ប៉ឹង ឈឿន៖ លែងហ៊ានចាក់ថ្នាំ ដោយសារតែខ្លាចកើតអាប់សែ

ប៉ឹង ឈឿន អាយុ៦៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានចាត់តាំង ឈឿន ឲ្យទៅធ្វើជីនៅក្នុងសហករណ៍។ នៅក្នុងកងធ្វើជី ឈឿន ត្រូវទៅជញ្ជូនលាមកមនុស្សពីបង្គន់តាមផ្ទះទៅលាយជាមួយទឹក រួចស្រោចដំណាំ ឬក៏យកលាមកទៅលាយជាមួយដីដំបូក រួចទុកជ្រលក់សំណាបសម្រាប់ស្ទូងនៅស្រែ។

ផុតពីរដូវធ្វើស្រែ អង្គការបានចាត់តាំង ឈឿន ឲ្យចូលទៅក្នុងកងចល័តតំបន់ និងចេញទៅរែកដី និងលើកទំនប់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅស្រុកបរសេដ្ឋ ឈឿន មិនដែលទទួលបានការគំរាមសម្លាប់ ឬក៏ធ្វើបាបពីកម្មាភិបាលខ្មែរក្រហមនោះទេ ព្រោះគាត់ខិតខំធ្វើការងារឲ្យគ្រប់តាមផែនការកំណត់​ និងមិនហ៊ានឈប់សម្រាកនៅពេលដែលមានជំងឺបន្តិចបន្តួចឡើយ។

ឈឿន បានឲ្យដឹងថា នៅពេលដែលមានជំងឺបន្តិចបន្តួច អង្គការបានផ្ដល់ថ្នាំរាងដូចអាចម៍ទន្សាយឲ្យប្រជាជន​លេប ហើយប្រជាជនត្រូវទៅធ្វើការងារធម្មតា ប៉ុន្តែប្រសិនបើឈឺខ្លាំង ប្រជាជនអាចទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាក់ស្ដែង  ឈឿន កើតមានជំងឺគ្រុនចាញ់ ហើយអាការជំងឺរបស់គាត់គឺក្ដៅខ្លួនយ៉ាងខ្លាំង រហូតដល់អង្គការបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ នៅក្នុងមន្ទីរពេទ្យ ឈឿន បានឃើញអ្នកជំងឺម្នាក់ដែលសម្រាកក្បែរគាត់ ក្ដៅខ្លួនយ៉ាងខ្លាំងរហូតដល់ស្លាប់ ប៉ុន្តែគ្រូពេទ្យមិនបានព្យាបាលត្រឹមត្រូវនោះទេ។

បន្ទាប់ពីមានអ្នកស្លាប់ គ្រូពេទ្យបានយកថ្នាំមកចាក់ឲ្យ ឈឿន ហើយអាការក្ដៅខ្លួនរបស់គាត់បានធូរស្រាល ប៉ុន្តែកន្លែងដែល ឈឿន ចាក់ថ្នាំក្លាយជាកើតជាអាប់សែ មានខ្ទុះនៅកន្លែងត្រកៀករបស់គាត់។ នៅពេលដែលកើតអាប់សែ ឈឿន មានការឈឺចាប់កាន់តែខ្លាំង ព្រោះមុខរបួសរបស់កាត់កើតទៅជាខ្ទុះ ហើយ ពេទ្យត្រូវបូមទឹកចាក់បញ្ជូល និងច្របាច់ចេញដើម្បីសម្អាតជាច្រើនដង។ ក្រោយៗមកទៀត ឈឿន មិនហ៊ានចាក់ថ្នាំបន្តទៀតទេ ព្រោះគាត់ខ្លាចកើតទៅជា អាប់សែដូចពេលមុន។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ឈឿន បានឲ្យដឹងថាគាត់មិនបានតាមដានការកាត់ទោសមេដឹកនាំនោះទេ ប៉ុន្តែគាត់គិតថាការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺត្រឹមត្រូវ ព្រោះខ្មែរក្រហមធ្វើបាបប្រជាជនខ្លាំងណាស់។ មួយវិញទៀត ឈឿន ក៏ចង់ឲ្យគ្រូៗ ចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ជាពិសេសការលំបាកប្រជាជន ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹង។ ឈឿន បានបន្តប្រាប់អ្នកស្ម័គ្រចិត្តទៀតថា គាត់មាន ដុំគិសក្នុងស្បូន និងនៅក ហើយគាត់ធ្លាប់ទៅព្យាបាលគិសនេះនៅមណ្ឌលសុខភាពខេត្ត ប៉ុន្តែមិនទាន់បានធូរស្បើយ។ ក្រោយមក ដោយសារតែដែលមានការរីករាលដាលជំងឺកូវីដ-១៩ខ្លាំង ទើបគាត់មិនបានទៅព្យាបាលដុំគិស បន្តឲ្យបានត្រឹមត្រូវ គឺគាត់ទៅទិញថ្នាំពេទ្យលេប និងប្រើប្រាស់ថ្នាំខ្មែររួមផ្សំ។

 

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី០៩ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៥ ខែមិថុនា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin