ប៊ុន ឡឹងជយ៖ ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក

នៅក្នុងរបបខ្មែរក្រហម ជនជាតិខ្មែរ និងជនជាតិភាគតិច ដែលរស់នៅ ខេត្តមណ្ឌលគិរី ស្លាប់អស់ប្រមាណ ៣៦៦០នាក់ ប៉ុន្តែចំនួននេះមិនបានរាប់បញ្ជូលប្រជាជនជម្លៀសនោះទេ។ មូលហេតុដែលប្រជាជនស្លាប់ច្រើន ដោយសារតែអង្គការចោទប្រកាន់ថាជា ប៉ូលីស, ទាហាន, អ្នកធ្វើការងាររាជការ មេភូមិ មេឃុំចាស់ៗ ក្នុងរបប លន់ នល់ ហើយក្រោយមក អង្គការ បានចោទប្រជាជនថាចូលរួមជាមួយ វៀតណាម។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកណាម្នាក់ ដែលអង្គការគិតថាក្បត់ ឬក៏រត់ចូលទៅក្នុងប្រទេសវៀតណាម កម្មាភិបាលខ្មែរក្រហមនឹងយកគ្រួសារ ឬក៏បងប្អូនទាំងអស់ទៅសម្លាប់។ ខ្មែរក្រហមបានស្វែងរកចាប់ខ្លួនសមាជិកទាំងអស់យកទៅសម្លាប់ក្រោមទ្រឹស្ដីថា “ជីកស្មៅ ត្រូវជីកទាំងឬស” [1]

បើតាមសម្ដីរបស់ ឡឹងជយ នៅចន្លោះឆ្នាំ១៩៧៦ និង១៩៧៧ គឺជាឆ្នាំដែលសម្លាប់ច្រើនជាងគេ ព្រោះកម្មាភិបាលភាគច្រើនដែលទទួលបានការបណ្ដុះបណ្ដាលមកពីវៀតណាមត្រូវបានអង្គការចោទថា សេ អ៊ី អា (CIA) និង កា ហ្សេ បេ (KGB)។ ចំពោះ ខេត្តមណ្ឌលគិរី ស្រុកដែលមានប្រជាជន ស្លាប់ច្រើនជាងគេ នៅក្នុងរបបខ្មែរក្រហមគឺ ស្រុកកែវសីមា និងស្រុកកោះញែក។ ស្រុកទាំងពីរនេះ ចាប់ផ្ដើមសម្លាប់ខ្លាំង នៅខែកក្កដា ឆ្នាំ១៩៧៧ ដោយសារតែអង្គការគិតថាប្រជាជនចូលរួមជាមួយ ប្រទេសវៀតណាម ដើម្បីផ្ដួលរលំបដិវត្តន៍។

នៅខេត្តមណ្ឌលគិរី ខ្មែរក្រហមបានចូលគ្រប់គ្រង តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៤ អង្គការបានជម្លៀសប្រជាជនពីមូលដ្ឋានភ្នំ(ស្រុកពេជ្រាដា និងស្រុកអូរាំង) ឲ្យទៅធ្វើស្រែនៅស្រុកកោះញែក។ មូលហេតុនៃការជម្លៀសគឺខ្វះដីធ្វើស្រែ។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហម បានជម្លៀសប្រជាជនចេញពី ស្រុកកែវសីមា ទាំងអស់ចេញពីព្រំព្រទល់វៀតណាម ឲ្យទៅស្រុកកោះញែកបន្តទៀត ដើម្បីយកទីតាំងប្រយុទ្ធជាមួយវៀតណាម។ មូលហេតុដែល ស្រុកកែវសីមា ជម្លៀសប្រជាជនចេញក្រោយ ព្រោះនៅទីនោះមានទំនប់ប្រឡាយសម្រាប់ផ្ទុកទឹក និងមានផ្ទៃដីធ្វើស្រែ។

ការប៉ះទង្គិចគ្នារវាងកម្ពុជាប្រជាធិបតេយ្យ និងវៀតណាមបានចាប់ផ្ដើមឡើងនៅចុងឆ្នាំ១៩៧៥។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ កម្ពុជាប្រជាធិបតេយ្យ បានបង្កើតទំនាក់ទំនងកាន់តែជិតស្និតជាមួយប្រទេសចិន ហើយជម្លោះរវាងយោធាកម្ពុជាប្រជាធិបតេយ្យ និងកងទ័ពវៀតណាម បានក្លាយទៅជាផ្នែកមួយនៃជម្លោះរវាងចិន និងសូវៀត។ នៅឆ្នាំ១៩៧៧ កងទ័ពកម្ពុជាប្រជាធិបតេយ្យ បានបើកការវាយប្រហារទៅលើភូមិភាគមួយចំនួនរបស់វៀតណាម ដែលស្ថិតនៅតាមបណ្ដាយព្រំដែន និងបានសម្លាប់ប្រជាជនស្លូតត្រង់រាប់រយនាក់។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងនៅចុងឆ្នាំ១៩៧៧។​[2]

