ឪពុក និងម្ដាយត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង) ៖ ប៊ុន ខន ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនពិការដែលមានទីលំនៅ នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

ខន បានរៀបរាប់អំពីស្ថានភាពរស់នៅរបស់គាត់កាលពីសម័យខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងទឹកភ្នែកថា គាត់បានជួបទុក្ខលំបាកខ្លាំងនៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅអំឡុងរបបខ្មែរក្រហម គាត់មានតួនាទីជាទាហាននៅក្នុងរបបនោះដែលធ្វើការប្រចាំនៅក្នុងខេត្តស្ទឹងត្រែង។

ទុក្ខលំបាកដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមនោះគឺ ឪពុកម្ដាយរបស់គាត់ត្រូវបានអង្គការសម្លាប់ចោល ព្រោះឪពុករបស់គាត់ជាអតីតទាហាននៅក្នុងក្នុងរបប លន់ នល់ ក្រោយពីអង្គការដឹងអំពីប្រវត្តិរបស់ឪពុករបស់គាត់ធ្វើជាទាហាន។ ចំពោះរឿងរាវដែលកើតឡើងទាំងអស់នេះបានធ្វើឲ្យគាត់មានការចងចាំអាក្រក់ជាប់មកជាមួយ ដែលដក់នៅក្នុងចិត្តរហូតមកដល់បច្ចុប្បន្ន ហើយមានថ្ងៃខ្លះ គាត់បានយល់សប្ដិឃើញមានអ្នកចងរូបគាត់ យករូបគាត់ទៅធ្វើបាប។

ខន បានរៀបរាប់បន្ថែម អំពីរបបអាហារដែលអង្គការផ្ដល់ឲ្យគាត់ និងប្រជាជនដទៃទៀត។ នៅក្នុងរបបនោះគឺមិនមានអាហារហូបបានគ្រប់គ្រាន់ទេ។ ចំពោះដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម គាត់បាននិយាយថា គាត់ពិតជាមានការពេញចិត្តចំពោះការកាត់ក្ដីនោះព្រោះ បានផ្ដល់យុត្តិធម៌ដល់រូបគាត់ និងប្រជាជនកម្ពុជាជាច្រើនទៀត ដែលបានរងទុក្ខលំបាក និងស្លាប់បាត់បង់ជីវិត។

បន្ទាប់ពីតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបានបញ្ចប់ទៅ គាត់មានបំណងចង់ឲ្យក្មេងជំនាន់ក្រោយទៅសិក្សាស្វែងយល់ និងប្រាប់ឲ្យក្មេងៗជំនាន់ក្រោយបានដឹងអំពីហេតុការណ៍ដ៏ឃោរឃៅដែលកើតមានឡើងនៅក្នុងរបបនោះ។

ជំងឺប្រចាំកាយដែលគាត់មានប្រចាំកាយគឺ ជំងឺលើសឈាម ទាញដៃ ទាញជើង ទើបបណ្ដាលឲ្យគាត់ស្លាប់មួយចំហៀងខ្លួន មិនអាចដើរបាន។ ក្រៅពីពិការ គាត់ក៏មានជំងឺបេះដូងផងដែរ ចំពោះប្រវត្តិសុខភាពវិញ គាត់ក៏ធ្លាប់មានបញ្ហាផ្លូវចិត្ត ព្រមទាំងជំងឺគ្រុនចាញ់ដែរ កាលពីគាត់នៅធ្វើជាទាហាន។ ការព្យាបាលគាត់បានជ្រើសរើសការពិគ្រោះ និងព្យាបាលជាមួយនឹងពេទ្យឃុំ។

សម្ភាសន៍ដោយ ជួង ចាន់ចរិយា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin