អោង ចេង៖ ការរស់នៅដូចនៅក្នុងបន្លា ប្រសិនបើយើងងាកគឺមុត

អោង ចេង អាយុ៧១ឆ្នាំ រស់នៅភូមិចាន់ទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចេង ធ្វើការងារ លើកទំនប់, ជីកប្រឡាយ, សែងដី និងធ្វើស្រែស្ទូងស្រូវ។ នៅរដូវធ្វើស្រែ ចេង និងអ្នកធ្វើការងារនៅក្នុងក្រុមជាមួយគ្នាត្រូវក្រោកតាំងពីម៉ោងប្រមាណ១យប់ដើម្បីធ្វើការងារ ស្ទូង និងដកសំណាបក្នុងស្រែ។ ក្នុងមួយថ្ងៃ អង្គការរៀបចំមនុស្សចំនួន៥នាក់មួយក្រុម ដើម្បីធ្វើការងារភ្ជួរស្រែម្នាក់ ជញ្ជូនកណ្ដាប់ម្នាក់ និង៣នាក់ទៀតជាអ្នកដក និងស្ទូង ឲ្យរួចរាល់លើផ្ទៃដី១ហិកតា។ ចូលដល់រដូវច្រូតកាត់ អង្គការរៀបចំបែងចែកជាក្រុមបន្តទៀតដើម្បីធ្វើការងារប្រមូលផល។

នៅរដូវប្រាំង ចេង និងមិត្តនៅក្នុងក្រុមត្រូវក្រោកតាំងពីម៉ោង៤ព្រឹក ទៅធ្វើការងារលើកទំនប់ និងជីកប្រឡាយ។ ទីកន្លែងដែល ចេង បានចេញទៅធ្វើការរួមមាន៖ លើកទំនប់ល្បូ, ថ្មសរ, កំពង់អំពិល, ច្រូតស្រូវនៅស្រែននោង, លើកប្រឡាយនៅអង្គរជ័យ និងទីកន្លែងផ្សេងទៀតតាមការចាត់តាំងរបស់អង្គការ។ បន្ទាប់ពីបញ្ចប់ការងារនៅកន្លែងមួយ ចេង ត្រូវបង្វិចខោអាវតិចតួច និងថេប ធ្វើពីឬស្សីមួយសម្រាប់ក្រាលសម្រាកនៅកន្លែងធ្វើការ ហើយពេលខ្លះ ដោយសារតែហត់នឿយខ្លាំងពេកគាត់ត្រូវដេកនៅលើថ្នល់ក៏មាន។ នៅពេលធ្វើការងារ ចេង មិនហ៊ានឈប់សម្រាកផ្ដេសផ្ដាសនោះទេលុះត្រាតែឈឺខ្លាំង។ ប្រសិនបើអង្គការចាប់បានថាមានអ្នកលួចខ្ជិលហើយមិនទៅធ្វើការនោះអង្គការនិងចាប់យកទៅសម្លាប់ចោល។ មួយវិញទៀត ប្រសិនបើយើងឈឺច្រើនថ្ងៃពេកអង្គការនឹងចោទប្រកាន់ថាយើងឈឺពុត រួចកាត់បន្ថយរបបអាហារឲ្យនៅសល់តែមួយវែក។

ចេង បានបន្តថា ជាញឹកញាប់អាហារដែលអង្គការផ្ដល់ឲ្យប្រជាជន មានបាយលាយជាមួយដំឡូង ហូបជាមួយសម្លព្រលឹត ឬត្រកួន និងមិនបានលាងសម្អាតត្រឹមត្រូវនោះទេ។ នៅពេលដែលហូបអាហារ ប្រជាជនមិនអាចត្អួញត្អែរថាម្ហូបមិនឆ្ងាញ់ ឬក៏សុំអំបិលបន្ថែមនោះទេ ហេតុនេះហើយបានជា ប្រជាជនមួយចំនួនកើតជំងឺហើម។ ក្រៅពីកង្វះអាហារហូបចុក និងធ្វើការងារធ្ងន់ៗ ប្រជាជនភាគច្រើនរស់នៅទាំងមានភាពភ័យខ្លាច ព្រោះអង្គការធ្វើការតាមដានជាប្រចាំ។ ប្រសិនបើមានអ្នកប្រព្រឹត្តិកំហុស ត្រឹមតែចូលទៅបេះផ្លែឈូកក្នុងបឹងហូប ឬច្រៀងលេងបទពីដើម អង្គការនឹងយកអ្នកនោះទៅសម្លាប់ទាំងយប់ស្ងាត់ ដើម្បីកុំឲ្យប្រជាជនផ្សេងទៀតមានការភ្ញាក់ផ្អើល។ នៅពេលព្រឹកឡើង បើទោះបីជាដឹងថាមានបាត់មនុស្ស ប្រជាជនភាគច្រើនមិនហ៊ានសួរនាំអ្វីច្រើននោះទេ ព្រោះខ្លាចមានរឿងដល់ខ្លួន។ ចេង បានប្រៀបធៀបការរស់នៅក្នុងសម័យនោះថា ដូចរស់នៅក្នុងបន្លា ប្រសិនបើយើងងាកគឺមុត។

នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានរៀបចំសម្លាប់សត្វជ្រូក និងសត្វគោ ដើម្បីធ្វើម្ហូបឲ្យប្រជាជនហូបរួមគ្នានៅក្នុងរោងបាយ ក្នុងគោលបំណងដាក់គ្រាប់បែកសម្លាប់ប្រជាជនទាំងអស់។ ប៉ុន្តែគម្រោងការមិនទាន់បានដំណើរការផង ស្រាប់តែមានកងទ័ពរំដោះរបស់សម្ដេច ចូលមកជួយទាន់ពេលវេលា។ នៅពេលដែលរបបខ្មែរក្រហមដួលរលំ ប្អូនស្រីរបស់ចេង ចំនួន២នាក់ ឈ្មោះ អោង ហ៊ាន និងអោង ហួន បាត់ខ្លួននៅពេលដែលអង្គការបញ្ជូនឲ្យទៅធ្វើជាពេទ្យ និងបងប្រុសម្នាក់ឈ្មោះ អោង ចាន់ បាត់ខ្លួនពេលទៅធ្វើជាកងទ័ពខ្មែរក្រហម។ ក្រោយមកឪពុករបស់ ចេង និងបងប្អូនម្នាក់ទៀតបាត់បង់ជីវិតបន្តទៀត។

ចេង បានឲ្យដឹងថា ខ្លួនមិនបានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ ប៉ុន្តែប្រសិនបើមានការកាត់ទោសមែនគឺគាត់ពេញចិត្ត ព្រោះខ្មែរក្រហមធ្វើបាបគាត់ខ្លាំងណាស់។ ចេង មិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងម្ដងទៀតទេ ហើយក៏មិនចង់ឲ្យក្មេងជំនាន់ក្រោយជួបប្រទះដូចគាត់ដែរ។ ដូច្នេះ ចេង ចង់ឲ្យមានការចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីឲ្យមានការចងចាំ និងការពារកុំឲ្យរបបនោះត្រលប់មកវិញម្ដងទៀត។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ចេង មានជំងឺងងឹតភ្នែក និងឈឺក្បាលជង្គង់។ ជំងឺរបស់ចេង បណ្ដាលមកពីគាត់ធ្វើការងារធ្ងន់ៗនៅក្នុងសម័យខ្មែរក្រហម ដូចជាលីបាវស្រូវ ជាច្រើនបាវ ឡើងលើចង្ក្រង់ស្រូវរួម និងធ្វើការងារធ្ងន់ៗផ្សេងទៀត ដែលជាហេតុធ្វើឲ្យគាត់ទារុណទារាដល់ចាស់។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី០៦ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin