង គឺធ្ងន់ធ្ងរ ប៉ុន្តែអាហារហូបមិនគ្រប់គ្រាន់។ អង្គការមិនអនុញ្ញាតឲ្យយុវជនយកដំណាំដែលដាំបានមកហូបបន្ថែមនោះទេ ក្រៅពីបបររាវៗ លើកលែងតែ កូនចេកព្រៃ ដើមត្រែង ដើមល្ហុង ដែលដុះខ្លួនឯងនៅក្នុងព្រៃ។ ព្រឿង បានបន្តទៀតថា យោធាដែលធ្វើការនៅទីនោះមានជំងឺហើមដៃ-ជើង មុខមាត់ ហើយខ្លះទៀតជ្រុះសក់ ដោយសារកង្វះអាហារ និងអំបិល។

ក្រោយមកទៀត អង្គការបានបញ្ជូន ព្រឿង ឲ្យមកប្រចាំការនៅក្នុងក្រុម ឃ៦ លើកោះសូរជោ ស្រុកពាមរក៍។ នៅក្នុងកោះសូរជោ មានយុវជនពីរឃ គឺឃ៥ នៅបឹងក្អែក និងឃ៦នៅខាងលិចបឹងក្អែក។ នៅក្នុងឃ៦ ព្រឿង មានតួនាទីជាអ្នកលាយថ្នាំពេទ្យ(ថ្នាំទឹក និងថ្នាំគ្រាប់) និងថ្នាំឫសរុក្ខជាតិ។ ព្រឿង ចាំបានថា ដើម្បីផ្សំថ្នាំក្រពះ គាត់បានយកទឹកឃ្មុំលាយជាមួយដើមក្រូចព្រៃ ហើយដើម្បីផ្សំថ្នាំគ្រាប់ៗដូចអាចម៍ទន្សាយ គឺគាត់ត្រូវកិនដំឡូង យកមកលាយជាមួយក្រូចឆ្មារ, ស៊ីជូរខៀវ, ស៊ីជូរស និងអាស្ពីរីន។ ជាញឹកញាប់ ព្រឿង ត្រូវចេញពីក្នុងអង្គភាពទៅរកថ្នាំនៅ ស្រុកក្រែក មេមត់។

ព្រឿង ធ្វើការនៅក្នុងអង្គការ ឃ៦ រហូតដល់មានការចាប់ខ្លួន សោ ភឹម លេខាភូមិភាគបូព៌ា។[2] បើតាមសម្ដីរបស់ ព្រឿង យុវជននៅលើកោះសូរជោ ត្រូវបានអង្គការចាប់ខ្លួនយកទៅរៀនសូត្រជាបន្តបន្ទាប់ នៅពេលដែលប្រព្រឹត្តកំហុសបន្តិចបន្តួច។ ថ្ងៃមួយអង្គការបានយកម៉ារីនធំៗ ដែលមានបំពាក់អាវុធ និងកាំភ្លើងផ្លោងធំៗមកគំរាម ឲ្យយោធានៅកោះសូរជោ ទម្លាក់អាវុធចុះ។ នៅពេលឃើញស្ថានការណ៍បែបនោះ ប្រធានវរ ឃ៥ និងឃ៦ បានប្រជុំគ្នាជាបន្ទាប់ ដើម្បីរកដំណោះស្រាយ។ ប្រធានវរឃ៦ ឈ្មោះ សុខ បានបញ្ជូន ព្រឿង ឲ្យទៅហៅនីរសារឈ្មោះ រីន នៅកោះពាមរាំង ជាបន្ទាន់។

នៅពេលទៅដល់កោះពាមរាំងភ្លាម ព្រឿង មានបំណងនាំ រីន ត្រលប់មកកោះសូរជោវិញ ប៉ុន្តែ ប្រធានមើលការខុសត្រូវលើកោះ ឃាត់ឲ្យសម្រាកមួយយប់សិន។ លុះស្អែកឡើង ព្រឿង និងរីន បានជិះកង់ចេញមកកោះសូរជោ ពីព្រលឹម។ នៅពេលធ្វើដំណើរមកដល់អ្នកលឿង ព្រឿង បានឃើញយោធាអាវខ្មៅជាច្រើននៅតាមផ្លូវ រហូតជិតដល់កោះសូរជោ។ ព្រឿង បានសម្រេចចិត្តឈប់កង់ដើម្បីសុំទឹកហូប និងសួរព័ត៌មានអំពីយោធាក្បែរនោះ ទាំងមានអារម្មណ៍ភ័យខ្លាច។ ព្រឿង និងរីន បានត្រៀមអាវុធរួចជាស្រេច ប្រសិនបើមានការប្រយុទ្ធគ្នាកើតឡើង។ យោធា ដែលព្រឿងបានសុំទឹកហូប ឲ្យព្រឿង ត្រលប់ទៅក្រោយវិញ ព្រោះយុវជននៅក្នុងអង្គភាពឃ៦ ត្រូវបានអង្គការកម្ទេច តាំងពីពេលយប់។

ពេលទទួលដំណឹងដូច្នេះ ព្រឿង បានត្រលប់ទៅកោះពាមរាំងវិញ ហើយនៅតាមផ្លូវគាត់បានឃើញអង្គការបណ្ដើរយុវជននៅក្នុងក្រុមជាមួយគ្នា។ នៅពេល ព្រឿង ធ្វើដំណើរទៅដល់កោះពាមរាំង គាត់បានជួបជាមួយឈ្មោះ ជា  និងសុខ រត់ទៅដល់ទីនោះដែរ ហើយឈ្មោះរដ្ឋ ដែលជាប្រធានម្នាក់ទៀត ត្រូវបានអង្គការសម្លាប់ចោលបាត់ទៅហើយ។ ជា បាននាំ ព្រឿង រត់ទៅលាក់ខ្លួននៅ កោះរការ ហើយក្រោយមកទៅកោះកុកវិញ។ នៅកោះកុក ឈ្មោះយន្ត ប្រធានកងពលលេខ១០៥ បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយអង្គការ។ យន្ត បានប្រើឲ្យក្មេងៗដែលដើរឃ្វាលគោទៅស៊ើបការណ៍អំពីទីតាំងលេណដ្ឋាន មូលដ្ឋានទ័ពរបស់អង្គការ ប៉ុន្តែសំណាងល្អ មិនមានការប្រយុទ្ធគ្នា។ មូលហេតុដែល ព្រឿង រួចខ្លួន ព្រោះអង្គការកំពុងត្រូវការកម្លាំងវាយជាមួយកងទ័ពវៀតណាម។

នៅឆ្នាំ១៩៧៨ អង្គការបានប្ដូរ ព្រឿង ឲ្យទៅព្យាបាលយោធានៅកងពលលេខ ៨០៥ វាយនៅសមរភូមិកោះស្កូ ស្រុកពាមជរ។[3] នៅពេលដែល ព្រឿង ចូលទៅសែងយុវជនដែលត្រូវគ្រាប់ ទាហានវៀតណាមបានបាញ់ត្រូវជើងរបស់គាត់។ បន្ទាប់ពីត្រូវរបួស អង្គការបានបញ្ជូន ព្រឿង ឲ្យទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រៃទ័ព ខាងជើងស្រុកកំពង់ត្របែក។