យោធាខ្មែរក្រហម ដែលដឹកនាំប្រយុទ្ធជាមួយប្រទេសវៀតណាមក្នុងពេលនោះឈ្មោះ ឃុន ប្រធានទទួលបន្ទុករួម, ឈ្មោះសូ អនុប្រធានទទួលបន្ទុកផ្នែកភស្ភុភារ, ឈ្មោះពៅ បញ្ជាទ័ព (យិន ពៅ) ហើយឈ្មោះ ស៊ីន ប្រធានកងពលតូច និងឈ្មោះ សយ គ្រប់គ្រងកងពលធំ។ ថ្នាក់ដឹកនាំខេត្តក្នុងពេលនោះមានឈ្មោះ ហម ហៅឡាំង គឺជាលេខាខេត្ត។ ចំពោះថ្នាក់ដឹកនាំតំបន់ ឈ្មោះមុត គឺជាលេខាតំបន់មុនដំបូង ហើយបន្ទាប់មកបានប្ដូរទៅឈ្មោះ ម៉ី និងបន្ទាប់មកទៀតប្ដូរទៅឈ្មោះ កាំភូន។

នៅឆ្នាំ១៩៧៥ ឈ្មោះកាំភូន និង ហម បានចូលរួមសម្លាប់ ឈ្មោះម៉ី។ នៅខែមិថុនា ឆ្នាំ១៩៧៧ ឈ្មោះកាំភូន និងឈ្មោះ ហម ចាប់ផ្ដើមសម្លាប់គ្នាទៅវិញទៅមកបន្តទៀត។ មុនដំបូង ហម  បានចាប់ឈ្មោះ កាស៊ី និងកម្មាភិបាលក្រោមបង្គាប់ កាំភូន ផ្សេងទៀតយកទៅសម្លាប់ ដោយសារតែអ្នកទាំងនោះបាននាំគ្រួសារ រត់ចូលទៅប្រទេសវៀតណាម។ ស្ថានភាពនៅក្នុងខេត្តពេលនោះ គឺមានសភាពចលាចលណាស់ មានប្រជាជនមួយចំនួនត្រូវបានអង្គការសម្លាប់ និងមួយចំនួនទៀតជាប់គុក។ នៅពេលឃើញសភាពការណ៍ជ្រួលច្របល់ កាំភូន បានសម្លាប់ ហម វិញ និងនាំគ្រួសារជម្លៀសទៅប្រទេសវៀតណាម។ កាំភូន បានធ្វើដំណើរចេញពីស្រុកកោះញែក ហើយទៅយកឡាននៅ ស្រុកកែវសីមា ដើម្បីធ្វើដំណើរទៅប្រទេសវៀតណាម។ នៅតាមផ្លូវ យោធាតំបន់ បានមកចាំស្ទាក់ចាប់ និងសម្លាប់ ប្រជាជន និងគ្រួសារកាំភូន នៅត្រង់ចំណុចផ្លូវពី កែវសីមា ទៅក្រចេះ។ ឡឹងជយ បានឲ្យដឹងថា ការប្រយុទ្ធគ្នាក្នុងពេលនោះធ្វើឲ្យកម្មាភិបាលក្រោមការគ្រប់គ្រងរបស់ កាំភូន ស្លាប់អស់ពាក់កណ្ដាល។ នៅឆ្នាំ១៩៧៩ ប្រជាជនដែលរត់ចូលទៅប្រទេសវៀតណាម បានត្រឡប់មកវាយខ្មែរក្រហមវិញ ជាមួយទាហានវៀតណាម។

នៅក្នុងសម័យខ្មែរក្រហម ទីតាំងដែលអង្គការយកប្រជាជនទៅសម្លាប់ គឺស្ថិតនៅជិតផ្លូវត្រពាំងព្រីង ដែលជាផ្លូវទៅខេត្តក្រចេះ ហើយប្រសិនបើរាប់ចេញពីទីរួម ស្រុកកោះញែក មកមានចម្ងាយ ៣ទៅ៤គីឡូម៉ែត្រ។ បើតាមស្ថិតិប្រជាជនរាយការណ៍មក អ្នកស្លាប់ទីនោះមានចំនួនប្រហែល ២០០នាក់ ដែលជាខ្សែរយៈរបស់ឈ្មោះ កាស៊ីន និងខ្សែរយៈ សយ ប៉ុន្តែនៅមានជនរងគ្រោះផ្សេងទៀត ដែលមិនមានបងប្អូនរាយការណ៍។

ភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦។ ភូមិភាគនេះរួមមាន ខេត្តរតនគីរី, មណ្ឌលគិរី, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ។ ភូមិភាគនេះបែងចែកជា ៦តំបន់គឺ តំបន់១០១, តំបន់១០២, តំបន់១០៥, តំបន់១០៧ និងតំបន់៥០៥។ នៅឆ្នាំ១៩៧៧ តំបន់ក្រចេះ(តំបន់៥០៥ និងតំបន់មណ្ឌលគិរី(តំបន់១០៥) ត្រូវបានបំបែកចេញពីភូមិភាគឦសាន និងចាត់តាំងជាតំបន់ស្វយ័ត ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីមជ្ឈិម។[3]

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខេត្តមណ្ឌលគិរី ស្ថិតនៅក្នុងតំបន់១០៥ ភូមិភាគឦសាន ហើយស្រុកកោះញែក អង្គការហៅថា រ១ តំណាងឲ្យតំបន់១។ បើតាមការរាយការណ៍របស់ប្រជាជន និង ចំនួនប្រជាជនមុន និងក្រោយ សម័យខ្មែរក្រហមបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុង ខេត្តមណ្ឌលគិរី មានប្រមាណ ៣០០០នាក់។ ចំពោះរបាយការណ៍ខាងលើនេះគឺរាប់បញ្ជូលតែចំនួនប្រជាជនដែលរស់នៅក្នុងខេត្តប៉ុណ្ណោះ ប៉ុន្តែនៅមានយោធាយកពី សៀមរាប បាត់ដំបង តាកែវ និងកំពង់ស្ពឺ រួមទាំងប្រជាជនជម្លៀស គឺមិនបានរាប់បញ្ចូលនោះទេ។ ប្រជាជនសរុបមុនរបបកម្ពុជាប្រជាធិបតេយ្យ មានចំនួន ១៩០០០នាក់។ បើតាមការចងចាំរបស់ ឡឹងជយ ស្ថិតិប្រជាជនក្រោយរំដោះឆ្នាំ១៩៧៩ មានចំនួន ២១ ០០០ នាក់ រួមទាំងប្រជាជនជម្លៀសមកពីខេត្តផ្សេងៗ។ រហូតមកដល់ឆ្នាំ ១៩៨២ ប្រជាជននៅក្នុងខេត្តមណ្ឌលគិរី ថយចុះ ​នៅសល់ចំនួន ១៥ ០០០ នាក់ ព្រោះប្រជាជនជម្លៀសទៅស្រុកកំណើតរបស់ខ្លួនវិញ។ ឡឹងជយ បានបន្តថា ប្រជាជនក្នុងខេត្តមណ្ឌលគិរី ដែលបានជម្លៀសទៅប្រទេសវៀតណាម មានមួយចំនួនបានត្រឡប់មករស់នៅស្រុកកំណើតវិញ និងមួយចំនួនទៀតបន្តរស់នៅប្រទេសវៀតណាមដដែល។

