ប៉ិច រន៖ កងទ័ពភូមិភាគបស្ចិម

(តាកែវ)៖ ប៉ិច រន កើតក្នុងឆ្នាំ១៩៦០ ភេទប្រុស មានអាយុ ៦១ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ រន មានស្រុកកំណើតនៅស្រុកឧដុង្គ និងមានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះមានស្រីបួននាក់។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ រន បានឈប់រៀនត្រឹមថ្នាក់ទី១០ (របបសង្គមរាស្ត្រនិយម) នៅសាលាវត្តពញាឮ ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ ស្រុកទេសក៏កើតមានចលាចលដោយសារការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ រន ដែលមានអាយុ១៣ឆ្នាំ បានចូលធ្វើការក្នុងកងសិល្បៈនៃកងទ័ពខ្មែរក្រហមភូមិភាគបស្ចិម។ នៅចន្លោះឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ គឺមានការទម្លាក់គ្រាប់បែកនៅតំបន់ព្រៃភ្នំ និងតំបន់ព្រៃលើដែលកាន់កាប់ដោយកងទ័ពខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ រន ដែលជាប្រជាជនមូលដ្ឋាន បានបន្តធ្វើការក្នុងកងទ័ពភូមិភាគបស្ចិម និងជាអង្គរក្សរបស់គណៈតំបន់ក្នុងខេត្តកំពង់ស្ពឺ ឈ្មោះ ហំ ដែលមានសមាជិកទាំងអស់ប្រហែល៥០នាក់។
នៅឆ្នាំ១៩៧៦ រន បានចូលធ្វើជាពេទ្យនៅមន្ទីរព-១៧មេសា។ របបអាហារពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ គឺមាននំបុ័ងមួយកំណាត់ និងសម្លលាយជាមួយត្រកួននិងព្រលិត។ រន ត្រូវធ្វើការពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹកទើបបានសម្រាក និងក្រោយពីពេលសម្រាក គឺគាត់ត្រូវបន្តធ្វើការរហូតដល់យប់អធ្រាត្រ។
នៅឆ្នាំ១៩៧៧ បន្ទាប់ពីមានការចាប់ខ្លួននៃកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមឈ្មោះ ហ៊ូ នឹម រួមទាំងគណៈតំបន់ឈ្មោះ ហំ។ រន ត្រូវបានខ្មែរក្រហមស្រាវជ្រាវ និងរកឃើញថាមានជាប់ខ្សែបណ្តេញជាមួយគណៈតំបន់ដែលខ្មែរក្រហមចាប់ខ្លួន។ សមាជិករបស់គាត់ជាច្រើននាក់ ត្រូវបានខ្មែរក្រហមផ្លាស់ចេញពីមន្ទីរព-១៧មេសាទៅធ្វើការនៅក្រសួង ប៉ុន្តែការពិតអ្នកទាំងនោះត្រូវបានខ្មែរក្រហមចោទថាជាខ្មាំងរបស់អង្គការ និងបញ្ជូនទៅគុកទួលស្លែង។ បន្ទាប់ពី រន និងសមាជិកម្នាក់ទៀតបានឮអំពីដំណឹងនេះ អ្នកទាំងពីរបានសម្រេចចិត្តរត់គេចខ្លួនទៅបឹងទំពុន។
នៅឆ្នាំ១៩៧៨ រន ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើជាពេទ្យក្នុងកងពិការ និងក្រោយមកនៅរោងចក្រកែវ។ នៅទីនោះ អ្នកណាដែលធ្វើឲ្យបែកកែវ ឬបាក់ស្លាបព្រានោះនឹងត្រូវខ្មែរក្រហមចោទថាជាខ្មាំង ដូចជាភ្នាក់ងារកាហ្សេបេ ឬសេអ៊ីអា។
នៅរបបខ្មែរក្រហម រន ចងចាំថា មានការរៀបការដោយបង្ខំ និងប្តេជ្ញាចិត្តចំពោះមុខអង្គការ ដោយមានរហូតដល់ម្ភៃគូក្នុងពេលតែមួយ ប៉ុន្តែក្នុងនោះក៏មានអ្នកស្ម័គ្រចិត្តដែរ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាពេទ្យនៅក្នុងកងពល២១២ និងក្រោយមកធ្វើជាកងទ័ពកាំភ្លើងធំ នៅតំបន់អន្លង់ផ្លៀវ។ មិនយូរប៉ុន្មាន រន បានចាកចេញពីជួរកងទ័ពខ្មែរក្រហម និងប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ រន មានជំងឺទឹកនោមផ្អែម។ នៅរបបខ្មែរក្រហម រន បានបាត់បង់បងប្អូនចំនួនពីរនាក់៕
សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

