ខ្មែរក្រហមបោះឪពុកមាខ្ញុំចូលទឹកទន្លេ

(ស្ទឹងត្រែង)៖ ជា សុខណា ភេទស្រី មានអាយុ ៦១ឆ្នាំ និងជាកសិករ។ សុខណា មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខណា មានឪពុកឈ្មោះ ជា និងម្ដាយឈ្មោះ បេស។ សុខណា មានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំនាក់។
នៅឆ្នាំ១៩៦៣ ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយសុខណា បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូរស្វាយ ដើម្បីការពារទឹកដី។ សុខណា និយាយថា នៅពេលប្រជាជនមករស់នៅភូមិអូរស្វាយដំបូង គឺជួបការលំបាកដោយសារជំងឺគ្រុនចាញ់ និងគ្មានអគ្គិសនីប្រើប្រាស់។ ហេតុនេះ ប្រជាជនមួយចំនួនត្រលប់ទៅស្រុកកំណើតវិញ។
សុខណា បន្តថា ក្រោយមកភូមិអូរស្វាយ មានការអភិវឌ្ឍដូចជាផ្ទះកាឡុង, សាលារៀន, មន្ទីរពេទ្យ, ផ្សារ និងបន្ទាយទាហានជាដើម។ ក្នុងមួយខែ ប្រជាជនក្នុងមួយគ្រួសារទទួលបានប្រាក់ឧបត្ថម្ភ ៧០០ទៅ៨០០រៀល។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិអូរស្វាយ និងជម្លៀសប្រជាជនចេញពីភូមិ ទៅរស់នៅក្នុងព្រៃត្រពាំងទា និងសហករណ៍ញើន។ នៅរបបខ្មែរក្រហម សុខណា បានត្រឹមរៀនព្យញ្ជនៈនៅក្រោមម្លប់ដើមឈើប៉ុណ្ណោះ។ នៅអាយុ ១២ឆ្នាំ សុខណា ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងត្រូវខ្មែរក្រហមបង្អត់អាហារ។ សុខណា ត្រូវរែកដី, កាប់ទន្ទ្រានខេត្ត, លើកទំនប់, ច្រូតស្រូវ, ស្ទូងស្រូវ, ដកសំណាប និងកាន់ចន្លុះភ្លើងដើម្បីបំភ្លឺវាលស្រែនៅពេលយប់អធ្រាត្រ។ ចំណែករបបអាហារគាត់ទទួលបានតែបាយមួយកូនចានចង្កឹះប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាម បានចូលមករំដោះប្រជាជនពីរបបខ្មែរក្រហម ទើបគ្រួសារសុខណា ត្រលប់មករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូរស្វាយវិញ។ នៅឆ្នាំ១៩៨២ សុខណា បានរៀបការជាមួយប្តីឈ្មោះ ម៉ាន់ ពៅ និងមានកូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ នៅឆ្នាំ១៩៨៣ សុខណា បានប្រកបរបរនេសាទ ដោយប្រើប្រាស់ដងសន្ទូច និងមង។
ជាចុងក្រោយ សុខណា នៅតែចងចាំអំពីភាពលំបាកវេទនាក្នុងរបបខ្មែរក្រហម ដូចជាការហូបចុក និងសម្រាកមិនគ្រប់គ្រាន់។ បើតាមរឿងរ៉ាវដែលម្ដាយគាត់ធ្លាប់រំឭកប្រាប់គាត់នោះគឺ ខ្មែរក្រហមចោទឪពុកមាគាត់ថាក្បត់អង្គការ និងចាប់ឪពុកមាគាត់ច្រកបាវ និងបោះចូលទឹកទន្លេ៕
សម្ភាសដោយ ហ៊ លីអឺរ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