សកម្មភាពយោធាថៃនៅតាមព្រំដែនបង្ហាញថាខ្លួនមិនគោរពលើបទឈប់បាញ់

នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្មវិធីរយៈពេលមួយថ្ងៃពេញរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពី៦ប្រទេសចូលរួមក្នុងនោះរួមមាន៖ (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជាដែលមានសមាជិកសរុបចំនួន៧ប្រទេស បានធ្វើដំណើរទៅកាន់គោលដៅចំនួន ៤ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។[1] នៅក្នុងគោលដៅខាងលើ គឺមានទីតាំងដែលយោធាថៃ បានរាយលួសបន្លាលួស កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានធ្វើសកម្មភាពពង្រាយកង់ឡាន, បន្លាលួស និងចល័តសព្វាវុធ និងសកម្មភាពជាច្រើនទៀត នៅក្នុងអំឡុងពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលទាំងអស់នេះ ជាភស្តុតាងដែលមិនអាចប្រកែកបាន។[2]
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេសត្រង់ចំណុចទី២ និងទី៤ ដែលបានចែងថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន។[3]
សូមបញ្ជាក់ថា ជម្លោះប្រដាប់អាវុធធ្ងន់ៗចុងក្រោយនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងថៃ បានបញ្ចប់ទៅវិញដោយសារតែមានការចុះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់មួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយមានបទអន្តរាគមន៍ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងការសម្របសម្រួលរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន។ បន្ទាប់ពីបញ្ចប់ការចុះកិច្ចព្រមព្រៀង នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បានបង្ហាញប្រាប់សន្និសីទសារព័ត៌មានភ្លាមៗក្នុងន័យថាខ្លួនមិនទុកចិត្តកម្ពុជាក្នុងការអនុវត្តបទឈប់បាញ់។
ប៉ុន្តែបើពិនិត្យមើលស្ថានភាពជាងស្ដែង ភាគីទាហានថៃនៅមានគម្រោងឈ្លានពាន និងព្យាយាមបង្កឲ្យមានបញ្ហា មកលើបូរណភាពទឹកដីរបស់កម្ពុជានៅតាមតំបន់បណ្តោយព្រំដែនដដែល។ ដោយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានចាប់ទាហានកម្ពុជាចំនួន២០នាក់ នៅច្រកជាំតែ ធ្វើជាចំណាត់ខ្មាំង ក្រោយបទឈប់បាញ់។ យោងតាម ឧត្តមសេនីយ៍ទោល ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្តព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត បានរៀបរាប់ប្រាប់ទៅអនុព័ន្ធយោធាបរទេស អំពីរឿងរ៉ាវដែលបានកើតឡើងថា “ហេតុការណ៍នេះបានកើតឡើងដោយសារតែទាហានថៃ បានហៅទាហានខ្មែរឲ្យថតរូបជាអនុស្សាវរីយ៍ជាមួយគ្នា ប៉ុន្តែភ្លាមៗនោះទាហានថៃបានបញ្ជាឲ្យក្រុមរបស់ខ្លួនដែលលាក់ខ្លួនក្នុងព្រៃ និងកាន់កាំភ្លើងគ្រប់ដៃ ទៅភ្ជង់ និងចាប់កងកម្លាំងរបស់លោកចំនួន២០នាក់ តែមានម្នាក់រត់រួច។”[4]
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានបញ្ជូនទាហានកម្ពុជាចំនួន២នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។[5] កងកម្លាំងកម្ពុជា ដែលទាហានថៃបានបញ្ជូនមកវិញនោះមានម្នាក់រងរបួសធ្ងន់ ហើយពិការ និងម្នាក់ទៀតវង្វេងស្មារតី។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថាទាហានខ្មែរទាំង២នាក់ដែលថៃបញ្ជូនមកវិញគឺកំពុងតែទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ទាំងផ្នែកសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តពីសំណាក់គ្រូពេទ្យ និងប្រមុខដឹកនាំកម្ពុជា។ នៅក្នុងស្ថានភាពនេះ ថៃអះអាងថា ទាហានកម្ពុជាដែលស្ថិតនៅក្នុងប្រទេសថៃមានសុវត្ថិភាព ប៉ុន្តែនៅតែមិនព្រមដោះលែងឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវជាច្រើនដង ឲ្យភាគីថៃបញ្ជូនទាហានកម្ពុជាដែលនៅសល់ឲ្យមកកម្ពុជាវិញឆាប់រហ័សស្របតាមគោលការអង្គការមនុស្សធម៌អន្តរជាតិ។[6]