ព្រឿង ព្យាបាលជំងឺមិនទាន់បានជាសះស្បើយផង ក៏មានកងទ័ពវៀតណាមវាយចូលមកដល់មន្ទីរពេទ្យ។ អ្នកជំងឺទាំងអស់ រួមទាំងពេទ្យបានរត់ចែកជើងគ្នាទៅកន្លែងផ្សេងៗ ហើយព្រឿង បានកាន់ជើងច្រត់ធ្វើដំណើរមកស្រុកបាភ្នំ ដើម្បីសុំអាហារហូប និងព្យាបាលជំងឺ។ ព្រឿង ធ្វើដំណើរមិនទាន់ដល់មន្ទីរពេទ្យស្រុកបាភ្នំផង ប្រជាជន និងពេទ្យទាំងអស់បានជម្លៀសចេញទៅបាត់អស់។ បន្ទាប់ពីនោះមក ព្រឿង បានដើរបន្តមកខាងអ្នកលឿងវិញ ប៉ុន្តែជាសំណាងល្អជួបមិត្តនារីស្គាល់គ្នាហៅឡើងឡានតម្រង់មកខាងពាម ទើបធ្វើឲ្យគាត់ធូរកម្លាំងដើរបន្តិច។ ពេលមកដល់ពាម ព្រឿង បានសុំទូកយោធាខ្មែរក្រហមផ្សេងទៀតឆ្លងទៅត្រើយម្ខាងដើម្បីរត់ទៅតាមខ្មែរក្រហម។ បើតាមសម្ដីរបស់ ព្រឿង កងទ័ពវៀតណាមបានតាមទាន់គាត់នៅត្រង់សំបួរកោះកែវ ស្រុកល្វាឯម ហើយគាត់ធ្វើដំណើរត្រលប់ទៅខាងស្រុកបាភ្នំវិញ។

ក្រោយបែកឆ្នាំ១៩៧៩ ព្រឿង បានរៀនអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាឈ្មោះ ពេញ ហួន និងមានកូន ៣នាក់ ក្នុងនោះមានកូន ស្រី១នាក់។ នៅឆ្នាំ២០២០ ភរិយារបស់ ព្រឿង បានស្លាប់ដោយសារជំងឺ។ បន្ទាប់ពីប្រពន្ធស្លាប់ ព្រឿង បានលាឈប់ពីការងាររនៅក្នុងឡឥដ្ឋ ព្រោះគាត់មានអាយុកាន់ច្រើន ហើយជើងរបស់គាត់ពិការលំបាកក្នុងការធ្វើដំណើរ៕

អត្ថបទដោយ៖ ភា រស្មី

[1] សម្ភាសន៍ជាមួយ អោ ព្រឿង, ថ្ងៃទី២៥ មីនា ២០២២ (មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង វេទិកាប្រវត្តិសាស្រ្ដគ្រួសារ)។ 

[2] ផេង ពង្សរ៉ាស៊ី et all ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០)ទំព័រ ៤៨។ ការប៉ះទង្គិចជាមួយវៀតណាមនៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ បាននាំដល់ការធ្វើបន្សុទ្ធកម្មធំធេងមួយ។ បន្ទាប់មកខ្មែរក្រហមបានចោទប្រជាជន និងកម្មាភិបាលភូមិភាគបូព៌ាថាបានចូលដៃជាមួយវៀតណាម។ ហេតុការន៍នេះ បានជំរុញឲ្យមានការចាប់ខ្លួន និងការសម្លាប់មនុស្សជាច្រើននាក់ រួមទាំងអ្នកដែលស្មោះត្រង់នឹងខ្មែរក្រហម និងដៃគូនយោបាយជើងចាស់ដូចជា សោ ភឹម។

[3] ហ៊ុយ វណ្ណៈ, កងពលខ្មែរក្រហមលេខ ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៣) ទំព័រ១៣៥ និង១៣៦។ នៅដើមឆ្នាំ១៩៧៧ សេនាធិការបានបញ្ជូនយោធាយ៉ាងហោច ១៩កងពល ដើម្បីទប់ទល់ និងការវាយបកទៅវៀតណាមនៅតាមព្រំដែនកម្ពុជា-វៀតណាម។ នៅអំឡុងពេលពីរឆ្នាំចុងក្រោយរបបកម្ពុជាប្រជាធិបតេយ្យទទួលរងនូវការវាយប្រហារទ្រង់ទ្រាយធំពីរដងគឺ នៅខែកញ្ញា​ ឆ្នាំ១៩៧៧ និងចុងក្រោយ ខែមេសា ឆ្នាំ១៩៧៨។ កងទ័ពវៀតណាមបានវាយលុកចូលទ្រង់ទ្រាយធំមកលើកម្ពុជាប្រជាធិបតេយ្យទាំងពីរលើករហូតដល់ទទួលបានជ័យជម្នះនៅថ្ងៃទី៧ ​ខែមករា ឆ្នាំ១៩៧៩។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin