ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤
ឈ្មោះ ប៉ុក ពិន អាយុ៤៨ឆ្នាំ មុនចាប់ខ្លួនមាននាទីជាលេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា។ ពិន មានស្រុកកំណើតនៅ ភូមិព្រៃទ័ព ឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤។ ពិន មានប្រពន្ធឈ្មោះ សាត ភិន រស់នៅភូមិព្រៃទ័ព និងមានកូន ១១នាក់[1]។
នៅអាយុ ១៦ឆ្នាំ ពិន បានចូលទៅសិក្សា និងស្នាក់នៅក្នុងវត្ត ព្រៃទ័ព។ នៅឆ្នាំ១៩៤៨ ពិន បានចូលធ្វើចលនាខ្មែរឥស្សរៈ[2] តាមរយៈឈ្មោះ ម៉ាង អតីតនាយកឃុំទូកមាស។ ពិន មានភារកិច្ចបង្ហាត់ក្បួនយុវជននៅក្នុងឃុំទូកមាស។ នៅឆ្នាំដដែល ពិន បានចូលបក្ស ឥណ្ឌូចិន ដែលមានឈ្មោះ បៃហៅ ម៉ម សំបាត, យ៉ង, ជុន និងស៊ី(វៀតណាម) ជាអ្នកអប់រំបញ្ជូល។ ចំណុចសំខាន់នៃការអប់រំក្នុងពេលនោះគឺ បក្សឥណ្ឌូចិន មានហូជីមិញ ជាអ្នកដឹកនាំផ្លូវធ្វើការតស៊ូ ដូច្នេះអ្នកដែលបានចូលបក្សត្រូវកសាងកម្លាំងឲ្យបានច្រើន។ នៅឆ្នាំ១៩៥៤ ក្រោយពីសន្និសិទ្ធ ហ្សឺណែវ ពិន ឈប់ធ្វើការ និងត្រឡប់មកនៅផ្ទះ។ នៅឆ្នាំ១៩៥៥ ឈ្មោះ ស៊ុំ អតីតនាយកឃុំទូកមាស បានអប់រំឲ្យ ពិន ចូលបដិវត្តន៍វិញ និងឲ្យគាត់ធ្វើជានីរសារ។ ក្រោយមកទៀត ស៊ុំ បានឲ្យ ពិន ធ្វើការទាក់ទងជាមួយឈ្មោះ តាំង បន្តទៀត។
នៅឆ្នាំ១៩៦០ ពិន បានធ្វើជាមេភូមិព្រៃទ័ព និងចូលធ្វើជាខ្មែរសេរី តាមការចាត់តាំងរបស់ឈ្មោះ សុង ហួត មេឃុំសំពោង ដែលទើបជាប់ឆ្នោតធ្វើជាមេឃុំថ្មីៗ។ ចលនាខ្មែរសេរី គឺប្រឆាំជាមួយរដ្ឋាភិបាល សម្ដេច សីហនុ ឲ្យទៅជារបបសេរីវិញ ហើយអ្នកធ្វើការត្រូវមានប្រាក់បៀវត្សទាំងអស់។ ការងារមួយនេះគឺត្រូវកសាងកម្លាំងខ្មែរសេរីឲ្យបានច្រើន និងប្រុងប្រយ័ត្នកុំឲ្យបែកការ។ លើសពីនេះទៅទៀត ហួត បានណែនាំខ្សែរយៈ ៥នាក់ឲ្យ ពិន ស្គាល់។ មួយខែក្រោយមក ហួត បានហៅ ពិន និងខ្សែរយៈ ៣នាក់ដែលគាត់ ណែនាំពីមុន ឲ្យមកប្រជុំ ដើម្បីពិនិត្យ និងក្ដាប់ពីសភាពការណ៍ខ្មែរក្រហម រួមជាមួយអ្នកតស៊ូចាស់ៗដែលរត់ចូលព្រៃ និងកសាងកម្លាំងខ្មែរសេរី។ នៅឆ្នាំ១៩៦១ ពិន កសាងកម្លាំងខ្មែរសេរីបាន ២នាក់ឈ្មោះ ណុយ និងហ៊ាង ដើម្បីឲ្យធ្វើការងារខាងលើ។ ចំណែក ពិន ផ្ទាល់គឺត្រូវធ្វើការងារជាមេភូមិ បម្រើខាងរដ្ឋាភិបាល និងចាត់ចែងកម្លាំងជីវពលឲ្យធ្វើការយាមនៅព្រំដែន។ នៅឆ្នាំ១៩៦៣ កាំង បានអប់រំឲ្យ ពិន ចូលបង្កប់ខ្លួននៅក្នុងបដិវត្តន៍ដែលជាចលនាខ្លាំងមួយ។ នៅឆ្នាំ១៩៦៥ កាំង បានឲ្យ ពិន និងខ្សែរបស់គាត់ឈ្មោះ ចាប និងឆោម ឲ្យមកជួបជាមួយឈ្មោះ ឈូក លេខាតំបន់២៤ នៅក្នុងភូមិបុសរលួយ។ ឈ្មោះ ឈូក បានណែនាំឲ្យអ្នកទាំង៣ ជឿជាក់ទៅលើបក្សនៅប្រទេសសូវៀត ព្រោះគាត់គិតថាបក្សនេះខ្លាំងជាងគេ ហើយបក្សកម្មុយនីស្ដនៅចិន និងនៅវៀតណាមមិនសូវខ្លាំងនោះទេ។ លើសពីនេះទៅទៀត ឈូក បានឲ្យអ្នកទាំងបី ពង្រឹងកម្លាំងស្នូលដឹកនាំបក្សសើរើ និងត្រូវចេះរក្សាការសម្ងាត់។ ក្រោយមកទៀត ឈូក បានហៅអ្នកទាំងបី ឲ្យទៅប្រជុំ ដើម្បីឧទ្ទេសនាមឈ្មោះ ធុច និង ចាន់ ចក្រី ជាខ្សែដឹកនាំជាមួយគាត់ និងឲ្យអ្នកទាំង ៣ រាយការណ៍ពីកម្លាំងដែលកសាងបាន។ ពិន បានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧០ គាត់មិនបានធ្វើការជាមួយឈ្មោះ ឈូក ទៀតទេ។ ពិន ចាប់ផ្ដើមធ្វើការជាមួយឈ្មោះ ធុច និងចាន់ ចក្រី រហូតដល់ឆ្នាំ១៩៧០ ហើយផែនការ ឬក៏ការងារ គឺធ្វើតាមការណែនាំរបស់ ឈូក ដដែល។ ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧០ ពិន កសាងកម្លាំងបាន ៧នាក់។[3]
នៅឆ្នាំ១៩៧០ ចាន់ ចក្រី បានយក ពិន ឲ្យធ្វើជានីរសារទាក់ទងទៅវៀតណាម ដើម្បីយកអាវុធមកបំពាក់ឲ្យកងទ័ព។ បន្ទាប់មកទៀត ចក្រី បានហៅ ពិន និងខ្សែរយៈមកប្រជុំ ដើម្បីរៀបចំកម្លាំងចូលក្ដាប់ក្នុងរដ្ឋអំណាចបដិវត្តន៍។ ចក្រី បានចាត់តាំង ពិន ម៉ៅ ឆោម និង លន់ ឲ្យធ្វើជាគណៈឃុំបន្ទាយចក្រី ហើយឈ្មោះ ប៉ែន សុភាព ធ្វើជាលេខាស្រុកកោះជ័យ។ នៅឆ្នាំ១៩៧១ សុភាព បានហៅ ពិន មកប្រជុំ និងឧទ្ទេសនាមកម្លាំង ៥ នាក់ឲ្យគាត់ស្គាល់។ ខ្លឹមសារនៃការប្រជុំ គឺកសាងកម្លាំង និងពង្រឹងកម្លាំងត្រៀមទុកធ្វើរដ្ឋប្រហារបក្សកុម្មុយនីស្ដកម្ពុជា។ នៅឆ្នាំ១៩៧២ សុភាព បានចាត់តាំងឲ្យ ពិន ធ្វើជាអនុលេខាឃុំចំរេះ ហើយទាក់ទងជាមួយឈ្មោះ ស៊ឹម។ ពិន និងស៊ឹម បានបើកដៃឲ្យវៀតណាមឈ្មោះ កុង ចូលមកទិញស្រូវពីប្រជាជនអស់ប្រមាណ១០០បាវ ហើយជ្រូករាប់រយក្បាល រួមជាមួយមាន់ ទា។ លើសពីនេះទៅទៀត សុភាព បានណែនាំកម្លាំងរបស់ ឈូក ២នាក់ទៀត ឈ្មោះ ប៊ុត សាប៊ុន និងក្រូច ឲ្យទៅ ពិន ស្គាល់។
នៅឆ្នាំ ១៩៧៣ បន្ទាប់ពី ពិន បញ្ចប់វគ្គនយោបាយ សុភាព និង ប៊ុត សាប៊ុន បានចាត់តាំងឲ្យ ពិន ចូលធ្វើជាលេខាឃុំចំរេះ ហើយ ស៊ឹម ឲ្យធ្វើជាអនុលេខាឃុំចំរេះវិញ។ ពិន បានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ មាគ៌ាអង្គការបដិវត្តន៍បានរៀបចំសមាគមន៍ក្រុមប្រវ៉ាស់ដៃ ជួយដល់អ្នកក្រីក្រ ប៉ុន្តែ ពិន មិនបានចុះទៅអប់រំនោះទេ។ លើសពីនេះទៅទៀត ពិន បានប្រាប់ឲ្យប្រពន្ធ នៅធ្វើការងារឯកជន មិនចូលសហករណ៍ គោរបស់គាត់ ២នឹម មិនឲ្យអ្នកណាប្រើ ហើយដីដែលសល់ ១ហិកតាទុកចោល និងស្រូវដែលសល់ក៏មិនព្រមចែកឲ្យអ្នកណាហូប។ សកម្មភាពនេះធ្វើឲ្យប្រជាជនមិនព្រមអនុវត្តន៍តាមមាគ៌ាអង្គការបដិវត្តន៍។ មួយវិញទៀត ពិន បានប្រើឲ្យអ្នកក្រោមបង្គាប់ធ្វើសកម្មភាពប្រឆាំងជាមួយមាគ៌ាអង្គការ ដែលចង់ឲ្យបង្កើតសហករណ៍លក់អីវ៉ាន់តាមភូមិ សហករណ៍ប្រមូលផ្ដុំ ហើយបំផុសប្រជាជនមិនឲ្យចូលសហករណ៍ ឲ្យធ្វើការងារឯកជន និងមិនឲ្យជឿលើសហករណ៍។ បន្ទាប់មកទៀត ពិន កសាងកម្លាំងបាន ៤នាក់បន្ថែមទៀត។ ពិន បានសុំយោបល់ពីឈ្មោះ ក្រូច ហើយបានចាត់តាំងអ្នកទាំង៤ ឲ្យធ្វើជាប្រធានសហករណ៍ដើម្បីក្ដាប់សហករណ៍នៅក្នុងដៃ។[4]
នៅឆ្នាំ១៩៧៥ ពិន កសាងកម្លាំងបាន ៤នាក់បន្ថែមទៀត ហើយកម្លាំងនោះបានចូលដឹកនាំសហករណ៍ និងធ្វើការងារតាមផែនការខាងលើដដែល។ នៅខែឧសភា ឆ្នាំ១៩៧៥ ពិន និងឆោម បានធ្វើដំណើរឡើងទៅមន្ទីរស្រុកដើម្បីធ្វើលិខិតធ្វើដំណើរ។ នៅតាមផ្លូវ អ្នកទាំងពីរបានជួប ចាន់ ចក្រី នៅឃុំក្រសាំងទង។ ចាន់ ចក្រី បានសួរទៅ ពិន និងឆោម អំពីឈ្មោះ បាថាន់ (វៀតណាម) និង ប្រាប់ឲ្យអ្នកទាំងពីរណាត់ជួប វៀតណាម ម្នាក់នោះទៅពេលក្រោយ។ ពេលប្រាប់រួច ចាន់ ចក្រី បានជិះឡានស៊ីបទៅបន្តទៀត ហើយ ពិន និងឆោម បានទៅរាយការណ៍ដល់ សុជាតិ រួចបន្តទៅប្រាប់ដំណឹងដល់ បាថាន់។ នៅក្នុងខែ មិថុនា ឆ្នាំ១៩៧៥ បន្ទាប់ពីឈ្មោះ ឈូក, ប៉ែន សិលា និងក្រូច ត្រឡប់មកពីវៀតណាមវិញ ឈ្មោះ ក្រូច បានហៅ ពិន និងខ្សែរយៈតាមឃុំទាំងអស់មកប្រជុំដើម្បីរៀបចំផែនការណ៍ធ្វើរដ្ឋប្រហារបក្សនៅខែ កញ្ញា ឆ្នាំ១៩៧៦។ ក្រូច បានឲ្យ ពិន ពង្រីកកម្លាំងឲ្យបានច្រើន ហើយបញ្ជូនទៅឲ្យឈ្មោះ ប៉ែន សិលា និងឲ្យទៅស្រុកវៀតណាមដើម្បីរៀបចំកងទ័ព។ ក្រៅពីការងារប្រឆាំងបដិវត្តន៍ ពិន បានធ្វើតាមផែនការអង្គការឲ្យប្រមូលទ្រព្យសម្បត្តិប្រជាជនដាក់ធ្វើជារបស់រួម និងហូបបាយរួម។ ការងារដែលអង្គការដាក់មក ពិន ធ្វើតែ២៥គ្រួសារនោះទេ។ ពិន និងស៊ឹម ប្រមូលកម្លាំងបានជនខិលខូចនៅក្នុងភូមិ ៣០នាក់ រួចបញ្ជូនឲ្យទៅវៀតណាមឈ្មោះ សឿង នៅព្រំដែនបន្ទាយកំពង់រកា ដើម្បីរៀបចំប្រដាប់អាវុធ។ សូមបញ្ជាក់ថា កម្លាំងទាំង ៣០នាក់គឺបញ្ជូនទៅ៧ដង។ នៅឆ្នាំ១៩៧៦ ពិន ចាត់តាំងឲ្យ សឿន និងសាំ ដឹកនាំចល័តឃុំចំរេះចំនួន៧០០នាក់ ធ្វើសកម្មភាពលើកភ្លឺស្រែ និងប្រឡាយភ្លឺភ្លោះ តាមបញ្ជាអង្គការ។ ពិន បានឲ្យអ្នកទាំងពីរធ្វើការងារយឺតពេលវេលា។
នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៧៦ ពិន បានទទួលផែនការពី ក្រូច ឲ្យត្រៀមស្រូវទុកសម្រាប់រដ្ឋប្រហារ ខែកញ្ញា ឆ្នាំ១៩៧៦ ហើយពេលរដ្ឋប្រហារផ្ទុះឡើងត្រូវរំសាយសហករណ៍។ ផែនការខាងលើមិនបានជោគជ័យនោះទេ ព្រោះអង្គការចាប់បាន ចាន់ ចក្រី ឈូក ក្រូច និងលេខាស្រុកផ្សេងទៀត។ ពេលចាប់ទៅអស់ឈ្មោះ ចាន់ បានចុះមកចាត់តាំងឲ្យឈ្មោះ ខាន់ ធ្វើជាលេខាស្រុកកោះជ័យ។ បន្ទាប់មកទៀត ពិន បានភ្ចាប់ខ្សែជាមួយលេខាស្រុកកោះជ័យថ្មីទៀត។ នៅក្នុងខែមេសា ឆ្នាំ១៩៧៧ ខាន់ បានហៅ ពិន និងខ្សែរយៈមកប្រជុំដើម្បីអនុវត្តន៍ផែនការរបស់ ក្រូច ដដែល។ នៅខែ មិថុនា ឆ្នាំ១៩៧៧ ខាន់ បានណែនាំឲ្យ ពិន ធ្វើសកម្មភាពបំផុសឲ្យប្រជាជនហូបបាយឯកជនវិញ និងធ្វើការងារតាមផ្ទះ។ ពិន បានធ្វើសកម្មភាពរំសាយផ្ទះបាយរួម និងចែកអង្ករឲ្យប្រជាជនហូបបាយឯកជនបានរយៈពេល២៧ថ្ងៃ។ ក្រោយមកទៀត អង្គការបានប្ដូរ ខាន់ ឲ្យធ្វើជាប្រធានមន្ទីរកសិកម្មតំបន់វិញ។ នៅខែសីហា សាវិន បានចូលធ្វើជាលេខាស្រុកកោះជ័យ និងបានណែនាំខ្សែរយៈ ៣នាក់ឲ្យធ្វើការទាក់ទងជាមួយ ពិន។ នៅចុងឆ្នាំ១៩៧៧ នៅពេលមានវៀតណាមវាយចូលមក សាវិន បានណែនាំឲ្យ ពិន រំសាយសហករណ៍ និងប្រាប់ប្រជាជនមិនឲ្យរត់ ប៉ុន្តែវៀតណាមវាយចូលមកមិនដល់។ នៅដើម្បីឆ្នាំ១៩៧៨ ក្រោយពី វៀតណាម ចូល សាវិន បានលើកផែនការឲ្យ ពិន និងបក្សពួក អនុវត្តន៍ផែនការរដ្ឋប្រហារយកភូមិភាគបូព៌ាបន្តទៀតចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ១៩៧៨។ ផែនការនោះមាន ២គឺ រៀបចំកម្លាំងទាក់ទងជាមួយវៀតណាម និងផែនការប្រមូលកម្លាំងអ្នកដែលជាប់និន្នាការឲ្យធ្វើជាកងទ័ព។ នៅខែកុម្ភះ ឆ្នាំ១៩៧៨ ពិន ធ្វើសកម្មភាពដករបបអង្កររបស់កងចល័ត និងធ្វើការស្ដីបន្ទោសរហូតដល់មានអ្នលលួចត្រឡប់ទៅផ្ទះវិញ។ នៅខែមីនា ពិន បានប្រាប់ប្រជាជនថាកម្មសិទ្ធឯកជនជិតត្រឡប់មកវិញហើយ។ សកម្មភាពមួយនេះត្រូវបានសន្តិសុខតាមដាន និងដក ពិន យកទៅដាក់ឲ្យធ្វើការងារនៅការដ្ឋានពោបារី។ ថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៧៨ អង្គការចាប់ខ្លួន ពិន តែម្ដង។ អង្គការបានឃុំខ្លួន ពិន នៅផ្ទះលេខ ៣១ បន្ទប់ធំ២ បន្ទប់តូច៩។[5]
កំណត់ចំណាំ៖ អត្ថបទនេះដកស្រង់ចេញពីចម្លើយសារភាពឯកសារលេខ D41743។ រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ ប៉ុក ពិន ពិតឬយ៉ាងណានោះទេ?
[1] ឯកសារលេខ K02539 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាង (នៅក្នុងប្រវត្តិរូបបានសរសេរថា ប៉ុក ពិន មានកូនប្រុស៣នាក់ កូនស្រី២នាក់), ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,១៩៧៨,ទំពីរទី១។
[2] ផេង ពង្សរ៉ាស៊ី et al, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័ទី៥។ នៅក្នុងសៀវភៅបានសរសេរថា នៅខែមេសា ឆ្នាំ១៩៥០ គឺក្នុងកំឡុងពេលនៃសង្គ្រាមឥណ្ឌូចិនលើកទី១ គណៈប្រតិភូចំនួន២០០នាក់បានមកជួបជុំគ្នានៅខេត្តកំពត ហើយបានបង្កើតរណសិរ្សឯកភាឥស្សរៈ(ខ្មែរឥស្សរៈ) ដែលដឹកនាំដោយក្រុមកុម្មុយនីស្ដ។ ក្រុមនេះបានសហការជាមួយវៀតណាម ដើម្បីធ្វើការតស៊ូប្រឆាំងនិងអាណានិគមបារាំង។
[3]ឯកសារលេខ D41743 ចម្លើយសារភាពរបស់ ប៉ុក ពិន, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,ទំព័រទី១០ ដល់ទំព័រទី១៤។
[4] ឯកសារលេខ D៤១៧៤៣, ចម្លើយសារភាពរបស់ឈ្មោះ ប៉ុក ពិន, ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,ទំព័រទី១៤ ដល់ទំព័រទី២១។
[5] ឯកសារលេខ K03058 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាង ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ១៩៧៨, ទំព័រទី១។
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