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា ដែលយោធាថៃចាត់ទុកថាជាឈ្លើយសឹក អាចស្របតាមមាត្រា២ នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ខណៈភាគីម្ខាងនៃជម្លោះអាចឃុំខ្លួនឈ្លើយសឹករហូតទាល់តែជម្លោះបានបញ្ចប់។ ទោះបីជាយ៉ាងណាក្ដី ទង្វើរបស់ថៃនេះមិនបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដោយសុចរិត ដើម្បីផលប្រយោជន៍នៃការថែរក្សាសន្តិភាព និងការបញ្ឈប់សង្គ្រាមនោះទេ។ ឈ្លើយសឹកត្រូវតែដោះលែង និងបញ្ជូនត្រលប់ទៅកាន់មាតុភូមិវិញដោយគ្មានការពន្យាពេលឡើយ នៅពេលដែលសង្គ្រាមបានបញ្ចប់ទៅហើយ។ ហេតុនេះនៅពេលបទឈប់បាញ់ចូលជាធរមាន ការឃុំខ្លួនឈ្លើយសឹកនៅតែបន្ត គឺបានបញ្ជាក់អំពីចេតនារបស់ថៃក្នុងការបន្តសង្គ្រាម។[7]
ក្រៅពីការចាប់ខ្លួនយោធាកម្ពុជាធ្វើជាចំណាប់ខ្មាំង ទាហានថៃបានបញ្ជូនគ្រឿងចក្រ និងទាហានប្រដាប់ដោយអាវុធគ្រប់ដៃ និងចូលតំបន់ផ្សេងៗទៀត ហើយធ្វើសកម្មភាពរាយបន្លាលួសនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ។[8] ប៉ុន្តែក្រោយពេលទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាបានចេញផ្សាយពីដំណឹង អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ Winthai Suwari បានចេញមកបដិសេធ ហើយបានជំរុញឲ្យពលរដ្ឋតាមដានប្រភពព័ត៌មានផ្លូវការ[9] ដែលផ្ទុយជាមួយព័ត៌មានដែលកម្ពុជាទទួលបាន។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជីរ៉ាយុ ហួងសព្ទ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា ថៃនឹងប្ដឹងកម្ពុជាទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញករណីទាហានខ្លួនដើរជាន់មីនពេលល្បាត ដោយចោទប្រកាន់កម្ពុជាពីបទឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីមានឧប្បត្តិហេតុតាមព្រំដែនម្ដងហើយម្ដងទៀត។ នៅលើបញ្ហាជាន់មីននេះ ប្រទេសថៃ មិនមែនទើបតែចោទប្រកាន់មកកម្ពុជាលើកទីមួយនោះទេគឺ ប៉ុន្តែឧបទ្ទវហេតុថ្ងៃទី៩ ខែសីហា គឺជាលើកទី៣ ក្នុងរយៈពេលតិចជាងមួយខែ ដែលទាហានថៃបានរងរបួសដោយសារគ្រាប់មីន។[10]
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៖ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ។ អ្នកនាំពាក្យបានបន្តថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។[11]
ចាប់តាំងពីមានបទឈប់បាញ់មក ថៃបានធ្វើសកម្មភាពជាបន្តបន្ទាប់ តាំងពីការចាប់ឈ្លើយសឹកហើយមិនដោះលែងមកវិញ, ការឈូសឆាយដោយប្រើគ្រឿងចាក់, ការដាក់បន្លាលួស និងការចោទប្រទេសកម្ពុជាថាបានដាក់មីនថ្មី ដោយគ្មានភស្ថុតាង។ នៅលើប្រព័ន្ធផ្សព្វផ្សាយ ថៃបង្ហាញថាខ្លួនជាជនរងគ្រោះ ត្រូវការសន្តិភាព ប៉ុន្តែសកម្មភាពជាក់ស្ដែង ថៃជាអ្នកបង្កើតព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗដែលប្រឆាំងជាមួយបទឈប់បាញ់។ តាមរយៈសកម្មភាពខាងលើ យើងអាចមើលឃើញថា គ្រប់រឿងរ៉ាវដែលបានកើតឡើងគឺជាការរៀបចំរបស់ថៃ ហើយយើងមិនអាចដឹងថា ថៃ មានគម្រោងបង្កើតសកម្មភាពអ្វីបន្ថែមទៀត។ ដូច្នេះ យើងត្រូវចាំមើលបន្តទៀត និងរៀបចំឆ្លើយតប និងការពារខ្លួនជាបន្តបន្ទាប់ ដើម្បីកុំឲ្យថៃសម្រេចបាននូវគោលបំណងរបស់ខ្លួន។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar នៃកងកម្លាំងការពារជាតិ បាននិយាយថា លោកបានស្នើសុំនាយករដ្ឋមន្ត្រី Datuk Seri Anwar Ibrahim ដើម្បីទាក់ទងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមម៉ាឡេស៊ី ចូលទៅកាន់តំបន់ជម្លោះក្នុងប្រទេសទាំងពីរ រួមជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
យោងតាមលោក Bernama បានឲ្យដឹងថា AOT ដែលបង្កើតឡើងដោយតំណាងការពារជាតិអាស៊ាននឹងត្រួតពិនិត្យព្រំដែន ៨៤០ គីឡូម៉ែត្រ និងស៊ើបអង្កេតការរំលោភបំពាន។ លោក Mohd Nizam បាននិយាយថា “នេះគឺជាកិច្ចការដ៏ធ្ងន់មួយ ដោយសារតែមានព្រំដែនប្រហែល ៨៤០ គីឡូម៉ែត្រ ដែលត្រូវត្រួតពិនិត្យ។ លោកបន្ថែមថា បេសកកម្មនេះនឹងទទួលបានការគាំទ្រផ្នែកដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។[12]
នៅត្រង់ចំណុចនេះ ប្រសិនបើមានក្រុមម៉ាឡេស៊ី ចូលទៅកាន់តំបន់ជម្លោះក្នុងប្រទេសទាំងពីរ រួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) នោះស្ថានភាពនៅតាមព្រំដែនល្អប្រសើរជាងនេះ។ យើងសង្ឃឹមថា ភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួន និងគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់ ដូចដែរកម្ពុជាគោរពកន្លងមក។
អត្ថបទដោយ ភា រស្មី
[1] ឧត្ដសេនីយ៍ឯក ម៉ាលី សុជតា, អ្នកនាំពាក្យក្រសួងការពារជាតិ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥, សូមចូលទៅកាន់តំណភ្ជាប់៖ https://pressocm.gov.kh/archives/114634
[2] ក្រសួងការពារជាតិបានបង្ហោះផ្សាយនៅលើបណ្ដាញសង្គម, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ សូមចូលទៅកាន់តំណភ្ជាប់៖ https://pressocm.gov.kh/archives/114640
[3] ឧត្ដសេនីយ៍ឯក ម៉ាលី សុជតា, អ្នកនាំពាក្យក្រសួងការពារជាតិ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥, សូមចូលទៅកាន់តំណភ្ជាប់៖https://pressocm.gov.kh/archives/114540
[4] ច័ន្ធ សុភ័ក្រ្តា, ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ សូមចូលទៅកាន់តំណភ្ជាប់៖ https://www.facebook.com/watch/?v=742820632042836
[5] អ្នកនាំពាក្យក្រសួងការពារជាតិថា កម្ពុជាទទួលបានទាហាន ២រូប ក្នុងស្ថានភាពរបួសពីភាគីថៃ https://www.youtube.com/watch?v=yWU6RBbeONo
[6] អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ថៃអះអាងថា ទាហានកម្ពុជាទាំង១៨នាក់ មានសុវត្ថិភាព, រាជរដ្ឋាភិបាលកំពុងសស្រាក់សស្រាំ ដើម្បីយកកម្លាំងកម្ពុជាមកវិញ https://www.cpp.org.kh/details/427388
[7] ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ https://www.facebook.com/share/p/19SdvFz3h5/?mibextid=wwXIfr
[8] អ្នកនាំពាក្យក្រសួងការពារជាតិ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥, សូមចូលទៅកាន់តំណភ្ជាប់៖ https://pressocm.gov.kh/archives/113813
[9] https://morningpostkh.com/news/4288
[10] អង្គភាពសារព័ត៌មាន SBM, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥, សូមចូលទៅកាន់តំណភ្ជាប់៖ https://sbm.news/articles/689a8dc14fce003fd0b6c263
[11] ឧត្ដសេនីយ៍ឯក ម៉ាលី សុជតា, អ្នកនាំពាក្យក្រសួងការពារជាតិ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥, សូមចូលទៅកាន់តំណភ្ជាប់៖ https://pressocm.gov.kh/archives/114484
[12] ភ្នំពេញប៉ុស្ដិ៍, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ សូមចូលទៅកាន់តំណភ្ជាប់៖ https://www.postkhmer.com/national/2025-8-14-195-262961