ប្រវត្តិសង្ខេបរបស់ឈ្មោះ ប៊ុន ឡឹងជយ

ឈ្មោះ ប៊ុន ឡឹងជយ ភេទប្រុស អាយុ៤៧ឆ្នាំ(២០០១)។ ពេលផ្ដល់បទសម្ភាសន៍ ឡឹងជយ មានតួនាទីជាអនុប្រធានមន្ទីរព៌ត៍មានខេត្ត(១៩៩៣ -១៩៩៨)។ ឡឹងជយ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឡឹងជយ បានចូលចលនាតស៊ូក្នុងព្រៃ ម្ដុំកោះញែក នៅចន្លោះឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៨។ ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ ឡឹងជយ ចូលធ្វើជានីរសារឲ្យ  កាស៊ី ដែលត្រូវជាពូរបស់គាត់ នៅស្រុកកែវសីមា។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ ឆ្នាំ១៩៧៥  ឡឹងជយ បានឡើងតួនាទីធ្វើជា អនុប្រធានមន្ទីរ ស្រុកកែវសីមា រហូតដល់ឆ្នាំ ១៩៧៧។ នៅខែកុម្ភៈ ឆ្នាំ១៩៧៧ អង្គការបានចាប់ ឡឹងជយ ហើយយកទៅឃុំឃាំង និងធ្វើការងារនៅក្នុងការដ្ឋានកោះញែក(មន្ទីរសន្តិសុខស្រុកកោះញែក)។ មន្ទីរសន្តិសុខស្រុកកោះញែក ស្ថិតនៅចំសាលាស្រុកបច្ចុប្បន្ន ក្បែរបន្ទាយទាហាន។ មន្ទីរសន្តិសុខនេះ អាចឃុំឃាំងប្រជាជនបានប្រមាណ ២ទៅ៣រយនាក់។ អ្នកទោសដែលឃុំខ្លួនក្នុងមន្ទីរសន្តិសុខ ត្រូវបានដាក់ខ្នោះដែកជាប់២៤ម៉ោង ហើយរយៈពេលពីរទៅបីថ្ងៃម្ដង អង្គការយកអ្នកទោសទៅសម្លាប់ប្រមាណ ៣០នាក់ រួចបញ្ជូនអ្នកទោសថ្មីមកបន្ថែមទៀត។

ចំពោះការហូបអាហារនៅក្នុងគុក មួយថ្ងៃអាចហូបបាន ១ពេល ឬ២ពេល ប៉ុន្តែក្នុងមួយពេលបានតែមួយកូនចានចង្កឹះប៉ុណ្ណោះ។  អ្នកដែលឃុំឃាំងក្នុងមន្ទីរសន្តិសុខកោះញែក ភាគច្រើនគឺជាប់ចោទពីបទ ចារកម្ម, វាយគោ, ទំនាស់ពាក្យសម្ដី និង ជាខ្មាំងវៀតណាម។ បើនិយាយជារួម គឺឲ្យតែអ្នកមិនសកម្មជាមួយការងារគឺយកមកកសាងតែម្ដង។ ចំណែក កន្លែងដែលសន្តិសុខយកប្រជាជនទៅសម្លាប់ គឺនៅត្រង់ទំពាំងព្រីញ ផ្លូវទៅក្រចេះ ប៉ុន្តែបើសម្លាប់បន្តិចបន្តួច គឺនៅជិតៗកន្លែងឃុំឃាំង។

ឡឹងជយ បានធ្វើការនៅក្នុងការដ្ឋានកោះញែកបានរយៈពេល ៦ខែ ទើបអង្គការបានប្ដូរគាត់ឲ្យទៅធ្វើការងារនៅ គ៣៤ បន្តទៀត។ បើតាមសម្ដីរបស់ ឡឹងជយ ការធ្វើការងាររបស់គាត់នៅ គ៣៤ គឺមានការហត់នឿយយ៉ាងខ្លាំង ព្រោះត្រូវធ្វើការងារធ្ងន់ៗជារៀងរាល់ថ្ងៃ។ ក្រោយមកនៅ គ៣៤ ឡឹងជយ បានធ្លាក់ខ្លួនឈឺចង្កេះ និងស្ពឹកមួយចំហៀងខ្លួន ដោយសារតែគាត់លើកឬស្សី ២៧ដើម ២នាក់។ ឡឹងជយ បានឲ្យដឹងថា គាត់បានធ្វើការនៅ គ៣៦ រយៈពេល១ឆ្នាំកន្លះ ទើបអង្គការបានដោះលែងគាត់ឲ្យមកព្យាបាលនៅសហករណ៍វិញ។ ចំពោះមូលហេតុដែល អង្គការមិនសម្លាប់ ឡឹងជយ ដោយសារតែគាត់មានឈ្មោះ លក ដែលជាបងប្អូនរបស់ ហម មកជួយ។ ឡឹងជយ បានឲ្យដឹងទៀតថា ឈ្មោះកាស៊ី គឺជាជនជាតិភាគតិចព្នង ហើយឈ្មោះ ហម គឺជាជនជាតិឡាវ កាត់ចារាយ និង កាំភូន ជនជាតិឡាវ។[4]

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥

[1] ផេង ពង្សរ៉ាស៊ី et all, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)(ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ៥៧។

[2] ស្ទូន ទំព័រ៦៨។

[3] ស្ទូន ទំព័រ៣៥។

[4] ឯកសារលេខ D24362. (២០០១).បទសម្ភាសជាមួយឈ្មោះ ប៊ុន ឡឹងជយ ដោយ សឹម សុរិយ៉ា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០១. មជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin